ទំព័រដើមនិទានកថាគ្រូបង្រៀនស្រុកស្រែ (ភាគទី៨)

គ្រូបង្រៀនស្រុកស្រែ (ភាគទី៨)

(៩.ពេលចូលកង)

…១៦ កញ្ញា ថ្ងៃចូលរៀន។ លាហើយវិស្សមកាលពីរខែ។ លាហើយវ៉ាកងធំ អ្នកភូមិស្រីប្រុសបានប្រជ្រៀតគ្នាទៅមុខសាលារៀន រកកន្លែងឲ្យកូនរៀន។ ម្នាក់ៗសុទ្ធដឹកដៃអាច្រម៉ក់របស់ខ្លួនមក។ ខ្លះមុខរីកដាក់គ្នា។ ពួកនេះបានកន្លែង ឲ្យកូនរៀន ខ្លះទៀតមុខក្រៀមដឹកដៃកូនត្រឡប់ទៅផ្ទះវិញ ពោលត្អូញប្រាប់គេឯងថា ឯងខំចូលលុយសង់សាលានឹងគេដែរនៅតែខ្វះទៀត។ ពេញអស់ហើយគ្មានកន្លែងណា ឲ្យអាច្រម៉ក់រៀនទេ។ ដឹងឆ្នាំណាទេបានគេឲ្យគ្រូ បានគេសង់សាលារៀនថែមទៀត។ ដឹងឆ្នាំណាទេ ក្មេងៗបានកន្លែងរៀនគ្រប់គ្នា។

បើប្រជាជនខ្វល់ប្រជ្រៀតរកកន្លែងឲ្យកូន ឯក្រុមគ្រូក៏មានកង្វល់ដែរ។ នៅថ្ងៃចូលរៀន សំបុត្របង្គាប់មួយខ្ទាស់៣ច្បា់ បានផ្ញើមកដល់មន្ទីរចាត់ការសាលា។ សំបុត្រទីមួយបានបង្គាប់លោកគ្រូវ៉ាត ឲ្យផ្លាស់ទៅត្រើយម្ខាង។ សំបុត្រទីពីរ បានហូតលោកគ្រូចាន់ទៅដាក់នៅចំការ។ សំបុត្រទីបី បានបង្គាប់លោកគ្រូច័ន្ទ ឲ្យបោះពួយឆ្លងខេត្តពីរបី ទៅដែនលាវ។

ការផ្លាស់ប្តូរនេះមិនបានបញ្ជាក់ គ្រូនៅម៉ាស៊ីនស្រូវផងទេ តែព្រឹត្តិការណ៍នេះបានឲ្យគ្រូទៅនិងគ្រូនៅមានយោបល់ផ្សេងៗ។

លោកគ្រូ វ៉ាត បានបញ្ចេញអារម្មណ៍ថាៈ

…ខ្ញុំមិនចូលចិត្តនឹងការផ្លាស់ទេ បើសិនជាខ្ញុំបង្រៀនសិស្សមិនជាប់។ ឆ្នាំទៅគ្រាន់ដែរ ជាប់បានជាង១០នាក់ ចូលវិទ្យាល័យកំពង់។ ម្យ៉ាងទៀតខ្ញុំស្តាយណាស់មិនបាននៅស្រុកនេះបានយូរបន្តិចទៀត។ ស្រុកម៉ាស៊ីនស្រូវបានចងចិត្តខ្ញុំជាខ្លាំង។ ខ្ញុំសប្បាយនឹងបានរួបរួមជាមួយមិត្ត ជាគ្រូ និងប្រជាជនបង្កើតសមាគមពង្រីកសាលា។ ពិតមែនតែខ្ញុំក្រដាសតុងទីន មួយក្បាល ខ្ចីគេកាលម៉ែអាវ៉ាឆ្លងទន្លេ នៅតែខំលៃលក ២០-៣០ រ ០០ រាល់ខែជួយសមាគមសង់សាលា។ ខ្ញុំស្តាយណាស់ដោយមិនបានជួយពង្រីកសាលា និងអនុវិទ្យាល័យនៅស្រុកនេះក្នុងឆ្នាំក្រោយៗ។

លោកគ្រូថាន់បានថ្លែងថ្លាៈ

…ស្រុកម៉ាស៊ីនស្រូវជាស្រុកកូនខ្ញុំ ជាភូមិម៉ែក្មេកឪក្មេកខ្ញុំ។ យើងបានទាំងសន្សំសង់ផ្ទះមួយនៅទីនោះផង។ ការផ្លាស់ចេញពីស្រុកនេះ ធ្វើឲ្យខ្ញុំរំខានច្រើន។ ម៉ែអាថាមិនដាច់ចិត្តទៅចោលផ្ទះសំបែងគេទេមើលទៅ។ ហើយម្យ៉ាងទៀតសព្វថ្ងៃ ខ្ញុំជាប់ទទួលក្មួយបីនាក់ឲ្យនៅរៀនផង។ នឹកដល់ក្មេងទីទ័លទាំងនោះ ស្ទើរប្រេះដើមទ្រូង។ ខ្ញុំមិនអស់ចិត្តសោះ បើកាលណាខ្ញុំបង្រៀនមិនកើត ខ្ញុំខ្វះសមត្ថភាព ខ្ញុំខ្ជិល ប៉ុន្តែតាំងពីធ្វើការមក ខ្ញុំបានឡើងថ្នាក់រាល់ពីរឆ្នាំ…។ មិនគួរឡើយយករឿងក្រៅពីការបង្ហាត់បង្រៀនមកផ្លាស់ទីអាងផ្លាស់ដូចនេះទេ…។

លោកគ្រូច័ន្ទបានស្តីថាៈ​

មិនមែនទើបមួយខែ មួយឆ្នាំទេ ដែលខ្ញុំមកនៅស្រុកម៉ាស៊ីនស្រូវនេះ។ ខ្ញុំមកតាំងពីស្រុកនេះ មានសាលាតែមួយនៅមុខសាលាស្រុក តាំងពីស្រុកនេះ មិនទាន់មានម៉ាស៊ីនស្រូវម្ល៉េះ។ ខ្ញុំបានមកនៅស្រុកនេះ ១៣ឆ្នាំហើយ តាំងពីខ្លួនមួយ រហូតដល់មានប្រពន្ធកូន៥នាក់ឥលូវ។ កាលប៉ុន្មានឆ្នាំមុន គេហៅខ្ញុំទៅកំពង់ ខ្ញុំបានសុខចិត្តទៅ តែកន្លះឆ្នាំរួចឆ្នាំ ត្រលប់មកស្រុកវិញ។ ខ្ញុំជាប់ចិត្តនឹងស្រុកនេះជាពន់ពេក។ ខ្ញុំទុកស្រុកនេះជាស្រុកកំណើតខ្ញុំទៅហើយ។ លាក់បាំងអ្វីការឃ្លាតចេញពីស្រុកនេះ ធ្វើឲ្យខ្ញុំស្រណោះ មិនខុសពីខ្ញុំឃ្លាតចេញពីភូមិខ្ញុំមករៀនវត្តបុទុមកាលពីកុមារទេ។ ខ្ញុំសោកស្តាយ ខ្ញូំរលឹកមិត្តភក្កិដែលលេងបាយខុម ប៉ាក់គ្រលុំ បេះផ្លែអំពិល​ កាលពីក្មេងយ៉ាងណា ក៏ខ្ញុំស្រណោះមិត្តភក្តិ បងហម ពូសែម ពូសម ពូខ្វាវ…ដូចនេះដែរ។ តែខ្ញុំសង្ឃឹមថាខ្ញុំទៅនេះមិនយូរអង្វែងឡើយ។ ពេលសំរាក ពេលវ៉ាកង ខ្ញុំមុខជាឆ្លៀតមកលេងវិញជាមិនខាន ហើយយើងមុខជាបានជជែកពិភាក្សាគ្នា ពីអនុវិទ្យាល័យនៅស្រុកយើង ពីសៀវភៅសិក្សាជាភាសាខ្មែរ ពីការកែប្រែការសិក្សា ឲ្យស្របតាមប្រទេសយើង ឯករាជ្យ ពីសមាគមគ្រូ ពីការរស់នៅប្រជាជនស្រុកលើដេលខ្ញុំទៅនៅជាមួយក្នុងពេលខាងមុខនេះ…

ខ្ញុំសង្ឃឹមថា មិត្រយើងមុខជានឹងជួយលើកទឹកចិត្ត គ្រូបន្លាស់ពួកយើង ឲ្យមានចិត្តស្មារតីដូចយើងមិនខាន…។

លោកគ្រូម៉េង ដែលជាអ្នកនៅបានឲ្យយោបល់ថាៈ

ការផ្លាស់ប្តូរនេះមិនបានពញ្ញាក់ពួកយើងទេ។ តែភេទការណ៍នេះបានឲ្យខ្ញុំព្រួយើឮផងអរផង។ ព្រួយដោយយើងបែកគ្នា ដោយមិត្រយើងដែលត្រូវចាកចេញទៅឆ្ងាយ ត្រូវបង់ខាតគ្រប់ផ្លូវខាងសម្ភារៈ ត្រូវចោលទីលំនៅ ត្រូវខ្ចីបុលប្រាក់គេឯង ធ្វើដំណើរទៅ…។ អរដោយជឿជាក់ថា មិត្រយើងដែលត្រូវទៅ សុទ្ធជាអ្នកសំខាន់ៗ អាចពាំយកទៅផ្សាយ និងបណ្តុះនៅទីកន្លែងថ្មី នូវឧត្តមគតិរបស់យើង…។

(១០.ហួសជួស)

មួយអាទិត្យក្រោយថ្ងៃទទួលសំបុត្របង្គាប់ លោកគ្រូច័នញទ លោកគ្រូថាន់ លោកគ្រូវ៉ាត បានចេញពីស្រុកម៉ាស៊ីនស្រូវ ទៅទីកន្លែងថ្មីតែសព្វខ្លួន។ បន្លាស់គាត់បានមកជំនួសវិញ។ ដូចគ្រូទៅ គ្រូមកសុទ្ធតែផ្លាស់មកមិនស្រួលដែរ។ លោកគ្រូទាំងបីសុទ្ធតែមានសកម្មភាពខ្លាំងគ្រាន់ កាលពីវ៉ាកងធំ។ ជីវភាពដូចគ្នា គំនិតដូចគ្ន។ បើគ្រូនៅពាម នៅកំពង់…ត្រូវគេហាមឃាត់យ៉ាងណា គ្រូស្រុកម៉ាស៊ីនស្រូវក៏បានទទួលការហាមឃាត់យ៉ាងនោះដែរ។ គេសុទ្ធតែគ្រូស្រទាប់ក្រោម រស់នៅកៀនកោះស្រែចំការក្នុងវត្ត ក្នុងភូមិ ជាមួយប្រជាជនដូចគ្នា គេត្រូវចោទប្រកាន់ ហើយបានទទួលគ្រោះទណ្ឌកម្មដូចគ្នា។ នេះហើយការសាមគ្គីរវាងគ្រូៗ នៅស្រុកម៉ាស៊ីនស្រូវគ្មានបានល្អក់បន្តិចឡើយ។ ផ្ទុយទៅវិញគ្រូថ្មីបាននាំនូវការពិសោធន៍របស់ខ្លួន ហើយបានក្រេបជញ្ជក់ការពិសោធន៍ ពីស្រុកម៉ាស៊ីនស្រូវបន្ថែមទៅវិញ…។

រាល់ថ្ងៃកន្លងទៅ ភេទការណ៍ជាច្រើនបានប្រែប្រួលនៅស្រុកម៉ាស៊ីនស្រូវ។ លោកចាស់ស្រុកបានផ្លាស់ទៅនៅខេត្ត្ផផ្សេង។ លោកថ្មីបានមកដល់។ បរិយាកាសតឹងតែងបានធូរស្រាល។ អ្នកដែលត្រូវចាប់ពីកក្កដា សីហា កញ្ញា បានត្រូវដោះលែងខ្លួន។ នាយអេងបានរួចខ្លួនត្រលប់មកជួបម៉ែឪវិញ។ ឯចំណែកពាក្យចចាមអារាម រកចាប់ចងក៏បានបាត់ស្ងាត់។ ប៉ូលិសមុយបានលបខ្សឹបប្រាប់អ្នកសនថាៈ

ស្រុកយើងស្រួលវិញហើយ អាហមគ្មានរឿងអី្វទេ ហៅវាមកធ្វើស្រែវិញចុះ…។ ពូសែមភូមិឯជើងបានឈប់គេច។ គាត់ចេញមកប្រកបរបររកស៊ីដូចដើមវិញ។ លោកគ្រូច័ន្ទលោកគ្រូវ៉ាតបានឆ្លៀតមកលេងស្រុកម៉ាស៊ីនស្រូវ នៅពេលឈប់សំរាកមួយ ឬពីរថ្ងៃ។ លោកគ្រូច័ន្ទបានផ្ញើដំណឹងមកថា គាត់បានសុខសប្បាយជាទេ ហើយបានសូមឲ្យមិត្តភក្តិខំបន្តការកសាងសមាគមតទៅទៀត…។

នៅក្រោយអុំទូកខែកក្តិក បងហមបានត្រលប់មកភូមិគាត់វិញ។ គ្រូចាស់ក៏ដូចគ្រូថ្មី អ្នកភូមិគរ ក៏ដូចអ្នកភូមិដើមពោធិ បានត្រេកអរទៅសួរសុខទុក្ខគ្រប់គ្នា។ ប៉ូលិសមុយមិនបានធ្វើ គ ថ្លង់នឹងមិត្តចាស់របស់គាត់ឡើយ។ ល្ងាចមួយចេញពីធ្វើការ គាត់បានទៅលេងមិត្រគាត់។ គាត់មានទាំងយួរស្រាមួយដប និងពងមាន់បីដំបទៅផង។ គាត់ហៅពូព្រឿងឲ្យមករួមវង់ជាមួយគាត់ និងសំលាញ់គាត់នៅលើគ្រែ កៀនជញ្ជាំងខាងជើង។ គាត់និយាយដោយរីករាយថាៈ​ កុំតែចេះគេចទាន់ កុំអីខ្នោះស្រេច។ អញអរលែងនិយាយហើយ ពេលដែលមកជាមួយថីដោយរកអាឯងមិនឃើញ…បើសិនជាឃើញហោចណាស់ ក៏បីខែដែរអានាង…។

អញមានទោសអ្វី?

ចាំបាច់មានទោស ឃើញទេលោកគ្រូម៉ៅ ចៅហ្វាយនាយអារែងនោះជាប់ ជិតមួយខែទទេ ហើយនឹងគាត់ផង។ តើគាត់មានរឿងអ្វី? អញបានជួបគាត់នៅគ ម្តងដែរអញបានស្តាប់គាត់និយាយ ​អញគ្មានឃើញគាត់និយាយប៉ះពាល់អ្វីឡើយ។ គាត់និយាយពីការរស់នៅវេទនារបស់រាស្រ្ត ពីយើងត្រូវរកសេរីភាព សិទ្ធិពីររបៀប ដោះស្រាយកែប្រែការរស់នៅពីជំនួយអាមេរិកកាំង បំបាត់អព្យាក្រឹត អធិបតេយ្យភាព ខ្មែរយើងគាត់គ្មានចាត់ដោយនរណាមួយឡើយ។ ម្លឹងហើយនៅតែ មានអាជា អាអ៊ុត…មុខក្រាស់ ផ្តិចមេដៃចាប់គាត់យកទៅដាក់គុកមួយខែ នៅកំពង់…។

បើដឹងអញ្ចឹងដែរ ម៉េចតែអារែងដើរចាប់គេ

នៅតែឆ្ងល់ទៀត អញបានប្រាប់អារែងញឹកហើយ បើឯងធ្វើកុំចេញមុខពេក។ អញមិនមែនអ្នកនយោបាយទេ។

អាមុយឯងនេះជាប្រដាប់ម៉ាស៊ីនសម្រាប់តែគេមួលឲ្យសំរេចនយោបាយគេ។ នៅជាមួយបារាំង អារែងបារំង ជាមួយជប៉ុន អារែងជប៉ុន។ ជាមួយអាមេរិកកាំងអារែងអាមេរិកកាំង។ មិនល្អទេរបៀបនេះ។ យើងកើតមកជាមនុស្សត្រូវតាំងខ្លួនជាមនុស្ស។ អ្វីដែលហៅមនុស្សនោះ មនុស្សគឺត្រូវស្គាល់ខុស ស្គាល់យុត្តិធម៌ ស្គាល់អយុត្តិធម៌…

កុំធ្វើគ្រាន់ អាហម ប៉ូលិសមុយនិយាយយកដៃទះក្បាល បងហម។ អារែងពីដើមនៅតែជាមួយនឹងអញ កាលនៅចាំប៉ុស្តិ៍ផឹកស្រាមិនឲ្យលលុយចិនដូចតែគ្នា…។

អញពុលតាមបារាំងវាបង្វឹក ឥលូវអញឃើញទោសអញ ស្តាយអញខំកែប្រែ។

ឈប់និយាយអាហមពីរឿងនយោបាយទៀត…។ អញមកនេះ អញមកសប្បាយ អញមកបបួលអារែងផឹកទេតើ

ថារួចប៉ូលិសមុយលើកកែវដាក់សូរក្រេប ហើយគោះពងហុត។ គាត់ហៅអ្នកសនថាៈ

អ្នកៗ សូមអំបិលបន្តិចមក មានកន្តួត អំពិលទេ យកមក

អ្នកសន ញញឹមបានយកកន្តួត អំពិលពីរបី គួ មកឲ្យ។ ប៉ូលិសមុយ ដាក់មួយកែវ  ហើយថែមមួយកែវទៀត។ បន្តិចគាត់ទា រកនេះ បន្តិចទារកនោះ។ គាត់អង្គុយបន្តិចគាត់ក្រោកនិយាយឆ្ការដៃជើងតែម្នាក់ឯង។ គាត់និយាយគ្រប់។ បន្តិចគាត់និយាយពីចៅហ្វាយនាយគាត់មុនៗ បើកក្បាលបៀនៅក្នុងផ្ទះ ​ពីលោកខ្លះមានស្រីច្រើននៅរាយគ្រប់ឃុំ ពីលោកខ្លះទៀត ប្រើគាត់ឲ្យកំហែងទិញកូនក្រមុំគេ ៥០០​រ០០។ គាត់និយាយពីលោកថ្មីស្រួល មិនដែលជេរម្រ៉ាយប៉ូលិស ដូចលោកមុនទេ…។ អ្នកសនដួសបាយជូនក៏គាត់មិនពិសា។ គាត់ពឺតតែពីផឹកមួយកែវ ហើយមួយកែវទៀត។ អស់ស្រាពីដបគាត់ទារកទៀត។ បងហមឃាត់គាត់មិនស្តាប់។ មុខគាត់ឡើងក្រហមភ្នែកគាត់ក៏ក្រហម បែកញើសពេញទាំងខ្លួន។ គាត់ក្រោកឡើងទ្រេតទ្រោត ត្អួញឈឺក្បាលជង្គង់ ក្អួត។ គាត់ដួលដេកនៅលើគ្រែស្តោះទឹកមាត់ញឹក។ ខ្លួនគាត់ធំស្រាហួង។ គាត់ដួលដេកបាត់។ បងហមបានយកក្រមាដណ្តប់ឲ្យនិយាយថាៈ អាមុយហួសដូសហើយ ខ្ញុំពីដើមដៃគូនឹងវា តែឥឡូវខ្ញុំដុសក្អែលអាណានិគមបានខ្លះ…។

បន្ទាប់មកគាត់អង្គុយជជែកពូព្រឿងនៅលើគ្រែ ជញ្ជាំងខាងត្បូងវិញ ឯអ្នកសនក៏បានលើកចានទៅលាងនៅផ្ទះបាយ…។

(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៩ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!