ក្បាច់ចម្លាក់បង្ហាញជាខ្សែរឿងមានប្រវែងរាប់រាយម៉ែត្រ ដែលយើងឃើញនៅប្រាសាទអង្គរវត្ត ឆ្លាក់ក្នុងរាជ្យព្រះបាទសូរ្យវរន្ម័ទី២ (១១១៣-១១៥០) គឺពោរពេញដោយភាពអស្ចារ្យបានឆ្លាក់នៅពេញប្រាសាទនោះមានដូចជា ចម្លាក់ទេពអប្សរមានចំនួនច្រើន និងចម្លាក់ផ្សេងៗនៅតាមហោជាង ផ្តែរ និងជញ្ជាំងប្រាសាទ ដែលសុទ្ធសឹងមានភាពរស់រវើក។ ម្យ៉ាងទៀតក្បាច់ចម្លាក់ដ៏ល្អវិចិត្រ និងល្បីល្បាញបំផុត គឺប្រភេទជារឿងទេវកថាមានកម្ពស់ប្រវែង២ម៉ែត្រ និងប្រវែងសរុបប្រហែលលើសពី១០០០ម៉ែត្រការេ នៃចម្លាក់លើជញ្ជាំងតាមបណ្តោយរួតទី៣។ នៅតាមបណ្តោយរួតទាំងមូលនោះ គឺបានបែងចែកជា៨ផ្ទាំងដែលមានសាច់រឿងផ្សេងៗគ្នា ហើយសាច់រឿងក្នុងចម្លាក់លើជញ្ជាំងសុទ្ធតែពាក់ពន័្ធទៅនឹងព្រះវិស្ណុដូចជា សម្រង់រឿងមហាភរតបង្ហាញពីព្រះក្រឹស្ណៈក្នុងសង្គ្រាមកុរុក្សត្រ រឿងរាមកេរ្តិ៍ និងរឿងកូរសមុទ្រទឹកដោះបង្ហាញពីចម្បាំងរវាងពួកអាទិទេព និងពួកអសុរ។ រឿងដែលទាក់ទងទៅនឹងអំពើបាប និងបុណ្យ (ឋាននរក និងឋានសួគ៌) ព្រមទាំងចម្លាក់ បរិយាយពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ឈរលើដំរីដឹកនាំកងទ័ពទៅច្បាំងជាដើម។ល។ លើសពីនេះនៅជ្រុងម្ខាងផ្នែកខាងកើតឈៀងខាងជើងនៃរួតទី៣ដដែល ហើយក៏ជាចំណុចដែលនឹងត្រូវធ្វើការបកស្រាយសម្រាប់អត្ថបទនេះ ដែលគេឆ្លាក់ជាឈុតឆាកធ្វើសង្គ្រៀមរវាងព្រះវិស្ណុទទួលជ័យជំនះលើពួកអសុរ។
ក្នុងរាជ្យរបស់ព្រះបាទសូរ្យវន្ម័ទី២ចម្លាក់នៅជ្រុងនេះ គឺពុំបានឆ្លាក់បញ្ចប់នៅឡើយទេ ដោយព្រះអង្គប្រហែលយល់ថា មិនសូវមានសារៈសំខាន់ដូចចម្លាក់តាមជ្រុងផេ្សងៗទៀតលើជញ្ជាំង និងប្រហែលជាព្រះអង្គពុំមានពេលវេលាគ្រប់គ្រាន់ ហើយត្រូវបានឆ្លាក់បន្ថែមក្នុងរាជ្យព្រះបាទអង្គចន្ទ័រាជានៅស.វទី១៦ ចន្លោះពីឆ្នាំ ១៥៤៦-១៥៦៤។ បើយោងតាមសិលាចារឹកពីរផ្ទាំងដែលចារឹកក្នុងរាជ្យព្រះបាទអង្គចន្ទ័រាជា ប្រែសម្រួលដោយលោក G. Coedès។ សិលាចារឹកទី១ក្នុងឆ្នាំ១៥៤៦រៀបរាប់ថា “អានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ Mahavihnuloka គឺមិនទាន់បានបញ្ចប់ចម្លាក់ពីរផ្ទាំងនៅឡើយទេ ហើយនៅពេលដែលអានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ Vrah Rajaonkara Paramarajadhiraja Ramadhipati Paramacakravartiraja បានក្លាយជាស្តេច។ ហើយទ្រង់ក៏បញ្ជាទៅកាន់ Vrah Mahidhara ជាសិប្បកររាជដើម្បីឆ្លាក់នៅលើផ្ទាំងចម្លាក់រឿងមួយក្នុងឆ្នាំជាសករាជ នៅថ្ងៃទី៨ ឆ្នាំសេះ ថ្ងៃពុធព្រះច័ន្ទពេញបរិមី នៃខែភទ្របទ”។ សិលាចារឹកទី២ក្នុងឆ្នាំ១៥៦៤រៀបរាប់ថា “អានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ Mahavisnuloka គឺមិនទាន់បានបញ្ចប់ការឆ្លាក់នៅឡើយទេ លើចម្លាក់ពីរផ្ទាំង ហើយនៅពេលអានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ Paramapavitra Paramarajadhiraja Vrah Rajaonkara Paramarajadhiraja បានក្លាយជាស្តេច គាត់បានឆ្លាក់រឿងមួយ។ ការខិតខំប្រឹងប្រែងឆ្លាក់ត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុង ១៤៨៥ នៃសករាជ ឆ្នាំជ្រូកព្រះច័ន្ទពេញបរិមី នៃខែផល្គុន ថ្ងៃអាទិត្យ។ រួតទាំងពីរ និងចង្រឹកបង្កាន់ដៃត្រូវបានឆ្លាក់បញ្ចប់តាំងពីមុន”។ ដូច្នេះសិលាចារឹកទី១ក្នុងឆ្នាំ១៥៤៦ គឺជាឆ្នាំពិពណ៌នានៃការចាប់ផ្តើមការងារឆ្លាក់ផ្ទាំងចម្លាក់ និងពុំបានរៀបរាប់អំពីឆ្នាំជាសករាជទេ ដោយបញ្ជាឱ្យជាងឆ្លាក់តែម្តង រីឯសិលាចារឹកទី២ ក្នុងឆ្នាំ១៥៦៤ គឺជាឆ្នាំបរិយាយបញ្ចប់ការងារឆ្លាក់ផ្ទាំងចម្លាក់ និងបានរៀបរាប់អំពីឆ្នាំដែលបញ្ចប់ការងារឆ្លាក់ទាំងនោះ។
ក្នុងសាច់រឿងជាទេវកថាលើផ្ទាំងចម្លាក់ប្រវែងជាង៥0ម៉ែត្រ នៅជ្រុងខាងកើតស្លាបខាងជើងនេះ គឺពិពណ៌នាពីឈុត ឆាកធ្វើសង្រ្គៀមលាយឡំគ្នា ដោយមានការចូលរួមពីក្រុមទ័ពព្រះវិស្ណុ ពពួកអសុរ និងពពួកសត្វផ្សេងៗធ្វើជាជំនិះច្បាំង។ បើយើងពិនិត្យឱ្យច្បាស់លើឈុតឆាកប្រយុទ្ធនៃផ្ទាំងចម្លាក់នេះ គឺទាំងក្រុមទេព និងក្រុមអសុរធ្វើដំណើរប្រមូលផ្តុំគ្នាទៅប្រយុទ្ធនៅចំណុចកណ្តាលនៃរួត ដែលជាទីតាំងព្រះវិស្ណុជិះលើស្មារគ្រុឌ។ ក្នុងចម្លាក់នោះ បានបង្ហាញសត្វដំរី ច្រើនជាជំនិះធ្វើចម្បាំងដោយមានតុបតែងរំយោលលម្អរលើដងខ្លួន ហើយមេទ័ពកាន់ដាវ ខែល និងមានម៉មដំរីជិះពីលើ ព្រមទាំងអមទៅដោយទាហានថ្មើរជើងជាច្រើនអ្នក។
រីឯឈុតមួយទៀតបង្ហាញពីសកម្មភាពដ៏ស្វាហាប់ឆ្ពោះទៅមុខ និងភាពក្លាហានរបស់មេទ័ពកាន់ដាវ និងខែល ដោយមិនញញើតនឹងការប្រយុទ្ធដែលកំពង់ជិះលើរទេះចម្បាំងអូសដោយសត្វសិង្ហ និងសត្វសេះ ថែមទាំងអមទៅដោយទាហានថ្មើរជើងជាច្រើនអ្នកកាន់អាវុធ ទង់ជ័យ និងខ្លោះ។
លើសពីនេះគួរឱ្យអស្ចារ្យ គឺចម្លាក់មានបង្ហាញរូបសត្វនាគក្បាល៥ជាជំនិះចម្បាំង នៅក្នុងសិល្បៈខែ្មរនាគ គឺជានិមិត្តរូបនៃទឹក និងជាជំនិះរបស់ព្រះភិរុណ (Varuna)។ ព្រះភិរុណគង់លើខ្នងនាគ ដោយព្រះហស្ថស្តាំកាន់ធ្នូលើកឡើងដូចជាសញ្ញាប្រាប់កូនទាហានឆ្ពោះទៅមុខប្រយុទ្ធ។ ដោយឡែកត្រង់ឈុតមួយ គឺប្លែកដែលមានសត្វបក្សីចំម្លែកច្រើនក្បាលនៅផ្នែកខាងលើ និងខាងក្រោមនៃផ្ទាំងចម្លាក់ជាជំនិះចម្បាំងមានរូបរាងស្រដៀងនឹងសត្វក្ងាន ឬ សត្វអូទ្រីស ដោយមានទាហានកាន់អាវុធដាវ និងខែលជិះពីលើ ព្រមទាំងប្រើជើងគៀបកបក្សីទាំងនោះ។
មកដល់ចំណុចកណ្តាលនៃផ្ទាំងចម្លាក់ ជាកន្លែងដែលព្រះវិស្ណុគង់លើគ្រុឌ និងកំពង់តែប្រយុទ្ធជាមួយពពួកអសុរ។ ត្រង់នេះព្រះវិស្ណុស្តែងចេញកាយវិការមានព្រះហស្ថ៤ ដែលក្នុងព្រះហស្ថនិមួយៗមានកាន់សំបកខ្យង កងចក្រ ដំបង និងដាវ។ ព្រះភក្រ្តបែរមកទិសត្បូងបញ្ជាក់ពីភាពកា្លហានប្រយុទ្ធយកជ័យជំនះឱ្យបានលើពួកអសុរ រីឯគ្រុឌបែកមុខមកទិសជើងក៍ចូលរួមប្រយុទ្ធ ដោយដៃខាងឆ្វេងចាប់ជើងដំរីដែលប្រុងនឹងរត់គេច និងក្រញ៉ាំជើងឆ្វេងខ្ញាំកសត្វសិង្ហ។ ម្យ៉ាងទៀតក្នុងចម្លាក់នៅចំណុចកណ្តាលនេះ គឺបង្ហាញពីចំណុចចាប់ផ្តើមធ្វើសង្គៀម ដោយមានទាហានជាច្រើនស្លាប់នៅផ្នែកខាងក្រោមនៃសត្វគ្រុឌ បាក់បែកទង់ជ័យ ខ្លោះ និងការចុះចាញ់ដកថយទាំងទ័ពដំរី ទ័ពរទេះ និងទ័ពថ្មើរជើងរបស់ពពួកអសុរបានរត់ខ្ចាត់ខ្ចាយអស់។
ដូច្នេះការធ្វើសង្គៀមនេះ គឺខាងព្រះវិស្ណុជាអ្នកទទួលជោគជ័យលើអសុរ ដោយពពួកអសុរបានដកថយ និងខ្លះទៀតបាត់បង់ជីវិតក្នុងការធ្វើសង្គៀមនោះ។ ទោះបីជាចម្លាក់នៅរួតទី៣នៃផ្នែកខាងកើតស្លាបខាងជើង ដែលរៀបរាប់ពីជ័យជំនះព្រះវិស្ណុលើពួកអសុរ ពុំទាន់បានឆ្លាក់បញ្ចប់ក្នុងរាជ្យព្រះបាទសូរ្យវរន្ម័ទី២ក៏ពិតមែន ប៉ុន្តែត្រូវបានឆ្លាក់បំពេញបញ្ចប់ក្នុងរាជ្យព្រះអង្គចន្ទ ដោយមានអក្សរចារឹកលើផ្ទាំងថ្មជាភស្តុតាងស្រាប់។ ម្យ៉ាងទៀតព្រអង្គចន្ទនៅតែបន្តអនុវត្តឆ្លាប់ជាសាច់រឿងបែបទេវកថា ដែលដូចគ្នាទៅនឹងផ្ទាំងចម្លាក់ផ្សេងៗទៀតនៃរួតទី៣ឆ្លាក់ជាខ្សែរឿងទេវកថាដែរ។ លើសពីនេះស្នាដៃឆ្លាក់ក្នុងរាជ្យព្រះអង្គចន្ទលើផ្ទាំងចម្លាក់ខាងលើ គឺពុំសូវពិនប្រសប់ដូចចម្លាក់នៅក្នុងរាជ្យព្រះបាទសូរ្យវរន្ម័ទី២ ប៉ុន្តែព្រះអង្គនៅតែព្យាយាមរក្សាការឆ្លាក់បញ្ចប់លើជញ្ជាំងដែលមានប្រវែងជាច្រើនម៉ែត្រ។
អត្ថបទដោយ៖ លោក សាន វិសិទ្ធិ