ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែតថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកា...

ឆ្នាំទាំង៤ ខាល ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែតថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានាគ្មានដល់លោកអ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៩កើត  ខែបុស្ស   ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ លោកអ្នកហាក់មានអារម្មណ៍ទុក្ខព្រួយ​ច្រើន។ ភាពចចេសរឹងរូស ឆាប់អន់ចិត្តក៏ខ្លាំងណាស់ដែរ។ លោកអ្នកគួរប្រាស្រ័យទាក់ទងមនុស្សដែលកើតថ្ងៃច័ន្ទ ហើយជៀសវាងក្នុងការធ្វើទំនាក់ទំនងការងារធំដុំជាមួយមនុស្សកើតថ្ងៃសុក្រ។ លោកអ្នកអាចមានមនុស្សនិន្ទា ដូច្នេះសូមអត់ធ្មត់។ ពេលវេលាល្អក្នុងថ្ងៃនេះ គឺពេលរសៀល។ ដោយឡែកការធ្វើដំណើរនានាគួរចាកចេញនៅពេលរសៀលទើបល្អ។ ថ្ងៃនេះទិសល្អ គឺទិសនិរតី។ ចំពោះគូស្នេហ៍មានភាពចុះសម្រុងគ្នាល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ភាពខាតបង់មានច្រើនជាងចំណេញ។ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ព្យាយាមរៀបចំគម្រោងផែនការថ្មី និងត្រូវរក្សាភាពសំងាត់។ ការធ្វើដំណើរនានា គួរផ្អាកសិនបើមិនមានភាពចាំបាច់ទេ ពីព្រោះសញ្ញាណនៃទុក្ខទោសនានាហាក់មានច្រើន។ លោកអ្នកគួរសាងមិត្តនឹងមនុស្សកើតថ្ងៃអង្គារ និងជៀសវាងមនុស្សកើតថ្ងៃសៅរ៍ ក្នុងការផ្តោះផ្តងកិច្ចការងារសំខាន់ៗ។ គូស្នេហ៍ហាក់មានមន្ទិលនឹងគ្នា ដូច្នេះសូមដោះស្រាយដោយសន្តិវិធី

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន និងអាជីវករនឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ព្រមទាំងទទួលបានការអាណិតស្រលាញ់ពីមនុស្សផងគ្នា។ ចិត្តល្អ និងការសណ្តោសរបស់អ្នកនឹងនាំលាភធំដល់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គល សូមកុំស្ទាក់ស្ទើរ។ លោកអ្នកគួរជៀសវាងប្រាស្រ័យទាក់ទងមនុស្សកើតថ្ងៃសៅរ៍។ ទំនាក់ទំនងផ្ទាល់ខ្លួនមានភាពចុះសម្រុងគ្នាណាស់ ប៉ុន្តែចូរប្រយ័ត្នក្នុងការវិនិច្ឆ័យលឿនពេក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមរក្សាអាកប្បកិរិយា និងចិត្តល្អជានិច្ច ពីព្រោះលោកអ្នកនឹងអាចរក្សាផលលាភនេះបានយូរ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។ សូមយកចិត្តទុកដាក់បន្ថែមទៅលើការតុបតែងខ្លួន។ មិត្តល្អរបស់អ្នកជាមនុស្សដែលកើតថ្ងៃច័ន្ទ។ សម្រាប់ស្នេហាកំឡោះក្រមុំ ការសម្រេចចិត្តនានានឹងផ្តល់តែលទ្ធផលល្អ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវ ប៉ុន្តែលោកអ្នកមិនទាន់អាចទទួលផលនេះទេ។ សូមព្យាយាមបន្ថែម និងរក្សាភាពអត់ធ្មត់។ ជម្លោះជាសត្រូវរបស់អ្នក។ សូមកុំជឿទុកចិត្តគេដោយងាយ គិតគូរឲ្យបានច្រើន និងវាងវៃក្នុងស្ថានការណ៍នានា។​ មនុស្សនិន្ទាអ្នកហាក់មានច្រើនគួរសម ប៉ុន្តែផ្លូវដោះស្រាយល្អ គឺភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។ សម្រាប់គូស្នេហ៍ ទំនាក់ទំនងហាក់មិនសូវចុះសម្រុងគ្នាល្អទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់ ប៉ុន្តែត្រូវជៀងវាងការនិយាយរឿងមិនបានការក្នុងមុខជំនួញ។ សូមព្យាយាមស្វែងរកការងារបន្ថែម ដើម្បីទទួលបានផលលាភដែលប្រសើរ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច ភាពអំនួតនឹងច្រានអ្នកឲ្យដួល។ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី ជៀសវាងនិយាយដើមមិត្តរួមការងារ ទោះបីល្អ ឬអាក្រក់ក្តី។ ការធ្វើដំណើរវែងឆ្ងាយនៅថ្ងៃនេះ មិនសូវទទួលបានផលល្អទេ។  ស្នេហាប្រុសស្រី មានភាពសុខដុមជាធម្មតាទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ហើយបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ រាសីអ្នកស្ថិតលើកំពូលដែលអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំបានយ៉ាងងាយស្រួល ដូច្នេះចូររក្សាវេលាថ្ងៃនេះប្រមូលផល។ សូមទំលាក់ចោលចរិកច្រឡើសបើសចោល និងសូមរក្សាការពារមនុស្សដែលនៅជុំវិញខ្លួនទើបជាការប្រសើរ។ ការសម្រាក់ និងដំណើរកំសាន្តជាអ្វីដែលអ្នកត្រូវគិតគូរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អពីថ្នាក់លើផងដែរ។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ។ សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃ ប៉ុន្តែប្រាកដណាស់ត្រូវទទួលយកដោយភាពឆ្លាតវៃ។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រយ័ត្ននឹងគ្រោះថា្នក់​ ដូច្នេះបើអាចផ្អាកការធ្វើដំណើរផ្លូវឆ្ងាយដែលមិនចាំបាច់ ប៉ុន្តែបើអ្នកត្រូវទៅជាដាច់ខាត គួរប្រាស្រ័យនឹងមនុស្សស្រី្តចំណាស់។ គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច សូមកុំមានការព្រួយបារម្ភអ្វីឡើយ។ សូមរក្សាកិច្ចការងារដែលមាននៅក្នុងដៃសិន ការចាប់យកការងារថ្មី ឬបណ្តាក់ទុនធំដុំ មិនសូវទទួលបានផលច្រើននោះទេ។ សូមរក្សាឥរិយាបថ និងពាក្យសំដី ហើយជៀសវាងរឿងអ្នកដទៃ។ ទប់កំហឹង បើមិនដូច្នេះ អាចនឹងបណ្តាលឲ្យបាត់បង់ឳកាសប្រមូលទ្រព្យ។​ ប្រសិនបើអ្នកសិក្សារៀនសូត្របន្ថែមនឹងជួយអ្នកឲ្យទទួលបានផលកាន់តែប្រសើរក្នុងរបរ ​និងការងារ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពចុះសម្រុងគ្នាណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែស្ថិតនៅលើគន្លងផ្លូវដែលមិនសូវស្ថិតស្ថេរបានយូរនោះទេ ការនេះតម្រូវឲ្យអ្នកធ្វើទំនាក់ទំនងបន្ថែម និងរៀបចំគម្រោងការងារឲ្យបានរឹងមាំ។ ពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ និងមនុស្សជាសំឡាញ់អាចផ្តល់ឲ្យអ្នកនឹងមធ្យោបាយថ្មីៗ។ មិនត្រូវបាក់ទឹកចិត្តឡើយ បញ្ហានានាគឺបណ្តោះអាស្ននប៉ុណ្ណោះ។ សម្រាប់ការទិញអចលនទ្រព្យនានា អាចធ្វើទៅបានដោយគ្មានជំទាស់អ្វីឡើយ។ សូមរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សផ្ទុយភេទ ជាសំលាញ់ចាស់ ដែលរស់នៅទីឆ្ងាយ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ គួរប្រើពេលថ្ងៃនេះ​ បង្ហាញគម្រោងការងារថ្មី។ ពេលវេលាល្អថ្ងៃនេះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលនានាបានដោយមិនមានជំទាស់ទេ។ សម្រាប់គូជីវិត លោកអ្នកមានភាពចុះសម្រុង និងសេចក្តីសុខណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែសូមប្រយ័ត្នចំពោះកំហុសអចេតនា ដែលនាំឲ្យរំខានដល់ផលលាភ។ ថ្ងៃនេះចូរខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះបញ្ចេញកំលាំងខាងរាងកាយច្រើន ប៉ុន្តែសូមព្យាយាមសិន ដើម្បីត្រួសត្រាយផ្លូវជោគជ័យ។ ឧបស័គ្គនានាមានច្រើន ដូច្នេះវារំខានផ្លូវចិត្តអ្នកផងដែរ ដូច្នេះត្រូវចេះទទួលយក និងបោះចោលអ្វីដែលមិនចាំបាច់។ ការរំពឹងអ្នកដទៃមិនគួរធ្វើនៅថ្ងែនេះទេ។ កុំទាន់គិតគូរពីការផ្លាស់ប្តូរកិច្ចការងារអ្វីឡើយ។ សម្រាប់ទំនាក់ទំនងប្តីប្រពន្ធ និងក្នុងរង្វង់គ្រួសារ មានសេចក្តីសុខនឹងគ្នាណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!