ទំព័រដើមសិល្បៈរបាំក្រាប់

របាំក្រាប់

ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវប្បធម៌អរិយធម៌រុងរឿង ទម្រង់សិល្បៈសម្បូណ៌បែប មានចម្រៀង តន្ត្រី ល្ខោន របាំប្រជាប្រិយ របាំព្រះរាជទ្រព្យនាសម័យបុរាណគ្រប់គ្រងនិងទំនុកបម្រុងដោយព្រះមហាក្សត្រ និងរបាំប្រពៃណីនៅជាប់ជាមួយនឹងប្រជារាស្ត្រជាពិសេសអ្នករស់នៅតាមជនបទស្រុកស្រែចម្ការក្នុងតំបន់ខ្ពង់រាបនិងតំបន់ភ្នំ តាមដងទន្លេ និងសមុទ្រ។ របាំប្រពៃណីខ្មែរមានដើមកំណើតកើតឡើងពីជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីពិធីនិងការកែកម្សាន្ត។

នៅក្នុងចំណោមរបាំប្រពៃណីខ្មែរដ៏សម្បូណ៌បែបទាំងនេះ«របាំក្រាប់» អ្នកខ្លះហៅថា «របាំក្រាប» ជារបាំប្រពៃណីមួយ ដែលពាក់ព័ន្ធនឹងធម្មជាតិនិងកសិកម្មស្រុកខ្មែរ ក៏ដូចជាជីវិតប្រចាំថ្ងៃនិងការកែកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្រែចម្ការ​រួមមាន របាំច្រូតស្រូវ របាំគោះត្រឡោក របាំនេសាទ របាំគោះអង្រែ និងរបាំក្រាប់នេះជាដើម។

របាំក្រាប់ មានក្រឡារបាំ កាយវិការក្រម៉ិចក្រម៉ើម កំប្លុកកំប្លែង សម្តែងផ្តោះផ្តងរវាងអ្នករាំប្រុសនិងស្រីនិងអត្ថន័យខ្លឹមសារសាមញ្ញងាយយល់ដែលញ៉ាំងឲ្យរបាំក្រាប់ មានប្រជាប្រិយភាពខ្លាំង ជាពិសេសនៅចុងទសវត្សទី៦០ ដើមទសវត្សទី៧០ និងក្រោយសម័យប្រល័យពូជសាសន៍ប៉ុល ពត។ នាពេលបច្ចុប្បន្ន របាំក្រាប់ក៏ដូចជារបាំប្រពៃណីខ្មែរមួយចំនួនទៀតដែរ គឺគេមិនសូវបានឃើញសម្តែងឡើយ ដោយកត្តាផ្សេងៗមានបរិបទ​សកលភាវូបនីយកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបដែលផ្តល់ដល់ប្រជាជននិងទស្សនិកជននូវទម្រង់កែកម្សាន្តថ្មី ទំនើប ជម្រើសសម្បូណ៌បែប និងងាយស្រួល ហើយយើងក៏មិនបានបង្កើតជាកម្មវិធីផ្សព្វផ្សាយឱ្យទូលំទូលាយផង ដែលធ្វើឱ្យ ជាពិសេសយុវ័យមិនបាន​រៀនសូត្រយល់ដឹងជ្រៅជ្រះអំពីរបាំប្រពៃណីខ្មែរ ឈប់គិតនិងមិនចាប់អារម្មណ៍អំពីរបាំក្រាប់និងសិល្បៈបុរាណនិងប្រពៃណីខ្មែរឯទៀតៗ។

របាំក្រាប់ កំដរដោយវង់តន្ត្រីមហោរី ដែលមានឧបករណ៍តន្ត្រី រនាត ទ្រ ក្រពើ (តខេ) ឃឹម ខ្លុយ ឈឹង និងស្គរដៃ ឬទៅតាមលទ្ធភាពនិងធនធានរបស់អ្នករៀបចំកម្មវិធី ដោយគ្មានចម្រៀងឡើយ។ ឯបទភ្លេងតែមួយបទ ដែលគេប្រើសម្រាប់កំដររបាំក្រាបនោះ គឺបទ «អណ្តើកស៊ីត្រកួន»។ របាំក្រាប់ ជារបាំសម្រាប់កែកម្សាន្តឬកំដរនិងញ៉ាំងបិរិយាកា​សឱ្យសប្បាយរីករាយក្រោយពេលច្រូតកាត់រួច ការជួបជុំគ្នា ឬនៅក្នុងកម្មវិធីសម្តែងសិល្បៈផ្សេងៗ។

របាំប្រពៃណីខ្មែរ គឺរបាំក្រាប់ ក៏ដូចជាសិល្បៈឯទៀតដែរ គឺស្ថិតនៅក្នុងទស្សនៈ «សិល្បៈជាកញ្ចក់ឆ្លុះសង្គម» ពោលគឺលាតត្រដាងឆ្លុះបង្ហាញអំពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ មានជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី ធម្មជាតិ ជីវិតនិងសកម្មភាពកសិកម្មរបស់ខ្មែរ។

ដើម្បីឲ្យសិល្បៈបុរាណនិងប្រពៃណីខ្មែររស់រានមានជីវិតនិងលូតលាស់រុងរឿងទៅ អនាគត ខ្មែរយើងត្រូវឲ្យតម្លៃ ទទួលស្គាល់ ស្រឡាញ់ ច្នៃប្រឌិត កែលម្អ លើកស្ទួយ ថែរក្សា និងផ្សព្វផ្សាយបន្ត ជាពិសេសយុវវ័យខ្មែរ ដែលជាទំពាំងស្នងឫស្សីនិងអ្នកបន្តវេន។

————————————————————–

Bamboo Clapper Dance

The Khmer folk dance repertoire encompasses dances belonging to ethnicity, creed, religion, custom, tradition, ceremony, and entertainment. Khmer folk dance rests itself so simply on the dance choreography, vivacious and comic body movement, and facial expressions embedded with the Khmer peasant’s subject matters which are easily understood. The dances are, by and large, accompanied by the Mohori ensemble. However, some may musically require specific instrumental combinations suitable for the given dances, which are performed for ceremonies and rituals, a celebration of hard works after a productive harvest, entertainment, or mere artistic programming. Khmer folk dance is indeed a mirror that reflects the Khmer peasant society—its livelihoods, beliefs, and activities. The Bamboo Clapper Dance is looked upon merely as entertainment and a celebration of the completion of hard work.

Khmer country-folks live a simple and joyful life. They organize ceremonies and festivals connected with religion, creed, tradition, custom, and recreation all year round. Many of the Khmer folk dances are the results of these ideals. The Bamboo Clapper Dance, for instance, was created to fulfill this purpose.

“Krapp” is a very dry and brutal word reminiscent of the friction of two pieces of bamboo hitting one another. In this dance, the Krapp or bamboo slats and clappers are the necessary instruments used to create the rhythms that accompany the dance. The Bamboo Clapper Dance is considered to be perhaps the most Khmer of all dances. It is the freest and joyful dance and is said to be expressive of the spontaneous joyfulness of the Khmer country-folks. In the past, the dance was seen everywhere, a tribute to its popularity.

Although the theme, choreography, and music entitled Andoeuk Si Trakuon “Turtle Eats the Morning Glory” (is the only piece used) are fixed, while the comic dance of uninhibited costumes, animated faces, and creativity are all seen by the audience as having great charm and humor. 

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!