ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ។ ប្រយ័ត្នមនុស្សនិន្ទាឈ្នានីសបំផ្លាញផែនការអ្នក ដូច្នេះគ្រប់គ្រងការសំងាត់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកចុះ។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់ទាំងស្រុង។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំមមី។ ចំពោះគូស្នេហ៍សូមមានអធ្យាស្រ័យ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ សូមប្រយ័ត្នចាញ់បោកគេ សូម្បីមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក៏ដោយ។ ការចំណាយលុយកាក់គួរគិតគូរជាថ្មី ប្រយ័ត្នខាតបង់នៅពេលក្រោយ។ មនុស្សដែលអាចជួយលោកអ្នកបានមានកំណើតឆ្នាំថោះ។ សូមប្រយ័ត្នជំងឺទាក់ទងសរសៃ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេល និងពិភាក្សាជាមួយមនុស្សនៅក្នុងគ្រួសារ។ ចូរធ្វើទំនាក់ទំនងល្អជាមួយកុមារ ដើម្បីទទួលបានលាភធំ។ សម្រាប់ទំនាក់ទំនងសេ្នហា គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្ត ប៉ុន្តែសូមជៀសវាងមនុស្សផ្ទុយភេទឆ្នាំរកា។ សូមប្រយ័ត្នប្រយែងក្នុងការទទួលទានអាហារ ព្រោះលោកអ្នកអាចមានផលរំខានដល់ប្រព័ន្ធរំលាយអាហារ។ សម្រាប់ទំនាក់ទំនងប្រុសស្រី មានភាពអនុគ្រោះគ្នាល្អណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ សូមប្រយ័ត្នមនុស្សផ្ទុយភេទដែលធ្លាប់មានបញ្ហាជាមួយអ្នក។ ចំពោះទំនាក់ទំនងប្រុសស្រី គូស្នេហ៍ទទួលភាពសុខដុមរមនាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់ ឬបោះបង់ការងារចាស់មុនទទួលបានការងារថ្មី។ មនុស្សនិន្ទាថ្ងៃនេះមានច្រើន ប៉ុន្តែសូមកុំតបត ដើរចេញ ហើយអនុគ្រោះ។ ពេលវេលាល្អសម្រាប់រៀបពិធីមង្គលគឺនៅពេលព្រឹក ចំណែកទិសភោគផលគឺទិសឥសាន។ សម្រាប់គូស្នេហ៍មានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់។ សូមធ្វើទំនាក់ទំនងនឹងមនុស្សដែលមានកំណើតថ្ងៃអាទិត្យ និងជៀសវាងមនុស្សឆ្នាំម្សាញ់។ សម្រាប់កំឡោះក្រមុំ លោកអ្នកនឹងទទួលបានដំណឹងល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ប្រយ័ត្នប្រយែងចាញ់បោកគេ ហើយជំលោះក៏រឹតតែត្រូវជៀសឲ្យផុត។ ថ្ងៃនេះសញ្ញាណល្អផ្នែកហិរញ្ញវត្ថុមានក្នុងផ្លូវរបស់អ្នក ដូច្នេះចូររៀបចំគម្រោងច្បាស់លាស់មួយ។ សម្រាប់គូស្នេហ៍ មានអធ្យាស្រ័យល្អណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានចរិករឹងរូសនោះទេ រស់នៅដោយស្ងប់ស្ងាត់នោះសំណាងផ្នែកហិរញ្ញវត្ថុកើនឡើងទ្វេរគុណ។ សូមប្រយ័ត្នមនុស្សដែលមានកំណើតថ្ងៃសៅរ៍មកពីចំងាយ។ សម្រាប់គូស្នេហ៍យល់ចិត្តគ្នាណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាងប្រសើរណាស់។ សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍គ្មានស្ថេរភាព។ ទិសនៃលាភសំណាងរបស់អ្នកគឺទិសបូព៌។ សូមមានការប្រុងប្រយ័ត្នជាមួយទំនាក់ទំនងនៅក្នុងគ្រួសារ ពិសេសជាមួយក្មេងៗ។ ចំពោះគូស្នេហ៍ ស្រលាញ់អធ្យាស្រ័យគ្នាណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ កុំឲ្យគុណក្លាយជាទោស។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាពាក្យសំដី។ ទំនាក់ទំនងប្រុសស្រី មានភាពចុះសម្រុងគ្នាល្អណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព