ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះក្រឹស្ណរកឃើញនៅខេត្តកំពង់ធំ

ចម្លាក់ព្រះក្រឹស្ណរកឃើញនៅខេត្តកំពង់ធំ

នៅក្នុងសិល្បៈខ្មែរ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានតាំងពីរវាងស.វ.ទី៦មកម្ល៉េះ ប៉ុន្តែគេឆ្លាក់ជាចម្លាក់ក្រឡោតខ្ពស់។ លុះមកដល់ស.វ.ទី១០ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់​ផ្តើមមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដូចឃើញឆ្លាក់នៅតាមផ្នែកជាច្រើន​នៃប្រាសាទ ដូចជា ហោជាង ផ្តែរទ្វារ សសរផ្អោប ជញ្ជាំង ។ល។ គេច្រើនឆ្លាក់រូប​ព្រះក្រឹស្ណមានរាងសង្ហា មើលទៅមោះមុតក្លាហាន និងមានឫទ្ធានុភាពខ្លាំងខ្លា អាចលើកភ្នំគោវធ៌ន​ទប់ជំនន់ទឹកភ្លៀង​របស់ព្រះឥន្រ្ទបាន។ នៅក្នុងអត្ថបទមុន ធ្លាប់បានបង្ហាញអំពីចម្លា​ក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ដែលរកឃើញនៅតំបន់សំបូរព្រៃគុកម្តងរួចមកហើយ។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះនឹងបង្ហាញជូនអំពីចម្លាក់ព្រះក្រឹស្ណទាំងអស់ ដែលរកឃើញនៅតាមប្រាសាទនានាក្នុងខេត្តកំពង់ធំ ហើយចម្លាក់ព្រះក្រឹស្ណទាំងនោះក៏មានមិនច្រើនដូចនៅតំបន់អង្គរដែរ ពោលគឺនៅមានចម្លាក់ចំនួន៤ទៀត។ ចម្លាក់ទាំងនោះមាន ចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទ ចំនួន២ផ្ទាំង (ផ្តែរប្រាសាទគុកតាពេជ្រ និងផ្តែរមិនស្គាល់ប្រភពនៅសារមន្ទីរខេត្ត) ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយ ចំនួន១ផ្ទាំង (ផ្តែរវត្តក្តីត្នោត) និងចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចំនួន១ផ្ទាំង (សសរផ្អោបប្រាសាទគុកនគរ)។ តើចម្លាក់ទាំង ៤ មានលក្ខណៈបែបណាខ្លះ?

ដំបូងយើងលើកយកចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងបិសាចដំរីកុវលយបិទមកសិក្សាជាមុនសិន ដែលចម្លាក់ទាំងពីរ សិល្បករបុរាណឆ្លាក់នៅលើផ្តែរទ្វារដូចគ្នា ហើយអាយុកាលក៏ដូចគ្នាដែរ ពោលគឺស្ថិតនៅស.វ.ទី១១។ នៅក្នុងទេវកថាហិណ្ឌូបាននិទានថា៖ ក្នុងពេលដែលព្រះក្រឹស្ណរស់នៅក្នុងភូមិវជ្រ ព្រះបាទកម្សនៅតែបញ្ជាឱ្យបិសាចជាច្រើនតាម​សម្លាប់ទ្រង់។ ក្នុងគ្រាមួយ មានយក្សមួយឈ្មោះអារិស្ត ដែលមកប៉ុនប៉ងសម្លាប់ព្រះក្រឹស្ណបានប្រែក្រឡាជាសត្វគោមួយក្បាលដែលមានមាឌធំ ដែលបានធ្វើឱ្យមនុស្សម្នាជាច្រើនខ្លាចរអា ជាពិសេសគឺក្រចកជើងដែលអាចរញ្ជួយធរណី និងស្នែងដ៏មុតស្រួចរបស់វា។ បិសាចគោបានព្យាយាមចូលទៅរស់នៅជាមួយហ្វូងគោដទៃទៀតក្នុងភូមិ ក្នុងបំណងឱ្យគោដទៃទៀតឈប់រវល់នឹងកូន និងឈប់​បំបៅដោះកូន។ ដំណឹងនេះបានឮទៅដល់ព្រះក្រឹស្ណចុះមកអន្តរាគមន៍។ ទ្រង់បានប្រយុទ្ធជាមួយបិសាចគោអារិស្ត ដែលដំបូងឡើយបិសាចគោបានវាយប្រហារលើព្រះក្រឹស្ណ​មុន ស្របពេលនោះព្រះក្រឹស្ណក៏ចាប់ស្នែងគោគ្រវែងទៅយ៉ាងឆ្ងាយ ប៉ុន្តែបិសាចនោះនៅតែលោតមកវាយប្រហារព្រះក្រឹស្ណជាបន្ត ទើបធ្វើឱ្យទ្រង់ទ្រាំលែងបានក៏កាន់គោបង្វិល និងធ្លាក់ទៅនឹងដី ហើយទាញយកស្នែងមួយរបស់បិសាចគោមកចាក់បិសាចគោនោះរហូតដល់ស្លាប់”។ ចំណែកឈុតរឿងព្រះក្រឹស្ណសម្លាប់បិសាចដំរីកុវលយបិទវិញ មាននិទាននៅក្នុងគម្ពីរភគវតបុរាណថា៖ “ថ្ងៃមួយនៅពេលដែលព្រះក្រឹស្ណ និងពលរាមនៅមធុរ មុនពេលចូលប្រកួតបោកចំបាប់ ពួកគេបានឮសំឡេងស្គរ និងសំឡេងគ្រហឹមមកពីសង្វៀន។ ក្នុងគ្រានោះ មានដំរីមួយកំពុងបិទច្រកចូល ក្រោយមកមានការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើង។ ដំរីចាប់ព្រះក្រឹស្ណនឹងប្រមោយរបស់វា ប៉ុន្តែព្រះក្រឹស្ណក៏រំអិលខ្លួនចេញ បន្ទាប់មកក៏ចាប់កន្ទុយដំរី ហើយទាញវាចេញយ៉ាងឆ្ងាយ ពេលដែលដំរីវាយប្រហារព្រះក្រឹស្ណម្តងទៀត ព្រះក្រឹស្ណក៏ចាប់កន្ទុយដំរីគ្រវែងទៅដី រួចកំទេចជើងរបស់វា”។

ក្រឡេកមកមើលចម្លាក់ព្រះក្រឹស្ណសម្លាប់បិសាចគោអារិស្ត និងសម្លាប់បិសាចដំរីកុលវយបិទនៅលើផ្តែរទាំងពីរវិញ មានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។ នៅលើផ្តែរប្រាសាទគុកតាពេជ្រ ស្រុកបារាយណ៍ សិល្បករឆ្លាក់តួអង្គព្រះក្រឹស្ណមានមាឌធំក្រអាញ នៅលើព្រះហស្ថមានពាក់កងធំៗពីរជាន់ ហើយនៅលើព្រះសិរទំនងមានពាក់ម្កុដ (ចម្លាក់រលុប) ។ ព្រះហស្ថទាំងពីររបស់ព្រះក្រឹស្ណចាប់កាន់កន្ទុយបិសាចដំរី និងបិសាចគោ ក្នុងកម្ពស់ដៃស្មើៗគ្នា។ លក្ខណៈគួរកត់សម្គាល់នោះគឺ ក្បាលបិសាចគោអារិស្ត និងក្បាលដំរីកុលវយបិទ គេឆ្លាក់ជាប់ជាមួយក្បាច់ដងធ្នូរបស់ផ្តែរ ហើយម្យ៉ាងទៀតចម្លាក់មានភាពរលុបផង នាំឱ្យយើងពិបាកកំណត់ថា មួយណាជាតួអង្គបិសាចគោ មួយណាជាតួអង្គបិសាចដំរី។ ប៉ុន្តែបើមើលរូបខាង​ស្តាំ យើងឃើញមាននៅសល់ចម្លាក់ដូចប្រម៉ោយដំរី ដែលអាចឱ្យយើងសន្និដ្ឋានថា រូបខាងស្តាំនោះ ជារូបបិសាចដំរី ហើយខាងឆ្វេងជារូបបិសាចគោ។ លក្ខណៈពិសេសមួយនោះគឺ សិល្បករបានឆ្លាក់បិសាចគោមានមាឌធំជាងដំរីដែលករណីនេះគេចង់បង្ហាញឱ្យដឹងថា តួអង្គបិសាចគោអារិស្ត គឺជាយក្សប្រែកាឡា ម្ល៉ោះហើ​យគោនោះក៏ត្រូវមានមាឌធំដូចយក្សដែរ។

ព្រះបាទទាំងពីររបស់ព្រះក្រឹស្ណកន្ធែកឆ្ងាយពី ដោយមានជុចជង្គង់បន្តិច ក្នុងកាយវិការមួយដែលរៀបនឹងបម្រុង​គ្រវាត់គ្រវែងបិសាចទាំងពីរនោះ ចេញពីព្រះហស្ត។ ចំណែកឯចម្លាក់នៅលើផ្តែរទ្វារមួយមិនស្គាល់ប្រភព ដែលរក្សាទុកនៅសារមន្ទីរខេត្តវិញ យើងឃើញមានលក្ខណៈខុសគ្នា ត្រង់កាយវិការព្រះក្រឹស្ណចាប់លើបិសាចទាំងពីរនោះ។ ព្រះហស្តខាងស្តាំ យើងឃើញសិល្បករឆ្លាក់ព្រះក្រឹស្ណចាប់ជើងបិសាចគោលើកឡើងលើខ្ពស់ដល់ត្រឹមព្រះភក្រ្ត និងខាងឆ្វេងចាប់កាន់ជើងដំរីលើកត្រឹមពោះ។ រូបក្បាល​ បិសាចគោ និងដំរីនៅលើផ្តែរទ្វារនេះ យើងឃើញគេឆ្លាក់មិនជាប់នឹងដងធ្នូដូចផ្តែរមុនទេ ហើយទិសក៏មិនដូចគ្នា​ដែរ ព្រោះដំរីគេឆ្លាក់នៅខាងឆ្វេង និងគោនៅខាងស្តាំវិញ។ ប៉ុន្តែលក្ខណៈរួមមួយនោះគឺ ចម្លាក់លើផ្តែរទ្វារនេះ នៅតែឃើញរូបដំរីតូចជាងរូបគោដូចគ្នា។

ដោយឡែក ចម្លាក់មួយទៀតដែលយើងនឹងលើកយកបង្ហាញនោះគឺ ចម្លាក់ព្រះក្រឹស្ណហែកនាគកាលិយឆ្លាក់នៅផ្តែរទ្វារ ដែលរកឃើញនៅវត្តក្តីត្នោត ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមគម្ពីរហិណ្ឌូរៀបរាប់ថា កាលណាក្រឹស្ណប្រយុទ្ធជាមួយនាគ នាគនោះឈ្មោះថា “អឃ” ហើយបើសិនក្រឹស្ណរាំនៅពីលើនាគ នាគនោះគឺឈ្មោះ “កាលិយ” ហើយជាទូទៅនៅក្នុងសិល្បៈខ្មែរចាប់ពីស.វ.ទី១០មក យើងឃើញគេឆ្លាក់ក្រឹស្ណរាំនៅលើនាគ និងចាប់ហែកនាគ។ សាច់រឿងឈុតនេះមានដំណាលថា៖ “ថ្ងៃមួយក្មេងៗគង្វាលបាននាំគ្នាលេងបាល់នៅមាត់ទន្លេកាលន្ទិ ពេលនោះ​ព្រះក្រឹស្ណក៏មកលេងជាមួយក្មេងៗ ហើយក៏បានទាត់បាល់ចូលទៅក្នុងទឹកទន្លេ។ ក្មេងៗមានការខឹងសម្បារនឹងព្រះក្រឹស្ណយ៉ាងខ្លាំង ដ្បិតមិនមាននរណាហ៊ានចុះទៅក្នុងទន្លេនោះទេ ព្រោះគេដឹងថានៅក្នុងទន្លេមាននាគដែលមានពិសខ្លាំងរស់នៅ ដែលពីមុនមកធ្លាប់មានក្មេងៗ និងសត្វពាហនពុលស្លាប់។ ពេលនោះព្រះក្រឹស្ណក៏ចុះទៅក្នុងទន្លេរើសបាល់ ស្រាប់តែនាគកាលិយបានចេញមករុំព័ទ្ធព្រះកាយទ្រង់។ ទ្រង់ក៏បានលោតចេញពីការរុំព័ទ្ធ ហើយមកជិះពីលើនាគរាំរែកទន្រ្ទាំជើង និងចាប់ហែកនាគកាលិយនោះរហូតដល់ក្អួតឈាមស្ទើរនឹងស្លាប់ តែបានប្រពន្ធរបស់នាគចេញមកអង្វរកដល់ព្រះក្រឹស្ណកុំឱ្យសម្លាប់នាគកាលិយដែលជាប្តីរបស់នាង។ ដោយនឹកអាណិតនឹងក្តីអង្វរករបស់នាគញី ព្រះក្រឹស្ណក៏ទុកជីវិតឱ្យ តែបានបញ្ជាឱ្យនាគកាលិយនាំកូនចៅចេញពីទន្លេនេះឱ្យអស់ ចុះទៅនៅសមុទ្រវិញ។ ចម្លាក់នៅលើផ្តែរវត្តក្តីត្នោត យើងឃើញសិល្បករឆ្លាក់រូបព្រះក្រឹស្ណក្នុងទម្រង់ជាកុមារ ព្រះបាទឆ្វេងធាក់ចំកនាគ ព្រះហស្តទាំងពីរចាប់និងច្រានក្បាលនាគក្នុងទម្រង់ចាប់ហែកនាគ (ក្បាលនាគទំនងមាន ៦ ឬ ៧ តែដោយសាររលុបយើងមិនអាចមើលឃើញច្បាស់)។ ជាទូទៅ សិល្បករខ្មែរប្រកាន់យកគោលការណ៍ពីរយ៉ាងក្នុងការឆ្លាក់ក្បាលនាគ គឺចំនួន​សេស និងចំនួនគត់គូរ។ ចំនួនគត់គូរជាចំនួនដែលស្ថិតនៅក្នុងគោលការណ៍សូន្យ មានន័យថា “ស្លាប់”។ ចំណែកឯចម្លាក់មួយទៀតជាឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ឆ្លាក់នៅលើសសរផ្អោបប្រាសាទគុកនគរ យើងពុំបានយកមករៀបរាប់ទៀតទេ ដោយសារនៅក្នុងអត្ថបទមុនធ្លាប់និយាយ​ម្តងរួចមកហើយ។

អត្ថបទដោយ៖ លោក​ ម៉ង់ វ៉ាលី

—————————————————–

Reliefs of Krishna found at Kampong Thom Province

In Khmer Art history, the statue of Krishna Govardhana appeared in the 6th century. Up to the 10th century, the scene became popular so it was found carving on various elements of the temple, pediment; lintel; column, and wall. Etc. The figure of Krishna tends to be handsome, brave, and energetic miraculously raises Mount Govardhana to protect the villagers and cowherds from a great rainstorm sent by Indra. A carving of Krishna Govardhana from Sambo Prei Kuk was showing in the previous article. However, this short article will show the last four carvings of Krishna Govardhana found in Kampong Thom. Among them, there are two carvings of Krishna kills a bull demon Arista and an elephant demon Kuvalayapida (lintel from Prasat Kuk Ta Pich and a lintel in Provincial Museum). A lintel of Krishna kills Kalyana (Vat Kdei Tnot) and a lintel of Krishna Govardhana (column of Prasat Kuk Nokor).

The two lintels of Krishna killed a bull demon Arista and elephant demon Kuvalayapida dated to the 11th century. According to the myth, Krishna was tried to kill by Kamsa. Kamsa ordered demons to kill Krishna. Thus, Arista who was a bull demon transformed himself to be a huge cow and lived with cowherds in the village in order to avoid mothers giving milk to the calves. After receiving the news, Krishna tried to kill Arista. He threw the bull demon to the ground and took a horn to kill him. A scene of Krishna killed elephant demon Kuvalayapida describes in Bhagavata Purana script. It says one day before Krishna and Balarama entered the fighting contest they heard a roaring sound from the ring. The elephant was trying to close the gate so Krishna killed him by throwing him to the ground and damaged his legs.

Moving to the lintels, a carving of Krishna from Prasat Kuk Ta Pich in the Baray district depicts a strong Krishna wears bracelets and a crown. Both hands grab the tail of the elephant and pull to the same level. Remarkably, although that damage of the stone causes difficulty to read the scene in detail, both heads of elephant and pull are the part of the bow’s arch running along mid part of the lintel. The bull is bigger than the elephant. Krishna is relatively in a warrior stand to throw both demons away. Another lintel from Provincial Museum shows Krishna grabs the leg of the bull demon with his right hand and lifts it up to his face. The left-hand grabs an elephant demon up to his stomach. The head of both demons is not connected to the arch in the middle of the lintel. This lintel also shows elephant is smaller than the pull, but the position of both demons in both lintels are in contrast.

A lintel Krishna kills Kalyana found in Vat Kdei Tnot (Stong district). According to Hindu myth, when Krishna fights with the Naga that Naga calls Agha, but if Krishna dances on the Naga that Naga is Kalyana. Generally, from the 10th century, Krishna tends to dance on the Naga. It says that while Krishna is playing football with the boys, his ball fell into the river. The boys got angry with Krishna because they knew there is a Naga who has deadly venom in the river. Krishna dived into the river to get the ball and finally jumped on Kalyana’s head to tap and tear Kalyana head. However, Krishna gave life to Kaylan after he got asking for forgiveness from Kalyana’s wife. From that day, Kalyana and his wife left the river to the sea. The lintel shows Krishna as a boy tap his left foot on the neck of the Naga and both hands tear the heads of Naga (6 or 7 heads?).

The last one is a carving of Krishna Govardhana on the column of Prasat Kuk Nokor. However, Krishna Govardhana will not describe here the topic described in a previous article.

អត្ថបទដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!