ទំព័រដើមប្រវត្តិសាស្ត្រអំពីពាក្យ «សង្ក្រាន្ដ» និង «មហាសង្ក្រាន្ត»

អំពីពាក្យ «សង្ក្រាន្ដ» និង «មហាសង្ក្រាន្ត»

មុនដែលប្រជាជនខ្មែរបានឮ បានស្គាល់អំពីអង្គរសង្រាន្ដ ឬសង្ក្រាន្តផ្សេងៗ​ យើង​ធ្លាប់ឮតែពាក្យ​ “មហាសង្ក្រាន្ដ” បើទោះបីជាតាមរយៈបទចម្រៀងក្ដី ឬតាមឯកសារផ្សេងៗ​ក្ដី។ តើ “សង្ក្រាន្ដ” និង “មហាសង្ក្រាន្ដ” ខុសគ្នាឬទេ?

ជាដំបូង យើងនាំគ្នាពិនិត្យមើលប្រភពឯកសារដែលយើងនិយមប្រើប្រាស់ទាំងអស់គ្នាជាមុនសិន។ វចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥បានបង្ហាញថា «សង្ក្រាន្ត» ជាពាក្យមកពីសំស្ក្រឹតថា «សង្ក្រាន្ដិ» មានន័យថា “ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី(សង្ក្រាន្តមានបីថ្ងៃគឺ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជាពារកណ្ដាល ឬហៅថា វ័នបត(ថ្ងៃខ្វាក់), ថ្ងៃទី៣ ជាពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯ។

គួរកត់សម្គាល់ថា​ ពាក្យ «សង្ក្រាន្ត» ក្ដី ក៏ដូចជា​ពិធីទាក់ទងនឹង​ «សង្ក្រាន្ដ» ក្ដី គឺទទួលឥទ្ធិពល​ពីឥណ្ឌា។ ដូច្នេះជាបន្ទាប់ យើងត្រូវទៅមើលឥណ្ឌាម្ដង។ ក្នុងភាសាសំស្ក្រឹត ពាក្យ «សង្ក្រាន្ដ» មកពីបុព្វបទ «សំ» (ជាមួយ)​ +​ «ក្រាន្ដ» (ឈានហើយ) មានន័យថាឆ្លងពីមួយទៅមួយ ឈានពីកន្លែងមួយទៅកន្លែងមួយ។ ចំណែក​នៅក្នុងតារាសាស្ត្រ «សង្ក្រាន្ដ» ឬ «សង្ក្រាន្ដិ» សំដៅដល់ដំណើរផ្លាស់ទីរបស់ព្រះអាទិត្យ ពីរាសីមួយទៅកាន់រាសីមួយទៀត។ ល្វែងរបស់រាសីមួយមានគម្លាត៣០អង្សា នាំឱ្យគេចែក «សង្ក្រាន្ដ» នេះចែកជា១២ តាមរាសីទាំង១២នោះដែរ។ ដូច្នេះ មួយជុំល្វែងរាសី មាន៣៦០អង្សា។ តាមជំនឿនិងហេតុផលដោយឡែកពីគ្នា ប្រជាជននៅតំបន់ផ្សេងៗគ្នា បានជ្រើសរើសយក «សង្ក្រាន្ដិ» ណាមួយក្នុងចំណោម១២ ដើម្បីប្រារព្ធពិធីចូលឆ្នាំ។ នៅប៉ែកខ្លះនៃប្រទេសឥណ្ឌា គេជ្រើសរើសយក «មករាសង្ក្រាន្ដិ» ដើម្បីប្រារព្ធពិធីចូលឆ្នាំនិងមានពិធីបង្ហោះខ្លែងផងដែរ។ កន្លែងខ្លះជ្រើសរើស កក៌ដាសង្ក្រាន្តឬធ្នូសង្ក្រាន្ដ ដើម្បីប្រារព្ធពិធីចូលឆ្នាំ​។ នៅភាគខ្លះនៅឥណ្ឌានិងដែនអាស៊ីអាគ្នេយ៍ គេជ្រើសរើស «មេសរាសី» ឬ «មេសសង្ក្រាន្ដ» ដើម្បីប្រារព្ធពិធីចូលឆ្នាំ ដោយយល់ថាពេលនោះថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ដូច្នេះយើងឃើញថា ពាក្យ «សង្ក្រាន្ដ» ឬពាក្យ «សង្រាន្ដិ»  មិនមែនជាពាក្យកំណត់ថាជាពេលចូលឆ្នាំនោះឡើយ ដ្បិតក្នុងមួយឆ្នាំមាន១២សង្ក្រាន្តឯណោះ។

បើមើលតាមរយៈឯកសារសិលាចារឹកវិញ កាលពីបុរាណពាក្យនេះមានសំណេរ​បី​បែបគឺ «សំក្រាន្ដ, សង៑ក្រាន្ដ និងសង្ក្រាន្ដ»។ ពាក្យ “សង្ក្រាន្ដ” ដែលចាស់ជាងគេទំនងមានក្នុងសិលាចារឹកប្រាសាទភិមានអាកាស K.291 ផ្ទាំងខាងជើង បន្ទាត់ទី៣១-៣២ ចារនៅ៨៣២មហាសករាជត្រូវនឹងឆ្នាំ៩១០គ.ស. ក្នុងរាជ្យព្រះបាទហស៌វម៌្មទី១ នៅត្រង់ចំណុចរៀបរាប់ពីដង្វាយប្រចាំថ្ងៃសង្ក្រាន្ដ។ ទោះបីជាសំណេរបែបណាមួយក៏ដោយ ក៏ពាក្យនេះពុំបង្ហាញពីការចូលឆ្នាំនោះឡើយ ប៉ុន្ដែសំដៅដល់ការផ្លាស់រាសីមួយចូលរាសីមួយទៀតប៉ុណ្ណោះ។ សិលាចារឹកប្រាសាទបេង K.989 បានរៀបរាប់ពីដង្វាយសម្រាប់ថ្ងៃពិសេសៗដូចមានឃ្លាថា […សូយ៌្យគ្រាស ចន្ទ្រគ្រាស សង្ក្រាន្ដ បញ្ចោត្សវ មហោត្សវ តិថិវិឝេឞណ កល្បនាតបុរោហិតចន្ល្យក៑ផ្លាស៑យៅ១ ទក្ឞិណាស្រូជេ១ បុរោហិតវៃឞ្ណវចន្ល្យក៑ផ្លាស៑វ្លះ១    ទក្ឞិណាស្រូជេ១…] មានសេចក្ដីសម្រួលថា  “(រៀងរាល់)ថ្ងៃសូរ្យគ្រាស ចន្ទ្រគ្រាស សង្ក្រាន្ដ បញ្ចោត្សវ(បុណ្យទាំង៥ប្រចាំឆ្នាំ) មហោត្សវ(បុណ្យធំ) ថ្ងៃពិសេស ត្រូវរៀបដង្វាយគ្រូដល់បុរោហិតមានសម្លៀកផ្លាស់១យៅ ដង្វាយបូជាជាស្រូ១ជើ ដង្វាយគ្រូដល់បុរោហិតវៃស្ណវៈមានសម្លៀកផ្លាស់១បន្លាស់ ដង្វាយបូជាជាស្រូវ១ជើ…”។ ចំណែកឯ​សិលាចារឹកភ្នំសណ្ដក K.195 សរសេរថា […មន៑ថ្វេអាឝ្រមបិទុកចំនាំតកម្រតេង៑ជគត៑វ្រះ   ចរុលិះ១ប្រតិទិនសង្ក្រាន្តជេ១…] ដែលមានសេចក្ដីសម្រួលថា “(កាល)ធ្វើអាស្រម គប្បីថ្វាយ​គ្រឿងដង្វាយដល់ព្រះមានព្រះចរុ១លិះ ប្រចាំថ្ងៃសង្រាន្ដ១ជើ…”។

ឥឡូវយើងមកមើលសិលាចារឹកដែលមានប្រើពាក្យ «សង្ក្រាន្ដ» ដែលភ្ជាប់ជាមួយកាលបរិច្ឆេទម្ដង។ សិលាចារឹកទេពប្រណម្យ K.290 សរសេរថា [៩២៧ឝកវ្យរ៑កេត៑វៃឝាខសនៃឝ្ចរវារសង្ក្រាន្ដ…] មានសេចក្ដីសម្រួលថា “ឆ្នាំ៩២៧នៃមហាសករាជ ២កើត ខែពិសាខ ថ្ងៃសៅរ៍ ថ្ងៃសង្ក្រាន្ដ”។ សិលាចារឹក K.391សរសេរថា [… ១០០៤ឝកបូណ៌មីកត៌ិ្តកក្ឫតិកាឫក្ឞ​សង្ក្រាន្ដឝុក្រវារ…] ដែលមានសេចក្ដីសម្រួលថា “ឆ្នាំ១០០៤មហាសករាជ ថ្ងៃពេញបូណ៌មី ខែកត្តិក ឫក្សកតិកា ថ្ងៃសង្ក្រាន្ដ ថ្ងៃសុក្រ…”។ សិលាចារឹក K.392 ពុំមានចុះឆ្នាំបរិច្ឆេទ ប៉ុន្ដែមានខែថ្ងៃដូចក្នុងសេចក្ដីថា […ត្រយោទឝិកេតមាគ៌ឝិរសៅវវារសង្ក្រាន្ដ...] ដែលមានសេចក្ដីសម្រួលថា “ថ្ងៃទី១៣កើត ខែមិគសិរ ថ្ងៃសៅរ៍ ថ្ងៃសង្ក្រាន្ដ”។ ចំណែកឯសិលាចារឹកកំផែងណៃ K.374 មានប្រើពាក្យដែលគួរឱ្យចាប់អារម្មណ៍គឺ “វិឞុវសំក្រាន្ដា” ដែលសម្គាល់ដល់វេលាដែលយប់និងថ្ងៃមានពេលស្មើគ្នា។ សិលាចារឹកនោះសរសេរថា [៩៦៤ឝក វ្យរ៑កេត៑ចៃត្រវិឞុវសំក្រាន្ដ…] ដែលមានសេចក្ដីសម្រួលថា “ឆ្នាំ៩៦៤មហាសករាជ ពីរកើត ខែចេត្រ ថ្ងៃ​វិសុវសង្ក្រាន្ដ”។

តាមរយៈការបង្ហាញខាងលើ​ យើងឃើញថាកាលដើមឡើយខ្មែរយើងពុំបានប្រើពាក្យ “សង្ក្រាន្ដ” ដើម្បីសម្គាល់ថ្ងៃចូលឆ្នាំនោះឡើយ។ បើយើងយល់ថាពាក្យ «សង្ក្រាន្ត» ដែលមានភ្ជាប់នឹងកាលបរិច្ឆេទខាងលើត្រូវគ្នានឹងចូលឆ្នាំនោះ ហេតុអ្វីក៏ម្ដងចូលឆ្នាំខែនេះ ម្ដងចូលឆ្នាំខែនោះទៅវិញ? ដូចបានជម្រាបមកហើយថា ពាក្យនេះគ្រាន់តែសំដៅដល់ការដូររាសីតាមតារាសាស្ត្រប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏ដូចជាគ្មានឯកសារសិលាចារឹកណាមួយនិយាយពីរឿងចូលឆ្នាំនេះដែរ។

ឥឡូវយើងមកមើលពាក្យ “មហាសង្ក្រាន្ដ” វិញម្ដង។ ពុំមានឯកសារតាមរយៈសិលាចារឹកនិយាយពីពាក្យនេះឡើយ។ ប៉ុន្ដែ​យើង​ឃើញ​មានឯកសារចាស់ៗមួយចំនួនបានបង្ហាញពីពាក្យនេះ ដូចជាសៀវភៅ «សូរ្យយាត្រឡើងស័ក-ប្រក្រតិទិន» ឬសៀវភៅ «មហាសង្ក្រាន្ត» តាមឆ្នាំនីមួយៗជាដើម ដែលមានចេញផ្សាយជារៀងរាល់ឆ្នាំ​។ បើគិតតាមការពន្យល់ខាងលើ យើងអាចយល់បានយ៉ាងងាយអំពីពាក្យនេះ ហើយហេតុអ្វីចាស់បុរាណប្រើពាក្យនេះ។ «មហា» មានន័យយ៉ាងសាមញ្ញាថា «ធំ»។ ដូច្នេះ “មហាសង្ក្រាន្ដ” មានន័យថាសង្ក្រាន្ដធំ។ ហេតុអ្វីគេបានជាធំ? ដ្បិតគេកំណត់ថាថ្ងៃសង្ក្រាន្ដណាដែលរាប់ថាជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី គឺរាប់ថាជា «មហាសង្ក្រាន្ដ» ហើយ។ ពាក្យ «មហាសង្ក្រាន្ដ» ហាក់ចាប់ផ្ដើមសាបបន្ដិចម្ដងៗពីសង្គមខ្មែរ ម្យ៉ាងដោយសារមានការជំនួសដោយព្រឹត្តិ​ការណ៍​ធំៗនានា នៅពេលចូលឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​។

————————————————————

The word “Saṅkrānta” and “Mahāsaṅkrānta”: “Saṅkrānta” is a common word to hear in daily life, especially during Khmer New Year. However, it seems the understanding of the exact meaning and the process are limited and confused. Also, there are not many pieces of literature that have introduced this topic, except for some explanations in the dictionary. “Saṅkrānta” is a Sanskrit word, originated from India relatively meaning the transmigration of the Sun from one to the next “Rashi / star”. However, according to its complexity, the meaning and the practice in both Cambodian and Indian society are important to observe. Moreover, Khmer inscriptions of both Sanskrit and Old Khmer languages are vital sources. According to the sources, especially Khmer inscriptions, K.291, K.989, K.195, K.290, K.392 and K.374 show that “Saṅkrānta” does not mean a complete circle of a year or a starting point for a new year, but it marks as the beginning and end of each month. Also, the day following is the beginning of a new month. Therefore, there are 12 “Saṅkrānta” in a year. Although the word “Saṅkrānta” is well said in inscriptions, “Mahāsaṅkrānta” is absent. However, there are few old pieces of literature that have mentioned “Mahāsaṅkrānta” as an understanding of the new year based on the word “Mahā” meaning big.

អត្ថបទដើម:​ លោកហ៊ុន​ ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!