ផ្ទះប៉ិត

ជាប្រភេទផ្ទះមានដំបូលផ្គុំឡើងដោយប្រើជញ្ជាំងឈើ៤ផ្ទាំង មានកម្ពស់ស្មើគ្នាដូចរាងការ៉េ តែផ្ទះប៉ិតខ្លះអាចមានជញ្ជាំងទ្រវែងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដូចជារាងចតុកោណកែង ហើយនៅផ្នែកដំបូល គឺពុំមានហោជាងដូចប្រភេទផ្ទះកិងនោះទេ។ ផ្ទះប៉ិត បើមើលប្លង់ផ្ទះឃើញថា មានទ្វារមួយនៅចំកណ្តាលនៃជញ្ជាំងផ្ទះរាងទ្រវែងទំហំធំជាងគេ។ ផ្ទះប្រភេទនេះអាចពង្រីកបន្ថែមដំបូលបាន ប៉ុន្តែជាធម្មតាមានត្រឹមពីរខ្នង ហើយជួនកាលគេអាចពង្រីកបញ្ចូលគ្នាមានច្រើនរហូតដល់ប្រាំខ្នងក៏មាន។ ពាក្យថា “ប៉ិត” មានន័យថា អារ ចិត កាប់ ឬកាត់ ឧទាហរណ៍ អារឱ្យដាច់ប៉ិត កាត់ឱ្យប៉ិត ឬកាប់ឱ្យប៉ិត ចិតឱ្យប៉ិតជាដើម ដែលជាការនិយាយសាមញ្ញារបស់អ្នកស្រុក តែម្តងម្កាលក៏ធ្លាប់ឮអ្នកក្រុង និយាយខ្លះដែរ។ ន័យមួយបែបទៀត ដែលសំដៅទៅឈ្មោះប្រភេទផ្ទះមួយផ្សេងពីផ្ទះកន្តាំង និងផ្ទះរោងដោល គឺមានសណ្ឋានដូចគេប៉ិតត្រង់ចុងមេដំបូលទាំងពីរសង្ខាងដែលគេឱ្យឈ្មោះថា ”ផ្ទះប៉ិត”។

នៅសម័យអាណានិគមបារាំង អំឡុងស.វទី១៩ ប្រភេទផ្ទះប៉ិតនេះមានប្រជាប្រិយភាពខ្លាំង ជាក់ស្តែងក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្តិមុនីវង្ស ប្រជាជនខ្មែរសម័យនោះ និយមសង់ផ្ទះប៉ិតគ្មានហោជាងមុខក្រោយឡើយ និងក្រោយមកទៀត សំណង់ផ្ទះប៉ិតបានវិវត្តពីសំណង់ជាសសរ២ជួរ ថែមទៅជាសសរបីជួរ ដើម្បីពង្រីកផ្ទៃផ្ទះឱ្យធំទូលាយ។ លុះមកដល់រជ្ជកាលព្រះបាទសម្តេចនរោត្តមសីហនុ ខ្មែរនៅតែនិយមសង់ផ្ទះប៉ិតនេះ​ច្រើន​ខ្នង ក្នុង​នោះ​មាន​ផ្ទះ​ធំ​មួយ​ខ្នង ផ្ទះ​បាយ​មួយ​ខ្នង និងហោណាំង​មុខ​មួយ​ខ្នងដែលសង់ស្ទើរតែទាំងពាសពេញប្រទេសកម្ពុជា រីឯជនជាតិចាម ជ្វាក៏និយមធ្វើផ្ទះប៉ិតនេះដែរ។ ​ផ្ទះប៉ិត ជាទូទៅគឺមានការនិយមសង់ច្រើនពីអ្នកភូមិ បើយើងសង្កេតមើលតាមភូមិស្រុកមួយចំនួនក្នុងស្រុកខ្មែរ ដ្បិតអីផ្ទះប្រភេទនេះ គេងាយស្រួលសាងសង់ ដោយវាពុំមានរចនាសម្ព័ន្ធសាំរញ៉ាំច្រើន និងត្រូវចំណាយឈើច្រើនលើការរចនាដំបូល ព្រមទាំងអាចជួសជុលសង់បន្ទប់បន្ថែមបានយ៉ាងងាយស្រួលតាមតម្រូវការរបស់អ្នកភូមិ។

នៅសម័យដើមសំណង់ផ្ទះប៉ិត ពិតជាល្អប្រណិតណាស់ រួមទាំងគ្រឿងតុបតែងលម្អក្នុងផ្ទះ ដោយម្ចាស់ផ្ទះសុទ្ធតែមានទ្រព្យសម្បត្តិ និងឋានៈខ្ពង់ខ្ពស់ជាអ្នកសាងសង់ ឧទាហរណ៍ លោក ឧកញ៉ា ពិនិត្យ ភឹង សង់ផ្ទះប៉ិតនៅខេត្តបាត់ដំបង និងដង្ខៅ ស៊ុន ហ៊ី សង់ផ្ទះប៉ិតនៅ ខេត្តក្រចេះជាដើម។ លុះមកដល់សព្វ​ថ្ងៃនេះ សង្កេតឃើញ​មាននៅសល់សំណង់ផ្ទះប៉ិតខ្លះដែរ ដែលស្ថិត​នៅ​តាម​បណ្តាខេត្តនានានៅក្នុងស្រុកខ្មែរ ដូចជានៅខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាលជាដើម។ តែសំណង់ទាំងនោះ ខ្លះនៅល្អរឹងមាំដោយការថែរក្សាដិតដល់ពីម្ចាស់ផ្ទះ ខ្លះទៀតមានសភាពទ្រតទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ឈើ ដ្បិតអីសំណង់ឈើងាយនឹងទទួលរងការពុកផុយណាស់។ ម្យ៉ាងទៀត សំណង់ផ្ទះប៉ិតខ្លះត្រូវម្ចាស់រុះរើ ដោយស្ថានភាពផ្ទះទ្រតទ្រោម ឬអាចម្ចាស់ផ្ទះមានលទ្ធភាព និងបំណងចង់សាងសង់ផ្ទះបែបរចនាបថបច្ចុប្បន្ន។

សម្រាប់សំណង់ផ្ទះប៉ិត និងប្រភេទសំណង់ផ្ទះបុរាណផ្សេងៗទៀត ដែលនៅរឹងមាំល្អ ជាពិសេសផ្ទះបុរាណខ្មែរនៅខេត្តបាត់ដំបង និងក្រចេះ គឺជាទិសដៅសម្រាប់ទាក់ទាញភ្ញៀងទេសចរណ៍បែបប្រវត្តិសាស្រ្ត ឱ្យមកស្គាល់ពីសំណង់ផ្ទះបុរាណ ក៏ដូចជាសំណង់ ស្ថាបត្យកម្មផ្ទះខ្មែរដ៏អស្ចារ្យ ឧទាហរណ៍ផ្ទះប៉ិតបុរាណរបស់លោកយាយ ប៊ុន រឿង សង់ឡើងនៅឆ្នាំ១៩២០ ដែលបច្ចុប្បន្នបើកបម្រើឱ្យភ្ញៀវទេចរណ៍ចូលមកទស្សនា ពីឧបករណ៍ប្រើប្រាស់សម្រាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបថខ្មែរបុរាណសុទ្ធសាធ។ ម្យ៉ាងទៀត ការមកដល់របស់ភ្ញៀវទេចរណ៍ទាំងនេះ ក៏អាចជួយអភិវឌ្ឍន៍ជីវភាពរបស់សហគមន៍ក្នុងភូមិស្រុក និងបង្កើនការយល់ដឹងដល់អ្នកស្រុកឱ្យចូលរួមការពារ និងអភិរក្សសំណង់ផ្ទះបុរាណខ្មែរឱ្យបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!