“Toul Angkar Khmao”, Black rice has brought question among people, especially the scholars. It is not the rice that can be eaten, but the rice that might be burned for a specific reason. So far, the sample of black rice at Toul Angkar Khmao gives the date to the 10th century. In this article, we will examine why contain this black rice? Relatedly, there are few Khmer inscriptions that pointed out the information on burning the rice, “Tut Srūv / Tut Srū”. For instance, Sdok Kak Thom inscription K.235 mentions a boundary of a land shares with “Kralā Tut Srū” and Prasat Leak Neang inscription K.265N mentions the offering for the occasion of burning the rice, “Velā Tut Srū and Nā Tut Srū”. Additionally, the record of Chinese, Zhou Daguan illustrated a ceremony calls “Tut Phnom Sruv” meaning burn the mound of rice. Burn the rice exists in an ancient royal ceremony calls “Paramāga” and two annual royal ceremonies call “Preah Reach Piti Bun Phnom Sruv and Preah Reach Kosal Meak Bochea”. Similarly, this ceremony well-known among villagers. It is called “Bochea Pleng, Bun Phnom Sruv or Tut Phnom Sruv”. Therefore, based on the information from the inscription, royal ceremonies and the practice of villagers show that black rice at Toul Angkar Khmao resulting from ritual practice for agriculture.
នៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងនៅឃុំគយមែង ស្រុកមង្គលបុរី មានទីទួលមួយឈ្មោះថា «ទួលអង្ករខ្មៅ»។ ទីទួលអង្ករខ្មៅនេះ មិនមានច្រើនកន្លែងទេនៅក្នុងប្រទេសខ្មែរយើង។ ផ្អែកតាមលោក បណ្ឌិត ធុយ ចាន់ធួន ដែលបានយកអង្ករខ្មៅនៅស្រុកថាឡាបរិវ៉ាត់ទៅពិសោធ បានទទួលលទ្ធផលថាអង្ករខ្មែរនោះមានអាយុកាលនៅស.វ.ទី១០នៃគ្រិស្ដសករាជ។ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលថាហេតុអ្វីបានជាមានអង្ករខ្មៅនេះ?
អង្ករខ្មៅនេះ ពុំមែនជាអង្ករធម្មជាតិដែលមានព័ណ៌ខ្មៅនោះទេ ប៉ុន្ដែជាស្រូវដែលដុតឆេះសម្បក នៅសល់តែសាច់អង្ករ ដែលកើតឡើងដោយចំហេះពុំសព្វ។ បើមើលទៅលើរឿងដុតស្រូវនេះ យើងឃើញមានភស្ដុតាងក្នុងសិលាចារឹកមួយចំនួនដែលសរសេរថា «តុត៑ស្រូវ» មានន័យថា «ដុតស្រូវ»។ ពុំមានសិលាចារឹកដែលរៀបរាប់ដោយចំនិងលម្អិតអំពីកិច្ចពិធីដុតស្រូវនោះឡើយ។ នៅក្នុងសិលាចារឹកស្ដុកកក់ធំ K.235 មាននិយាយអំពីព្រំប្រទល់ដីមួយកន្លែងដែលលាតសន្ធឹងទៅដល់ «ក្រលាដុតស្រូវ» (ក្រលាតុត៑ស្រូ) ដែលយើងអាចយល់បានថាជាទីកន្លែងក្រលាដុតស្រូវនោះ ពុំមែនជាទីតាំងមានទំហំតូចជាធម្មតា ឬជាទីតាំងដែលគេធ្វើចល័តនោះឡើយ។ ប្រសិនបើទីតាំងនោះ ជាទីតាំងដែលគេធ្វើចល័ត ម្ល៉េះសមគេពុំយកធ្វើជាទីតាំងគោលសម្រាប់កំណត់ព្រំដីនោះឡើយ។ នេះហាក់ដូចជាស៊ីគ្នានឹងទីទួលអង្ករខ្មៅដែលគេជួបប្រទះ គឺមានលក្ខណៈជាទួលធំសមល្មមនិងមានអង្ករខ្មៅនោះច្រើន។ ចំណែកឯនៅក្នុងសិលាចារឹកប្រាសាទលាក់នាង K.265N នៅក្បែរប្រាសាទប្រែរូប ក៏មាននិយាយអំពីដង្វាយដែលគេថ្វាយសម្រាប់វេលាដុតស្រូវ និងកន្លែងដុតស្រូវ (វេលាតុត៑ស្រូ & នាតុត៑ស្រូ) ផងដែរ។ ដូច្នេះយើងឃើញថា «ដុតស្រូវ» នេះគឺជាកិច្ចពិធីដែលគេធ្វើក្នុងកាលវេលាសន្មតិណាមួយ។ បើពិនិត្យមើលនៅក្នុងកំណត់ហេតុមន្ត្រីជាតិចិនគឺលោក ជីវ តាក្វាន់ វិញ នៅត្រង់ចំណុចពេលចូលឆ្នាំក៏មានបង្ហាញឱ្យដឹងថានៅក្នុងខែនីមួយៗប្រចាំឆ្នាំ រមែងមានកិច្ចពិធីប្រចាំខែនោះជានិច្ច។ នៅខែទី៧ មានពិធីមួយគឺពិធីដុតភ្នំស្រូវ ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតអំពីពិធីនេះ ប្រព្រឹត្តិទៅដោយរបៀបណា និងដើម្បីអ្វីនោះទេ។
ចំណែកឯក្នុងវចនានុក្រមខ្មែរវិញត្រង់មេពាក្យ បរមាឃ ពន្យល់ថា «ឈ្មោះព្រះរាជពិធីមួយយ៉ាងពីក្នុងបុរាណរាជ្យ, ធ្វើក្នុងខែមាឃ, មានពិធីហែស្ដេចមាឃ, បរសេះ, បរគោ, បរក្របី ប្រណាំង ហើយបរក្របីបញ្ជល់រាង, រួចធ្វើភ្នំស្រូវមួយឲ្យពួកបារគូទាំង៤ក្រុម នាំគ្នាដុតភ្នំស្រូវនោះ, ក្នុងវេលាភ្លើងកំពុងតែឆេះ, មន្ត្រីទីស្ដេចត្រាញ់ខែត្រក្រៅ៥នាក់ កាវរំលំភ្នំស្រូវនោះ, បើភ្នំស្រូវនោះរលំទៅទិសណា សន្មតថាពួកប្រជាជនក្នុងទិសនោះនឹងធ្វើស្រូវបានផលច្រើន»។ ត្រង់ចំណុចនេះ បើយើងបកទៅពិនិត្យមើលសៀវភៅព្រះរាជពិធីទ្វាទសមាសវិញ បង្ហាញថាក្នុងខែមាឃមានព្រះរាជពិធីពីរគឺ ព្រះរាជពិធីពូនភ្នំស្រូវ និងព្រះរាជកុសលមាឃបូជា។ ប៉ុន្ដែព្រះរាជពិធីពូនភ្នំស្រូវនោះ ពុំមានធ្វើទៀតទេ។ នៅក្នុងឯកសាររបស់សម្ដេចឥសីភទ្ទធបតី ម៉ាំង ចាងហ្វាងក្រុមបារគូ បញ្ជាក់ថាភ្នំស្រូវក្នុងកិច្ចពិធីនោះត្រូវដុត ហើយចៅហ្វាយស្រុកទាំង៥ យកដង្កាវដែកទាំង៥ កាវក្អមទឹកលត់ភ្លើង។ យើងឃើញថាកិច្ចពិធីដុតភ្នំស្រូវនេះ ពុំដុតស្រូវឱ្យឆេះអស់នោះទេ គឺត្រូវមានទឹកមកពន្លត់ផងដែរ។ ម្យ៉ាងទៀតកិច្ចពិធីនេះក៏មាននៅក្នុងទំនៀមអ្នកស្រុកផងដែរ ដែលគេហៅឈ្មោះប្លែកៗគ្នាដូចជា «បូជាភ្លើង» ឬ «ពូនភ្នំស្រូវ ឬដុតភ្នំស្រូវ»។ ដូច្នេះហើយទើបយើងឃើញមានទួលអង្ករខ្មៅនេះ មាននៅខេត្តស្ទឹងត្រែងនិងនៅបន្ទាយមានជ័យ។ ការដុតនេះទៀតសោត យើងអាចយល់បានថាជាប់ទាក់ទងនឹងកិច្ចបូជាថ្វាយទេពតាមរយៈព្រះអគ្គី។
កាលដើមឡើយស្រូវទាំងអស់ក្នុងកិច្ចនោះត្រូវដុតទាំងអស់ លុះក្រោយមកនៅពេលកាន់ពុទ្ធសាសនាថេរវាទគេយកស្រូវនោះលក់ ដើម្បីយកកម្រៃដាក់ជាប្រយោជន៍វត្តវិញ។ កិច្ចនេះហើយដែលក្លាយមកជាពិធីពូនភ្នំស្រូវ ដោយធ្វើនៅតាមភូមិស្រុកក្រោយពេលប្រមូលផលរួច ដោយពុំដុតទៀតទេ ដ្បិតស្រូវនោះទុកប្រើប្រាស់ជាប្រយោជន៍របស់វត្តអារាមជាដើម។ «ពូនភ្នំស្រូវ» ឬ «ដុតភ្នំស្រូវ» នេះ ជាកិច្ចពិធីក្នុងវិស័យកសិកម្ម ដែលហាក់ដូចជាបង្ហាញពីការបូជាភោគផលថ្វាយទេពផង និងត្រៀមសម្រាប់រដូវកសិកម្មខាងមុខផង ដ្បិតឯកសារសម្ដេចឥសីភទ្ទធបតី ម៉ាំង បញ្ជាក់ថាស្រូវដែលលត់ទឹកក្នុងកិច្ចពិធីនោះរួច អាចារ្យវាល់ចែកចៅហ្វាយស្រុកទុកចែករាស្ត្រប្រជាធ្វើជាពូជសាប ឯស្ដេចមាឃជិះដំរីឱបព្រលឹងស្រូវហែទៅឃ្លាំងស្រូវ។ ដូចបានបង្ហាញខាងលើនេះ «ទួលអង្ករខ្មៅ» គឺជាទួលកើតឡើងដោយសារខ្មែរយើងពីជំនាន់មុនបានធ្វើពិធី «ដុតស្រូវ» ឬ «ដុតភ្នំស្រូវ» នេះឯង។ តាមរយៈសិលាចារឹក ទីលានដុតស្រូវនោះហៅថា «ក្រឡាដុតស្រូវ» (ក្រលាតុត៑ស្រូ)។ យើងពុំប្រាកដថាពិធីនេះមានចាប់តាំងពីពេលណាមកនោះឡើយ ប៉ុន្តែតាមរយៈសិលាចារឹក ពាក្យដុតស្រូវ ដែលចាស់ជាងគេ ឃើញមានក្នុងសិលាចារឹកប្រាសាទលាក់នាង នាពាក់កណ្ដាលស.វ.ទី១០។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង