ពាក្យ “ភ្នំ”

ពាក្យ “ភ្នំ” វិវត្តមកពីពាក្យខ្មែរបុរាណ “វ្នំ”។ ពាក្យខ្មែរច្រើនណាស់ដែលមានការវិវត្តន៍ដូច្នេះ។ អក្សរខ្មែរបុរាណ “វ” ក្លាយមកជា “ព” ហើយខ្លះមកជា “ភ”។   ឧទាហរណ៍ ៖ ពាក្យខ្មែរ បុរាណ “វ្រះ” មកជា “ព្រះ” ហើយពាក្យ “វិមាន” មកជា “ពិមាន” ហើយក្លាយមកជា “ភិមាន” ដូចជាប្រាសាទភិមានអាកាសនៅក្នុងព្រះបរមរាជវាំងសម័យអង្គរ (ស្ថិតនៅក្នុងបរិវេណ អង្គរធំ) ដែលសាងនៅស.វទី១១ ជាដើម ។ល។

នៅសម័យបុរាណពាក្យ “វ្នំ” ពុំមែនមានន័យសំដៅតែលើធម្មជាតិនៃរូបរាងភ្នំនោះទេ ប៉ុន្តែវាមានន័យជ្រៅណាស់លើជំនឿសាសនា។ ក្នុងជំនឿនៅស្រុកឥណ្ឌា គេជឿថាភ្នំជាស្ថាននៃទេពទាំងឡាយ។ នៅក្នុងជំនឿព្រហ្មញ្ញសាសនា ឥណ្ឌាជឿថា “ភ្នំ” ជាផ្ចិតនៃចក្រវាឡ (ដោយសន្មតថាជា “ភ្នំមេរុ” ដែលខ្មែរសព្វថ្ងៃច្រើនហៅ “ភ្នំសុមេរុ” ឬហៅ “ភ្នំព្រះសុមេរុ”

ដោយសារខ្មែរនៅសម័យបុរាណទទួលវប្បធម៌ពីឥណ្ឌា ដូច្នោះហើយនៅក្នុងគំនិតរបស់ខ្មែរ ពោលគឺការគោរពជំនឿលើព្រហ្មញ្ញសាសនាមិនខុសពីឥណ្ឌាទេ។ ឧទាហរណ៍ ជាទូទៅសំណង់ប្រាសាទ ជាពិសេសប្រាសាទអង្គរវត្តជាតឹកតាងស្រាប់ ពោលគឺបង្ហាញយ៉ាងច្បាស់អំពីជំនឿនេះ។ កំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃ “ភ្នំសុមេរុ” ដែលជាស្ថាននៃទេព ដែលមានរួតព័ទ្ធជុំវិញតំណាងឱ្យជួរភ្នំ និងកសិន្ធុព័ទ្ធជុំវិញនៅផ្នែក ខាងក្រៅតំណាងឱ្យមហាសមុទ្រ។

ក្នុងសិលាចារឹកខ្មែរបុរាណ ពាក្យ “វ្នំ” នេះក៏មានន័យសំដៅលើប្រាសាទដែរ ដូចភាសាខ្មែរបុរាណថា “ក្លោញវ្នំ”“ខ្លោញវ្នំ” ដែលមានន័យថា “ប្រធានប្រាសាទ” គឺសំដៅដល់ព្រាហ្មណ៍ជាអ្នកទទួលខុសត្រូវមើលប្រាសាទ ឬចៅអធិការប្រាសាទ។ អ្នកស្រាវជ្រាវបារាំងយល់ថា “ភ្នំ” មានន័យដូច“ប្រាសាទ” គេហៅ “ប្រាសាទភ្នំ” ដោយមើលទៅលើទំរង់នៃប្រាសាទរាងជាសាជី (ពីរ៉ាមីត) ដែលមានជាខឿនថ្នាក់ៗ ទោះបីសាងលើភ្នំធម្មជាតិក្ដី សាងលើទីរាបក្ដី។

ឧទាហរណ៍ ប្រាសាទបាគងដែលសាងនៅស.វទី៩ (ឆ្នាំ៨៨១ ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១) អ្នកស្រាវជ្រាវបារាំងចាត់ទុកថាជាប្រាសាទភ្នំទីមួយដែលមានខឿន៥ថ្នាក់តំណាងឱ្យចក្រវាឡ ហើយមានប្រាសាទដទៃទៀតដូចជា ប្រាសាទភ្នំបាខែង ប្រែរូប បាភួន អង្គវត្ត បាយ័ន្តជាដើម។ល។  

លើសពីនេះទៀត ឈ្មោះរបស់ “ហ្វូណាន់” ដែលមាននៅក្នុងកំណត់ត្រារបស់ចិន ត្រូវអ្នកស្រាវជ្រាវបារាំងលោក សឺដែស (Goerge Coedès) បានឱ្យសេចក្ដីសន្និដ្ឋានថាក្លាយមកពីពាក្យខ្មែរបុរាណ “វ្នំ”។ ដោយសារគំនិតនេះហើយ ដែលអ្នកស្រាវជ្រាវខ្មែរបានបង្កើត ដោយហៅសម័យកាលនោះ (រួមបញ្ចូលសម័យដែលចិនហៅ “ចេនឡា” ផង) ថា “នគរភ្នំ”។ ប៉ុន្តែសេចក្ដីសន្និដ្ឋានរបស់លោក សឺដែស ដែលថា “ហ្វូណាន់” មកពីពាក្យ “វ្នំ” នោះ អ្នកស្រាវជ្រាវក្រោយមកទៀតមិនយល់ស្របឡើយ។ ថ្វីត្បិតតែសព្វថ្ងៃ ខ្មែរនៅយល់ក្នុងជំនឿថា “ភ្នំ” ជាទីកន្លែងដែលអារកអារក្ស អ្នកតាថែរក្សាក្ដី ប៉ុន្តែបើគិតអំពីន័យ និងជំនឿ មិនជ្រៅដូចពាក្យ “វ្នំ” កាលពីបុរាណកាល ឡើយ។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!