ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីអស្វមេធក្នុងសង្គមខ្មែរសម័យបុរាណ

ពិធីអស្វមេធក្នុងសង្គមខ្មែរសម័យបុរាណ

តើអស្វមេធជាអ្វី?

អស្វមេធ ជាភាសាសំស្ក្រឹតមានន័យថា អស្វ (សេះ) +មេធ= ការបូជាសេះ ជាពិធីក្នុងគម្ពីវេទ គឺជាការធ្វើចំបាំងដណ្តើមយកនគររបស់អាណាចក្រមួយ ក្នុងរយៈពេល១ឆ្នាំ ដោយការប្រើសេះដ៏ល្អមួយ។ វាជាពិធីមួយក្នុងចំណោមពិធីសំខាន់ៗ៤ក្នុងគម្ពីវេទបុរាណរបស់ឥណ្ឌា ដែលពិធីនេះអាចប្រារព្ធធ្វើទៅបានតែព្រះមហាក្សត្រប៉ុណ្ណោះ ដើម្បីទទួលនូវអំណាច ឥទ្ធិពល ភាពល្បីខ្ទរខ្ទារ ភាពចម្រុងចម្រើន និងភាពមានអំណាចលើប្រទេសជិតខាង។ ពិធីនេះត្រូវបានពិពណ៌នានៅក្នុងគម្ពីឫគវេទ យជុវេទ និងសតបធព្រាហ្មណ៌ ដែលត្រូវបានចងក្រងឡើងនៅចន្លោះរវាងឆ្នាំ៩០០ទៅ៧០០មុនគ្រឹស្គសករាជ។ ពិធីនេះគឺចង់បង្ហាញពីអធិរាជឬស្តេចដ៏ខ្លាំងក្លាក្នុងអាណាចក្រមួយ ដោយចង់បង្ហាញនូវអំណាចនិងកំលាំងរបស់ព្រះអង្គ ព្រះអង្គជ្រើសរើសយកសេះដ៏ល្អ និងខ្លាំងមួយ និងហែហមដោយរាជបុត្រ កូនមន្ត្រីធំ និងទ័ពយ៉ាងច្រើន រួចឱ្យសេះដើរដោយសេរីទៅកាន់ប្រទេសជិតខាង។ នៅពេលសេះទៅដល់ប្រទេសណា ឬតំបន់កាន់កាប់ដោយស្តេចត្រាញ់ណា ស្តេច ឬស្តេចត្រាញ់ត្រូវតែនាំយកសួយសាអាករមកថ្វាយ បើមិនដូច្នោះទេ ទ័ពដែលហែ​ហមសេះនិងវាយកំទេច។ ក្រោយដើរអស់រយៈពេល១ឆ្នាំ ពេលត្រឡប់មកវិញ គេនឹងធ្វើពិធីអស្វមេធនេះ។ តែបើសិនជាសេះ និងអ្នកហែហមត្រូវបានវាយបង្ក្រាបដោយប្រទេសណាមួយក្នុងកំឡុងពេលត្រាចរនោះ នោះពិធីនេះនឹងមិនត្រូវបានប្រារព្ធឡើងទេ ហែយគេនឹងចំអកឱ្យថា ស្តេចឬអធិរាជនេះអន់ខ្សោយ។

ពិធីអស្វមេធក្នុងទេវកថា

ពិធីនេះបង្ហាញផងដែរនៅក្នុងវិរៈកថាឥណ្ឌា ដូចជា មហាភារត (Mahābhārata) និងរាមាយណៈ (Rāmāyana)។ ជាក់ស្តែងនៅក្នុងរឿងមហាភារត ការបូជាត្រូបបានធ្វើឡើងដោយ យុធិស្តិរ  (Yudhistira) ដោយបងប្អូនប្រុសរបស់គាត់ជាអ្នកមើលសេះ ក្នុងខណៈពេលដែលវាដើរទៅកាន់អាណាចក្រនៅក្បែរផ្សេងៗ។ ពេលនោះ អរជុនបានយកឈ្នះរា​ល់អ្នកបង្កជម្លោះ។ រឿងមហាភារតបង្ហាញថា ពិធីអស្វមេធដែលបានធ្វើឡើងដោយ យុធិស្តិរ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនិងសំបុត្រនៃញ្ញាត្តិគម្ពីវេទ។ បន្ទាប់ពីសេះត្រូវបានគេកាត់ក្បាលនិងជាបំណែក ទ្រោបតិ (Dropati) ត្រូវតែអង្គុយក្បែរបំណែកទាំងអស់របស់សេះនោះ។ ចំណែនៅក្នុងរឿងរាមាយាណៈ បិតារបស់ព្រះរាម ទសរធ (Dasarath) បានប្រារព្ធពិធីអស្វេមធ ដែលត្រូវបានពិពណ៌នានៅក្នុងកំណាព្យ បលកនដ (Palakanaṭa)។ រឿងរាមាយណៈបង្ហាញវែងឆ្ងាយជាងរឿងមហាភារត អំពីពិធីអស្វមេធ។ ពិធីអស្វមេធត្រូវបានប្រព្រឹត្តិទៅក្នុងរយៈពេល៣ថ្ងៃ ដោយអនុវត្តដោយបណ្ឌិត ឫស្យាស្រិង្គ (Ṛsyāsriṅga) និងវសិស្ត (Vasista)។

ដំណើរនៃពិធីអស្វមេធ

សាច់រឿងនៃពិធីអស្វមេធ គឺជាពិធីបូជាមួយទាក់ទងទៅនឹងសត្វសេះមួយដែលត្រូវបានលែង និងអនុញ្ញាតិឱ្យដើរដោយសេរីក្នុងរយៈពេលពេញមួយឆ្នាំ ហែយវាត្រូវបានហែហមដោយ១០០ព្រះអង្គម្ចាស់ ១០០នាក់នៃកូនប្រុសរបស់មេដឹកនាំផ្សេងៗ និង១០០នាក់នៃកូនប្រុសរបស់អ្នកចូលរួមនិងអ្នកបរទេះ ដែលម្នាក់ៗប្រដាប់ដោយអាវុធទៅតាមឋានៈរៀងៗខ្លួន។ ការលុកលុយរបស់សេះលើអាណាចក្រ និងតំបន់ជុំវិញ គឺជាការប្រកួតប្រជែងជាមួយនឹងអ្នកគ្រប់គ្រងលើតំបន់ទាំងនោះ។ ប្រសិនបើអ្នកហែហមត្រូវបានវាយប្រហារនិងធ្វើឱ្យបរាជ័យដោយប្រទេសឬតំបន់ណាមួយ ឬក៏សត្វសេះត្រូវបានគេចាប់ នោះពិធីនិងមិនត្រូវបានប្រារព្ធឡើយ។ ផ្ទុយទៅវិញ វានិងក្លាយជាស្តេចដែលគេសើចំអក និងមិនខ្លាំងក្លា។ ដូច្នោះ ដើម្បីធានានូវជ័យជំនះនេះ អ្នកហែហមមិនត្រឹមតែការពារសត្វសេះជាមួយនិងអ្នកវាយប្រហារទេ ពួកគេត្រូវតទល់ប្រឆាំងនិងគ្រោញថ្នាក់ផ្សេងៗដែលទស្សទាយមិនបាន ដូចជាការរួមសង្វាស់ជាមួយសេះញី ឬការមានជំងឺរបស់សេះនេះ។ អ្នកហែហមដែលនៅមានជិវិត និងក្បួនទ័ពដែលចេញច្បាំង គឺមានសិទ្ធិចែករំលែកអំណាចព្រះរាជាដែលបានមកពីការប្រារព្ធនៃពិធីអស្វមេធ។ ការត្រលប់មកវិញរបស់សេះ គឺជាសញ្ញាមួយផងដែរនៃការឧទ្ទិសរបស់ព្រះរាជា។ សត្វសេះត្រូវបានសម្អាតដោយទឹក និងនាំទៅកាន់ទីកណ្តាលនៃឆាកជាមយយនិងសត្វដែលត្រូវបូជាដទៃទៀត។ បន្ទាប់មក វាត្រូវបានសំលាប់ដោយប្រើកាំបិតមាស ក្នុងដំណើរការនៃពិធី។ ពិធីនេះបញ្ចប់ដោយព្រឹត្តិការណ៌ដ៏អស្ចារ្យនៃការស្រោចទឹកដល់អ្នកចូលរួមទាំងឡាយ និងការចែកទានដល់បុព្វជិកដែលជារឿយៗត្រូវបាននាំមកពីសត្រូវក្នុងខណៈពេលដែលសត្វសេះធ្វើដំណើរទៅកាន់តំបន់នានា។

ពិធីអស្វមេធក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ

តាមរយៈប្រវត្តិសាស្ត្រឥណ្ឌាបុរាណ​ ស្តេចព្រះនាម សមុទ្រគុនត (គ.ស៣៣៥ដល់គ.ស៣៧៥) ដែលត្រូវបានបង្ហាញនៅក្នុងសិលាចារឹករបស់អ្នកស្នងរាជ្យបន្តពីគាត់ បានធ្វើឡើងវិញនូវការបូជាសេះ។ លើសពីនេះ ក៏បានបង្ហាញនៅថ្ងៃចុងក្រោយនៃចម្បាំងរបស់គាត់ ដោយគាត់បានផ្តល់នូវទានដែលមានចំនួនយ៉ាងច្រើនក្នុងពេលធ្វើពិធី ហើយនឹងរំលឹកដល់ពិធីនេះ គាត់បានចេញកាក់មាស។

ក្រៅពីអត្ថបទឥណ្ឌា នៅក្នុងសម័យអាណាចក្រខ្មែរ (កម្ពុជា) អស្វមេធត្រូវបានបង្ហាញម្តងនៅក្នុងសិលាចារឹកសតវត្សទី១០ (K.805) ជាសិលាចារឹករបស់ប្រាសាទប្រែរូ​បក្នុងរាជ្យព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤ដល់៩៦៨)។ ពិធីពិសេសនេះប្រហែលជាត្រូវបានប្រារព្ធធ្វើផងដែរ ក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស១០០២ដល់គ.ស១០​៥​០) គឺសតវត្សទី១១។ ការចាប់ផ្តើមឡើងនៃរាជ្យរបស់ព្រះអង្គ គឺការជួបប្រទះសង្គ្រាមក្នុងស្រុក ជាសង្គ្រាមដណ្តើមរាជ្យគ្នារវាងព្រះអង្គ និងព្រះបាទជ័យវិរវរ្ម័ន (គ.ស១០០១ ដល់គ.ស​១០១០) អស់រយៈពេលយ៉ាងយូរ។ នៅចុងក្រោយព្រះអង្គបានទទួលជ័យជំនះ និងឡើងគ្រងរាជ្យលើអាណាចក្រខ្មែរទាំងមូលក្រោ​ម​ការបង្រួបបង្រួមតំបន់នានា និងបង្ខំឱ្យមន្ត្រីមួយចំនួនដែលមានភក្តីភាពជាមួយព្រះបាទជ័យវីរវរ្ម័ន ចុះចូលនិងស្ម័គ្រស្មោះនិងព្រះអង្គវិញជារៀងរហូត។   

ជាភស្តុតាង   ផ្តែរមួយដែលប្រហែលជាមកពីទ្វារចូលណាមួយរបស់ប្រាសាទភិមៃ ហែយឥលូវកំពុងដាក់បង្ហាញនៅក្នុងសារមន្ទីរភិមៃ។ វាបង្ហាញពីឈុតមួយ អាចជាប់ទាក់ទងនិងពិធីអស្វមេធ គឺមានមនុស្ស ឬព្រាហ្មណ៌ម្នាក់កាន់ថូមានជំពុយ (កន្ទីឬកុន្ទីក) ស្រោចទឹកទៅលើបាតដៃរបស់មនុស្សម្នាក់ទៀត ក៏ដូចជាស្រោចទៅលើក្បាលសេះផងដែរ។ វាអាជាឈុតចុងក្រោយនៃពិធីអស្វមេធ គឺការកាត់ក្បាល ឬបូជាសេះ បន្ទាប់ពីការត្រលប់មកវិញនៃដំណើរដោយសេរីជុំវិញអាណាចក្រក្នុងរយៈពេលមួយឆ្នាំ។ អត្ថន័យនៃពិធីនេះទាក់ទងទៅនិងសត្វសេះ និងការបង្ហាញអំពីអំណាច ភាពរុងរឿងរបស់ព្រះរាជា ឬស្តេច ចំពោះស្តេចត្រាញ់ ឬព្រះអង្គម្ចាស់ដទៃទៀតនៅក្នុងអាណាចក្រខ្លួន ឬប្រទេសចំណុះជិតខាងដទៃ។

សរុបសេចក្តីមក យើងឃើញថា ពិធីអស្វមេធ ជាពិធីដ៏សំខាន់មួយក្នុងគម្ពីវេទ ដែលបង្ហាញអំពីវីរភាព (វីរកថា) របស់ព្រះរាជា ឬអធិរាជដែលគ្រប់គ្រងក្នុងអាណាចក្រមួយ តាមរយៈការធ្វើការធ្វើចម្បាំង ឬលុកលុយទៅលើប្រទេសឬតំបន់ជុំវិញអាណាចក្ររបស់ខ្លួន។ វាជាសកម្មភាពដែលបង្ហាញពីអំណាច និងកំលាំងរបស់អធិរាជនោះ តែផ្ទុយទៅវិញ ប្រសិនបើសកម្មភាពនេះត្រូវបានកំទេចដោយប្រទេសណាមួយនោះ គេនិងចំអកថាជាស្តេចឬអធិរាជដែលតន់ខ្សោយ។ បើលទ្ធផលទទួលបានជោគជ័យ ពិធីអស្វមេធ ឬបូជាសេះនឹងប្រារព្ធឡើង ជាការអបអរ និងប្រទានអ្វីដល់អ្នកចូលរួមច្បាំង និងពពួកព្រាហ្មណ៌ដែលនាំមកពីប្រទេសឬតំបន់នានា។ ពិធីនេះហាក់បីដូចជាពុំមានបង្ហាញជាចំហក្នុងសង្គមខ្មែរបុរាណទេ តែតាមរយៈសិលាចារឹកមួយចំនួនបង្ហាញ ឬភ្ជាប់វីរភាពរបស់ស្តេចទៅនិងអ្វីដែលជាដំណើររឿង ឬសកម្មភាពនៅក្នុងពិធីមួយនេះ។ តាមផ្ទាំងចំលាក់លើផ្តែរ ក៏អាចឱ្យយើងសន្និដ្ឋានបានខ្លះថាក្រោយពេលដែលព្រះបាទសូរ្យវរ្ម័នទី១ បានទទួលការគ្រប់គ្រងលើអាណាចក្រទាំង​មូ​ល​ហើយព្រះអង្គអាចរំលឹកអំពីសកម្មភាពដែលព្រះអង្គបានតស៊ូ ហើយអាចរៀបចំធ្វើពិធីនេះឡើងផងដែរ ត្បិតពុំមានសិលាចារឹកងញ្ជាក់លំអិតពីដំណើរការនៃពិធីនេះ។

អត្ថបទដោយ៖ លោក សុខ កែវសុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!