អនោតស្រះ ជាពាក្យក្នុងភាសាបាលីដែលមានសំណេរដើមថា “អនោតត្ត” ហើយត្រូវនឹងភាសាសំស្រ្កឹតថា “អនវតបត្ត” ដែលប្រែជាខ្មែរថា “មិនត្រូវកម្តៅ”។ នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៨) ទ្រង់និយមយកគំនិតដែលមាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាមហាយានមកប្រណិប័តន៍នៅលើទីស្ថានមនុស្សណាស់។ ឧទាហរណ៍ ប្រាសាទនាគព័ន្ធដែលសាងនៅកណ្តាលស្រះ និងស្ថិតនៅចំចំណុចកណ្តាលបារាយណ៍ជយតដាក (សព្វថ្ងៃអ្នកស្រុកហៅ “វាលរាជដាក” អ្នកប្រាជ្ញធំៗជាច្រើនយល់ថា គឺជានិមិ្មតរូបតំណាងឱ្យស្រះសួគ៌នៅភ្នំហិមល័យឈ្មោះថា “អនវតបត្ត”។ នៅទីនោះ មានស្រះទឹកចំនួនប្រាំ ហើយក្នុងចំណោមក្រុមស្រះទាំងប្រាំមានស្រះធំមួយនៅចំកណ្តាល និងស្រះតូចជាងនេះ តែមានទំហំប៉ុនៗគ្នាបួនទៀតអមនៅតាមទិសទាំងបួន ហាក់ដូចជាបរិវារនៃស្រះកណ្តាលនោះ។ នៅចំកណ្តាលស្រះធំ គឺជាសំណង់ប្រាសាទនាគព័ន្ធ ដែលគេឆ្លាក់រូបនាគពីររុំព័ន្ធគ្នា រីនៅស្រះតូចៗវិញមានបន្ទប់បង្ហូរទឹកដែលមានទនាំទឹកពីស្រះធំ ហើយចុងទនីមួយៗមានរូបក្បាលសត្វឬមនុស្ស (ខាងកើតរូបក្បាលមនុស្ស, ខាងត្បូងមាត់សិង្ហ, ខាងលិចមាត់សេះ, និងខាងជើងមាត់ដំរី)។ គំនិតនេះហើយដែលអ្នកប្រាជ្ញធំជាច្រើនយល់ថា វាជានិមិ្មតរូបតំណាងឱ្យស្រះសួគ៌នៅភ្នំហិមល័យឈ្មោះថា “អនវតបត្ត” ហើយលោក ស៊ីយ៉ុន សុភារិទ្ធ យល់ថារូបក្បាលមនុស្សដែលនៅខាងកើតជានិម្មិតរូបតំណាងឱ្យព្រះនាងគង្គា ពោល គឺជាទេពតំណាងឱ្យទឹក។ គំនិតនេះ បានបន្តមកដល់សម័យកណ្តាល ដ្បិតយើងឃើញនៅសម័យនោះគេមានគម្ពីរត្រៃភូមិដែលមាននិយាយអំពីអនោតស្រះដូចគ្នា។ អ្វីគួរកត់សម្គាល់នោះគឺ នៅលើខឿនព្រះវិហារវត្តក្តីដើមដែលទើបនឹងសាងប្រមាណ ១០០ឆ្នាំជាងនេះ ក៏មានទបង្ហូរទឹកជារូបក្បាលសត្វដែរ។ តើទបង្ហូរទឹកនៅលើខឿនព្រះវិហារវត្តក្តីដើម គឺជានិម្មិតរូបតំណាងឱ្យអនោតស្រះដូចប្រាសាទនាគព័ន្ធដែរឬទេ?
វត្តក្តីដើម មានទីតាំងស្ថិតនៅក្បែរស្ទឹងស្ទោង ត្រង់ភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ភាគខាងលិចទីរួមខេត្តកំពង់ធំ ហើយជាទីតាំងដែលធ្លាប់មានប្រាសាទចាស់សាងអំពីឥដ្ឋកាលពីស.វ.ទី១១ ប៉ុន្តែក្រោយមកទៀតគេបានសាងព្រះវិហារនៅលើគ្រឹះប្រាសាទចាស់ធ្វើឱ្យបាត់រូបរាងទៅហើយ។ នៅបរិវេណវត្តក្តីដើម មានព្រះវិហារបុរាណមួយដែលសាងឡើងនៅគ.ស.១៩៣០ ហើយសង់នៅលើខឿនចាស់មួយដែលមានអាយុកាលប្រមាណ ១០០ ឆ្នាំជាងមកហើយ។
ខឿនព្រះវិហារដ៏ចំណាស់នេះ សាងឡើងអំពីឥដ្ឋបូកកំបោរបាយអ ដែលស្ថាបត្យករយកលំនាំតាមរចនាបថខ្មែរខ្លះ និងរចនាបថបែបសំណង់បារាំងខ្លះ។ នៅលើបង្កាន់ដៃខឿនព្រះវិហារនេះ គេលម្អជាក្បាច់រង្វង់រាងពងក្រពើតម្រៀបគ្នាគ្រប់ទិសទាំងបួនមានចំនួនសរុប ៤០១រង្វង់។ ចំពោះ ទបង្ហូរទឹកវិញ គេរំលេចដោយរូបក្បាលសត្វផ្សេងៗគ្រប់ទិសទាំងបួន ហើយក្នុងមួយទិសគេដាក់ទបង្ហូរទឹកចំនួនពីរនៅអមសងខាងក្លោងទ្វារចូលចម្ងាយពីទ្វារប្រមាណ៣ម៉ែត្រ ប៉ុន្តែជារូបតែមួយ ដូច្នេះសរុបមានចំនួន៨។ គួរឱ្យសោកស្តាយនៅខាងជើង ទបង្ហូរទឹកមួយបានបាត់បង់ទៅហើយ។ ទបង្ហូរទឹកនីមួយៗមានទំហំវិជ្ជមាត្រនិងកម្ពស់ប្រហាក់ប្រហែលគ្នា ពោល គឺកម្ពស់ចន្លោះពី៣០ដល់៤០ស.ម.។ នៅខាងកើតគេដាក់ទបង្ហូរទឹកជារូបក្បាលជ្រូកចំនួន២ ខាងត្បូងជារូបក្បាលគោចំនួន២ ខាងលិចជារូបក្បាលរាហូចំនួន២ និងខាងជើងជារូបក្បាលដំរីចំនួន២ តែបាត់បង់១សល់តែ១។
នៅក្នុងគម្ពីរជាច្រើនបាននិទានអំពីរឿងអនោតស្រះ ដូចជាគម្ពីរទីឃ៌ាគមសូត្រ គម្ពីរអភិធម៌កោស គម្ពីរត្រៃភូមិ ជាដើម បង្ហាញឱ្យឃើញថា ខាងកើតត្រូវនឹងក្បាលគោ ខាងត្បូងក្បាលសិង្ហ ខាងលិចក្បាលសេះ ខាងជើងក្បាលដំរី។ ចំណែក គម្ពីរមួយទៀតឈ្មោះថា អភិធម៌កោស សត្វតំណាងឱ្យទិសមានភាពខុសគ្នាតិចតួចពីគម្ពីរទីឃ៌ាគមសូត្រ ពោល គឺខាងកើតក្បាលដំរី ខាងត្បូងក្បាលគោ ខាងលិចក្បាលសេះ និងខាងជើងក្បាលសិង្ហ។ គម្ពីរទាំងពីរនេះ បើសិនយើងយកមកធៀបជាមួយគម្ពីរត្រៃភូមិរបស់ខ្មែរនៅដើមសម័យកណ្តាលក៏ពុំត្រូវគ្នាទាំងស្រុងដែរ ពោល គឺមានការឃ្លៀងឃ្លាតខុសគ្នាតិចតួច ដ្បិតនៅក្នុងគម្ពីរត្រៃភូមិ គេនិទានថា ខាងកើតក្បាលគោ ខាងត្បូងក្បាលសេះ ខាងលិចក្បាលដំរី និងខាងត្បូងក្បាលសិង្ហ។
ចំណុចគួរកត់សម្គាល់ គឺគម្ពីរទាំងបីដែលរៀបរាប់នេះ ក៏មានការឃ្លៀងឃ្លាតគ្នាខ្លះជាមួយទបង្ហូរទឹកនៅប្រាសាទនាគព័ន្ធដែរ។ ដ្បិតនៅប្រាសាទនាគព័ន្ធ ទបង្ហូរទឹកនៅខាងកើតមានក្បាលមនុស្ស ខាងត្បូងក្បាលសិង្ហ ខាងលិចក្បាលសេះ និងខាងជើងក្បាលដំរី។ ទិសនៃសត្វនៅក្នុងគម្ពីរទាំងបីខាងលើផង និងគំនិតដែលមាននៅប្រាសាទនាគព័ន្ធផង ពុំត្រូវគ្នាទាំងស្រុងជាមួយទបង្ហូរទឹកនៅខឿនព្រះវិហារវត្តក្តីដើមឡើយ។ ដ្បិតនៅវត្តក្តីដើមយើងឃើញនៅខាងកើតជាទបង្ហូរទឹករូបក្បាលជ្រូក ខាងត្បូងក្បាលគោ ខាងលិចក្បាលរាហូ និងខាងជើងក្បាលដំរី។ ពោល គឺមានន័យថា ទបង្ហូរទឹករូបសត្វទាំងបួននេះពុំមានស្របជាមួយគម្ពីរណាមួយដែលលើកឡើងខាងលើនោះឡើយ។ ប៉ុន្តែក៏មានទិសខ្លះដូចគ្នាដែរ ឧទាហរណ៍ ទិសខាងជើងជារូបក្បាលដំរីដូចគ្នាជាមួយគម្ពីរទីឃ៌ាគមសូត្រ រីឯខាងត្បូងក្បាលគោមានភាពស្របគ្នាជាមួយគម្ពីរអភិធម៌កោស។ ប្រការនេះ យើងមិនដឹងជាក់ច្បាស់ថាហេតុអ្វីបានជាដូច្នេះឡើយ។ ប៉ុន្តែ យើងគិតថាទបង្ហូរទឹកនេះក៏មិនខុសពីទបង្ហូរទឹកនៅប្រាសាទនាគព័ន្ធដែរ ពោល គឺមានការឃ្លៀងឃ្លាតគ្នាខ្លះពីគម្ពីរ តែគំនិតជារួមមួយ គឺទបង្ហូរទឹកនេះតំណាងឱ្យស្រះសួគ៌នៅភ្នំហិមល័យដែលជាទីស្ថានរបស់ទេព ក្នុងគំនិតអនោតស្រះ បើទោះបីជានៅជុំវិញព្រះវិហារវត្តក្តីដើមពុំមានស្រះបួនអមជុំវិញដូចនៅប្រាសាទនាគព័ន្ធក៏ដោយ។ ការប្រើប្រាស់គំនិតដូច្នេះមិនខុសពីសម័យបុរាណកាលឡើយ ដែលទំនងគេយល់ថា ព្រះវិហារគឺជាសំណង់នៅស្ថានសួគ៌ដែលប្រតិស្ថាននៅស្ថានមនុស្ស ម្ល៉ោះហើយត្រូវច្នៃប្រឌិតនិងសាងបែបណាឱ្យមើលទៅមានលក្ខណៈជាសំណង់សួគ៌ដ៏ពិសិដ្ឋ។ គំនិតគួរកត់សម្គាល់មួយទៀតនោះគឺ នៅទិសខាងលិចគេដាក់ទបង្ហូរទឹកមានរូបក្បាលរាហូ ដែលជាសត្វទេវកថាមួយប្រភេទនៅក្នុងព្រហ្មញ្ញសាសនាដែលធ្លាប់បានលេបទឹកអម្រឹតតាមរយៈទេវកថាកូរសមុទ្រទឹកដោះ៥ និងខ្មែរតែងយល់ថារាហូគឺជានិម្មិតរូបនៃសេចក្តីស្លាប់ និងការកើតឡើងវិញ ដូចយើងធ្លាប់ឃើញគេដាក់រូបក្បាលរាហូនៅតាមមជ្ឈូសខ្មែរ ដ្បិតគេជឿថាទិសខាងលិច គឺជាទិសតំណាងឱ្យសេចក្តីស្លាប់ឬទិសខ្មោច។
ជារួមមក ទោះបីជាទបង្ហូរទឹកនៅលើខឿនព្រះវិហារវត្តក្តីដើមមានឆ្លាក់រូបក្បាលសត្វពុំស្របទាំងស្រុងជាមួយទិសនៃសត្វនៅក្នុងគម្ពីរដែលរៀបរាប់ខាងលើក៏ដោយ ក៏ទំនងជាអ្នកសាងធ្វើឡើងក្នុងគំនិតអនោតស្រះដូចនៅប្រាសាទនាគព័ន្ធដែរ ពោល គឹជានិម្មិតរូបតំណាងឱ្យស្រះសួគ៌នៅភ្នំហិមល័យ និងអាចជាគំនិតយល់ថាសំណង់ព្រះវិហារគឺជាសំណង់នៅស្ថានសួគ៌ដែលគេប្រតិស្ថាននៅស្ថានមនុស្ស។ ម្ល៉ោះហើយ ទឹកដែលចេញពីមាត់សត្វទាំងបួនតាមទិសនីមួយៗដែលគេឆ្លាក់ដាក់នោះ គឺជាទឹកពិសិដ្ឋនិងជាភោគផលសម្រាប់ស្ថានមនុស្ស។
———————————————-
The concept of Anotasrah in the Vihara of Vat Kdei Dem
Anotasrah is a Pali word, which has early written as Anotatta. It derives from the Sanskrit word, Anavatapta, meaning the unheated. In the reign of King Jayavarman VII (1181-1281 CE), many religious constructions were adopting the Mahayana Buddhism concept. For instance, Prasat Neak Pean was constructed at the center of a pond and the middle of Jayatataka (Veal Reach Dak), which is understanding as a cosmos pond, Anavatapta at Himalaya. It has a big pond in the middle and is surrounded by four ponds, each in a very cardinal direction. Every pond has drainage to bring the water from the central pond. The drainage in the east is decorated with a human head, a lion head in the south, a horse head in the west, and an elephant head in the north. Are the drainages at Vat Kdei Dem symbolizing Anotasrah as Prasat Neak Pean?
Vat Kdei Dem is located along Stoung stream, in Kampong Chin village, Stoung district, Kampong Thom province. It is about 51 Km west of Kampong Thom town. Vat Kdei Dem has a Vihara constructed on the top of an 11th-century brick temple. It has also a building from 1930, constructed on a basement of a more than 100 years old Vihara.
The basement of Vihara is made of brick and stucco in Khmer and also French architectural style. Every side has a pair of the same animal head. Each head ranks from 30-40 cm in diameter. There are 2 pig heads in the east, 2 cow heads in the south, 2 Kala heads in the west, and 2 elephant heads in the north (one is missing).
There are many scripts describe about the Anotasrah: Dighagamasutra, Abhidharmakosa, Tribhumi, etc. These scripts mention four heads of the cow, lion, horse, and elephant at Anotasrah. However, the direction of placing the heads is not the same. Also, different from Prasat Neak Pean because the cow head replaces by a human head. Similarly, consistency is also absent at Vat Kdei Dem.
Although Vat Kdei Dem does not have four ponds and the head of the animals are not the same, the Vihara represents a structure in heaven and four drainages with animal heads represent the four heads and four ponds of Anotasrah.
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី