ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈមឈូសរបស់ព្រះបាទសូរ្យ វរ្ម័នទី២នៅប្រាសាទអង្គរវត្ត

មឈូសរបស់ព្រះបាទសូរ្យ វរ្ម័នទី២នៅប្រាសាទអង្គរវត្ត

ក្នុងអត្ថបទរបស់ខ្ញុំស្តីពីតួនាទីមឈូស និងកោដ្ឋក្នុងសង្គមខ្មែរ បានបង្ហាញរួចហើយពីមឈូសថ្មដែលរកឃើញក្នុងតំបន់អង្គរ គឺមានចំនួន២៥ ក្នុងនោះមឈូសចំនួន៤មាននៅប្រាសាទអង្គរវត្ត ហើយលោកហ្សកសឺដេសបានបង្ហាញមឈូស២រួចហើយ។ ថ្មីនេះ ខ្ញុំបានជួបប្រទះមឈូស២ផ្សេងទៀតនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មួយមានទំហំតូចឋិតនៅខាងត្បូងក្តារបែន និងមួយទៀតដើមឡើយឋិតនៅក្នុងបរិវេណវត្តអង្គរខាងត្បូង ហើយក្រោយមកបុគ្គលិកអាជ្ញាធរអប្សារាបានយកទៅទុកក្នុងអាគាររក្សាវត្ថុសិល្បៈរបស់អាជ្ញាធរជាតិអប្សារា។

តាមរូបថត និងអត្ថបទលោកសឺដេស មឈូស២ដំបូង គឺស្ថិតនៅរួតទី៣ ទិសនិរតិនៃបាកាណ (ប្រាង្គកណ្តាល) ក្រោយមកគេបាន ចល័តយកទៅទុកនៅក្រោយព្រះអង្គងោក (ខាងជើងឈនៃប្រាសាទបាយ័ន្ត)។ មឈូសទាំង២នេះ មានរាងជាចតុកោណកែង មានទំហំធំល្មម (១៤០ទៅ១៥០សង់ទីម៉ែត្រ)។ មឈូសថ្មទី៣(ថ្មី) មានរាងចតុកោណកែង មានទំហំតូច ប្រវែងបណ្តោយ ៨៤ស.ម និងទទឹង៣៩ស.ម។ មឈូសទី៤(ថ្មី) មានរាង៤ជ្រុងស្មើ (ការ៉េ) មានទំហំ ៨៣ស.មx៨៣ស.ម និងកំពស់៤១ស.ម។ មឈូសទាំង៤នេះមានលក្ខណៈខុសៗគ្នា មឈូសទី១ មានរន្ធចំនួន៩ (តូច៨តាមជ្រុងនីមួយៗ និងធំ១នៅចំកណ្តាល) នៅលើផ្ទៃបាតខាងក្នុងរបស់មឈូស និងរន្ធបង្ហូរទឹករងៃនៅជញ្ជាំងម្ខាងបណ្តោយនៃមឈូស។ មឈូសទី២ ពុំមានរន្ធ៩ទេ តែមានរន្ធបង្ហូរទឹករងៃចំនួន២នៅជញ្ជាំងម្ខាងបណ្តោយនៃមឈូស។ មឈូសទី៣ តូចមានរន្ធបង្ហូរទឹករងៃនៅផ្ទៃជញ្ជាំងម្ខាង។ មឈូសទី៤ មានរាងការ៉េ មានក្បាច់លំអយ៉ាងប្រណិតនៅលើជញ្ជាំងខាងក្រៅទាំង៤ជ្រុង និងមានរន្ធបង្ហូរទឹករងៃ១ដែលផ្នែកខាងក្រៅលម្អដោយរូបក្បាលកាលា ឬកេរ្តិ៍មុខ។ មឈូសទាំង៤នេះ អាចជាមឈូសនៃសមាជិករាជវង្សព្រះបាទសូរ្យវរ្ម័នទី២ ដែលមឈូសទី១ និងទី២អាចជារបស់មហេសីទី៣ជារបស់រាជបុត្រ និងទី៤ជារបស់ព្រះបាទសូរ្យវរ្ម័នទី២។

តើមានភស្តុតាងអ្វីដែលអាចបញ្ជាក់ថា មឈូសទី៤ គឺជាមឈូសរបស់ព្រះបាទសូរ្យវរ្ម័នទី២?

វាពិបាក និងឱ្យយើងជឿលើសម្មតិកម្មមួយនេះណាស់ តែខ្ញុំសូមលើកយកចំនុចមួយចំនួនមកបង្ហាញ៖ ១.ទស្សនៈលើសេចក្តីស្លាប់ ជាជំនឿដែលធ្វើអោយខ្មែរខិតខំរៀបចំ និងធ្វើអ្វីសម្រាប់ទទួលនូវផលល្អក្នុងជាតិមុខ។ ២. ខ្មែរបានអនុវត្តពិធី២ដើម្បីអោយបានកើតនៅជាតិមុខ គឺការបញ្ចុះសព និងការបូជាសព។ មុនទទួលនូវឥទ្ធិពលសាសនា ខ្មែរមានទំនៀមបញ្ចុះសពរួចហើយ ក្រោយមកបានរួមបញ្ចូលនៅពិធីបូជា ព្រោះក្នុងគោលបំណង ប្រែរូប គឺមានន័យថា ប្រែព្រលឹងអ្នកស្លាប់ពីព្រលឹងព្រៃ ទៅជាព្រលឹងដែលអាចទៅចាប់ជាតិថ្មី (ព្រលឹងសង្គម) បើមិនមានការប្រែរូបទេ ព្រលឹងអ្នកស្លាប់ និងពុំអាចទៅចាប់កំណើតថ្មីបានទេ ហើយដើម្បីប្រែរូបបាន លុះត្រាតែសពនោះត្រូវបានបូជាដោយព្រះភ្លើងរួចហើយ។ ៣. ជាឋានុនក្រមមនុស្សខ្មែរ រាស្ត្រសមញ្ញ មន្ត្រី ឬបុព្វជិក គឺគេកប់សាកសពក្នុងដី។ ចំពោះព្រះសពព្រះរាជា ឬពេលខ្លះខ្សែរាជវង្ស គឺគេមិនបានបញ្ចុះក្រោមដីទេ គេតែងរក្សាព្រះសពនៅទីខ្ពស់ ដោយសាងប្រាសាទ ឬសំណង់ឈើវិចិត្រមួយ (តំណាងអោយភ្នំព្រះសុមេរុ)សម្រាប់តម្កល់។ ដោយមានជំនឿយ៉ាងមុតមាំ ធ្វើអោយព្រះរាជាសម័យអង្គរមួយចំនួនតែងសាងប្រាសាទក្នុងគោលដៅក្រោយសេចក្តីស្លាប់របស់ព្រះអង្គ តួយ៉ាងដូចជាប្រាសាទអង្គរវត្តជាដើម។ បើពិនិត្យចម្លាក់នៅជញ្ជាំងខាងលិចថែវខាងក្រៅជ្រុងអាគ្នេយ៍ នៃប្រាសាទបាយ័ន មានបង្ហាញពីពិធីបុណ្យព្រះសព អាចជាមឈូសរបស់ខ្សែរាជវង្សដែលគេតម្កល់នៅទីខ្ពស់ក្នុងរោងមួយមានតុបតាំងយ៉ាងសមសួន និងមានមនុស្ស ជាច្រើនអង្គុយជុំវិញបង្ហាញកាយវិការគោរព។

តើប្រាសាទអង្គរវត្តសាងឡើងក្នុងគោលដៅអ្វី?

លោក G. Cœdès និងលោក M. Pr zyluski បានសរសេរអត្ថបទពន្យល់រួចហើយ ថាអង្គរវត្តជាប្រាសាទ និងជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២។ សម្រាប់ខ្ញុំយល់ថាអង្គរវត្តមិនមែនជា ផ្នូរ ទេ ពោលគឺអង្គរវត្តជាប្រាសាទសម្រាប់តម្កល់ព្រះសព (ទីតម្កល់ព្រះសព) ព្រោះព្រះសពព្រះអង្គមិនត្រូវបានគេបញ្ចុះនៅក្រោមប្រាសាទដូចស្តេចនៅអេហ្ស៊ីប ឬផ្នូរស្តេចចិនទេ គឺគេរក្សាព្រះសពព្រះអង្គនៅក្នុងប្រាង្គកណ្តាលរបស់ប្រាសាទអង្គរវត្ត ដោយមានថ្មជាជើងទម្ររបស់មឈូសទៀតផង។     

តើមានចំនុចត្រង់ណាដែលបញ្ជាក់ថាមឈូសទី៤ជាមឈូសរបស់ព្រះបាទសូរ្យវរ្ម័នទី២?

មឈូសទាំង៤របស់ប្រាសាទអង្គរវត្តមានលក្ខណៈខុសៗគ្នា ហើយមឈូសទី៤មានចំនុចសំខាន់ខុសគេជាច្រើន ដែលអាចអោយយើងសន្និដ្ឋានថា វាប្រហែលជាមឈូសរបស់ព្រះបាទសូរ្យវរ្ម័នទី២ដូចជា៖ (១).មានរាង៤ជ្រុងស្មើ (២).រចនាដោយក្បាច់លម្អជាច្រើនពិសេសក្បាច់ត្របកផ្កាឈូកនៅតាមផ្ទៃជញ្ជាំងខាងក្រៅទាំង៤ (៣).ទំហំមឈូសសមមាត្រទៅ និងជើងទម្រធំមួយនៅជ្រុងឦសាននៃប្រាង្គកណ្តាល (មានរន្ធតូចៗចំនួន៨ និង១កណ្តាលដូចបាតខាងក្នុងមឈូសទី១) (៤).ចំនុចពិសេស គឺមានសិលាចារឹកមួយជួរនៅជ្រុងឈម និងរន្ធបង្ហូរទឹករងៃ តែសិលាចារឹកនោះសឹករលប់មិនអាចអានបាន។

ហើយជើងទម្រធំតែមួយគត់ដែលបានគេរើចេញពីប្រាង្គកណ្តាលមកដាក់នៅជ្រុងឦសាន នេះអាចជាជើងទម្ររបស់មឈូស ព្រោះផ្ទៃខាងលើរបស់វាមានគែម ហើយផ្ទៃខាងក្នុងគែមមានទំហំ៩២ស.ម×៩២ស.ម ដែលល្មមទៅនឹងទំហំមឈូសដែលអាចដាក់ចូលក្នុងចន្លោះនោះបាន។ មួយវិញទៀត មឈូសទី៤នេះ គេបានលើកយកមកក្រោមប្រហែលជាក្នុងពេលធ្វើពិធីបុណ្យបូជាព្រះសព។ ដោយយោងលើចំនុចពិសេសទាំងនេះ ដែលអាចឱ្យខ្ញុំសន្និដា្ឋនថា មឈូសទី៤នេះ គឺអាចជាមឈូសរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដោយមានមរណនាមហៅថា វ្រះបាទកម្រតេងអញបរមវិស្ណុលោក

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!