ចម្លាក់សត្វមករ

“Makara”, in the architectural structures of ancient Khmer temples, we see decorative ornaments such as ancient sculptures, gods and other animal sculptures, most of which are related to myths. In this article, we will briefly the presence of Makara sculptures in Khmer art. Makara or Sea Dragon is a very diverse species, possibly crocodiles, sharks, fish, or birds with trunks similar to lions or elephants, and most have monster-like heads and sea-like bodies shaped like fish or dolphin tails. In addition, the word Makara is a Sanskrit word and, like the Pali word “Makaro”, means dragon or the name of a fish or a strange sea creature in Indian mythology. Makara is an animal that represents agricultural crops, abundance, and intimacy with dragons. In religious beliefs, Makara is the vehicle of Vea Roun and the Kongkea goddess, water-related deities. Furthermore, Makara is very popular in the Pre-Angkorian and Angkorian periods, showing a rich ornament on the architecture of ancient Khmer temples.

នៅតាមសំណង់ស្ថាបត្យកម្មរបស់ប្រាសាទបុរាណខ្មែរ យើងតែឃើញមានការតុបតែង ជាគ្រឿងលម្អដូចជា ចម្លាក់ក្បាច់បុរាណ ចម្លាក់ទេព និងចម្លាក់សត្វផ្សេងៗជាដើម ដោយ ភាគច្រើនសុទ្ធសឹងទាក់ទងទៅនឹងរឿងទេវកថា។ ក្នុងអត្ថបទនេះ នឹងបង្ហាញត្រោះៗអំពី វត្តមានចម្លាក់សត្វមករនៅក្នុងសិល្បៈខ្មែរ។ មករ ជាសត្វមួយប្រភេទមានសណ្ឋានច្រើនណាស់អាចជាសត្វក្រពើ ត្រីឆ្លាម ត្រីឬបក្សី មានប្រម៉ោយស្រដៀងគជសីហ៍ឬដំរី និងភាគច្រើនមានក្បាលដូចសត្វចម្លែក រីឯខ្លួនដូច សត្វសមុទ្រមានរាងជាកន្ទុយត្រីឬផ្សោត។ ម្យ៉ាងទៀត មករក៏ជាសត្វមានលក្ខណៈស្រដៀង នឹងសត្វនាគ សត្វសមុទ្រ ឬជាសត្វទឹកក្នុងរឿងទេវកថាឥណ្ឌា ដូចសត្វនាគដែរ។ មួយវិញទៀត ពាក្យថា មករ (Makara) គឺជាពាក្យមកពីភាសាសំស្រ្តឹត ហើយដូចគ្នាពាក្យថា មករា (Makaro) ដែលជាភាសាបាលីមានន័យថា នាគឬជាឈ្មោះរបស់ត្រី ឬក៏ជាសត្វ សមុទ្រ ចម្លែកនៅក្នុងរឿងទេវកថាឥណ្ឌា។ មករ គឺជាសត្វតំណាងឱ្យភោគផលកសិកម្ម ភាពសម្បូណ៌សប្បាយ និងមានទំនាក់ទំនងល្អជាមួយនឹងសត្វនាគ។ ក្នុងជំនឿសាសនា មករជាយានជំនិះរបស់ព្រះវារុណ និងព្រះនាងគង្គា ដែលជាទេពទាក់ទងនឹងទឹក។

មករ ជាសត្វតែងប្រទះឃើញនៅក្នុងរឿងទេវកថានៃសិល្បៈខ្មែរ ដោយជាទូទៅ ចម្លាក់មករនេះ បង្ហាញជាគ្រឿងលម្អនៅផ្នែកខ្លះលើសំណង់ប្រាសាទបុរាណខ្មែរ។ ចម្លាក់ មករនៅក្នុងសិល្បៈខ្មែរ គឺយើងឃើញមានវត្តមានចាប់តាំងពីសម័យមុនអង្គរមក ពិសេសបង្ហាញក្នុងរចនាបថសម្បូណ៌ព្រៃគុករវាងសតវត្សទី៦-៧ ដោយចម្លាក់សត្វមករនេះ បង្ហាញដំបូងក្នុងសិល្បៈខ្មែរ គឺឃើញនៅក្រុមប្រាសាទតំបន់ថាឡាបរិវ៉ាត់ដែលគេឆ្លាក់នៅលើផ្តែរ ទ្វារ និងហោជាងច្រើនមានទំហំធំ។ បន្ទាប់មកសត្វមករមាន បង្ហាញក្នុងក្រុមប្រាសាទ សម្បូណ៌ព្រៃគុកដោយបង្ហាញលើផ្តែរទ្វារ ហោជាង លើប្រាសាទ អណ្តែតនៃជញ្ជាំងតួប៉ម ប្រាសាទឥដ្ឋ និងទបង្ហូរទឹកជាដើម។ ហើយចម្លាក់សត្វមករក្នុងក្រុមប្រាសាទសម្បូណ៌ ព្រៃគុកនេះ បើធៀបនឹងមករនៅថាឡាបរិវ៉ាត់ គឺមានទំហំតូចជាង។ ក្រោយមកទៀត ក្នងរចនាបថព្រៃក្មេង និងកំពង់ព្រះ ចម្លាក់មករពុំសូវមានការពេញនិយមខ្លាំងដូច រចនាបថសម្បូណ៌ព្រៃគុកទេ ដ្បិតអីចម្លាក់មករអាចមានបង្ហាញតិចតួចនៅលើសំណង់ ស្ថាបត្យកម្មប្រាសាទបុរាណ។

មកដល់សម័យអង្គរចម្លាក់សត្វមករ គឺមានភាពសំបូរបែប ឬអាចនិយាយបានមាន ការពេញនិយមឡើងវិញ ជាក់ស្តែងមានបង្ហាញជាច្រើនសណ្ឋានលើសំណង់ស្ថាបត្យកម្ម ប្រាសាទដូចជា លើផ្តែរទ្វារ ហោជាង បង្កាន់ដៃ ទរបង្ហូរទឹក និងជញ្ជាំងប្រាសាទជាដើម។ ម្យ៉ាងទៀតចម្លាក់មករដែលគេឆ្លាក់ក្នុងសម័យអង្គរនេះ គឺឃើញមានការវិវត្តច្រើនតាមការ ពេញនិយមនៃការឆ្លាក់របស់សិល្បករលើចម្លាក់មករតាមការវិវត្តនៃសម័យកាលរចនាបថទាំង១០ ដែលបានបែងចែកក្នុងសម័យអង្គរ។ មួយវិញទៀតចម្លាក់សត្វមករ គឺគេនិយម ឆ្លាក់សត្វមករបែរក្បាលចូលក្នុងឬចេញក្រៅ និងខ្លះគេឆ្លាក់ក្បាលជាសត្វមករខ្លួនជាសត្វ តោ ដែលគេហៅថា “គុជសិហ៍” ហើយខ្លះទៀតគេឆ្លាក់ជារំយោលផ្កាក្នុងទម្រង់ជារូបមករលម្អ ព្រមទាំងខ្លះគេឆ្លាក់ក្បាលសត្វមករខ្ជាក់នាគលើហោជាងជាដើម នៃសំណង់ស្ថាបត្យកម្ម ប្រាសាទបុរាណ។ ចូលមកដល់សម័យក្រោយអង្គរ យើងពុំឃើញមានភស្តុតាងដែលអាច បញ្ជាក់ថាមានចម្លាក់មករឬអត់ទេ។ ដ្បិតសំណង់ឬវត្ថុសិល្បៈនៅសម័យនេះ ភាគច្រើន សាងសង់អំពីឈើដូចជា សំណង់វត្តអារាមព្រះពុទ្ធ ឬសំណង់សាសនាផ្សេងសុទ្ធសឹង សង់អំពីឈើទាំងអស់។

ដូចនេះសត្វមករ គឺជាប្រភេទសត្វមួយក្នុងរឿងទេវកថា និងជាសត្វរូបរាងចម្លែក ដែលរួមផ្សំប្រភេទសត្វមួយចំនួនដែលរស់នៅក្នុងទឹក និងលើដី។ ចម្លាក់សត្វមករមានការពេញនិយមខ្លាំងនៅក្នុងសម័យមុនអង្គរ និងសម័យអង្គរដែលបង្ហាញជាគ្រឿងលម្អដ៏សំបូរបែបលើសំណង់ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ។

អត្ថបទដោយ៖ លោក ថាន់ មនោមយិទ្ធិ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!