នឹងថ្លែងពីប៊ុនធឿន ដែលនៅរៀនឯវិទ្យាល័យក្រុងភ្នំពេញ។ លុះចូលមក្នុងខែចេត្រសាលាគេបិទទ្វារដើម្បីឲ្យកូនសិស្សនិងគ្រូទាំងឡាយបានឈប់សម្រាកក្នុងរដូវក្តៅមួយខែ ប៊ុន ធឿន ក៏បានជិះរថភ្លើងមកបាត់ដំបងជាមួយពួកម៉ាក។ ដល់ក្នុងនេះហើយ ក៏ឡើងជិះរ៉ឺម៉កដំរង់ទៅកំពង់ព្រះភ្លាម ព្រោះការឃើញទីតំបន់នេះ នាំឲ្យទុក្ខទាំងប៉ុន្មានដែលក្រាបនៅក្នុងបេះដូងរៀងរាបមក កញ្ជ្រោងរោលដើមទ្រូង ហើយធ្វើឲ្យគិតទៅដល់គូសង្សារជាពន់ពេក។ ណ្ហើយស៊ូផ្តាច់ចិត្តកុំឲ្យគ្នាសៅហ្មងដោយសារខ្លួនឯង ឲ្យគ្នាបានសុខសាន្តទៅចុះ។
ប៊ុន ធឿន ឋិតបានពីរបីថ្ងៃជាមួយឪពុកម្តាយ ក៏មានដំណឹងចចាមអារ៉ាមថា បុត្រីយាយនួនជិតនឹងរៀបការទៅហើយ ថាខាងប្រុសគេបានជញ្ជូនប្រដាប់ប្រដាបម្រុងទុកសម្រាប់ធ្វើរោងជាស្រេច។ ប៊ុន ធឿន នឹងស្រណោះខ្លួនពេកទប់មិនបានក៏ចូលទៅក្នុងបន្ទប់ ហើយដេកទទូរផួយយំខ្សឹកខ្សួលតែម្នាក់ឯង។
នៅពេលល្ងាចថ្ងៃនោះ តាសូដែលជាមនុស្សបំរើនៃចិក ប៊ុន ថន បានចូលមកសុំទៅរកត្រីឯព្រៃរនាម ដំណើរនេះត្រូវដេកផ្លូវកន្លះខែទើបវិលវិញ។ ប៊ុន ធឿន ដែលមានប្រាថ្នាចង់ចូលទៅព្រៃសមសាន ព្រោះយល់ថាធម្មជាតិជាកម្លាំង ជាវត្ថុព្រៃផ្សៃអាចញ៉ាំងសេចក្តីរំលាយទុក្ខសោកឲ្យបានជានិច្ច ក៏ចូលមកសុំឪពុកម្តាយទៅជាមួយតាសូផង។
គ្រានោះចិក ប៊ុន ថន ដែលមើលធ្លុះក្នុងចិត្តកូនក៏ព្រមបើកឲ្យទៅភា្លម។ ចំណែកនាងសោភ័ណជាប្អូនវិញ ដែលមានបារម្ភផ្សេងៗតាមធម្មតាស្រ្តីនោះក៏និយាយអង្វរបងកុំឲ្យទៅរនាមធ្វើអ្វី ព្រោះខ្លាចមានឈឺថ្កាត់ក៏មិនគាប់ មានសត្វសាហាវបៀតបៀនក៏មិន គាប់។ ប៊ុន ធឿន ឮហើយក៏តបទៅវិញៈ
ប្អូនឯងកុំព្រួយឲ្យសោះ ព្រោះនៅក្នុងរនាមគ្មានខ្លា គ្មានរមាសទេ មានតែដំរីប៉ុណ្ណោះ។ ឯដំរីនេះបងមិនខ្លាចទេ បងចេះឡើងដើមឈើស្ទាត់ហើយ។
យប់នោះ វេលាមាន់រងាវមួយដង តាសូគាត់រៀបចំរទេះ ឯនាងសោភ័ណ នាងដណ្តាំបាយដុតត្រីងៀត និងរៀបអង្ករត្រីសាច់ទុកឲ្យអ្នកដំណើរ។ ប៊ុន ធឿនភ្ញាក់បើកទ្វារចេញមកក្រៅ ហើយសំឡឹងមើលទៅលើមេឃឃើញផ្កាយប្រុះថែមទាំងមានខ្យល់រហៀកៗ ធ្វើឲ្យអ្នកដែលក្រៀមក្រំមានកម្លាំងព្រើត។ បន្តិចក្រោយមកគេក៏ឮមាត់តាសូស្រែកហ៊ុយៗ បង្ខំដេញគោឲ្យដើរលឿនទៅមុខ ហើយឮសូររទេះយំញ៉ែៗ ក្នុងផ្ទៃស្ងាត់នៃរាត្រី។
កាលបើផុតភូមិ ចូលដល់វាលស្រែកាលណា រទេះតាសូ និងប៊ុន ធឿន ក៏ទៅជួបនឹងរទេះអ្នកស្រុកឯទៀតចំនួនម្ភៃប្លាយ។ នៅរដូវប្រាំងដែលជាពេលទំនេរពីការច្រូតកាត់អ្នកស្រុកភូមិកំពង់ព្រះ តែងនាំគ្នាទៅរកស៊ីក្នុងរនាម ខ្លះទៀតរកត្រីតាមបឹងបួ។
ពួកអ្នក”ដើររនាម” តែងនាំគ្នាចេញរទេះពីយប់ព្រោះចង់ជៀសមិនឲ្យសត្វពាហនៈទាំងឡាយត្រូវកំដៅថ្ងៃសោះឡើយ។ អ្នកស្រុកទាំងនោះមានចិត្តស្រណោះអាណិតគោ ក្របីគេជាទីបំផុត មិនចង់ឲ្យវានឿយហត់ដោយឥតផលទេ។
ហ៊ុយ! ហ៊ុយ! តាសូគាត់ដេញគោឲ្យដើរលឿន។ រទេះបុរសនេះបរទៅមុខគេបង្អស់ ព្រោះអ្នកដំណើរទាំងឡាយយល់ថា គាត់ចាស់ជាងគេនេះម្យ៉ាង ហើយម្យ៉ាងទៀតព្រោះគេនឹកអាណិតប៊ុន ធឿន មិនចង់ឲ្យកំលោះនេះមានរំខាននឹងធូលីហុយទៅលើសោះឡើយ។ អ្នកស្រុកទាំងនោះរាប់អានស្រឡាញ់ប៊ុន ធឿនណាស់ ដោយគេយល់ថាជាក្មេងចេះដឹងផង គ្រួសារប៊ុន ធឿនសុទ្ធតែជាមនុស្សមានធម៌សប្បុរសទាំងអស់ផង មិនដែលរកស៊ីអារក ដូចគេឯទៀតទេ។
រវាងមួយម៉ោង ក្រោយដែលចេញពីភូមិផុតមក ក្បួនរទេះក៏បរឆ្លងអូរតាត្រៃដែលរីងខះទឹកអស់ នៅតែដីបែកក្រហែង។ លុះផុងព្រៃដងអូរនេះចូលទៅក្នុងវាលដក់ពាយហើយ ប៊ុន ធឿនដែលអង្គុយសញ្ជឹងសញ្ជាប់មិនចេះស្តីថាអ្វីក៏ងើបមុខមើលទៅទិសខាងកើត ហើយភ្ញាក់ខ្លួនព្រើត…នៅឆ្ងាយចំពីមុខមានភ្លើងប្រទីបឆេះព្រោងព្រាត។ ភ្លើងនោះរៀបរយល្អមើលណាស់ ខ្លះតំរៀបជាជួរៗ វែងៗ ដូចអគ្គិសនីដែលបំភ្លឺថ្នល់ទាំងពួងនៃទីក្រុង ខ្លះទៀតទំនៅទាប ខ្ពស់មានលក្ខណៈដូចជាចង្កៀងដែលបំភ្លឺគេហដ្ឋាន ឬទីលំនៅនានាក្នុងក្រុងនោះ។ ពន្លឺដែលនៅរាយបណ្តោយប្រមាណពីរគីឡូនេះ មានលំអយ៉ាងត្រកាល ដោយមានយប់ខ្មៅងងឹតរុំស្រោបជុំវិញហើយស្ទួយបញ្ចេញឡើង។ ប៊ុន ធឿន ដែលមិនធ្លាប់ចូលរនាមនឹងគេ ក៏នឹកក្នុងចិត្តថាប្រហែលជាទីក្រុង ណាមួយប្រតិស្ឋកើតឡើងដោយទេពនិម្មិតក៏មិនដឹង។ ឳកន្លែងនេះទីនេះសមជាប្រាសាទសម្រាប់ទទួលស្រ្តីណា នារីណាដែលមានរូបល្អឯក ដែលមានសាច់ទន់ភ្លន់ ហើយដែលមានមុខញញឹមស្រស់ប្រិមប្រិយ! ឳកន្លែងត្រង់នោះមួយទៀតសមជាគេហដ្ឋានរបស់សេដ្ឋីណាមួយហើយ ព្រោះផ្ទះនោះមានអុជភ្លើងដេរដាសជុំវិញ។ ឳអូនវិធាវីអើយ បើប្រសិនជាយើងបានជួបរួបរួមវាសនាគ្នា ម្ល៉េះសមយើងនឹងជ្រើសរើសមកសំចតនៅក្នុងទីក្រុងនេះ ប្រកបដោយសុខក្សេមក្សាន្ត។ ឥឡូវនេះមិនប៉ុន្មានថ្ងៃទៀតទេមុខជានាងនៅជាមួយចៅ ណៃ ស៊ត ហើយ! ម្ល៉េះសមនាងរងទុក្ខវេទនាព្រោះបងស្គាល់ចិត្តអូនជាក់ ថានាងមិនដាច់អាល័យពីបងឡើយ។ ខ្ញុំសូមបួងសួងអស់អារក្សទេវតាដែលឋិតនៅឋាននេះឲ្យជួយ តំរង់ចិត្តអូនវិធាវីឲ្យនាងភ្លេចខ្ញុំចេញចុះដើម្បីឲ្យនាងនិត្យនៅជាមួយប្តីនាងជាសុខុម។ នាងមានចិត្តស្លូតត្រង់ដឹងខុសត្រូវណាស់ គួរតែរស់នៅនិងព្រួយបារម្ភ ដើម្បីជាត្រួយជាផ្កាសម្រាប់លំអមនុស្សជាតិ។
ប៊ុន ធឿន កំពុងតែរវើរវាយក្នុងសន្តានចិត្តដូច្នេះ ស្រាប់តែឃើញព្រៃក្រហមរ៉ែៗ នៅចំពីខាងកើត។ ខណៈនោះកងរទេះបានបរផុតវាលហើយចូលក្នុងព្រៃរនាមទើបប៊ុន ធឿន អាចកាត់ប្រស្នានៃរឿងទីក្រុងដែលភ្លឺសន្ធៅក្នុងរាត្រីបាន។ នៅពេលថ្ងៃដែលកំពុងក្តៅអស្ចារ្យ ភ្លើងដែលបណ្តាលឡើងពីអ្នកប្រហែលចោលកន្ទុយបារី ឬអង្កត់ឧសទៅលើស្មៅស្ងួត ឬមួយបណ្តាលឡើងដោយស្នាដៃអ្នកដុតស្មៅ រកអណ្តើកប៏ឈួលឆេះ រាលដល់វល្លិ៍ ទាំងពួងដែលដុះព័ទ្ធដើមឈើធំៗ។ លុះភ្លើងស្មៅនោះស្ងប់រំងាប់ទៅក៏មានភ្លើងកាត់ខ្លះនៅចុង ខ្លះនៅប្រគាប ខ្លះនៅគល់នៃរុក្ខជាតិ។ នៅពេលយប់ត្រូវមានខ្យល់បក់បន្តិចៗផង ភ្លើងនោះក៏ឆេះមានអណ្តាតឡើង។ បើគេមើលពីចំងាយទៅឃើញហាក់ដូចជាពន្លឺចង្កៀងទីក្រុងសុទ្ធវិស័យ ព្រោះប្រវែងមុខភ្លើងធំទូលាយណាស់។ ហេតុដែលនាំឲ្យព្រឹក្សាទាំងឡាយជាចំណីភ្លើង យ៉ាងងាយទាំងម្ល៉េះ គឺមកតែពីស្មសាននេះមានច្រើន តែដើមរទាំងនិងត្អួរដែលអ្នកផងតែងដឹងថាជាឈើឧសយ៉ាងប្រសើរ។
ប៊ុន ធឿន គន់មើលព្រឹក្សា ដែលមានភ្លើងឆេះរូងដល់ខ្លឹម ដល់បណ្តូលហើយយកមកធៀបប្រដូចនឹងខ្លួន ដែលមានភ្លើងទុក្ខឆេះរោលរាលពេញទាំងទ្រូង។ ឳ! ឈើអើយមានខ្លះភ្លើងឆេះផ្តាច់ត្រឹមគល់ ខ្លះត្រឹមពាក់កណ្តាលដើម ខ្លះទៀតគ្រាន់តែឆេះរោលៗ ចុង។ នៅលើពសុធានៃតំបន់នោះ គេឃើញតែដង្គត់ខ្មៅ ឃើញតែរងើកក្រហមរន្ទាល ឃើញតែផេះសផ្អោង! ឯជីវិតនានាដូចជាចាកចោលទីកន្លែងនេះអស់។ គ្មានសត្វហើរ គ្មានសត្វយំ ស្ងាត់សូន្យ ជ្រងំ! យូរៗម្តង គេឮសូរមែកឈើដែលភ្លើងកាត់ផ្តាច់នោះធ្លាក់មកដី ឮប្រាវ។
នៅពេលថ្ងៃជិតត្រង់ កងរទេះនេះបានបរដល់តំបន់មួយ ហៅដង្កោតាងិល ដែលជាទីខ្ពស់១ ទឹករដូវវស្សាមិនដែលលិចទេ។ បានជាអ្នកផងហៅថាទួលដង្កោតាងិលដូច្នេះ ព្រោះទួលនោះមានដើមដង្កោមួយធំខ្មៅដូចធ្យូង តែកំបុតឥតចុងដោយរន្ទះបាញ់ផ្តាច់ជា យូរអង្វែងមកហើយ។ រុក្ខជាតិនេះ មានស្លឹកនៅគ្រប់ប្រគាបប៉ុណ្ណោះ។ នៅភ្ជាប់នឹងដើមដង្កោនេះ មានដើមអម្ពិលមួយធំណាស់ដែរ ដែលបែកមែកសាខាហាក់ដូចជា គ្របបាំងកុំឲ្យកូនខ្ទមតូចមួយដែលនៅអែបនឹងគល់មិនត្រូវកំដៅព្រះអាទិត្យឡើយ។ នៅក្នុងខ្ទមមានបដិមាមួយធ្វើពីថ្មខ្មៅប្រផេះ។ (សូមរងចាំតាមដានរឿងផ្កាស្រពោនភាគទី១៥ ដែលជាភាគបន្តនៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព