បាតុភូតិធម្មជាតិជាច្រើនតែងមានការបកស្រាយប្លែកៗទៅតាមទម្លាប់ ជំនឿ និង ការឃើញជាក់ស្តែងរបស់ប្រជាជនតាមតំបន់ដែលពួកគេបានរស់នៅ។ តែក្រោយមកការបកស្រាយអំពីបាតុភូតិធម្មជាតិ គឺគេធ្វើតាមបែបវិទ្យាសាស្ត្រ ដោយគេផ្តោតលើការសិក្សាស្រាវជ្រាវ និងវិភាគយ៉ាងស៊ីជម្រៅ ទើបគេអាចសន្និដ្ឋានថាជាបាតុភូតិធម្មជាតិជាអ្វីមួយ។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនមួយចំនួនដែលធ្លាប់រស់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពួកគាត់ធ្លាប់ ឬពាក្យថា គគីរថ្ម។ គគីរថ្មជាអ្វី? គគីរថ្មជាឈ្មោះនៃប្រភេទដើមគគីរម៉្យាង និងមួយទៀតជាការហៅឈ្មោះថ្មម៉្យាងដែលមានសណ្ឋានដូចដើមឈើ។ អ្នកស្រុកស្ទឹងត្រែង និងក្រចេះបានពន្យល់ថាដើមគគីរនៅពេលវាចាស់ដល់កំរិតហើយកប់ក្នុងដីទៅវាក្លាយជាថ្ម។ ចំណែកនៅខេត្តរតនគិរី ក្នុងស្រុកលំផាត់ ក៏មានប្រភេទដើមឈើថ្មផងដែរ តែអ្នកស្រុកនៅតំបន់នោះ គេហៅថាឈ្លីកថ្ម ដោយពួកគាត់ថា វាមានលក្ខណៈដូចគ្នានឹងដើមឈ្លីក និងមានពណ៌ខ្មៅ ។ រីឯនៅខេត្តព្រះវិហារ ពាក្យមួយទៀតក៏អាចមានទំនាក់ទំនងនឹងរឿងនេះដែរ នៅតំបន់ភ្នំត្បែងអ្នកស្រុកគេហៅថាធ្យូងកាល់ (ធ្យូងកប្ប?) សំដៅលើថ្មពណ៌ក្រម៉ៅ ដែលមានទ្រង់ទ្រាយដូចដើមឈើដែរ ដែលពួកគាត់និយាយថាវាជាធ្យូងដែលមានអាយុកាលជាយូរមកហើយ។ តើដើមឈើអាចក្លាយទៅជាថ្មបានដែរ ឬទេ?
ដើមឈើពិតជាអាចក្លាយទៅជាថ្ម ដែលគេហៅថាផូស៊ីលឈើ ឬ Petrified Wood។ អ្វីទៅជាផូស៊ីលឈើ? ផូស៊ីលឈើ Petrified Wood មានន័យថាឈើក្លាយជាថ្ម។ វាកើតឡើងនៅពេលរុក្ខជាតិត្រូវបានកប់ដោយដីល្បាប់ និងការពារពីការពុកផុយដោយសារតែអុកស៊ីសែន និងសារធាតុសរីរាង្គនានា។ បនា្ទប់មកទឹកក្រោមដីដែលសំបូរទៅដោយសារធាតុរំលាយឆ្លងកាត់ដីល្បាប់ដោយជំនួសវត្ថុធាតុដើមរុក្ខជាតិដើមជាមួយស៊ីលីកា, កាស៊ីត ឬសារធាតុខនិចផ្សេងៗ ពេលខ្លះក៏មានឥទ្ធិពលពីភ្នំភ្លើង។ លទ្ធផល គឺជាផូស៊ីលនៃវត្ថុធាតុដើមឈើដែលជារឿយៗបង្ហាញនូវព័ត៌មានលម្អិត ដែលបានរក្សាទុកសំបកឈើ និង រចនាសម្ព័ន្ធកោសិកា។ គំរូខ្លះនៃឈើដែលបានការពារ គឺជាការអភិរក្សដ៏ត្រឹមត្រូវដែលមនុស្សមិនដឹងថាពួកគេជាផូស៊ីលរហូតដល់ពួកគេរើសវាហើយមានការភ្ញាក់ផ្អើលចំពោះទម្ងន់របស់ពួកគេ។ គំរូទាំងនេះជាមួយនឹងការអភិរក្សយ៉ាងល្អឥតខ្ចោះ គឺមិនធម្មតាទេ។ ទោះយ៉ាងណាក៏ដោយ សំណាកដែលបង្ហាញពីរចនាសម្ព័ន្ធឈើដែលអាចស្គាល់បានច្បាស់។ ដើមឈើចំណាយពេលជាច្រើនលានឆ្នាំ ដើម្បីប្រែកំណើតទៅជាថ្ម។
ឆ្នាំ២០១៩ និង២០២០ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណច័ន្ទ បានសិក្សា និងកំណាយស្រាវជ្រាវទីតាំងដើមឈើថ្ម ដែលស្ថិតនៅភូមិសាស្ត្រ ដែនជម្រកសត្វព្រៃលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមការងារបានកំណាយក្នុងទំហំដី៤ម៉ែត្រគុណ និង២០ម៉ែត្រ ជម្រៅរហូត២ម៉ែត្រ ជាលទ្ធផល ៖
១. ដើមឈើថ្មមួយដើមធំ មានមុខកាត់ ៩០ស.ម គល់១៣៥ស.ម ឫស១៨០ស.ម បណ្តោយ១៧ម៉ែត្រ ខាងចុងស្ថិតនៅទិសខាងជើងឈៀងខាងលិច និងផ្នែកគល់នៅទិសខាងត្បូងឈៀងខាងកើត។ ផ្នែកខាងចុងបានបាក់បែកជាបំណែកតូចៗ នៅផ្នែកឫសនៃដើមឈើទី១នេះ យើងបានរកឃើញបំណែកស្លឹកដែកកកនៅក្នុងថ្មនៃឫសឈើនេះ ជួបបំណែកនៃសំបកឈើ។ ដំបូងឡើងផូស៊ីលដើមឈើនេះលេចចេញប្រវែង៤ម៉ែត្រ និងកំពស់១០ស.មមកខាងលើដី។ ដើមឈើដែលយើងបានធ្វើកំណាយឃើញនេះវាមានស្នាមរង្វង់ចញ្ចៀនកម្រាស់ក្រាស់ៗ ដូចរង្វង់ចិញ្ចៀននៃដើមស្រល់ដែលអាចយល់បានថាជាប្រភេទដែលមានការលូតលាស់លឿន។
២. ដើមឈើទី២ ស្ថិតនៅខាងជើងដើមឈើទី១ក្នុងរណ្តៅកំណាយដែលមានប្រវែង ៤ម៉ែត្រ ដោយផ្នែកខ្លះកប់នៅក្នុងដីនៅឡើយ។ ក្នុងនោះយើងបានរកឃើញបំណែកស្លឹកឈើដែលកប់ក្នុងថ្មនៃគល់ឈើទី២នេះផងដែរកាលពីឆ្នាំ២០១៩។
៣. បំណែកដើមឈើ៣ផ្សេងទៀត មែកឈើ ឫសឈើមួយចំនួនក៏បានរកឃើញក្នុងរណ្តៅកំណាយផងដែរ។ តាមការសិក្សាពិនិត្យទៅលើសំណាកផូស៊ីលដើមឈើ ដែលយើងបានរកឃើញ តាមរយៈនៃការធ្វើកំណាយ យើងអាចយល់បានជាបឋមថា ដើមឈើទាំងឡាយអាចក្លាយទៅជាថ្មបាន ដោយយើងដឹងជាទូទៅថា ឈើងាយនឹងពុកពុយណាស់ទោះបីជាកប់ ក្នុងដី ឬមិនកប់ក្នុងដីក៏ដោយ តែប្រភេទឈើដែលយើងកំណាយឃើញនេះ ជាប្រភេទ ឈើដែលធន់នឹងបរិស្ថានក្រោមដីដោយវាមិនងាយនឹងពុកភុយ និងប្រែក្លាយទៅថ្មទៅវិញ។ ហើយបើយើងពិនិត្យមើលទៅលើសំណាកឈើមួយចំនួន ដែលប្រមូលមកពីការដ្ឋានកំណាយ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី គឺអាយុកាលមិនតិចជាងរយឆ្នាំ ឬពាន់ឆ្នាំនោះទេ នេះអាចឱ្យយើងសន្និដ្ឋានជាបឋមបានថា ជាប្រភេទផូស៊ីលឈើ។ តែយើងក៏ពុំទាន់ដឹងថាដើមឈើនោះជាប្រភេទដើមឈើអ្វីឱ្យប្រាកដនៅឡើយទេ? ម្យ៉ាងមានប្រភេទដើមឈើខុសៗគ្នាបានក្លាយជាផូស៊ីលឈើ ដូចនេះយើងត្រូវការពេលវេលា សិក្សាមន្ថែម និងសម្ភារៈវិភាគ។ ហើយដើមឈើទាំងឡាយអាចក្លាយជាផូស៊ីលដើមឈើអាចកើតបាន គឺមានប្រមាណ១ភាគរយតែប៉ុណ្ណោះដែលអាចមានឱកាសអាចកើតទៅបាន។ ដូច្នេះយើងគួរមានការថែរក្សា សិក្សាស្រាចជ្រាវ អភិរក្ស និងអភិវឌ្ឍនាពេលអនាគត ហើយយើងក៏សង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចរកឃើញប្រភេទនៃដើមឈើថ្មទាំងឡាយដែលមានវត្តមានក្នុងប្រទេសកម្ពុជា។
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ