ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំបន្ទាយ​នាង​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំបន្ទាយ​នាង​

ភ្នំបន្ទាយ​នាង​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមការ​ X 285286 Y 1495132 ។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​ទី​ប្រជុំ​​ជន​ នៃ​ឃុំ​បន្ទាយ​នាង។​ បើ​សិន​យើង​ធ្វើ​​ដំណើរ​ពី​ទីរួម​ខេត្ត​បាត់​ដំបង​ ទៅទីរួម​​ខេត្ត​បន្ទាយ​មាន​ជ័យ​ភ្នំ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ជាប់​និង​ផ្លូវ​រថភ្លើង​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​កភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​ កាល​ពី​ថ្ងៃទី​​ ៨ ខែ​កញ្ញា​ ឆ្នាំ​២០២០។​

ភ្នំ​បន្ទាយ​នាង​ជា​​ភ្នំ​ថ្ម​កំបោរ ដែល​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័​យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​ ភ្នំ​បន្ទាយ​នាង​ជា​កូន​ភ្នំ​​ថ្ម​កំ​បោរ​តូច​មួយ​ មាន​រូង​ភ្នំ​មួយ​ចំនួន​ សិលាចារឹក បំណែកឥដ្ឋបុរាណ​ និង​បំណែក​ចម្លាក់នៅ​ក្នុង​រូង​ភ្នំ និង​វត្ត​ស្ថិត​នៅ​ទី​នោះផង​ដែរ​ ។​ ភ្នំ​នេះក៏​មាន​រឿង​និទាន​ពី​បុរាណ​កាល​មក​ដែលមាន​ទំនាក់​ទំនង​នឹង​​រឿង​នាង​រំសាយ​សក់​ ដែល​ជាប់​ទាក់​ទង​នឹង​ភ្នំ​សំពៅ ​ភ្នំ​បាណន់​ផង​ដែរ​។​

ភ្នំ​នេះ​​មាន​អតី​តកាល​ជា​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃ​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​ កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ ដែល​បាន​បង្កើតពីការប្រមូលផ្តុំនៃសំបក​គ្រំ​ ងាវ , ផ្កាថ្ម, សារាយ​, សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ថ្ម​ទាំង​នេះ​កើត​នៅ​ក្នុង​តំបន់ទឹក​សមុទ្រ​ស្ងប់​ ​ទឹក​រាក់​ ថ្លា​ និង​មាន​ថ្ម​ប៉ប្រះ​ទឹក​។​ ដោយ​សារ​កំណក​កំបោរ​ដែល​បាន​ពី​សារ​ធាតុ​កំបោរ​នៃ​ពពួក​សត្វ​សមុទ្រ​ ភ្នំ​បន្ទាយ​នាង​ បាន​បន្សល់​នូវ​ភស្តុតាង​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ទីតាំង​នេះ​ពិត​ជាសមុទ្រ​​កាល​​ពី​​អតី​តកាល​ ភស្តុតាង​នោះ​​មាន​ដូច​ជា​៖​

១.​ ផ្កា​ថ្ម​មួយ​ប្រភេទត្រូវ​​បាន​រក​ឃើញមាន​ចំនួន​ច្រើន​ជា​ង​គេនៅ​ភ្នំនេះ​​ តាម​​ការ​ពិនិត្យ​ ពួក​នេះ​ប្រហែលស្ថិត​នៅ​ក្នុង Family Rhizangiidae, Class Scleractinia, Filum Cnidaria។​ ពួក​នេះបាន​រស់​នៅ​តា​ម​ស្រទាប់​ថ្ម​ នៃ​ថ្ម​កំបោរ​ ជា​ច្រើន​ស្រទាប់​ មាន​ន័យ​ថា​ពួក​វា​បាន​បន្ត​រស់​នៅ​​បន្ត​បន្ទាប់​ទៅតាម​សម័យ​កាល​ នៃ​កំណក​ថ្ម​កំបោរ​ នៃ​រយៈ​​ពេល​នី​មួយ​ៗ។​

២. ផ្កា​ថ្ម​មួយ​ប្រភេទ​ទៀត​​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ ប្រភេទផ្កាចំនុចលេខ១ខាងលើ​ដែរ។ ​តែ​ខ្ញុំ​យល់​ថា​វា​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ វា​អាច​ស្ថិត​នៅ​ក្នុង​គ្រួសារ​តែ​មួយ​​ និង​អាច​មាន​ឈ្មោះ​ផ្សេងគ្នា​។​

៣. ផ្កាថ្ម​មួយ​ប្រភេទ​ទៀត​ មាន​រាង​ជា​ដុំ​មូល​ ដោយ​សារ​ស្លាក​ស្នាម​ដែល​មាន​នៅ​លើ​វា​នោះ​ យើង​អាច​ដឹង​ថា​វា​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​ជា​មួយ​ពពួក​មុន​នេះ​ដែរ​។

៤. ផ្កា​ថ្ម​មួយ​ប្រភេទ​មាន​លក្ខណៈ​ជា​ដើម​តូចៗ ជា​កញ្ចុំ​ ដែល​យើង​ឃើញ​តែ​ផ្នែក​ខ្លះ​តែ​ប៉ុណ្ណោះ​ ផ្នែក​មួយ​ចំនួន​ទៀត​ប្រហែល​ត្រូវ​បាន​បាក់​បែក​។​ ផ្កា​ថ្ម​នេះ​ស្ថិត ប្រហាក់​ប្រហែល​នឹង ប្រភេទ Chonostegites sp. Other Tabulate, Class Tabulata, Filum Cnidaria។

៥. ចំពោះថ្មនេះវា​មាន​លក្ខណៈ​ប្រហាក់​ប្រ​ហែល​និង​ផ្កា​ថ្មរូបខាងលើដែរ​។ ប៉ុន្តែ​វា​មា​ន​ដើម​តូច​ៗ​មាន​លក្ខណៈ​ដូច​ជា​សារ៉ាយ ឬ​ជា​ផ្កា​ថ្ម​។ ដោយ​យើង​មិន​ទាន់​អាច​សន្និដ្ឋានបា​ន​នៅ​ឡើយ​ទេ​?​

៦-​ អា​ម៉ូនីតមួយ​ប្រភេទ​មាន​ទំហំតូច​ប្រមាណ​៣​ស.ម​ ដែល​ស្ថិត​នៅ​ក្នុង​ Family Ammonoidea, Class Cephalopoda, Filum Mollusca។ ពពួក​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ ចំនួន​តិច​តូច​​ យើង​ក៏​បាន​ជួប​ប្រទះ​នៅ​ស្ថានីយ​ផូស៊ីល​ភ្នំ​បាក់​ ក្នុង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ផង​ដែរ​។​ យើង​មិន​ទាន់​អាច​កំណត់​ពី​ឈ្មោះ​របស់​វា​បាន​នៅ​ឡើយ​ទេ​?

៧. យើង​បាន​ជួបសំបក​ពពួកលាស ឬBrachiopod ដោយ​មាន​ចំនួន​តិចតួច​។​

៨. ក្រៅ​អំពី​ផូស៊ីល​នៃ​សត្វ​សមុទ្រ​សម័យ​បុរាណ​ ភ្នំ​នេះ​ជា​ទីតាំង​បុរាណ​ស្ថាន​ ដែល​មាន​​នៅ​សល់​​សិលា​ចារឹក​មួយ​ចារ​ជា​ភាសា​សំ​ស្ក្រឹតនៅ​លើជញ្ជាំង​ថ្ម​ភ្នំ​​ អាច​ក្នុង​អំឡុង​ស.វ​ទី៧គ.ស​ (រូប​លេខ១១) និង​បំណែក​ឥដ្ឋ​បុរាណ​ក្នុង​រូង​ភ្នំ​មួយ​ទៀត​នៃ​ភ្នំ​នោះ​ដែរ ​តែ​ត្រូវ​បិទ​ផ្ជឹត​ដោយ​ស៊ីម៉ងត៍ និង​បំណែក​បដិ​មា​ព្រះ​ព្រហ្ម?​

​រួម​សេចក្តីមក​យើង​អាច​និយាយ​បាន​ថា​ ភ្នំ​បន្ទាយ​នាង​ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ​មួយ​មានដែល​អាយុកា​ល​ក្នុង​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)​ចំនុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ខាង​លើ​ជា​ផ្នែក​មួយ​នៃ​ពត៌​មាន​បឋម​ ដែល​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ ទីតាំង​នេះ​ជា​ទីតាំង​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្តី​អំពី​ជីចម្រុះ​សម័យ​បុរាណ​​នា​ពេល​អនាគត​។​ ភ្នំនេះ​គួរ​ជាទីតាំង​សម្រាប់​​ការ​អភិរក្សផូស៊ីលសត្វ​សម័យ​បុរាណ​។

អត្ថបទដោយ៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!