បុរីអូរស្វាយត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីអំពីការបង្កើតស្រុកបូរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។ តាមអនុក្រឹត្យលេខ០៦អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។ បុរីអូរស្វាយអាចធ្វើដំណើរតាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ឆ្លងកាត់តាមស្ពានទន្លេសេកុង ឆ្ពោះទៅព្រំប្រទល់ប្រទេសឡាវ ប្រមាណ៥០គីឡូម៉ែត្រ មានប្រជុំជនមួយ ភូមិឫទ្ធីសែនជ័យ និងផ្លូវបំបែកទៅខាងឆ្វេងដៃ ឆ្ពោះទៅកាន់ស្រុកបូរីអូរស្វាយសែនជ័យ ប្រមាណ១០គីឡូម៉ែត្រទៀត។
តើបុរីអូរស្វាយមានប្រវត្តិយ៉ាងដូចម្តេច?
បុរីនេះត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីការពារព្រំដែនប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង។ ដើម្បីការពារព្រំដែន ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រកាសឱ្យកេណ្ឌប្រជាពលរដ្ឋខ្មែរដែលគ្មានដីធ្លី ផ្ទះសម្បែង ឱ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ។ ជាការលើកទឹកចិត្ត និងដើម្បីជាការចាប់ផ្តើមជីវិតថ្មី ព្រះអង្គក៏បានប្រគល់ដីឱ្យពលរដ្ឋមួយគ្រួសារ ៥ហិចតា ព្រះអង្គសង់ផ្ទះ និងផ្ដល់សត្វគោក្របីឱ្យពលរដ្ឋ។ ព្រះអង្គក៏បានកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះផងដែរ ហើយត្រូវបានសម្ភោធ នៅថ្ងៃ ១៧ ខែឧសភា ឆ្នាំ១៩៦៨។
អតីតបុរីអូរស្វាយបានបង្កើតឡើងនៅឆ្នាំ១៩៦២ តាមរយៈផែនការ៥ឆ្នាំរបស់សម្ដេច ព្រះនរោត្តម សីហនុ។ ភស្តុតាងសំខាន់ៗមួយចំនួនដែលបន្សល់ទុកពីសម័យនោះ មានដូចជាស្តូបដែលព្រះអង្គបានកសាងនៅឆ្នាំ១៩៦៤ មានរាងដូចជាជួង កម្ពស់ប្រមាណ៤ម៉ែត្រ នៅក្បែរមាត់ទន្លេមេគង្គ ចម្លាក់នៅ៤ជ្រុងនៃទឹសធំទាំង៤។ ជ្រុងខាងត្បូង មានចម្លាក់ព្រះបាទនរោត្តសីហនុ ពេលព្រះអង្គគ្រងរាជ្យ និងមានរូបវិមានឯករាជ្យ។ នៅខាងកើត ជារូបព្រះរាជសកម្មភាពព្រះអង្គកំពុងកាន់ញញួរដំដែកគោលលើជញ្ជាំងផ្ទះឈើ។ រូបចម្លាក់នៅជ្រុងខាងជើងជាព្រះរាជសកម្មភាពពេលព្រះអង្គកំពុងរត់កីឡា។ រូប ចម្លាក់នៅជ្រុងខាងលិច ជាព្រះរាជសកម្មភាពព្រះអង្គកំពុងធ្វើពលកម្មកើបដីក្នុងព្រះរាជសកម្មភាពណាមួយ។ បូរីនេះមានចំងាយប្រមាន៧គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសលាវ។
បើតាមការសាកសួរពី លោក ភោក និមល ប្រធានស្នាក់ការតំបន់រ៉ាម់សារ លោកបាននិយាយថាកាត់មានស្រុកកំណើតនៅទីនេះ កាលពីដើមមកជីតារបស់គាត់ជាទាហានដែលចូលនិវត្តន៍ ជាអ្នកព្រែកដំបង ខេត្តកណ្តាល ដែលក្នុងសម័យសង្គមរាស្ត្រនិយម គេឱ្យគាត់មករស់ដោយបានចែកផ្ទះ និងដី៥ហិចតា។ សំណង់ជាច្រើននៅទីនេះត្រូវបានសាងសង់ ដែលមានសំណង់ផ្ទះល្វែង សាលាស្រុក ផ្សារសំណង់នានា ខ្លះត្រូវបានបាក់ចូលក្នុងទន្លេ សំណង់ខ្លះសាងមិនទាន់រួច ត្រូវបានផ្អាកនៅឆ្នាំ១៩៧០រហូតមកដល់បច្ចុប្បន្ននេះ។
នយោបាយការពារជាតិតាមរយៈការយកព្រលឹងវប្បធម៌ជាតិខ្មែរទៅដាក់នៅព្រំដែន និងតាមរយៈការបញ្ជូនពលរដ្ឋដែលគ្មានដីធ្លី ផ្ទះសម្បែង ហើយផ្ដល់លទ្ធភាពគ្រប់គ្រាន់ ឱ្យពួកគេមានឱកាសកសាងជីវិតថ្មី តាមរយៈការឧបត្ថម្ភផ្សេងៗរបស់រដ្ឋ ឱ្យដូចអ្វីដែលអតីតព្រះមហាវីរក្សត្រ ព្រះអង្គបានធ្វើនេះ គឺជារឿងមួយដែលបានបន្សល់ស្នាដៃគួរឱ្យគោរព និងកោតសរសើរ។ ការរៀបចំឱ្យមានបុរីនៅជាយដែននេះ ក៏បានរួមចំណែកពង្រឹងព្រំដែនប្រទេសឱ្យរឹងមាំ។ តំបន់បូរីអូរស្វាយជាតំបន់ដែលមាន សក្តានុពលទេសចរណ៍ធម្មជាតិដូចជា ទស្សនាសត្វផ្សោតទន្លេមេគង្គ ស្ទូចត្រីបែបធម្មជាតិ និងឆ្នេរខ្សាច់ដ៏ស្រស់់ស្អាតនារដូវប្រាំង ព្រមទាំងរូបរៀងដើមឈើដែលដុះក្នុងទឹកបង្ហាញឫសឈើដែលហូរតាមទឹកក្នុងរដូវវស្សា បញ្ចេញជារូបភាពអស្ចារ្យនៃធម្មជាតិ។
អត្ថបទដើម៖ លោក លឹម វណ្ណច៍ន្ទ