ជាប្រភេទផ្ទះមានដំបូលផ្តុំឡើងដោយផ្ទាំង៤ ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយ។ ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង់ ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។ គេអាចពង្រីកផ្ទះប៉ិតសាមញ្ញឲ្យមានរូបរាងច្រើនបែបយ៉ាង។ ផ្ទះប៉ិត ជាធម្មតាមានពីរខ្នង ប៉ុន្តែជួនកាលអាចមានច្រើនជាងនោះរហូតដល់ប្រាំខ្នងក៏មាន។ បើតាមវចនានុក្រមខ្មែរពាក្យថា “ប៉ិត” មានន័យថា ជាឈ្មោះផ្ទះមួយបែប ផ្សេងពីផ្ទះកន្តាំង និងផ្ទះរោងដោល គឺមានសណ្ឋានដូចគេប៉ិតត្រង់ចុងមេដំបូលទាំងពីរខាងដែលគេឱ្យឈ្មោះថា ”ផ្ទះប៉ិត” ។
នៅសម័យដើមសំណង់ផ្ទះប៉ិត ពិតជាល្អប្រណិតណាស់ រួមទាំងគ្រឿងតុបតែងលម្អក្នុងផ្ទះ ដោយម្ចាស់ផ្ទះសុទ្ធតែអ្នកមានទ្រព្យសម្បត្តិ និងឋានៈខ្ពង់ខ្ពស់ជាសាងសង់ ឧទាហរណ៍ លោក ឧកញ៉ា ពិនិត្យ ភឹង សង់ផ្ទះប៉ិតនៅខេត្តបាត់ដំបង និងដង្ខៅ ស៊ុន ហ៊ី សង់ផ្ទះប៉ិតនៅ ខេត្តក្រចេះជាដើម។ មកដល់សព្វថ្ងៃនេះ យើងឃើញមាននៅសល់សំណង់ផ្ទះប៉ិតខ្លះដែរ ដែលស្ថិតនៅតាមបណ្តាខេត្តនានានៅក្នុងស្រុកខ្មែរដូចជានៅខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាលជាដើម។ តែសំណង់ទាំងនោះ ខ្លះនៅល្អរឹងមាំដោយការថែរក្សាដិតដល់ពីម្ចាស់ផ្ទះ ខ្លះទៀតមានសភាពទ្រត់ទ្រោមខ្លាំង ដោយសារអាយុកាលនៃឈើ ពីព្រោះសំណង់ឈើងាយ នឹងទទួលរងការពុកផុយណាស់។ ម្យ៉ាងទៀត សំណង់ផ្ទះប៉ិតខ្លះត្រូវម្ចាស់រុះរើ ដោយស្ថានភាពផ្ទះទ្រតទ្រោម ឬអាចម្ចាស់ផ្ទះមានលទ្ធភាព និងបំណងចង់សាងសង់ផ្ទះបែបរចនាបថបច្ចុប្បន្ន៕
អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ