កុលាលភាជន៍ គឺជាសម្ភារៈទាំងឡាយដែលធ្វើពីដីដុតដូចជា ចាន ឆ្នាំង ក្អម ក្រឡ ពាង ខួច តន្លាប់ជាដើម គឺជាសម្ភារៈចំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរសម័យបុរាណ ហើយក៏សម្រាប់ដាក់ដង្វាយបូជាផ្សេងៗនៅក្នុងប្រាសាទសម្រាប់ទេព។ អាស្រ័យដោយភាពចាំបាច់ក្នុងជីវភាព ខ្មែរសម័យបុរាណ ជាពិសេសសម័យអង្គរបានផលិតកុលាលភាជន៍ជាច្រើនប្រភេទ និងមានស្រទាប់រលោងដូចជា ពណ៌បៃតង និងពណ៌ត្នោត។ ជាទូទៅជំនួញកុលាលភាជន៍ធ្វើឡើងតាមផ្លូវទឹក ជាពិសេសតាមសមុទ្រ ដូច្នេះមានហានិភ័យជាច្រើនបណ្តាលឲ្យសំពៅលិចទៅក្នុងសមុទ្រ។ ជាអាទិ៍រវាងឆ្នាំ២០០៦ កុលាលភាជន៍ថៃដែលមានស្រទាប់រលោងពណ៌ត្នោតជាច្រើនប្រភេទដូចជា ពាង និងក្រឡ បានរកឃើញ និងស្រង់ចេញពីដែនសមុទ្រកម្ពុជាក្នុងខេត្តកោះកុង។
ប្រភេទកុលាលភាជន៍ ដែលកំណត់ថាជាពាង គឺមានទំហំធំៗ មានបាតរាបស្មើ ក្អេងរីកធំ ករួមតួចបន្តិច និងមានមាត់រីកធំ។ ជាទូទៅពាងច្រើនមានត្រចៀក ពេលខ្លះមានត្រចៀក២ និងត្រចៀក៤។ ពាង មិនមែនប្រើប្រាស់សម្រាប់ដាក់ទឹកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាចប្រើប្រាស់សម្រាប់ដាក់ធញ្ញជាតិផងដែរ ដោយសារវាអាចផ្ទុកបានច្រើន។ ពិសេសជាងនោះទៅទៀត មានពាងជាច្រើនបានប្រើប្រាស់សម្រាប់ដាក់សព ឬធាតុដើម្បីយកទៅបញ្ចុះ។
ចំណែកក្រឡ គឺជាប្រភេទភាជន៍ ដែលមានទំហំធំ និងតូចមធ្យម វាមានមាត់ធំ បាតរាបស្មើ រីឯតួខ្លួនខាងក្រោម និងក្អេងខាងលើមិនសូវមានទំហំខុសគ្នាឆ្ងាយពេកនោះទេ។ ក្រឡខ្លះអាចមានត្រចៀក២ ឬ៤ ចំណែកប្រភេទខ្លះក៏មិនមានត្រចៀកនោះទេ។ ប្រភេទពាង និងក្រឡច្រើនតែមានទំហំក្រាស់ និងដុតកំដៅក្នុងសីតុណ្ហភាពខ្ពស់ (ភាជន៍រឹង) ដើម្បីឲ្យមានភាពរឹងមាំសម្រាប់ផ្ទុក។
ប្រភេទពាង និងក្រឡដែលបានពិព៍រណ៌នាខាងលើនេះ ច្រើនជាប្រភេទភាជន៍ដែលមានស្រទាប់រលោងពណ៌ត្នោត។ ហើយសម្បូរបែបណាស់នៅរវាងសម័យកណ្តាលចន្លោះសតវត្សទី១៥ ដល់ទី១៨នៃគ្រិស្តសករាជ។ ក៏ប៉ុន្តៃកុលាលភាជន៍ទាំងពីរប្រភទនេះ មិនសូវមានការផលិតនៅក្នុងស្រុកខ្មែរទេនាសម័យនោះ គឺច្រើនតែនាំចូលពីបរទេស ជាពិសេសស្រុកសៀម។ ម្លោះហើយ ទើបប្រភេទពាង និងក្រឡតូច ធំ ដែលមានរូបរាង និងស្រទាប់ពណ៌ត្នោតដូចបានបញ្ចាក់ខាងដើម ដែលរកឃើញនៅស្រុកខ្មែរ ទោះតាមរយៈការកំណាយបុរាណវិទ្យាក្តី តាមរយៈរបកគំហើញនៅតាមល្បាក់ភ្នំក្តី ច្រើនតែមានកាលបរិចេ្ឆទរវាងសតវត្សទី១៥ ដល់ទី១៧នៃគ្រិស្តសករាជ ហើយតែងសម្គាល់ឃើញថា ជាប្រភេទភាជន៍ដែលមកពីឡចំនួនពីររបស់ស្រុកសៀម គឺឡមេណាំណយ មានចំងាយប្រមាណជា៤០គីឡូម៉ែត្រខាងជើងក្រុងអយុធ្យា និងឡ ស៊ីសាត់ឆាន់ល័យ។
របកគំហើញកុលាលភាជន៍ ប្រភេទពាង និងក្រឡ ដែលមានរូបរាង និងស្រទាប់ពណ៌ត្នោត ដែលមកពីឡរបស់ស្រុកសៀមទាំងពីរខាងលើនេះ ក្នុងពេលកន្លងថ្មីៗ ត្រូវបានរកឃើញជាថ្មីម្តងទៀត ដែលមានចំនួន២៨៤ តាមរយៈការលួចរាវរកខុសច្បាប់ពីក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយជនជាតិវៀតណាមចំនួនពីររូប។ ក្នុងនោះដែរ កុលាលភាជន៍ទាំងអស់កំពុងចុះបញ្ជីសារពើភណ្ឌ ហើយឯកសារទាំងនេះនឹងជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត។
អត្ថបទដើម៖ កញ្ញា មាស សុភាព