ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយ៍បញ្ចុះសពខាងលិចក្រុងអង្គរធំ

ស្ថានីយ៍បញ្ចុះសពខាងលិចក្រុងអង្គរធំ

តាមរយៈការកំណាយបុរាណវិទ្យាជាច្រើននៅក្នុងតំបន់អង្គរ ដោយអ្នកស្រាវជ្រាវជាតិ ​និងអន្តរជាតិកន្លងមក បាន​រកឃើញស្ថានីយ៍បញ្ចុះសពចំនួនពីរ ដែលនៅពុំឆ្ងាយពីក្រុងអង្គរធំ ពោលគឺនៅបរិវេណតំបន់បារាយណ៍ខាងលិច។ ស្ថានីយ៍ទាំងនោះមានដូចជា ព្រៃក្មេង និងកោះតាមាស ។               

ព្រៃក្មេងគឺជាភូមិមួយដែលមានចម្ងាយ១៣គីឡូពីក្រុងអង្គរធំ  និងនៅទីនោះមានប្រាសាទសម័យមុនអង្គរមួយដែលហៅថាប្រាសាទព្រៃក្មេង​ ។

នៅឆ្នាំ ២០១៤ តាមរយៈគម្រោង MAFKATA បានធ្វើកំណាយនៅខាងត្បូងប្រាសាទព្រៃក្មេង។  តាមរយៈលទ្ឋផលនៃការកំណាយ បានបង្ហាញឱ្យឃើញស្រទាប់ដីនៅទីនោះមាន៤ស្រទាប់ ដែលស្រទាប់ទី១ រកឃើញមានកុលាលភាជន៍​ផុយវត្ថុអំពីដែកជាច្រើន ស្ថិតក្នុងសម័យអង្គរ និងឃើញមានប្រភេទឥដ្ឋដែលដូចនឹងឥដ្ឋប្រាសាទព្រៃក្មេងដែរ។ ស្រទាប់ទី២ និងទី៣ រកឃើញភាគច្រើនជាកុលាលភាជន៍ចិន និងឃើញមានភាជន៍ភ្នំគូ​លែនស.វ.ទី១០ ហើយស្រទាប់ដីដែលសំខាន់ជាងគេនោះ គឺស្រទាប់ទី៤  ដែលរកឃើញផ្នូរចំនួ​ន​១១ ដោយផ្នូរទាំងនោះ ខ្លះជាផ្នូរតែឯង និងខ្លះទៀតផ្នូរជាក្រុម ព្រមទាំងមានវត្ថុសំណែ​នកប់ជាមួយ។​​ តាមរយៈការសិក្សាលើធ្មេញនៃគ្រោងឆ្អឹងទាំងនោះបានបង្ហាញថា ជាមនុ​ស្ស​ក្មេង វ័យជំទង់ និងមនុស្សចាស់ ប្រុស ស្រី ក្នុងចំណោមនោះ មានគ្រោងឆ្អឹង២ប្រហែលជាក្មេងស្រី (អាយុ ១៣ទៅ១៥ឆ្នាំ), គ្រោងឆ្អឹង៣ ឬ ៤ប្រហែលជាមនុស្សប្រុស (មនុស្សវ័យកណ្តាល ឬចាស់ជាង) នឹងគ្រោងឆ្អឹងក្មេងវ័យជំទង់២នាក់។ តាមរយៈវត្ថុសិល្បៈដែលបានរកឃើញ និងការវិភាគកាបូន១៤ ផ្នូរទាំង១១នោះ គឺស្ថិតនៅចន្លោះពី២០០ទៅ៤០០ឆ្នាំ មុនគ.ស. ពោលគឺស្ថិតនៅក្នុងយុគដែក។

ផ្នូរសពដែលមានគ្រោងឆ្អឹងមនុស្ស សត្វ និងវត្ថុសំណែន

តាមរយៈការស្រាវជ្រាវផ្នែកបុរាណវិទ្យាមួយធ្វើឡើងរវាងសាលាបារាំងចុងបូព៌ា និងអាជ្ញាធរអប្សរាក្នុងឆ្នាំ២០០៤-២០០៥ ​បានកំណាយនៅស្ថានីយ៍មួយដែលអ្នកស្រុកហៅថា កោះតាមាសដែលស្ថិតនៅក្នុងបារាយណ៍ខាងលិច និងនៅខាងលិចប្រាសាទមេបុណ្យ។ ជាលទ្ឋផលនៃការកំណាយនោះ​ បានរកឃើញផ្នូរចំនួន២៧ ដែលមានគ្រោងឆ្អឹងទាំង​មូ​ល រួមជាមួយវត្ថុសំណែនផ្សេងៗ និងឆ្អឹងសត្វជាច្រើនទៀតដែលបានរកឃើញ។ ចំពោះផ្នូរទាំង២៧នោះ មាន១៩ដែលមានគ្រោងឆ្អឹងមនុស្សទាំងមូល និង១២ទៀតពុំមានគ្រោងឆ្អឹងពេញលេញនោះទេ។ តាមរយៈគ្រោងឆ្អឹង វត្ថុសិល្បៈ និងសំណល់ឆ្អឹងសត្វដែលបានរកឃើញនៅស្ថានីយ៍នេះ បានបង្ហាញថាស្ថានីយ៍នេះមានការតាំងទីរស់នៅ និងជាកន្លែងកប់សពផងដែរ ដែលស្ថិតនៅក្នុងយុគសំរិទ្ឋ។ បញ្ជាក់ដែរថា ឆ្អឹងសត្វដែលបានរកឃើញទាំងនោះ ពុំមែនមានន័យថាជាសត្វដែលរស់នៅជុំវិញនៃស្ថានីយ៍នេះទេ ប្រហែលជាសំណល់ដែលមនុស្សសម័យនោះបរិភោគ ឬយកមកកែច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ បច្ចុប្បន្នវត្ថុសិល្បៈ ក៏ដូចជាគ្រោងឆ្អឹងដែលបានរកឃើញទាំងនោះបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរត្តសីហនុ-អង្គរក្នុងខេត្តសៀមរាប។

ការដាក់តាំងវត្ថុសិល្បៈ​ និងគ្រោងឆ្អឹងដែលរកឃើញនៅសារមន្ទីរព្រះសីហនុរាជ្យក្នុងខេត្តសៀមរាប

ការរកឃើញពីស្ថានីយ៍បញ្ចុះសពទាំងពីរនេះ គឺបានផ្តល់ទិន្នន័យប្រវត្តិសាស្រ្តអំពីការតាំងទីរស់នៅរបស់មនុស្សនៅតំបន់ខាងលិចក្រុងអង្គរ តាំងពីសម័យបុរេប្រវត្តិសាស្រ្តមកម៉្លេះ និងនៅសម័យមុនអង្គរ និងអង្គរ មនុស្សបន្តកសាងសំណង់ស្ថាបត្យកម្មសាសនានៅលើទីតាំងចាស់ផងដែរ។ ចំពោះស្ថានីយ៍បញ្ចុះសពសម័យអង្គរដែលរកឃើញនៅក្នុងតំបន់អង្គរវិញ គឺពុំសូវមានទិន្នន័យនោះទេ ប៉ុន្តែដូចដែលខ្ញុំធ្លាប់បានបង្ហាញ ពីអត្ថបទមុនមកហើយ អំពីការកំណាយស្រះស្រង់ឆ្នាំ ១៩៦៤ ដែលបានបង្ហាញអំពីស្រទាប់ទី២នៃស្រះស្រង់ជាកន្លែងដែលមនុស្សសម័យអង្គរ យកទីតាំងនេះធ្វើជាកន្លែងបញ្ចុះសព ហើយនេះគឺជាការរកឃើញដំបូង និងក៏ជាឧទារហណ៍តែមួយអំពីស្ថានីយ៍បញ្ចុះសពសម័យអង្គរដែលបានរកឃើញនៅក្នុងតំបន់អង្គរ ហើយការរកឃើញនេះគឺតាំងពីសម័យបារាំង  ប៉ុន្តែតាមរយៈការកំណាយស្រាវជ្រាវក្រោយៗមកទៀតបានបង្ហាញស្ថានីយ៍ ពីរផ្សេងទៀតប្រហែលជាកន្លែងបញ្ចុះសពសម័យអង្គរមួយ គឺនៅប្រាសាទទ្រមូង ដែលប្រាសាទរបស់មន្ទីរពេទ្យ នឹងមួយទៀតនៅពើងត្បាល់លើភ្នំគូលែន។

ផែនទីបង្ហាញពីទីតាំងកោះតាមាស ដែលនៅក្បែរស្ថានីយ៍ព្រៃក្មេងដែរ

អត្ថបទដោយ៖ លោក អេង​ តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!