ប្រាសាទព្រៃនគរ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរទៅកាន់តំបន់ភិមាយ ត្រង់ភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រភាគខាងជើងស្ពានទ័ព។ ប្រាសាទព្រៃនគរ ជាប្រាសាទមួយដែលនៅមានរូបរាងល្អប្រសើរ ក្នុងចំណោមប្រាសាទដែលនៅមានរូបរាងទាំង ៤ នៅក្នុងស្រុកចុងកាល់ (ប្រាសាទព្រហ្មកិល, ប្រាសាទព្រៃនគរ, ប្រាសាទចេកក្បូរ និងប្រាសាទអំពិល)។ តើប្រាសាទព្រៃនគរ មានតួនាទី និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទព្រៃនគរ ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដូចដែលបានបោះពុម្ពផ្សាយដំបូងក្នុងសៀវភៅរបស់លោក Lunet De Lajonquière នៅឆ្នាំ១៩១១ ដោយបានចុះបញ្ជីលេខ IK.737។ ប្រាសាទនេះជាសំណង់ទោលដែលកសាងឡើងអំពីថ្មបាយក្រៀម មានរាងបួនជ្រុងស្មើ និងបែរមុខទៅទិសខាងកើត។ ប៉ុន្តែ គួរឱ្យចាប់អារម្មណ៍នោះ ទ្វារខាងលិច ខាងជើង និងទ្វារខាងត្បូង គឺបើកចំហទាំងអស់ដូចទ្វារខាងកើតដែរ ដែលប្រាសាទមានលក្ខណៈបែបនេះមានតាំងពីស.វ.ទី៧មកម្ល៉េះ (ប្រាសាទសំបូរ) ហើយមានលក្ខណៈដូចទៅនឹងប្រាសាទក្រពុំឈូក នៅស្រុករវៀង ខេត្តព្រះវិហារ។ សំណង់នៅមុខខាងកើត បន្ថែមដោយយ៉មួយឆ្ពោះទៅកើតដែលកសាងអំពីថ្មបាយក្រៀមដូចគ្នា។ ក្រៅពីនេះ នៅទិសអាគ្នេយ៍ មានសំណង់ហោត្រៃមួយ (អគ្និគ្រឹះ) ហើយហ៊ុមព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែងប្រវែង ២២ ម៉ែត្រ x ៣២ ម៉ែត្រ។ ក្នុងនោះ នៅកំពែងខាងកើត គេរៀបចំជាសំណង់ច្រកទ្វារចូល (គោបុរ) ធ្វើពីថ្មបាយក្រៀមដូចគ្នា តែសព្វថ្ងៃបែកបាក់ផ្នែកកំពូលអស់ទៅហើយ។ ដោយឡែក នៅទិសឦសាន មានស្រះតូចមួយដែលមានតម្រៀបថ្មបាយក្រៀមជុំវិញ។
រចនាសម្ព័ន្ធដែលបង្ហាញខាងលើនេះ ស្តែងឱ្យឃើញថា ប្រាសាទព្រៃនគរ មានប្លង់និងរចនាសម្ព័ន្ធសំណង់ជាហោរបន់ស្រន់ នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នាទៅនឹងប្រាសាទដទៃផ្សេងទៀតដែលជាហោរបន់ស្រន់ តួយ៉ាងដូចជា ឧទាហរណ៍ ប្រាសាទព្រះធាតុរកា (ខេត្តកំពង់ធំ) ប្រាសាទបឹងស្រែខាងលិច (ខេត្តព្រះវិហារ) ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ) ប្រាសាទក្តីតាគមតូច (ខេត្តសៀមរាប) ។ល។ ជាទូទៅ ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យច្រើនមានរចនាសម្ព័ន្ធដូចគ្នា ឬស្រដៀងគ្នា រួមមាន ទី១ មានសំណង់ប្រាង្គកណ្តាលរាងបួនជ្រុង ហើយមានយ៉លយទៅខាងកើត ទី២ មានសំណង់ហោរត្រៃបែរមុខទៅទិសខាងលិច, ទី៣ មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើត និងទី៤ គឺមានស្រះទឹកមួយនៅទិសឦសាន។ នៅប្រាសាទព្រៃនគរ គេមិនធ្លាប់រកឃើញសិលាចារឹកណាមួយឡើយ ខុសពីប្រាសាទដែលហោរបន់ស្រន់ខ្លះតែងមានថ្មគោលចារឹកដែលសរសេរជាភាសាសំស្រ្កឹត ហើយរាល់អត្ថន័យសិលាចារឹកនីមួយៗតែងតែដូចគ្នាស្ទើរបេះបិទ ឧទាហរណ៍ សិលាចារឹកប្រាសាទព្រះធាតុរកា សរសេរមានខ្លឹមសារដូចគ្នាទៅនឹងសិលាចារឹកប្រាសាទសាយហ្វុង។ ការស្រាវជ្រាវកន្លងមក គេមិនដែលប្រទះឃើញបដិមា ឬវត្ថុសិល្បៈណាមួយគួរកត់សម្គាល់ឡើយ ពោល គឺមានតែជើងទម្ររាងបួនជ្រុងមួយដែលសព្វថ្ងៃគេដាក់នៅក្នុងខ្ទមអ្នកតាជាប់ប្រាសាទប៉ុណ្ណោះ (ខាងត្បូង) ម្ល៉ោះហើយគេមិនដឹងច្បាស់ថា ទេពតម្កល់នៅក្នុងប្រាសាទព្រៃនគរនេះ គឺជាទេពអង្គណាឱ្យប្រាកដឡើយ។ ប៉ុន្តែ យោងទៅតាមព័ត៌មានបង្ហាញក្នុងសិលាចារឹកប្រាសាទផ្សេងៗទៀតដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នានោះ បង្ហាញឱ្យឃើញថា នៅក្នុងប្រាង្គកណ្តាលតែងតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន ៣ អង្គ រួមមាន ព្រះភៃសជ្យគុរុ (ព្រះពុទ្ធគ្រូថ្នាំ) ព្រះសូរ្យ (ព្រះអាទិត្យ) និងព្រះវៃរោចន (ព្រះចន្រ្ទ) ហើយរាល់មន្ទីរពេទ្យនីមួយៗមិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលផ្តល់ជម្រក និងម្ហូបអាហារដល់ជនដាច់សង្វែងថែមទៀតផង។ ជាងនះទៅទៀត មន្ទីរពេទ្យនីមួយៗនៅសម័យអង្គរ អាចមានអ្នកធ្វើការសរុបចំនួន ១០០ នាក់ រួមមាន គ្រូពេទ្យ អ្នកប្រចាំការ គ្រូថ្នាំកាន់ឃ្លាំង អ្នកដាំបាយដាំស្ល អ្នកសំអាត អ្នកបញ្ជូនថ្នាំដល់គ្រូពេទ្យ អ្នកដាំថ្នាំ ។ល។
ជារួមមក ប្រាសាទព្រៃនគរ ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យមួយ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០)។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់អង្គរ ខេត្តកំពង់ធំ និងតំបន់ផ្សេងៗទៀត។ សំណង់ប្រាសាទព្រៃនគរ អាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ភូមិសាស្រ្តភូមិពង្រនេះ គឺជាក្រុង ឬទីប្រជុំជនដ៏សំខាន់មួយនៅសម័យអង្គរ ព្រោះជាទូទៅរាល់មន្ទីរពេទ្យតែងតែកសាងឡើងនៅក្នុងក្រុងឬទីប្រជុំជន ហើយសូម្បីតែឈ្មោះថា “ព្រៃនគរ” ក៏អាចបញ្ជាក់ឱ្យឃើញច្បាស់អំពីវិសាលភាពរដ្ឋបាលទៅហើយ។ សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន។









—————-
Prasat Prei Nokor
Prasat Prei Nokor is an Angkorian laterite temple or ‘chapel’ of one of the 102 hospitals built by King Jayavarman VII throughout the kingdom. This temple housed the God Bhaisajyaguru, Surya and Vairocana of Mahayana Buddhism. This temple can be distinguished as a chapel of one of the 102 hospitals built by King Jayavarman VII due to the structure of the temple includes, firstly, the central tower is a square structure with a balcony to the east, and secondly, there is a rectangular library building in the southeast and facing to the west, the thirdly has a laterite wall and has an entrance to the east, and the fourthly has a small pond to the northeast (outside the temple walls). The chapel building of the hospital is a testament to the growth of healthcare service in the Angkorian period during the reign of King Jayavarman VII, which included scientific therapies (the use of herbal remedies) and the use of faith therapies with a building of chapel to house the deities of Mahayana Buddhism so that patients can enter to pray to those deities.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី