ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់គ្រុឌក្នុងសិល្បៈខ្មែរ

ចម្លាក់គ្រុឌក្នុងសិល្បៈខ្មែរ

គ្រុឌ គឺជាឈ្មោះមួយនៃសត្វបក្សីនៅក្នុងរឿងទេពកថារបស់ឥណ្ឌា (Mahabharta) និងជាយាន ជំនិះ​របស់​ព្រះវិស្ណុ និងជាសត្រូវសួរពូជនឹងសត្វនាគ ហើយគ្រុឌក៏ជានិមិត្តរូបនៃកម្លាំង ភាពអង់​អាចក្លា​ហាន​ និងភាពរវាសនៃការហោះហើរ ព្រមទាំងអាចហោះទៅកាន់ឋានសួគ៌ និងអាចហោះទំលុះមេឃ​បាន។​ ជាទូទៅគ្រុឌបង្ហាញក្នុងសិល្បៈខែ្មរមានដងខ្លួន និងដៃដូចជាមនុស្ស មានចំពុះ ស្លាប ជើង និង​ក្រញុំាដូចជាសត្វឥន្ទ្រី។

ពាក្យថា “គ្រុឌ” មកពីពាក្យ​សំស្ក្រឹតមានន័យថា គរុឌ ឬ គរូឌ (Garuda) ហើយពាក្យបាលីមាន​ន័យថា គុរុឡ “គ្រុឌ សត្វសសេះ”។ តាមរយៈអត្ថបទ​ទេពកថា​ឥណ្ឌាបាន​បរិយាយថា គ្រុឌមានឪពុក​ឈ្មោះកស្យប (Kasyapa) មានប្រពន្ធ​ពីរឈ្មោះនាង​កទូ្រ (Kadrū​) និង​នាងវិនតា (Vinatā) ដែលត្រូវ​ជា​កូនស្រីរបស់ទ័ក្ស (Daksha) និងជា​ម្តាយ​របស់សត្វ​គ្រុឌ។ គ្រុឌមានភរិយាឈ្មោះថា ឧណ្ណតិ ឬ វិនាយកា មានបុត្រមួយឈ្មោះថា សម្បាតិ ខ្លះយល់ថាជតាយុក៏ជាបុត្ររបស់គ្រុឌដែរ។ ក្រៅពីនេះសត្វគ្រុឌ​ ក៏មានបង្ហាញតាមរឿងទេពកថាដូចជារឿងកូរសមុទ្រទឹកដោះ រឿងក្រឹស្ណៈបង្រ្កាប​នាគ​កាល្យណ៍ និងរឿងគ្រុឌជាយានជំនិៈរបស់ព្រះវិស្ណុ ជាដើម។

ចម្លាក់គ្រុឌនៅក្នុងសិល្បៈខែ្មរ គឺភាគច្រើនទទួលឥទ្ធពលពីឥណ្ឌាដែលហូរចូលមកក្នុង​ប្រទេស​ខ្មែតាំងពីដើមនៃគ្រឹស្គករាជ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺខ្មែរបានកែច្នៃឱ្យក្លាយទៅជា​សិល្បៈ​របស់ខ្លួន។ ក្នុងនោះចម្លាក់សត្វគ្រុឌត្រូវបានបង្ហាញឡើងស្ទើរតែគ្រប់កន្លែងតាមរយៈរូបបដិមាមាន​ទាំងថ្ម និង​សំរិ​ទ្ធ និងសំណង់លម្អស្ថាបត្យកម្មនៃប្រាសាទដូចជា លើផ្តែរ សសរផ្អោប ហោងជាង បង្កាន់ដៃ និងមេ​ដៃ​យ៉ុង។ ជាទូទៅគ្រុឌ​បង្ហាញ​ជារូបកិន្នរមានដុះក្បាលពោះដែលស្រដៀងទៅនឹងលក្ខណៈរបស់ឥណ្ឌា និងអាចឱ្យយើងដឹង​ពីការ​ចំ​លង​សិល្បៈពីឥណ្ឌារួមមាននៅបណ្តារូងភ្នំចុងក្រោយនៅ Ajanta និងបណ្តារូងភ្នំ ដំបូងៗនៅ Ellora។ គ្រុឌចាប់ផ្តើមមានវត្តមានដំបូង​ក្នុងអាណាចក្រខ្មែរនាសតវត្សទី៧ ​នៃគ.ស ​ស្ថិត​នៅក្នុង​រចនាបថសម្បូរព្រៃគុកនៃប្រាសាទសម្បូរព្រៃគុក ដែលបង្ហាញក្នុងមេដៃយ៉ុងនៅចំកណ្តាលអង្កត់ធ្នូ សក់មានផ្នត់ធំៗ ច្រមុះវែងធំៗ ភែ្នកលៀន និងមាន​ពាក់​ក្រវិលរាងមូលៗ ប៉ុន្តែហាក់សំដែងនូវភាពគ្មានសម្រស់ និងមានទ្រទ្រាយជាមនុស្សមាឌ​ក្រអាញពោះរាងធ្លាក់រយាក និង​មានសត្វម្ករនៅសង្ខាង ថែមទាំងក្បាច់ផ្ការំយោងនៅក្រោមដងធ្នូនៃផ្តែរ។

ចម្លាក់គ្រុឌបង្ហាញ ក្នុងមេដៃយ៉ុងនៅផ្នែកកណ្តាលនៃអង្កត់ធ្នូ​ក្នុង​​រចនាបថសំបូរព្រៃគុក (ប្រភាពៈសារមន្ទីរជាតិភ្នំពេញ)

ក្នុងសម័យអង្គរដើមសតវត្សទី៩ គ្រុឌបង្ហាញឡើងលើផ្តែរនៅចំពាក់កណ្តាលអង្កត់ធ្នូដែល​ពេ​ល​នោះចម្លាក់គ្រុឌដើរតួនាទីជាយានជំនិះរបស់ព្រះវិស្ណុផងដែរ។ ជាស្តែងមានដូចជា នៅ​ប្រាសាទ​ព្រះគោ​ផ្តែរមានសភាពល្អ និងការឆ្លាក់គួរឲ្យចាប់អារម្មណ៍ គឺបង្ហាញពីព្រះវិស្ណុជិះលើគ្រុឌចាប់​នា​គ​ពីរក្បាល​ដែលខ្លួននាគគេឆ្លាក់ជាទម្រង់អង្កត់ធ្នូ​ ក្បាច់រំយោលផ្កា និងក្បាច់ភ្ញីភ្លើង​ផេ្សងៗទៀត​ផង​។

ចម្លាក់គ្រុឌជាយានជំនិះរបស់ព្រះវិស្ណុ​នៅលើផ្តែរប្រាសាទព្រះគោ
ព្រះវិស្ណុជិះលើគ្រុឌកំពុង​ប្រយុទ្ធ​ជា​មួយកង​ទ័ព​អសុរៈ
នៅថែវខាងជើងប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត

ចំណែកឯផ្ទាំងចម្លាក់ប្រាសាទអង្គរវត្តនៅថែវខាងជើងប៉ែកខាងលិច និយាយ​ពី​រឿងរ៉ាវ​ធ្វើ​សង្រ្គា​មរបស់​ព្រះវិស្ណុ ឬ ក្រឹស្នៈជាមួយអសុរៈ (Asura) បង្ហាញពីព្រះវិស្ណុជិះលើគ្រុឌដែលកំពុង​ប្រយុទ្ធ​ជា​មួយកង​ទ័ព​អសុរៈ។ ព្រមជាមួយគ្នានោះ ប្រាសាទព្រះខ័ន​គ្រុឌបង្ហាញ​ជាក្បាច់លម្អដែល​ឆ្លាក់​នៅតាមជ្រុង​នៃ​ផ្នែកខាងលើជញ្ជាំង និងបង្ហាញក្នុងទម្រង់ដ៏ធំមហិមា​ និង​មាន​ភាព​​ទាក់ទាញជាងគេ​បំផុត​ដែល​គ្រុឌ​សម្រាប់លម្អស្ថាបត្យកម្ម ជាអ្នកទ្រ និងការពាររបង​ជញ្ជាំ​ង​ព័ទ្ធ​ជុំវិញប្រាសាទព្រះខ័ន ។ ចំណែកឯ​គ្រុឌនៅតាមជណើ្តរអក្ស័កណ្តាលនៃទីព្រលានជល់ដំរី ក៏បានបង្ហាញជាលក្ខណៈ​ក្បាច់​លម្អ​មានទម្រង់​ធំៗនៅតាមជញ្ជាំងដូចនៅប្រាសាទព្រះខ័នដែរ និងមានរំយោងផ្កាតាមចន្លោះ ​នៃរូប​គ្រុឌ​និមួយៗ។

ក្នុងនោះរូប​ព្រះវិស្ណុជិះលើគ្រុឌក៏មានបង្ហាញតាមរយៈរូបបដិមា​ធ្វើពី​សំ​រិ​ទ្ធ ដោយ​ព្រះអ​ង្គ​មានព្រះហស្ថបួន​កាន់នូវ​កេតនភ័ណ្ឌខុសៗគ្នារួមមាន ព្រះហស្ថស្តាំផែ្នកខាងលើកាន់​កង​ចក្រ ផែ្នកខាង​ក្រោមកាន់ដាវ ឬ ដំបង រីឯព្រះហស្ថឆ្វេងផ្នែកខាងលើកាន់អាវុធមុខបី និងផ្នែកខាង​ក្រោមកាន់​ខ្យង​សង្ខ័ ឬ ផ្កាឈូក។ ម្យ៉ាង​ទៀ​ត​ព្រះអង្គឈរលើស្មាគ្រុឌមានសំលៀកបំពាក់ ​ដូចជាអ្នក​របាំ​សម័​យ​បច្ចុប្ប​ន្ន និងមានគ្រឿង​អលង្កា​ល​ម្អ​ជា​ច្រើន។ ចំណែកគ្រុឌវិញដៃពីរលើកឡើងលើ​សំលៀកបំពាក់ ដូចជា​ព្រះ​វិស្ណុ​ដែរ លម្អដោយស្រង​ក​ធំ​មួយ​ខ្សែ និងបង្ហាញក្បាច់លម្អយ៉ាងស្អា​ត គឺ​បញ្ចេញនូវភាពអស្ចារ្យ​របស់សត្វ​នេះ។

រហូតមកដល់សម័យក្រោយអង្គរ​ ចាប់ពីសតវត្សទី១គឺមានការផ្តូរសាសនាពីព្រហ្មញ្ញសាសនាមក ព្រះពុទ្ធសាសនាថេរវាទ ហើយរាល់សម្ភារៈសំណង់ស្ថាបត្យកម្មជាច្រើនដែលសាងក្នុងសម័យនេះ ត្រូវបានផ្លាស់ប្តូរជាសំណង់វត្តអារាមធ្វើពីឈើ។ ក្នុងនោះចម្លាក់គ្រុឌត្រូវបានបង្ហាញជាក្បាច់លម្អ​ធ្វើ​ពី​ឈើតាមក្បាលសសរ ហោងជាងនៃព្រះវិហារ និងផ្ទាំងគំនូរដែលនិយាយពីរឿងផ្សេងៗ។ រូប​គ្រុឌ​លម្អ​នៅលើហោងជាង ធ្វើពីឈើលើព្រះវិហារនៃវត្តរាជបូរណ៍សតវត្សទី១៩ បង្ហាញក្នុងទម្រង់ព្រះវិស្ណុ​ជិៈ​គ្រុ​ឌ​។ ចំណែកគ្រុឌលើផ្ទាំងគំនូរមានបង្ហា​ញនៅថែវខាងជើង នៃព្រះវិហារព្រះកែវមរកត​ក្នុងរឿង​រាមកេរ្តិ៍ត្រង់ឈុតគ្រុឌចុះមកដេញកំចាត់ពស់ ដោយចាប់ពស់នឹងដៃទាំងពីរ។

ចម្លាក់ព្រះវិស្ណុជិះគ្រុឌលើហោងធ្វើពីឈើនៃព្រះវិហារវត្តរាជបូរណ៍ ខេត្តសៀមរាប

ជារួមសត្វគ្រុឌ គឺជាសត្វបក្សីដែល​ជានិមិត្ដរូបនៃ​កំលាំង ថាមពល នៃភាពអង់អាចក្លាហាននៅក្នុងការហោះហើរ។ នៅក្នុងសិល្បៈខ្មែរ គ្រុឌមានតួនាទីច្រើនយ៉ាង គឺជាយានជំនិះរបស់ព្រះវិស្ណុ ជាទម្រ ជាការលម្អ​ទៅលើផ្នែកផ្សេងៗនៃសំណង់ស្ថាបត្យកម្មទាំងនៅលើសំណង់ប្រាសាទ និងសំណង់ព្រះវិហារ។ ចម្លាក់​គ្រុឌដែលបង្ហាញនៅក្នុងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរជាលើកដំបូងគេ ឃើញមានវត្ដមានក្នុង​រចនា​បថសំបូរព្រៃគុកនៅចំផ្នែកកណ្ដាលនៃផ្ដែរទ្វារស្ថិតនៅក្នុងមេដៃយ៉ុងដែល​ពេលនេះ មើលទៅគ្រុឌគ្មាន​ចលនា គ្មានសម្រស់។ ចូលមកដល់សម័យអង្គរចម្លាក់គ្រុឌមានការវិវត្ដន៍បន្ដិចម្ដងៗ ដោយគ្រុឌពេលនេះ​ឆ្លាក់ជាតួនាទីជាយានជំនិះរបស់ព្រះវិស្ណុ និងជាគ្រឿងលម្អសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ​។​ រហូតមកដល់សម័យក្រោយអង្គរគ្រុឌក៏នៅ​តែជា​ការពេញនិយមយកមកធ្វើជាគ្រឿងតុបតែងលម្អក្នុងសំណង់នានាមានដូចជា សំណង់ព្រះវិហារ និងវត្ត​អារាម។ ក្រៅពីនេះរូបគ្រុឌគឺមានការលម្អដោយគំនូរដែលគូរនៅលើជញ្ជាំង ឬពិដានដែលនិយាយ​ពី​រឿងរ៉ាវពុទ្ធប្រវត្ដិ ឬក៏រឿងព្រេងទេវកថាផ្សេងៗ។

អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!