ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបរបបប្រតិបត្តិការការងារ ប៉ុន្តែវាជារឿងធម្មតានោះទេមិនចាំបាច់ត្រូវមកតានតឹង ឬខ្វល់ខ្វាយឡើយ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់។ ក្នុងនោះដែរ អ្នកក៏មិនចាំបាច់ត្រូវខំប្រឹងរកផ្លូវដោះស្រាយចំពោះបញ្ហាតូចតាចខ្លះៗដែលបានកើតឡើងនោះទេ ពីព្រោះអ្វីៗនឹងអាចស្រាយចេញបានដោយខ្លួនឯង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍ក្នុងរងង្វង់ការងារឡើយ ទីមួយដោយសារលោកអ្នកមិនសូវមានភាពវេលា ម្យ៉ាងទៀតគឺដើម្បីបញ្ជៀសបញ្ហាក្នុងទំនាក់ទំនង។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្រប ព្រមទាំងត្រូវថ្លឹងថ្លែងអំពីសុខភាព និងការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។ ទន្ទឹមនឹងនោះ សូមរក្សាភាពស្ងៀតស្ងាត់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តត្រូវរកពឹងពាក់ និងការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ លោកអ្នកអាចជួបចំណុចអវិជ្ជមានខ្លះ ប៉ុន្តែមិនគួរមានការព្រួយបារម្ភអ្វីឡើយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែចំពោះកិច្ចការងារថ្មី និងធំដុំគឺមិនទាន់អាចទទួលបានផលតាមការប៉ងប្រាថ្នាឡើយ។ កុំព្យាយាមសំដែង ឬបញ្ចេញការងាររបស់អ្នកឲ្យអ្នកដទៃឃើញឡើយ ពីព្រោះថ្ងៃនេះលោកអ្នកនឹងមិនទទួលបានការយោគយកល់ ឬកោតសរសើរលើកិច្ចការងារឡើយ ដូច្នេះគួររក្សាស្ថានភាពឲ្យនៅធម្មតា ហើយស្ងប់ស្ងៀម។ ក្រៅពីនេះ លោកអ្នកអាចនឹងប្រឈមមុខនឹងឧបាយកលរបស់គូប្រជែង ដូច្នេះសូមមានការប្រុងប្រយ័ត្ន ហើយកុំជឿដោយងាយពេក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ឆេវឆាវ ពីព្រោះវាអាចនឹងធ្វើឲ្យបាត់បង់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវរយៈពេលយូរ និងពិបាកជួសជុលណាស់។ ផ្ទុយទៅវិញសូមព្យាយាមធ្វើកិច្ចការពឹងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។ ដោយឡែក សូមប្រុងប្រយ័ត្នការធ្វើដំណើរជិតឆ្ងាយនានា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ។ ចំពោះការពិភាក្សាទាំងឡាយណាដែលមិនតម្រូវឲ្យបានការសម្រេចចិត្តជាបន្ទាន់ គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ ដោយឡែកសូមប្រយ័ត្នក្នុងការសម្រេចចិត្តលឿន ប្រយ័ត្នខាតបង់។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ អ្នកគូរបន្ថយសកម្មភាពបំពេញការងារខ្លះផងដែរ ដើម្បីកុំឲ្យមានភាពហត់នឿយខ្លាំងពេក។ ដោយឡែក សម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ។ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ប៉ុន្តែមិនគួរព្រួយបារម្ភអ្វីទេ អ្នកគួរផ្តោតទៅលើកាតព្វកិច្ចរបស់ខ្លួន និងធ្វើវាឲ្យបានល្អនោះសម្រាប់ថ្ងៃនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានយ៉ាងសមស្របដើម្បីសម្រួលដល់កិច្ចការដែលអ្នកកំពុងតែអនុវត្ត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានសំពាធការងារខ្លះៗ ដែលអាចរំខានដល់ការងារ ព្រមទាំងសេចក្តីផ្លូវចិត្ត។ ក្រៅពីនេះការជឿទុកចិត្ត និងភាពស្មោះត្រង់រវាងអ្នកនឹងដៃគូការងារ ហាក់ស្ថិតក្នុងចំណុចកណ្តាលរវាងវិជ្ជមាន និងអវិជ្ជមាន។ អ្នកគួរចាប់អារម្មណ៍ចំពោះគ្រប់ស្ថានការណ៍ទាំងអស់ ហើយមិនត្រូវជឿទុកចិត្តគេដោយងាយនោះទេ។ ភាពស្មោះត្រង់របស់អ្នក ក៏នឹងអាចក្លាយទៅជាចំណុចខ្សោយក្នុងការគ្រប់គ្រងអាជីពផងដែរ។ ដោយឡែក សូមកុំមានការព្រួយបារម្ភអ្វីឡើយ ដោយសារលោកអ្នកទទួលបានលទ្ធភាពវាយតម្លៃស្ថានភាពបានល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ការសម្រេចចិត្តលឿនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ប្រការដែលអ្នកត្រូវចងចាំបំផុត គឺកុំមានជម្លោះជាដាច់ខាត មិនដូច្នេះអ្នកនឹងមានរឿងធំមករំខានអាជីព។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព