អត្ថបទលើកមកបង្ហាញនាពេលនេះ គឺជាអត្ថបទកំណត់ត្រាអំពីទំនៀម ឬរបៀបចាត់ចែងពេលហ្លួងសុវណ្ណគត។ កំណត់ត្រានេះ រក្សាទុកនៅបណ្ណាល័យអាឡាំងសុង (Bibliothèque municipale d’Alençon) ប្រទេសបារាំង ដែលលោក អាដេម៉ារដ៍ ឡឺក្លែរ (Adhémard Leclère) បានប្រមែប្រមូលពីស្រុកខ្មែរទៅ ដែលឯកសារភាគច្រើន ជាឯកសារលោកបញ្ជាឱ្យគេសរសេរតាក់តែង ឯកសារខ្លះទៀតលោកឱ្យគេចម្លងឡើងវិញតាមច្បាប់ដើម។ កំណត់ត្រានេះ បានរៀបរាប់ពីដំណើររៀបចំតាំងពីហ្លួងរៀបនឹងសុវណ្ណគតរហូតដល់ពេលហ្លួងសុវណ្ណគត របៀបចាត់ចែងព្រះបរមសពមុន និងពេលបញ្ចូលកោដ្ឋ និងបែបបទពិធីបុណ្យជាដើម។ អត្ថបទនេះពុំមានចុះកាលបរិច្ឆេទនោះទេ ប៉ុន្ដែយើងដឹងថាសរសេរក្នុងរាជ្យព្រះបាទនរោត្តម។
ពាក្យ “សុវណ្ណគត” ជាពាក្យមានប្រភពដើមមកពីពាក្យសំស្ក្រឹតថា “ស្វគ៌ត” ដែលឃើញមានប្រើក្នុងសិលាចារឹកខ្មែរតាំងពីសម័យមុនអង្គរ មានន័យថា “ដែលទៅកាន់ឋានសួគ៌ហើយ”។ នេះជាទំនៀមតាំងពីបរមបុរាណដែលយល់ថាក្រោយពីស្ដេចសោយទិវង្គតហើយព្រះអង្គយាងទៅកាន់ឋានសួគ៌។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗតាមរយៈសិលាចារឹកដូចតទៅ៖
– តគិរាជ្យវ្រះកម្រតាង៑អញ៑តទៅស្វគ៌ឝិវបុរ = នៅរាជ្យព្រះបាទគម្ដែងអញដ៏ទៅឋានសួគ៌សិវបូរ ឬសម្រាយឱ្យងាយថា នៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី១។ វ្រះកម្រតាង៑អញតទៅស្វគ៌ឝិវបុរ ជាបច្ឆាមរណនាមព្រះបាទជ័យវម៌្មទី១។ (សិលាចារឹកតាំងក្រាំង K.726)
– វ្រះបាទបរមេឝ្វរស្វគ៌តអ្នៅនគរហរិហរាលយ = ព្រះបាទបរមេសូរ (ព្រះបាទជ័យ វម៌្មទី២) សូគ៌តនៅនគរហរិហរាល័យ។ (សិលាចារឹកស្ដុកកក់ធំ K.235)
ពាក្យ “ស្វគ៌ត” នេះក្លាយមកជាពាក្យខ្មែរទំនើបពីរពាក្យ។ ទីមួយ គឺក្លាយមកជាពាក្យ “សុគត” ដែលតាមលំនាំពាក្យបុរាណ ជើងវ “្វ” ប្រែប្រួលមកជាស្រៈ “ូ” និង ស្រៈ “ួ” ដូចជាពាក្យ “ឥឝ្វរ” ក្លាយមកជា “ឥសូរ” និង “ស្វស្ដិ” ក្លាយមកជា “សួស្ដី” ជាដើម។ ដូច្នេះហើយទើបពាក្យនេះ ក្លាយមកជា “សូគ៌ត” និង “សួគ៌ត” ប៉ុន្ដែក្រោយមកមានការកំណត់សំណេរផ្លូវការជា “សុគត” ដែលពាក្យនេះមានន័យថា ដែលទៅហើយដោយស្រួល។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ទទួលមរណភាពទៅកើតឯឋានល្អហើយ”។ ទីពីរ គឺក្លាយមកជា “សុវណ្ណគត” ដែលសៀមបានយកពាក្យខ្មែរបុរាណ “ស្វគ៌ត” នេះទៅប្រើ និងបញ្ចេញសំឡេងតាមប្រព័ន្ធសម្ដីសៀម រួចខ្មែរយកពាក្យនោះពីសៀមមកប្រើវិញជា “សុវណ្ណគត” ប៉ុន្ដែពាក្យនេះពុំមានកត់ត្រានៅក្នុងវចនានុក្រមខ្មែរឡើយ។ សព្វថ្ងៃ យើងនិយមប្រើពាក្យ “សោយទិវង្គត” ជំនួសវិញ។
អត្ថបទដើមសម្រួលតាមអក្ខរាវិរុទ្ធសម័យទំនើប
(ទំព័រ១) កាលហ្លួងម្ចាស់ជីវិតរៀបនឹងសុវណ្ណគត នោះលោកកុង្សិយ៍សេនាបតី និងនាម៉ឺនធំតូច និងពួកអស់អ្នកក្នុងវាំងមានចៅចម ឃុនចម ចៅឃុន និងឃុន អ្នកម្នាង អ្នកនាងជាដើម និងពួកខ្ញុំរាជការខាងក្រៅសម្រាប់បុណ្យព្រះបារមីហ្លួងធំតូចទាំងប៉ុន្មានក៏សឹងតែមកដេកនៅត្រៀមចាំហ្លួងតែសព្វថ្ងៃជានិច្ចពុំដែលដាច់ ហើយរៀបចាត់ចែងឱ្យពួកជាងទងយកមាសសុទ្ធ យីឆុងអីមយ៉ាងល្អចំនួនមាស៩ជី យកទៅផែឱ្យស្ដើង រួចយកមកចៀរសម្រាប់ទុកធ្វើជាសុពណ៌បដ ឱ្យពួករាជបណ្ឌិត១ សង្ឃរី១ នឹងលោកសង្ឃរាជាគណៈ មានល្អងធូលីលោកគ្រូស្ដេចជាដើមឱ្យចារ សរសេរបាលីធម៌ឈ្មោះសុពណ៌បដ សម្រាប់ដាក់នៅទ្វារទាំង៩ លុះដល់ហ្លួងម្ចាស់ជីវិតមានកម្លាំងនោះក៏ថយតិចណាស់ គេយកសំពត់ទេសឯកពាសពីលើដំបូលដំណាក់ទាំងអស់ រួចឱ្យគេយកព្រះបដឱ្យជាងគំនូរគូរជា រឿងឋានសួគ៌ទាំងអស់ រួចគេយកទៅបិទបាំងដំបូលដំណាក់ពីលើឱ្យជិតជុំវិញ ឱ្យហ្លួងក្រឡេកមើលទៅឃើញសប្បាយវិញ្ញាណហ្លួងទៅដូចចាប់អារម្មណ៍ជាប់នៅទីនោះ លុះដល់ហ្លួងទ្រង់យាងចូលចុះកាន់ផ្លូវសុវណ្ណគតប្រាកដ មានមនុស្សអ្នកចេះធម៌ ស្គាល់ដំណើរ ស្គាល់ផ្លូវដែលនៅប្រចាំការនៅទីនោះ ស្រែកប្រាប់ធម៌ប្រាប់ផ្លូវហ្លួង រួចគេដាក់ហ្លួងឱ្យផ្ទំផ្ងារ រួចគេយកមាសដែលចារសរសេរបាលីធម៌ឈ្មោះសុពណ៌បដ ដាក់នៅមាត់១អន្លើ ច្រមុះ១អន្លើ ថ្ងាស១អន្លើ ត្រចៀក១អន្លើ ដើមទ្រូង១អន្លើ រួចគេយកទឹកអប់ស្រោចដុសលាងហ្លួងឱ្យជ្រះស្អាតល្អ រួចគេនិមន្តលោកសង្ឃឱ្យសូត្រធម៌សត្តប្បករណ៍បង្សុកូល លុះដល់គេរៀបនឹងរុំសពហ្លួងឱ្យចូលក្នុងព្រះស្ថាន នោះគេរើលាងរូបហ្លួងម្ដងទៀត រួចគេយកទឹកបារតចាក់ក្នុងមាត់ហ្លួង រួចគេយកមកុដគ្រឿងមាសសុទ្ធមកបំពាក់រូបហ្លួង និងគ្រឿង
(ទំព័រ២)សង្វារមាសសុទ្ធគ្រប់ប្រដាប់មកតែងបំពាក់រូបហ្លួង រួចគេឱ្យហ្លួងស្លៀកសំពត់ចរបាប់យ៉ាងថ្លៃ រួចគេយកខ្សែក្រវាត់ខឹមខាត់ពេជ្រយ៉ាងថ្លៃ១ពាន់រៀលឱ្យហ្លួងក្រវាត់ រួចគេយកចិញ្ចៀនត្បូងពេជ្រទាំងគ្រាប់យ៉ាងថ្លៃឱ្យហ្លួងពាក់គ្រប់ម្រាមដៃទាំងអស់ ឯដំណើរដែលគេនឹងតុបតែងរូបហ្លួងនោះ ដូចកាលហ្លួងគង់ព្រះជន្មរស់នៅឡើយ ហើយតែងព្រះអង្គ ដែលនឹងចេញទទួលគំនាប់លោកហ្គូវែរន័រហ្សេណេរ៉ាល់ (gouverneur général) ឬចេញទទួលគំនាប់លោកឡឺរេស៊ីដង់ត៍ (le résident) ណាៗ លុះតុបតែងរូបហ្លួងស្រេច គេដាក់ឱ្យហ្លួងអង្គុយច្រហោងក្នុងកោដ្ឋមាស រួចគេយកស្លាត្រួយឱ្យហ្លួងកាន់សំពះអង្គុយច្រហោងប្រណម្យក្នុងកោដ្ឋមាសនោះ ឯកោដ្ឋមាសនោះគេធ្វើខ្ចៅឱ្យទឹកចេញចូលបាន សម្រាប់ឱ្យទឹកសម្អុយខ្ទុះឈាមអសោចលាមកស្រក់ហូរចេញបាន រួចគេយកចាន ឬកែវយ៉ាងធំត្រងពីក្រោម ឯទឹកសម្អុយនោះសន្មតហៅថាទឹកព្រះបុព្វោ ឯរូបសពនោះមានមនុស្សប្រុសស្រីនិងនាម៉ឺនធំតូចដេកវេននៅចាំរក្សាទាំងថ្ងៃយប់ជាប្រក្រតី មើលថែទាំរក្សា ចាំមើលត្រងទឹកសម្អុយនោះនាំយកទៅចាក់ចោលកណ្ដាលទន្លេ ហើយមានភ្លេងដង្ហែទឹកសម្អុយនោះនាំយកទៅចាក់ចោលផង ឯទីកន្លែងដែលតម្កល់សពនោះមានពួកស្រីនៅប្រចាំការយំយាមគ្រប់ពេលទាំងថ្ងៃយប់ក្នុង១ថ្ងៃយំយាម៣ដង ១យប់យំយាម៣ដង មានទំនុកនោះផ្សេងៗតទៅ ឯលោកសង្ឃក៏ផ្លាសគ្នាសូត្រធម្មទេសនាទាំងថ្ងៃយប់ពុំដែលដាច់។ “ចប់”
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង