ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីបុណ្យចូលព្រះវស្សា 

ពិធីបុណ្យចូលព្រះវស្សា 

វស្សានរដូវ ឬរដូវភ្លៀងធ្លាក់ជាពេលាដែលសត្វនិករទាំងឡាយ មិនអាចចាកចេញទៅឆ្ងាយដើម្បីស្វែងរកចំណី ឬប្រកបកិច្ចការងារទាំងឡាយដោយងាយស្រួល។ ម្យ៉ាងការចេញដំណើរទៅឆ្ងាយក្នុងពេលភ្លៀងធ្លាក់ក៏អាចនឹងប្រទះគ្រោះអាសន្នជាយថាហេតុ អាស្រ័យដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូល និងការនៅចាំវស្សាដល់ព្រះភិក្ខុសង្ឃស្របទៅតាមប្រពៃណីនេះ។ ចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនៈវាហារ ដែលសំដៅឲ្យដល់ភិក្ខុឈប់សម្រាកនៅទីកន្លែងណាមួយ (បើទោះមិនមែនជាវត្តក្តី) ដោយមិននិមន្តទៅទីណាឲ្យកន្លងរាត្រីអស់កំណត់វេលា៣ខែ២។ ប៉ុន្តែព្រះបញ្ញតិ្តនេះលើកលែងក្នុងករណីចាំបាច់មួយចំនួនដូចជា ឪពុកម្តាយ ឬគ្រូ​បាធ្យាយមានជំងឺធ្ងន់ ឬទទួលមរណៈភាព ឬឧបាសកឧបាសិកានិមន្តទៅសម្តែងព្រះធម៌ជាដើម។ ប៉ុន្តែបើទោះក្នុងករណីនេះក្តី ព្រះភិក្ខុសង្ឃត្រូវតាំងចិត្តថានឹងត្រឡប់មកវិញក្នុងរវាង៧ថ្ងៃ។

ជាប្រក្រតី ថ្ងៃចូលព្រះវស្សាក្នុងឆ្នាំដែលមានខែបកតិមាស គឺកំណត់ចូលនៅថ្ងៃ១រោច ខែអាសាធ និងចេញទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ ប៉ុន្តែបើចូលនៅក្នុងឆ្នាំដែលមានខែអធិកមាស ការចូលព្រះវស្សាគឺនៅថ្ងៃ១រោច ខែទុតិយាសាធ ចេញទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ។ ក្នុងវេលាចូលកាន់ព្រះវស្សា ព្រះភិក្ខុសង្ឃគ្រប់អង្គក្នុងវត្តអារាមនានានឹងប្រមូលផ្តុំនៅរោងឧបោសថ វេលាម៉ោង៧យប់ ហើយតាំងអធិស្ឋានថា “អាត្មាអញនឹងនៅក្នុងឳវាសនេះអស់កំណត់៣ខែ”។ ត្រឹមតែសេចក្តីអធិស្ឋានប៉ុណ្ណេះ សម្រេចថាជាកិច្ចចូលព្រះវស្សាហើយ។

តាំងពីពុទ្ធកាលមក ក្នុងវេលាចាំព្រះវស្សាព្រះភិក្ខុសង្ឃទាំងឡាយតែងបំពេញប្រការ២យ៉ាង ដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ជាងពេលវេលាដទៃទៀត។ ប្រការទី១ ហៅថា គន្ថធុរៈ ដែលសំដៅចំពោះការរៀនសូត្រធម៌វិន័យ ក្នុងនោះមានគម្ពីរព្រះត្រៃបិដកជាដើម។ ប្រការទី២ ហៅថា វិបស្សនាធុរៈ គឺសំដៅដល់ការចម្រើនសមណធម៌ ដែលជាធម៌រំងាប់ចិត្តឲ្យស្ងប់ រហូតដល់បានសម្រេចមគ្គផល។ អាស្រ័យដល់ការបំពេញកិច្ចធុរៈទាំងពីរនេះរបស់ព្រះសង្ឃ នាំឱ្យឧបាសកឧបាសិកាដែលប្រាថ្នាបុណ្យ មានសេចក្តីជ្រះថ្លាឧបត្ថម្ភផ្គត់ផ្គង់ ដោយបច្ច័យផ្សេងៗរួមមាន ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជៈជាដើម ប្រគេនចំពោះព្រះសង្ឃ ដើម្បីសម្រួលការព្រួយលំបាកទាំង​ឡា​យក្នុងរយៈបំពេញកិច្ចរងចាំព្រះវស្សានេះ។

ទៀនវស្សា  

ក្នុងសម័យដែលព្រះសម្មាសម្ពុទ្ធចូលចាំព្រះវស្សា ពុទ្ធសាសនិកទាំងឡាយបានឧបត្ថម្ភផ្គត់ផ្គង់ព្រះអង្គ ដូចនឹងព្រះសង្ឃគ្រប់អង្គដែរ។ រហូតដល់ព្រះអង្គចូលព្រះនិព្វានទៅ ការបំពេញកិច្ចទាំងឡាយ គឺធ្វើតាមពុទ្ធ​ឳវាទ។ ទន្ទឹមនឹងនោះដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ ពុទ្ធសាសនិកបានថ្វាយគ្រឿងសក្ការៈទាំងឡាយ មានទៀន ធូប ផ្កាភ្ញីជាដើម។ អាស្រ័យដល់ហេតុនេះ ទើបនៅ រដូវចូលព្រះវស្សា តែងមានសិតទៀនវស្សាថ្វាយជាសក្ការៈដល់ព្រះរតនត្រ័យ។ ការសិតទៀនវស្សា ជាកិច្ចដែលរាល់ពុទ្ធសាសនិកទាំងឡាយអាចធ្វើបាន ដូច្នេះគឺរួមទាំងប្រជានុរាស្រ្ត និងព្រះមហាក្សត្រ។ ដោយឡែក​ សូមលើកបង្ហាញកិច្ចរបស់ព្រះមហាក្សត្រក្នុងការសិតទៀនវស្សា។

សិតទៀនវស្សា

ការសិតទៀនវស្សានៅក្នុងព្រះបរមរាជវាំង សម្រាប់ឆ្នាំដែលមានខែ១២ធម្មតា គឺធ្វើនៅថ្ងៃ៨កើត​ ខែអាសាធ ប៉ុន្តែប្រសិនបើឆ្នាំណាមាន១៣ខែ​ (លើកខែ ដែលមានខែអាសាធ២ដង គឺបឋមាសាធ និងទុតិយាសាធ) គឺធ្វើនៅថ្ងៃ៨កើត ខែអាសាធទី២ វេលាម៉ោង៦ល្ងាច។

ការសិតទៀនវស្សា គឺយកក្រមួនទៅស្ងោរឲ្យរលាយរាវជាទឹក ហើយចាក់ពុម្ពធ្វើជាទៀន។ ចំពោះទីដែលត្រូវស្ងោរក្រមួន គឺនៅក្រៅព្រះទីនាំងទេវាវិនិច្ច័យ។ ក្រោយពីក្រមួនស្ងោររលាយសព្វរួចហើយ គេដួសទឹកក្រមួនថ្វាយទៅព្រះមហាក្សត្រដើម្បីចាក់ទៅក្នុងពុម្ព ដែលត្រៀមរួចជាស្រេចក្នុងព្រះទីនាំងទេវាវិនិច្ច័យ ចំពោះមុខស្វេតឆត្រ។

 ខ្នាតទៀនវស្សា

តាមប្រពៃណីក្នុងព្រះបរមរាជវាំង ទៀនវស្សាមានពីរខ្នាត ដែលខ្នាតតូច មានទំហំ២ចាប់ ខ្នាតធំមានទំហំ២ចាប់ កន្លះ ហើយមានកំពស់២ហត្ថដូចគ្នា។ ក្នុងនោះអំបោះបញ្ឆេះទៀនមានចំនួន២០ ទៅ៣០សរសៃ។ កាលពីសម័យមុន ពិសេសក្នុងរាជព្រះបាទស៊ីសុវត្ថិមុនីវង្ស ទៀនវស្សាទាំងមូលធ្វើពីក្រមួនសុទ្ធ លុះក្នុងរជ្ជកាលក្រោយមក ទៀនវស្សាទាំងមូលមិនបានធ្វើដោយក្រមួនសុទ្ធនោះទេ។ ការផ្លាស់ប្តូរនេះ ក៏ឃើញស្របគ្នានឹងការផ្លាស់ប្តូររបស់ប្រទេសកាន់ព្រះពុទ្ធសាសនាជិតខាងផងដែរ។ ទន្ទឹមនឹង​នោះ ដើម្បីអុជទៀនឲ្យបានចំណេញ ហើយគ្រប់រយៈពេល៣ខែដែលបានកំណត់ ក្នុងសម័យមុន គេអុជទៀនលាយជាមួយប្រេងដូង ឬប្រេងសណ្តែក។ ធ្វើឲ្យយ៉ាងណាឲ្យប្រេង និងក្រមួននៅពេញប្រៀបស្មើមាត់ពុម្ពជានិច្ច។​

រណ្តាប់បរិក្ខារទៀនវស្សា

ទៀនវស្សាមួយៗ តែងមានផ្កាពុម្ព ផ្កាក្រមួន ដោយមែកឈើ ប្រេងដូង ឬប្រេងសណ្តែក ប្រេងកាត ទៀន ធូប ស្លា បារី ជាបរិក្ខារ។ គ្រឿងបរិក្ខាររបស់ទៀនវស្សាអាចមានចំនួនតិចឬច្រើន គឺអាស្រ័យទៅលើទីតាំងដែលដាក់ទៀនវស្សានោះ។ ប្រសិនបើទៀនវស្សានោះ នឹងត្រូវដាក់នៅវត្តអារាម គឺបរិក្ខារទៀនវស្សាមានចំនួន និងប្រភេទដូចរៀបរាប់ខាងដើម។ ដោយឡែក ប្រសិនបើទៀនវស្សានោះ មិនដាក់នៅវត្តអារាមទេ គ្រឿងបរិក្ខារ មិនចាំបាច់មានស្លាបារីនោះ ឡើយ។ ដោយឡែកសម្រាប់ការប្រតិបត្តិរបស់ប្រជារាស្រ្តវិញ ត្រង់ចំណុចនេះគេនឹងប្រគេនសំពត់សាដក ដល់ព្រះសង្ឃផង គឺប្រគេនជាមួយគ្នានឹងការប្រគេនទានវស្សា។

ពិធីហែទៀនវស្សា

ក្រោយការសិតទៀនវស្សាបានមួយអាទិត្យ ព្រះមហាក្សត្រព្រះអង្គ ទទួលទៀន និងគ្រឿងបរិក្ខារទៀនវស្សា ហើយធ្វើសេចក្តីអធិដ្ឋានថ្វាយទៀន និងគ្រឿងបរិក្ខារនោះចំពោះព្រះរតនត្រ័យ ហើយធ្វើសេចក្តីបួងសួង។ បន្ទាប់មក ទៀនវស្សានឹងហែរទៅតម្កល់នៅទីតាំងដែលបានកំណត់។ ការហែទៀនវស្សាជាពិធីតូចល្មម​ ដោយមានប្រើរថយន្ត និងថ្មើរជើងផង អាស្រ័យលើទីតាំងជិតឬឆ្ងាយ។ ក្នុងពេលបច្ចុប្បន្នការហែទៀន​វស្សា​មានសភាពធម្មតា ឬអធិកអធមអាស្រ័យនឹងធនធានរបស់ពុទ្ធសាសនិក ប្រការនេះមិនបានបញ្ញតិដោយព្រះសម្មាសម្ពុទ្ធនោះទេ។

ការអុជទៀនវស្សា

ក្រោយថ្ងៃហែទៀនវស្សាមួយថ្ងៃ គឺថ្ងៃ១៥កើត ខែអាសាធ ដល់ថ្ងៃ១រោច ខែអាសាធ វេលាម៉ោង៦ល្ងាចមុនព្រះសង្ឃអធិដ្ឋានចូលវស្សា គេនឹងអុជទៀនវស្សា។ ជាទូទៅ មុនអុជទៀនវស្សាគឺ តែងមានពិធីនមស្ការព្រះរតនត្រ័យ។ តាមប្រពៃណី ព្រះមហាក្សត្រព្រះអង្គនឹងអុជទៀនវស្សាដោយអង្គឯង ប៉ុន្តែក្នុងករណី ឬទីតាំងខ្លះ ព្រះមហាក្សត្រទ្រង់រាជានុញ្ញាតិឲ្យនរណាម្នាក់តំណាងព្រះអង្គដើម្បីអុជទៀន។ សម្រាប់ក្នុងឳវាសផ្សេងទៀត ព្រះភិក្ខុសង្ឃនឹងអុជទៀនវស្សាចូលកាន់ព្រះវស្សា។

ទំនៀមប្រតិបត្តិចំពោះទៀនវស្សា

ក្នុងសម័យបច្ចុប្បន្ន ទៀនវស្សានីមួយៗក្រោយពីដុតហើយមិនមានត្រណម អ្វីពិសេសនោះទេ ប៉ុន្តែនៅសម័យបុរាណមានត្រណមខ្លាំងណាស់។ ទៀនវស្សាត្រូវមើលថែទាំការងារជាដរាបគ្រប់៣ខែ មិនឲ្យរលត់នោះទេ។ ប្រសិនបើទៀននោះរលត់ គេជឿថានឹងដាច់វស្សា។ ផ្ទុយទៅវិញ តាមបញ្ញតិព្រះសម្មាសម្ពុទ្ធ ការដាច់វស្សារបស់ព្រះភិក្ខុសង្ឃ គឺលុះតែព្រះអង្គធ្វើខុសនឹងបញ្ញតិព្រះពុទ្ធ មិនមែនដាច់ដោយសារទៀនរលត់នោះទេ។

————————————————————–.

Buddhist Lent Day

Buddhist Lent Day is the day that the monks take the vow to stay only at a particular place or at the pagoda for three months. It begins from the first day of the waning Moon in the 8th month (Tutiyasath) to the 15th day of the Waxing Moon in the 11th month (Asuch). It coincides with the rainy season during which the monks are not allowed to stay overnight anywhere else. That excepts some urgent cases that granted by the Buddha. However, the monks have to return to the pagoda after the seventh day. 

Since the Buddha time, during Buddhist Lent Day all the monks will stay at the particular place or the pagoda to study the Dharma of the Buddha, especially Pitaka. Also, leaning the other practices of the monk and the way to calm the mind. Accordingly, the Buddhists have found the practices of the monks as the way to gain merit if they support the monks during this time. Thus, they offer the robe, meal, materials to stay and also medicine.  

Lent candle

During Buddha time, Buddhist supported the Buddha the same as other monks for three months of the rainy season. However, after Buddha attained Nirvana, there is the candle, incense, and flower offered to the Buddha, Dharma and Sangha. Based on this, the Lent candle is always cast and offers to the monks to use on Buddhist Lent Day. Remarkably, in Cambodia, the casting of Lent candles could be done by both the King and ordinary laypeople.

Casting Lent candle

The day of casting the Lent candle could be changed depending on the number of the months in the Luna calendar, which are 12 or 13 months. If it is a normal 12 months in a year, the casting day will be on the 8th Waxing Moon of Asath. However, if there are 13 months then the casting day will be on the 8th Waxing Moon of second Asath at 6 pm. 

The dimension of the Lent candle

Based on the tradition in the Royal Palace of Cambodia, the Lent candle has two sizes. The small size is about two grabbing hands and the big size is about two and a half grabbing hands. Both have the same height, two measurements of the lower arm (about 1 meter). In the past, the Lent candle was made of pure bee wax. However, in the later period, the candle is not made of pure bee wax. Also, to use the candle for up to three months, coconut oil or lentil oil is used together with the candle. 

The offering of Lent candle

Each Lent candle has the molded flower, bee wax flower that attached to the branch of the tree, coconut oil or lentils oil, fuel, candle, incense, Betel Nut, cigarette and others. However, the candle that will be sent to the places, not the pagoda, the offerings absent of Betel Nut and cigarette. In this case, the ordinary laypersons offer a package of materials (Sadak) to the monks together with Lent candles.

Procession to carry the candle

 One week after casting the candle, the King receives the candle and the offerings. He offers the candles in front of three jewels, Buddha, Dharma and Sangha and wishes at the end. After, the Lent candles will be put on the support or palanquin to the appointed places or pagodas. The procession could be on foot or by vehicle depends on the distance. The procession of candles could be small or big depending on the ability of the laypersons, but not granted by the Buddha. 

Lighting the candle

Lighting the candle is on the 15th Waxing Moon of Asath at 6 pm. It has done just before the vow of the monks to stay in the place for three months. Generally, there is a Buddhist ritual, or the monks preach the Buddha sermon before lighting the candle. Traditionally, the King of Cambodia is the one who lights the candle. However, he could appoint someone as his presentative to light the candle. 

The practice related to Lent candle

In the past, Lent candle became a sacred candle after lighting, so it was not supposed to off during three months. The accident has believed to affect the vow of the monks for Buddhist Lent Day. However, this belief does not relate to what Buddha has granted.  

អត្ថបទដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!