ទំព័រដើមនិទានកថាមាយាស្រី (ភាគទី១)

មាយាស្រី (ភាគទី១)

 កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសាហាយ នាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃ។ ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា១។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ ឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសាហាយធ្វើប្តី រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរទៅក្នុងខ្ទមអ្នកតានោះ។ ប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ វាមករកអ្វីក្នុងខ្ទមអ្នកតានោះ? គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្តាប់ប្រពន្ធ។

ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថាៈ “ខ្ញុំមិនចង់យកប្តីខ្ញុំទេ ខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ”។ ប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា “អើ បើនាងមានសាហាយហើយ បើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុក ស្ងោរឲ្យប្តីនាងឯងស៊ីទៅ វាស្លាប់ហើយ”។

មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់ ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសំបុក ស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ ហើយនឹងបានយកសាហាយ។

លុះដល់ព្រលប់ ប្តីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា “គេហ៍អើយ! បានអីស៊ីបាយ?”។ មេនោះឆ្លើយថា “ខ្ញុំបានមេនិងពងមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក”។ ប្តីថា “រៀបបាយមកស៊ី”។ ប្រពន្ធក៏លើកបាយព្រមទាំងមេ និងពងមានក្រាប មកឲ្យប្តីស៊ី។ ប្តីស៊ីអស់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឺៗ។ មេនោះអរណាស់គិតស្មានថា ប្តីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮថ្ងូរ។ ឯប្តីក៏ធ្វើដេកទៅ។ មេនោះគិតស្មានថាប្តីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថា”រងាណាស់”។ ឯប្រុសសាហាយឃើញប្តីមេនោះ ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំ១ នៅខាងដំណេក សម្ងំចាំប្តីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត។

ប្តីបានឃើញ តែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថា “រងាណាស់ ឯងដាំទឹកឲ្យគ្នាងូតបន្តិច នឹងអាលស្លាប់”។ មេនោះឮថាចង់ស្លាប់ដូច្នោះ អរណាស់ ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយប្តីថា “ទៅដងទឹកត្រជាក់បាន១ក្អមមក យកលាយទឹកក្តៅនេះ”។ ប្រពន្ធឮប្តីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក។ ប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះ យកទៅស្រោចលើសាហាយដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញធ្វើជាថ្ងូរហ៊ឺៗទៀត។

មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសាហាយត្រូវទឹកក្តៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឳបខ្សឹបថា “ថ្វីក៏មិនឳនទៅវាមិនទាន់ទេ”។ អានោះឆ្ងក់ដដែល។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់ មើលបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សាហាយទៅហើយ ក៏ពុំស្តីយកគម្របពាងមកគ្រប ហើយយកទឹកទៅឲ្យប្តីងូត។ ឯប្តីក៏មិនស្តី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ។ ហើយហៅប្រពន្ធចូលទៅដេកទៅ។

លុះព្រឹកព្រហាមឡើង មេនោះពុំដឹងបើគិតដូចម្តេច និងយកខ្មោចចេញផុតពីផ្ទះ ក៏នឹកឃើញថា “ក្នុងស្រុកនេះមានចោរ៤នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ ដូច្នេះអញនឹងគិតឲ្យចោរទាំង៤នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន” គិតហើយក៏ដើរខ្ចី សំពត់ ហូល អាវព្រែ គេយកមកហាលជុំវិញផ្ទះ។ ឯចោរទាំង៤នាក់នោះឃើញហើយគិតថា “ជើ! មេនោះមានណាស់តើ! យប់នេះយើងទៅលបលួចវាឲ្យបានកុំខាន សព្វថ្ងៃយើងស្មានថាវាក្រ”។ មេនោះក៏ហាលសំពត់អាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរួតពាងខ្មោចនោះឲ្យជាប់ ទុកឲ្យចោរលួចមកសែងយកទៅ។ ឯចោរទាំង៤នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ ប្រទះឃើញតែពាងមួយ ចងមាត់ជាប់បើកពុំរួច។ ចោរទាំង៤នាក់និយាយគ្នាថា “របស់អស់នោះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះត្រូវយើងសែងពាងនេះ” ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។

(សូមរងចាំតាមដាមរឿងមាយាស្រី ភាគ២ ដែលជាភាគបញ្ចប់នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!