ប្រាសាទបានភ្លួងស្ថិតនៅភូមិបានភ្លូង ស្រុកប្រាសាទ ខេត្តសុរិន្ទ ចម្ងាយពីព្រំដែនខ្មែរច្រកអូស្មាច់ ប្រហែល៣៥គម។ ប្រាសាទនេះសាងនៅរវាងស.វទី១១-១២ និងធ្លាប់ជួសជុលតាមបែបអាណាស្ទីឡូហ្សីស (Anastylosis method) នៅឆ្នាំ១៩៧២ដោយលោក Vance R. Childress។ វិធីជួសជុលតាម បែបអាណាស្ទីឡូហ្សីស គឺប្រើថ្ម ឬវត្ថុដើមដែលមាននៅប្រាសាទ ដើម្បីជួសជុលប្រាសាទ ឡើងវិញ។ នៅលើផ្ដែរនៃទិសខាងកើត និងខាងត្បូងផ្នែកកណ្ដាលមានបង្ហាញចម្លាក់ព្រះឥន្ទជិះដំរី (ភាគច្រើនចម្លាក់ព្រះឥន្ទជិះដំរីនៅតាមប្រាសាទនានាបែរទៅទិសខាងកើត ប៉ុន្តែប្រាសាទនេះមានបែរទៅទិសខាងត្បូងមួយទៀត របៀបនេះអាចមានខ្លះដែរនៅតំបន់អង្គរ)។
តាមអ្នកភូមិ (ខ្មែរសុរិន្ទ) រស់នៅម្ដុំប្រាសាទនេះបានប្រាប់ថា រហូតមកដល់សព្វថ្ងៃនៅមានទំនៀមរៀបពិធីទាក់ទងនឹងរឿងស្ដេចដំរីស និងនាងសក់ក្រអូប (ឬនាងទន់សត្ត្រា)នាខែចែត្ររៀងរាល់ឆ្នាំ។ រឿងទាក់ទងនឹងនាងសក់ក្រអូប និងស្ដេចដំរីសមានប្រជាប្រិយណាស់នៅម្ដុំប្រាសាទនេះ ក៏ដូចជាខេត្តសុរិន្ទទាំងមូល។ រឿងព្រេងនេះមិនល្បីតែនៅស្រុកខ្មែរទេ សូម្បីតែនៅស្រុកលាវនៅម្ដុំភូមិក្បែរប្រាសាទណាងអ៊ីង (នៅជាប់ព្រំដែនលាវ និងខ្មែរ មានភូមិជនជាតិខ្មែរនៅទីនោះ) ក៏មាននិយាយទាក់ទងនឹងរឿងនាងសក់ក្រអូប (ឬស្ដេចដំរីស) ដែរ។
អ្នកនៅខេត្តសុរិន្ទជឿលើស្ដេចដំរីសនោះណាស់ ដូច្នោះហើយជារៀងរាល់ឆ្នាំគេតែងតែរៀបពិធីធំទាក់ទងនឹងស្ដេចដំរីសនៅក្នុងខេត្ត។ បើនិយាយអំពីរឿងស្ដេចដំរីសនេះ គឺវែងឆ្ងាយណាស់ ទាំងនៅក្នុងជំនឿ ទំនៀមទម្លាប់ នយោបាយ និងសង្គម។ ទំនៀម ឬជំនឿលើដំរី (ដំរីស) ជ្រាបចូលនៅក្នុងសង្គមខ្មែរ បុរាណខ្លាំងណាស់។ ឧទាហរណ៍ រឿងដំរីជាមួយព្រះពុទ្ធក៏មានជាចម្លាក់នៅតាមប្រាសាទខ្មែរ ហើយដែលច្បាស់មែនទែននៅប្រាសាទព្រះបាលីល័យនៅអង្គរធំ (សាងនៅស.វទី១៣ ក្នុងរាជ្យនៃ ព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី៧) ។
ក្នុងប្រវត្តិសាស្ត្រខ្មែរក៏មាននិយាយច្រើនអំពីទម្លាប់ ឬក៏ចំណូលចិត្តនៃការទាក់ដំរីរបស់ព្រះរាជាដែលមានចារជាសិលាចារឹក (ឧ. ព្រះបាទជ័យវរ្ម័នទី៣) សរសេរនៅក្នុងព្រះរាជពង្សាវតារ និងកំណត់ត្រារបស់អ៊ឺរ៉ុប (ព្រះបាទអង្គច័ន្ទនៅស.វទី១៦)។ល។ គំនិតទាក់ទងនឹងស្ដេចដំរីស ពោលគឺជានិមិត្តរូបនៃអំណាចរបស់ស្ដេច។
អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ