ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគបញ្ចប់)

ផ្កាស្រពោន (ភាគបញ្ចប់)

ប៊ុនធឿនកំពុងតែខ្សឹកខ្សួល ភ្លេចភ្លាំងស្មារតីយ៉ាងនេះ ស្រាប់តែមានដៃត្រជាក់ៗមួយមកអង្រួនចាប់ស្មា។ កំលោះនោះភ្ងារខ្លួន ហើយងាកមើលទៅស្គាល់ជាម៉ែផៃដែលមានសក់កោរថ្មីៗ ហើយស្លៀកពាក់សតាមធម្មតាអ្នកកាន់ទុក្ខ ក៏ញញឹមស្ងួតទៅរកស្រ្តីចាស់ ហើយនិយាយៈ

ម៉ែផៃអើយ ខ្ញុំបែកទ្រូងស្លាប់ឥឡូវហ្នឹង

យាយផៃគាត់នៅស្ងៀមមួយសន្ទុះ ទើបឆ្លើយៈ

លោកក្មួយអញ្ជើញមកតាមខ្ញុំ។ អ្នកនួនគាត់ទទឹងផ្លូវលោកក្មួយជាយូរថ្ងៃហើយ។

ម៉ែផៃអើយ ខ្ញុំគ្មានការអ្វីទាក់ទងនឹងមីងនួនទៀតទេ

ជនទាំងពីរនេះដកដង្ហើមធំ ហើយនៅស្ងប់ស្ងៀមមួយស្របក់ទើបម៉ែផៃគាត់ថ្លែងៈ

លោកក្មួយអញ្ញើញមកតាមខ្ញុំ ព្រោះខ្ញុំឮថា នាងតូចបានសរសេរសំបុត្រមួយទុកជូនលោក្មួយ។

ឮហើយប៊ុនធឿន ក៏ដើរដូចមនុស្សមមើតាមម៉ែផៃឆ្ពោះទៅរោងចុងភៅ។ បន្តិចក្រោយមក ប៊ុនធឿនក៏បានដើរដល់ ហើយបានសង្កេតឃើញស្រ្តីម្នាក់ស្បែកទ្រុឌទ្រោម ថ្គាមខូង ភ្នែករូង ដេកវៀនជិតកញ្ជើអីវ៉ាន់ម្ហូបអាហារ។ ម៉ែផៃក៏លូនចូលជិតស្រ្តីនោះ ហើយនិយាយសំដីយ៉ាងទន់ៈ

អ្នក! អ្នក! ក្មួយប៊ុនធឿនមកហើយ។

ប៊ុនធឿនដែលកាលពីដើមមានចិត្តគ្នាន់គ្នាញ់ នឹកស្អប់យាយនួនដោយបានពង្រាត់បំរាស់គូសង្សារ លុះមកឃើញស្រ្តីនេះ មានរូបស្គមស្លឹតស្លាំងដូច្នេះ សេចក្តីគុំកួនទាំងប៉ុន្មាន ក៏រសាយអស់មួយរំពេច ហើយសេចក្តីអាណិតអាសូរក៏បែរមកជ្រួតជ្រាបក្នុងដួងចិត្តចៅមាណពវិញ។

យាយនួនគាត់ក្រោកអង្គុយហើយនិយាយខ្សាវៗ

ប៊ុនធឿន ឯងចូលជិតមក។

កំលោះក៏ប្រតិបត្តិតាមសំដីនេះដោយស្ងប់ស្ងៀម។ មួយសន្ទុះទើបសំឡេងយាយនួននិយាយតទៅទៀតៈ

ប៊ុនធឿន មីងបានជាខុសគំនិតទៅហើយ…មីងមិនបាននឹកស្មានថាសេចក្តីស្នេហាមានកម្លាំងអ្វីម៉្លេះ។ អាវី ថាតែឈ្មោះនេះហើយទឹកភ្នែកគាត់ហូរច្រោកៗ។ គាត់ខំអត់មួយស្របក់ ទើបនិយាយទាំងអាក់អួលតទៅទៀត អាវីវាមិនភ្លេចក្មួយឯងទេ។ មុននឹងដាច់ខ្យល់ទៅ វាបានប្រគល់សំបុត្រមួយច្បាប់ និងចិញ្ចៀនមួយវង់ទុកឲ្យឯង។

ថាហើយ យាយនួនក៏ស្រវាទាញកូនវ៉ាលីសស្បែកមួយមកបើក ហើយយកវត្ថុទាំងពីរមកប្រគល់ឲ្យប៊ុនធឿន។ គឺចិញ្ចៀនត្បូងទទឹមមួយវង់ និងសំបុត្រដែលមានស្រោមបិទជិតមួយច្បាប់។

         ប៊ុនធឿន ទទួលយករបស់ទាំងពីរនេះមកទុកក្នុងហោប៉ៅអាវ ហើយក៏លើកហត្ថសំពះលាភ្លាមៈ

ទៅចុះក្មួយ។

ប៊ុនធឿនដើរចេញមកដល់គ្រឿងតាំង ក៏ងាកមើលរូបថតសង្សារកំសត់ម្តងទៀត។ ឳ! អូនវិធាវីថ្លៃជីវិត មិនប៉ុន្មានថ្ងៃទៀតទេ គេនឹងរំលាយសព អូនទៅជាធូលីហើយ

បងសំឡាញ់

នៅពេលដែលបងអានសំបុត្រនេះ ខ្ញុំនឹងចូលមរណភាពបាត់រូបទៅហើយ ឳបងអើយ…ខ្ញូំចាំទន្ទឹងមើលផ្លូវបងពីថ្ងៃមួយទៅថ្ងៃមួយ។ មុននឹងស្លាប់ មិនបានអ្វីគ្រាន់តែជួបមុខបងមួយភ្លែតក៏សុខចិត្តដែរ។ តែឥឡូវ យូរថ្ងៃណាស់ទៅហើយ បាត់ដំណឹងបងសូន្យឈឹងតែម្តង។ ឯរោគសោតក៏ធ្វើឲ្យខ្ញុំឈឺសព្វអស់អង្គកាយ មិនមានស្រយាលឡើយ។ ហេតុនេះហើយ បានជាខ្ញុំស៊ូព្យាយាម ត្រដរសរសេរម្តងបន្តិចៗ តែងជាសំបុត្រនេះ ទុកជាសេចក្តីលារបស់ខ្ញុំ។ បងអើយ អូនលាហើយ! ធ្វើម្តេចជាតិនេះកម្មក្រាស់ឈ្នានីសមិនឲ្យខ្ញុំនិងបងបានជួបគ្នា។ ខ្ញុំសូមចិត្តបងកុំឲ្យកើតទុក្ខនឹងខ្ញុំច្រើនហួសប្រមាណ។

ជំពូកមូយទៀត។ ខ្ញុំសូមចិត្តបងកុំនឹកប្រកាន់ខឹងនឹងអ្នកម្តាយអូនខ្លាំងពេក។ ធ្វើម្តេចគាត់ជាមនុស្សចាស់ ​គាត់តែងកាន់គំនិតចាស់។ គាត់មិនមែនចង់ធ្វើបាបយើងទេ គាត់គ្រាន់តែយល់ខុសប៉ុណ្ណឹងទេ។

បង បើបងស្រឡាញ់អូនដោយស្មោះត្រង់ ចូរបងធ្វើតាមបណ្តាំខ្ញុំនេះកុំខាន។ ចូរបងត្រឡប់ទៅកាន់វិទ្យាល័យវិញ ហើយខំរៀនសូត្រឲ្យបានចំណេះខ្ពង់ខ្ពស់។ រួចហើយបងសំឡឹងមើលនារីណាមួយ ដែលអាចនាំសេចក្តីក្សេមក្សាន្តជូនបងបាន សូមបងដណ្តឹងយកធ្វើជាភរិយាទៅ។ ឯចិញ្ចៀនត្បូងទទឹមដែលជាវត្ថុមួយគាប់ចិត្តរបស់ខ្ញុំលើសលប់ជាងវត្ថុឯទៀត ខ្ញុំសូមឲ្យបងទុកដាក់ដៃជាទីរលឹកផង ខ្ញុំជូនយុវតីនោះទៅ…

បងអើយកុំទុក្ខពេក។ ធ្វើម្តេចវាសនារបស់មនុស្សតែងតែប្រកបដោយសេចក្តីមិនទៀង មិនឋិតថេរដូច្នេះ។

នៅពេលយប់ស្ងាត់ ប៊ុនធឿន បានអុជចង្រ្កៀងមើលសំបុត្រនាងវិធាវីដោយមិនទឹកនេត្រាហូររហែងមិនដាច់។

នៅខាងក្រៅផ្ទះ ខ្យល់បក់ឮហ៊ូៗ ហើយយូរៗ គេឮសូរសំឡេងរលកខ្មោចយំម្តងៗ។

(ចប់ដោយបរិបូណ៍)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!