លំដាប់នោះ ក្នុងកាលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កៈទេវរាជទ្រង់ចុះមកបំពេញទានបារមីនៃព្រះពោធិសត្វឲ្យកាន់តែជាភិយ្យោភាពឡើងទៀត ទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរាចូលទៅក្រាបថ្វាយបង្គំសំណេះសំណាលសាកសួរសុខទុក្ខ រួចតាជីទូលពណ៌នានូវក្តីលំបាកតោកយ៉ាងរបស់គាត់ថាគ្មានភរិយាសោះ ទើបគាត់ក្រាបបង្គំទូលសុំព្រះនាងមទ្រី។ ព្រះបាទស្រីវេស្សន្តរ ឥតមានព្រះរាជហប្ញទ័យរុញរាទេ ប៉ុន្តែទ្រង់មានព្រះចិន្តាព្រួយបារម្ភខ្លាចក្រែងព្រះអគ្គមហេសីពុំព្រម ទើបទ្រង់ឆ្មៀងព្រះនេត្រទតទៅទឹកព្រះភ័ក្ត្រព្រះនាង។ ព្រះនាងមទ្រីទ្រង់បានជ្រាបព្រះអធ្យាស្រ័យទើបក្រាបបង្គំទូលថាៈ “បពិត្រព្រះស្វាមីអើយ! កុំថាឡើងត្រឹមតែព្រះអង្គដាក់ទានខ្ញុំម្ចាស់នេះដល់ព្រាហ្មណ៍ចាស់ជរា ប្រសិនបើព្រាហ្មណ៍នេះប្រាថ្នាសាច់ថ្លើមដង្ហើមប្រមាត់ សូមព្រះអង្គយកព្រះខ័នកាត់ខ្ញុំមទ្រីបំពេញទានបារមីចុះ ឬមួយបើព្រាហ្មណ៍នេះចង់បាននូវទ្រព្យធនអ្វី សូមព្រះអង្គយកខ្ញុំមទ្រីទៅលក់យកទ្រព្យដាក់ទានដល់ព្រាហ្មណ៍ស្មូមតាមព្រះរាជសទ្ធាចុះ ខ្ញុំមទ្រីស្ម័គ្រចិត្តជួយបំពេញទានបារមីរបស់ព្រះអង្គឥតប្រកែកឡើយ”។ ព្រះអង្គក៏ប្រទានព្រះនាងមទ្រីដល់ឥន្ទព្រាហ្មណ៍នោះ។ កាលនោះ ផែនដីកម្រើកជាលើកទី៦។
ចំណែកឥន្ទព្រាហ្មណ៍ កាលបានទទួលព្រះរាជទានព្រះនាង មទ្រីហើយក៏មានចិត្តសោមន្សយ៉ាងក្រៃលែងហើយក្រាបបង្គំទូលសរសើរនូវព្រះហប្ញទ័យដ៏សប្បុរសអស្ចារ្យនៃព្រះក្សត្រាក្សត្រីទាំងពីរព្រះអង្គ។ ក្នុងខណៈនោះឥន្ធព្រាហ្មណ៍បានក្លែងភេទជាទិព្វដ៏វិចិត្ររុងរឿងមួយរំពេច ហើយទ្រង់បានប្រគល់ថ្វាយនូវព្រះនាងមទ្រីដល់ព្រះបាទស្រីវេស្សន្តរវិញ ហើយថានឹងប្រទានព្រះពរដល់ព្រះអង្គ។ ព្រះវេស្សន្តរបានសូមព្រះពរអំពីព្រះឥន្ធធិរាជ៨ប្រការគឺៈ
ទី១ សូមឲ្យព្រះវររាជបិតា ស្តេចមកនាំយកយើងខ្ញុំត្រឡប់ទៅព្រះនគរវិញ។
ទី២ សូមឲ្យយើងមានអំណាច អាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីសេចក្តីស្លាប់។
ទី៣ សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ទុគ៌តទូទៅឲ្យផុតក្តីលំបាកតោកយ៉ាក។
ទី៤ សូមកុំឲ្យយើងខ្ញុំមានចិត្តត្រេកត្រអាលក្នុងផ្លូវកាមគុណជាអកុសល។
ទី៥ សូមឲ្យចៅជាលី និងនាងក្រឹស្នា បានគ្រប់គ្រងបុរីពិជ័យជេតុត្តរ។
ទី៦ កាលបើយើងខ្ញុំបានទៅដល់បុរីរាជធានីហើយ សូមឲ្យមានអាហារទិព្វកើតឡើងរៀងរាល់ថ្ងៃ។
ទី៧ សូមឲ្យការបរិច្ចាគទានរបស់យើងខ្ញុំ កុំបីមានខ្វះកន្លះអ្វីឡើយ។
ទី៨ ក្រោកការរំលាយបញ្ចក្ខន្តហើយ សូមឲ្យយើងខ្ញុំបាន ទៅកើតក្នុងឋានតុសិតទេវលោកកុំបីខានឡើយ។
ព្រះឥន្ទ្រាធិរាជបានប្រសិទ្ធីពរទាំង៨ប្រការ ថ្វាយព្រះវេស្សន្តរ និងព្រះនាងមទ្រីហើយក៏ទៅកាន់ឋានត្រៃត្រឹង្សសួគ៌នាយវិញហោង។
(ចប់ កណ្ឌទី១០ កណ្ឌកសក្កបាព៌ សូមរងចាំតាមដានកណ្ឌទី១១ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព