ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចប្រត្តិបត្តិនៃការកប់ និងបូជាសពនៅក្នុងសង្គមខ្មែរ

កិច្ចប្រត្តិបត្តិនៃការកប់ និងបូជាសពនៅក្នុងសង្គមខ្មែរ

ទំនៀមនិងជំនឿលើសេចក្តីស្លាប់របស់ខ្មែរមានមិនខុសពីជាតិសាសន៌ដទៃទេ ប៉ុន្តែវាខុសគ្នាបន្តិចបន្តួចត្រង់បុគ្គលដែលស្លាប់ទៅ។ តាមរយៈកំណាយបុរាណវិទ្យាជាច្រើននៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រនានាក្នុងប្រទេសកម្ពុជា និងតំបន់ជិតខាងបានបង្ហាញពីភស្តុតាងនៃជំនឿ និងកិច្ចប្រតិបត្តិលើការកប់សព។ ការប្រតិបត្តិនេះហាក់ដូចជាកើតមានឡើង និងវិវត្តន៍ខុសគ្នាទៅតាមពេលវេលា និងតំបន់ផ្សេងៗ។ យើងអាចនិយាយបានថា ការអនុវត្តន៍លើការកប់សព និងការបូជាសពកើតឡើងនៅពេលមនុស្សមានការយល់ដឹង និងជឿលើជិវិតមុននឹងក្រោយពេលស្លាប់។

តើការប្រតិបត្តិលើជំនឿនៃសេចក្តីស្លាប់ ឬការកប់សពមានតាំងពីពេលណា?

កំណាយនៅភ្នំល្អាងរកឃើញរណ្តៅសពចំនួន២ មានកាលបរិច្ឆេទនៅក្នុងសម័យថ្មរំលីង ដែលមានអាយុកាលប្រហែល៤២៩០ឆ្នាំទៅ៨៣០ឆ្នាំមុនគ្រឹស្គសករា។ ថ្មីៗនេះ ចំនួនដ៏ច្រើននៃស្ថានីយកប់សពមនុស្សក្នុងសម័យយុគដែកត្រូវបានរកឃើញ និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ដែលស្ថានីយទាំងនោះបានរកឃើញស្ទើរគ្រប់ភូមិភាគក្នុងប្រទេសកម្ពុជា មានកាលបរិច្ឆេទចន្លោះពី១០០០ឆ្នាំមុនគ្រឹស្គសករាជទៅ៤០០ឆ្នាំនៃគ្រឹស្គសករាជ។

តាមរយៈការរកឃើញស្ថានីយកប់សពទាំងនេះបញ្ជាក់អោយឃើញថា មនុស្សនៅសម័យខុសៗគ្នាទាំងនោះមានទំនៀម និងបន្តពីគ្នាពីសម័យមួយទៅសម័យមួយ និងពីតំបន់មួយទៅតំបន់មិនដាច់ គ្រាន់តែរបៀបនៃការរៀបចំផ្នូរមានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមលក្ខខ័ណ្ឌធម្មជាតិ ទីតាំង និងវត្ថុជាបន្លុងដែលគេកប់ជាមួយសពដែលជាគោលដៅនៃការឧទ្ទិសដល់ព្រលឹង ឬជិវិតក្រោយពេលស្លាប់។

ផ្នូរកប់សពសម័យដែក ភូមិក្រសាំងថ្មី

តើប្រពៃណី ឬក៌ទំនៀមនេះវិវត្តតាមរបៀបណា?

ផ្នូរកប់សពរបស់មនុស្សសម័យថ្មរំលីងភាគច្រើនធ្វើនៅក្នុងរូងភ្នំនៅតាមតំបន់ដែលជាប់មាត់ស្ទឹង ទន្លេ និងសមុទ្រ។ គេឃើញថា ផ្នូរនាសម័យនោះភាគច្រើនគេកប់សពមនុស្សដោយមានដង្វាយជាវត្ថុប្រើប្រាស់អំពីថ្មរំលីង និងភាជន៍ធ្វើអំពីដីដុត ជួនកាលមានឆ្អឹងត្រី ឬសត្វនៅខាងក្នុងភាជន៍ ឬក្បែរនោះទៀតផង។ ចំណែកផ្នូរកប់សពរបស់មនុស្សសម័យសំរឹទ្ធ និងដែក ភាគច្រើនមានទីតាំស្ថិតនៅតំបន់ដីគោក ឬទីទួលផុតពីទឹក។

ក្នុងសម័យនេះ ការប្រតិបត្តិទំនៀមនៃការកប់សពមានការវិវត្តន៌បន្តិច ពិសេសការរៀបចំសពនិងវត្ថុបន្លុងដែលមានកាន់តែច្រើន និងសំបូរបែបទៅតាមបុគ្គល ឬគ្រួសារសព មានដូចជាវត្ថុធ្វើអំពីសំរឹទ្ធ ចិញ្ចៀន កងដៃ កងក ក្រវិល វត្ថុធ្វើអំពីដែក ដាវ កាំបិត ដឹង ក្បាលលំពែង ព្រួញ កងក អង្កាំធ្វើពីកែវ និងភាជន៌ធ្វើពីដីដុតជាដើម។ 

ទំនៀមប្រពៃណីដែលនៅមាន

យើងពុំមានឯកសារជាភស្តុតាងបញ្ជាក់អំពីការប្រតិបត្តិ និងការវិវត្តន៍នៃទំនៀមកប់សព និងបូជាសពទេ ប៉ុន្តែពឹងផ្អែកលើការរកឃើញភាជន៍មួយចំនួនដែលមានផ្ទុកឆ្អឹងមនុស្សរកឃើញនៅតំបន់អង្គរបង្ហាញថា បុគ្គលដែលបានស្លាប់ទៅហើយ គេយកទៅបូជាបន្ទាប់មកគេរើសយកធាតុនោះមកដាក់ក្នុងថូ ឬក្រឡ ហើយបញ្ចុះក្នុងដីដែលនៅក្បែរបរិវេណប្រាសាទ ក្នុងន័យភ្ជាប់ព្រលឹងបុគ្គលដែលស្លាប់ទៅឱ្យបានទៅដល់ឋានព្រះ ឬក្បែរ អទិទេព ដ្បិតអីអ្នកស្រុកអង្គរជំនឿលើប្រាសាទជាកន្លែងសក្ការៈបូជា និងជាទីស្ថានរបស់ អាទិទេព។ យើងឃើញថា ខ្មែរដែលពីមុនមិនទាន់ទទួលនូវសាសនា បានគោរពជឿលើធម្មជាតិ និងព្រលឹង។ ពិសេសគេអនុវត្តលើទំនៀមកប់សពនៅពេលមានមនុស្សស្លាប់។

ក្រោយមក ខ្មែរបានប្រតិបត្តិនូវវិធីថ្មី គឺការបូជាសពដោយភ្លើង ឬព្រះភ្លើង បន្ទាប់ពីទទួលឥទ្ធិពលសាសនាពីឥណ្ឌា។ ប៉ុន្តែខ្មែរនៅតែកាន់ទំនៀមដើមដដែល គ្រាន់តែសំយោគបញ្ចូលគ្នា គឺមុនដំបូងកប់ ឬបញ្ចុះក្នុងដីមួយរយៈពេល ក្រោយមកគាស់យកឆ្អឹងមកធ្វើបុណ្យបូជាម្តងទៀត ហើយជួនកាលកប់ធាតុដែលបានបូជាហើយទៅក្នុងដីម្តងទៀត ឬរក្សាទុកនៅក្នុងចេតិយ ឬទីសមរម្យណាមួយ។ ទំនៀមនេះនៅតែបន្តដោយប្រជាជនខ្មែរនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ដូចជាសៀមរាប កំពង់ចាម កំពង់ឆ្នាំង និងព្រៃវែងជាដើម។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!