ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ឧមាមហេស្វរៈ

ចម្លាក់ឧមាមហេស្វរៈ

ចម្លាក់ឧមាមហេស្វរៈ ជារឿងបង្ហាញពីទេពព្រះសិវៈ និងព្រះនាងឧមាគង់លើគោនន្ទិន មានព្រះហស្ថ២ ខាងស្តាំកាន់ត្រីសូរ ឬផ្គាំ និងដៃឆ្វេងដាក់លើស្មាព្រះនាងឧមា។ ចម្លាក់ឧមាមហេស្វរៈ មានបង្ហាញព្រះហស្ថ៤ ព្រហស្ថ១កាន់ពូថៅ ព្រះកាយរុំស្បែកសត្វ និងពេលខ្លះព្រហស្ថស្តាំកាន់ត្រីសូរ។ ចម្លាក់ក្នុងសិល្បៈខ្មែរ បង្ហាញព្រះនាងឧមាអង្គុយលើគោនន្ទិនផ្នែកខាងក្រោយ និងព្រះហស្ថកាន់ផ្កាឈូក។ ការបង្ហាញរូបព្រះសិវៈ និងព្រះនាងឧមាក្នុងសាសនាហិណ្ឌូ ជារឿងកើតឡើងដំបូងមួយក្នុងចំណោមរឿងសិវៈមហាស្វរ មុតិទាំង២៥  ដើម្បីបង្ហាញការបង្កើតអ្វីៗថ្មីដំបូងរបស់គម្ពីសិវៈបុរាណ។ ចម្លាក់បង្ហាញរូបព្រះសិវៈមានព្រះភក្ត្រ និងព្រះហស្ថច្រើនដូចជា ព្រះសទាសិវៈជាដើម គឺដើម្បីបង្ហាញពីអំណាច និងសមត្ថភាពដ៏ធំធេងរបស់ព្រះសិវៈ ក្នុងការបំពេញភារៈកិច្ចច្រើនក្នុងពេលដំណាលគ្នា។ ចម្លាក់ឧមាមហេស្វរៈ​ មានឆ្លាក់បង្ហាញគង់លើគោនន្ទិន និងមានលើបល្ល័ង្ក ហើយមានកាយវិការខុសៗគ្នាខ្លះដូចជា ព្រះហស្ថស្តាំដាក់លើភ្លៅ កាន់អង្កាំ និងកាន់ត្រីសូរ ចំណែកព្រះហស្ថឆ្វេងរបស់ព្រះសិវៈលេចចេញពីលើស្មា ឬអោបចង្កេះព្រះនាងឧមា​។

ពេលខ្លះមានឆ្លាក់រូបអមជុំវិញព្រះឧមាមហេស្វរៈនេះ រួមមានព្រះគណេស ព្រះស្កន្ទ ព្រះវិស្ណុ ព្រះព្រហ្ម និងឥសី។ ចម្លាក់រូបឧមាមហេស្វរៈ ឆ្លុះបញ្ចាំងពីរឿងទេវកថាទាក់ទងគ្រួសារ និងការអនុវត្តយោហ្គា ដើម្បីគ្រប់គ្រងការត្រាស់ដឹងរបស់ទេព។ ពេលខ្លះនៅឥណ្ឌាចម្លាក់នេះ ឆ្លាក់បន្ថែមរូបទេពរាំនៅក្បែរព្រះបាទរបស់ព្រះសិវៈ។ ព្រះសិវៈឆ្លាក់រួមគ្នាជាមួយព្រះនាងឧមា គឺតំណាងឱ្យសារៈសំខាន់ទម្រង់ទេពភេទស្រី ទំនាក់ទំនងជិតស្និទ្ធ និងប្រកបដោយសេចក្តីស្រឡាញ់ ដែលតំណាងឱ្យកម្លាំងបុរស និងស្ត្រី។ តាមចម្លាក់ឧមាមហេស្វរៈនៅក្នុងសិល្បៈខ្មែរ គឺបង្ហាញជា២ទម្រង់ និងឆ្លាក់ជាសិល្បៈ៤ប្រភេទផ្សេងៗគ្នា។

ចំណែកចម្លាក់ឧមាមហេស្វរៈនៅរាជធានីកោះកេរមាន២ មួយជាចម្លាក់ទោលនៅខ្លោងទ្វារចូលទី២ប្រាសាទធំ និងផ្សេងទៀតឆ្លាក់លើថ្មធម្មជាតិ នៅខាងត្បូងត្រពាំងខ្នារ។ ប៉ុន្តែចម្លាក់នៅខ្លោងទ្វារទី២នេះ បង្ហាញជាចម្លាក់ទោល មានក្បាច់ល្អវិចិត្រ និងទំហំធំជាងសម័យក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៤​ ដែលភាគច្រើនឆ្លាក់នៅលើផ្តែរ ហោជាងប្រាសាទ សីមាថ្មភក់តូចៗ និងថ្មធម្មជាតិប៉ុណ្ណោះ។ ចម្លាក់ទោល ឧមាមហេស្វរៈ គឺពុំពេញនិយមឆ្លាក់ទេនៅសម័យមុនរាជ្យព្រះបាទជ័យវរ្ម័នទី៤។ ប៉ុន្តែចម្លាក់នេះប្រទះឃើញមានឆ្លាក់លើពើងត្បាល់មាន២ ចម្លាក់សិវៈ និងនាងឧមាគង់លើគោនន្ទិន និងផ្សេងមួយទៀតខូចខាតខ្លាំងនៅសល់តែរូបព្រះសិវៈគង់លើគោនន្ទិន។ ចំណែកចម្លាក់ឧមាមហេស្វរៈនៅត្រពាំងខ្នារ គឺដូចគ្នាចម្លាក់នៅពើងត្បាល់ភ្នំគូលែន ដែលឆ្លាក់លើថ្មភក់ធម្មជាតិ។ ប្រភេទចម្លាក់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ឆ្លាក់ជាបដិមាទោល ឧមាមហេស្វរៈ  នៅច្រកចូលទី២ប្រាសាទធំ គឺជាចម្លាក់១ក្នុងរឿងសិវៈមហាស្វរមុតិទាំង២៥ ដែលបង្ហាញភាគច្រើននៅប្រាសាទរួម (ប្រាសាទធំកោះកេរ)។ ចម្លាក់ឧមាមហេស្វរៈ មានឆ្លាក់នៅលើផ្ទាំងថ្មភក់ធម្មជាតិនៅភ្នំគូលែនសតវត្សទី៩នៃគ.ស និងប្រាសាទខ្នារសតវត្សទី១០នៃគ.ស គឺមានអមដោយរូបឥសី ព្រះវិស្ណុផ្ទុំលើនាគ ព្រះព្រហ្ម ព្រះគណេស និងទេពផ្សេៗទៀត។

ចម្លាក់ឧមាមហេស្វរៈមួយប្រភេទទៀត ឆ្លាក់លើផ្ទាំងថ្មភក់តូចៗ ដូចជាបង្គោលសីមា ដែលមានដង្កល់តាមប្រាសាទដូចជានៅប្រាសាទត្រពាំងរុន ជិះលើគោនន្ទិន និងមួយទៀតអង្គុយលើបល្ល័ង្កមានរូបគោនន្ទិន ក្នុងសតវត្សទី១០គ.ស។ ចម្លាក់មកពីប្រាសាទត្រពាំងរុន បង្ហាញរូបព្រះសិវៈកាន់ត្រីសូរនៅដៃស្តាំ និងអោបស្មារព្រះនាងឧមា។ ចំណែកព្រះនាងឧមាដៃស្តាំអោបចង្កេះព្រះសិវៈ និងឆ្វេងកាន់ផ្កាឈូក ដែលជាចម្លាក់ស្រដៀងចម្លាក់នៅឥណ្ឌា (រូបលេខ៤, ៥)។

ចម្លាក់នៅលើផ្តែរប្រាសាទមឿងតាំ​នៅចុងសតវត្សទី១០ និងដើមទី១១គ.ស និងនៅលើហៅជាងតួប៉មខាងត្បូង និងលើហោជាងថែវបន្ទប់វែងរបស់ប្រាសាទបន្ទាយស្រីនៅចុងស.វទី១០គ.ស។ ផ្តែរប្រាសាទមឿងតាំ គឺជាចម្លាក់ល្អ ដែលបង្ហាញសិវៈ និងឧមាគង់លើគោនន្ទិន អមដោយព្រះភក្ក្រទេព២សង្ខាង និងស្ថិតនៅកណ្តាលដងធ្នូលើរូបរាហូ។ ចម្លាក់នៅលើហោជាងប្រាសាទបន្ទាយស្រីមួយស្ថិតនៅតួប៉មខាងត្បូង និងផ្សេង១ទៀតស្ថិតនៅថែវបន្ទប់វែង ដែលឆ្លាក់ទេពឧមាតូចព្រះហស្ថខាងស្តាំអោបដៃឬចង្កេះព្រះសិវៈនៅចុងសតវត្សទី១០គ.ស។ ចម្លាក់នេះពេញនិយមឆ្លាក់ច្រើនសម័យក្រោយរាជព្រះបាទជ័យវរ្ម័នទី៤ តែភាគច្រើនឆ្លាក់ច្រើននៅលើផ្តែរ និងនៅលើហោជាង។

ប៉ុន្តែនៅសម័យក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៤ បានបន្តឆ្លាក់រូបឧមាមហេស្វរៈ លើហោជាងថែវបន្ទប់វែងប្រាសាទបន្ទាយស្រី ឆ្លាក់លើបល្ល័ង្ក​ និងឆ្លាក់លើផ្តែរផ្សេងទៀតជាច្រើន នៅចុងស.វទី១០ និងទី១១គ.ស ឬខ្លះស្ថិតក្នុងរចនាបថបាពួន។ ចម្លាក់នេះពេញនិយមឆ្លាក់នៅលើផ្តែរប្រាសាទច្រើននៅក្នុងសតវត្សទី១១គ.ស ដែលមានឆ្លាក់លាយរូបព្រះឥន្ទ្រ ឥសី និងវិស្ណុជាដើម។ យ៉ាងហោចណាស់មានផ្តែរចំនួន៥ ឆ្លាក់បង្ហាញរូបឧមាមហេស្វរៈ មួយឆ្លាក់រូបព្រះឥន្ទ្រជិះលើដំរីក្បាល៣ នៅកណ្តាលដងធ្នូរលើរូបរាហូ និងផ្នែកខាងលើផ្តែរមានឆ្លាក់រូបឧមាមហេស្វរៈអមដោយឥសីម្ខាង៦ និងគ្រុឌ១។ ផ្តែរប្រាសាទមឿងតាំ បង្ហាញរូបឧមាមហេស្វរៈគង់លើគោនៅកណ្តាលលើរូបរាហូ និងបង្ហាញរូងទេព២លេចព្រះភក្ក្រចេញសង្ខាង។ ចម្លាក់ផ្តែរ២ផ្សេងទៀត មានឆ្លាក់ឧមាមហេស្វរៈ នៅកណ្តាលដងធ្នូរលើរាហូ អមដោយឥសីសង្ខាង៨ ស្ថិតក្នុងសតវត្សទី១១គ.ស។

ចម្លាក់ផ្តែរសំខាន់មួយផ្សេងទៀត គឺផ្តែរមកពីប្រាសាទថ្នល់ជើង ស្ថិតក្នុងសតវត្សទី១១គ.ស គឺឆ្លាក់បង្ហាញរូបទេពជាច្រើនអមរូបឧមាមហេស្វរៈនៅកណ្តាល។ ចម្លាក់ឧមា   មហេស្វរៈអមដោយព្រះវិស្ណុឈរលើគ្រុឌ និងនរសឹង្ហនៅខាងឆ្វេង ព្រះព្រហ្មឈរលើផ្កាឈូកនៅខាងស្តាំ ទេពផ្សេងទៀតអមសង្ខាង និងរូបឥសីនៅផ្នែកខាងលើផ្តែរ (រូបលេខ១២)។ ចម្លាក់ផ្តែរប្រាសាទថ្នល់ជើងនេះ គឺឆ្លាក់ល្អ និងប្រទះឃើញតែមួយក្នុងសិល្បៈ​នៅសតវត្សទី១១គ.ស ដែលឆ្លាក់បង្ហាញរូបទេពអមច្រើនលើផ្តែរតែមួយ។ ក្រៅពីចម្លាក់ទោល និងនៅលើផ្តែរ ចម្លាក់ឧមាមហេស្វរៈ និងចម្លាក់មានកាយវិការផ្សេងមួយទៀតក្នុងសតវត្សទី១២គ.ស គឺឆ្លាក់នៅប្រាសាទវត្តភូ លើហោជាងខាងត្បូង នៅប្រាសាទព្រះវិហារនៅច្រកចូលខ្លោងទ្វារទី៣ ហោជាងខាងត្បូង​ នៅប្រាសាទបន្ទាយសំរ៉ែលើហោជាង និងប្រាសាទអំពិល ដែលឆ្លាក់រូបឧមាមហេស្វរ គង់លើគោនន្ទិនត្រឡប់បែរមកខាងស្តាំវិញ។ ចម្លាក់ឧមាមហេស្វរក្នុងសម័យនេះ បង្ហាញទេពប្រុសស្រីផ្សេងទៀតអម​កាន់ផ្លិត និងឆ័ត្រ និងឥសី ដែលទេពខ្លះបង្ហាញកាយវិការសំពះគោរព។ ចម្លាក់ឧមាមហេស្វរៈផ្សេងទៀត នៅលើហោងជាងប្រាសាទកំផែងណយ ប្រាសាទកំផែងយៃ និងប្រាសាទបាយ័ន នៅបន្តឆ្លាក់រហូតដល់សតវត្សទី១២ និងទី១៣ គ.ស (រូបលេខ១៧ ដល់១៩)។ ចម្លាក់នេះក្នុងសតវត្សទី១២ និង១៣គ.ស នៅតែបន្តឆ្លាក់អមដោយទេពផ្សេងៗ និងរូបឥសីសំពះសង្ខាង ស្រដៀងចម្លាក់នៅសតវត្សទី១១គ.សដែរ ប៉ុន្តែបង្ហាញព្រះសិវៈកាន់ត្រីសូរខ្លះ និងដាក់ព្រះហស្ថលើជង្គង់ខាងស្តាំ។

សរុបមកការបង្ហាញចម្លាក់រូបឧមាមហេស្វរៈក្នុងសិល្បៈខ្មែរ ដែលឆ្លាក់បង្ហាញនៅលើថ្មធម្មជាតិ ចម្លាក់ទោល និងនៅផ្តែរមួយចំនួនប៉ុណ្ណោះ។ ចម្លាក់ឧមាមហេស្វរៈ ឆ្លាក់មាន២ទម្រង់ដូចជា ឆ្លាក់ជិះលើយានជំនិះគោនន្ទិន និងលើបល្ល័ង្ក។ ចម្លាក់ឧមាមហេស្វរៈ គឺជារឿងមួយក្នុងចំណោម២៥ របស់រឿងមហាស្វរៈមុរតិ ដែលមានឆ្លាក់ច្រើនជាងគេនៅប្រាសាទរួមកោះកេរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។ ប៉ុន្តែចម្លាក់ប្រភេទនេះប្រហែលផ្តើមឆ្លាក់តាំងនៅពើងត្បាលភ្នំគូលែន ផ្នែកឦសានប្រាសាទចិន នៅដើមសម័យអង្គរ។ ចម្លាក់ឧមាមហេស្វរៈនេះ មិនដែលប្រទះឃើញមានឆ្លាក់នៅសម័យមុនអង្គរទេ ទាំងនៅលើរចនាសម្ព័ន្ធសំណង់ប្រាសាទ ហោងជាង ផ្តែរ និងបដិមាទោល។ នៅដើមសម័យអង្គរ ចម្លាក់ឧមាមហេស្វរៈ ចាប់ផ្តើមនិយមឆ្លាក់នៅលើពើង និងថ្មធម្មជាតិ ដូចជានៅពើងត្បាល់ភ្នំគូលែនជាដើម ប៉ុន្តែពុំទាន់ឃើញមានចម្លាក់ទោលនោះទេ។ រហូតដល់រាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៤ ទើប​មានចម្លាក់ទោលរូបព្រះឧមាមហេស្វរៈ ដែលតម្កល់នៅខ្លោងទ្វារទី២របស់ប្រាសាទធំ និងមានឆ្លាក់នៅលើថ្មធម្មជាតិ ផ្នែកខាងត្បូងត្រពាំងខ្នារក្នុងស.វទី១០គ.ស។ ម្យ៉ាងទៀត ចម្លាក់ឧមាមហេស្វរៈនេះ មានឆ្លាក់នៅលើបន្ទះសីមា ពេញនិយមឆ្លាក់ ក្នុងសតវត្សទី១០គ.ស រហូតដល់ទី១១ គ.ស។ ចំណុចទី៣ ផ្សេងទៀតចម្លាក់ឧមាមហេស្វរៈ មានឆ្លាក់នៅលើផ្តែរប្រាសាទតាំងពីសតវត្សទី១០គ.ស ឆ្លាក់ច្រើននៅស.វទី១១គ.សនៅលើផ្តែរ ឬបន្តឆ្លាក់រហូតដល់ស.វទី១២គ.ស និងសម័យបាយ័នស.វទី១៣គ.ស ភាគច្រើននៅលើហោជាង។ ការបង្ហាញចម្លាក់ឧមាមហេស្វរៈផ្សេងទៀត គឺឃើញឆ្លាក់អមដោយទេពផ្សេងៗដូចជាព្រះព្រហ្ម ព្រះវិស្ណុ ព្រះគណេស និងឥសីក្នុងកាយវិការសំពះ។

———————————————–

Uma Mahesvara

Uma Mahesvara is a figure of Goddess Uma sits on the lap of Lord Shiva, and both sit on Nandin. Lord Shiva has two arms. The right arm holds Trident or Rosary, and the left arm holds Uma’s shoulder. If Shiva has four arms, one hand holds an axe, wearing animal skin and sometimes the right-hand holds a Trident. In Khmer art, Uma sits on Nandin behind Shiva and holds a lotus. Uma Mahesvara is the first representation among twenty-five stories in Shiva Mahasvaramurti of Shiva Purana script. Multiple heads and arms of Sadashiva show the power and energy of Shiva to complete many tasks at one time. Uma Mahesvara on Nandin also shows on a pedestal, and with different gestures. Sometimes, the right hand holds a trident with a rosary and put it on the lap. The left-hand holds Uma’s waist.

Sometimes, there is an image of Ganesh, Skada, Vishnu, Brahma and hermit nearby. The story of Uma Mahesvara presents the relation of family and Yoga in order to control the deities. Occasionally, India presents a dancing deity near the feet of Shiva. The representation of Uma with Shiva together shows the relation between male and female energy. In Cambodia, Uma Mahesvara has two forms and presents in four types.

There are two Uma Mahesvara at Koh Ker. One of them is a statue in the second entrance of Prasat Thom and another one is a relief carved on a natural stone block north of Trapang Khna. The statue of Uma Mahesvara in the second entrance of Prasat Thom is a unique, big and beautiful piece. The statue of Uma Mahesvara did not popular before King Jayavarman IV. After the reign of King Jayavarman IV, Uma Mahesvara tended to be a relief on the lintel, pediment, small Sima, and natural stone block rather than the statue. There are two reliefs of Uma Mahesvara found at Poeng Tbal, Phnom Kulen which are similar to the relief of Uma Mahesvara in Trapang Khna.

Figures of Uma Mahesvara carved on a natural stone block at Phnom Kulen in the 9th century and Prasat Khna in the 10th century is surrounding by a hermit, Brahma, Ganesh and other deities. Another type was carving on small Sima (sacred stone) in the temples such as Prasat Trapang Run (Uma Mahesvara on Nandin and Uma Mahesvara on pedestal accompany by Nandin in the front). These represent similar to India. 

There are figures Uma Mahesvara at Muang Tam temple in the 10th century and 11th centuries. Also, two figures on the pediment of a long hall and southern shrine at Prasat Banteay Srei, end of 11th century. At Muang Tam temple, Uma Mahesvara sits on Nandin. It accompanies by two deities at the sides and in the middle of the bow the arch on Kala.

Uma Mahesvara at the southern shrine of Banteay Srei temple shows Uma in small size. Her right-hand holds Shiva’s waist (end of 10th century). After King Jayavarman IV in the late 10th to early 11th century, figures of Uma Mahesvara were carved on pediments and lintels of many temples. Some of them are in Baphoun style. Uma Mahesvara became very popular in the 11th century and tended to show with the figure of Brahma and Vishnu. Remarkably, there are at least five lintels. One shows Uma Mahesvara on three heads elephant, Airavata in the middle of the bow arch and on Kala. It is surrounding by six hermits on each side and a Garuda.

The lintel at Muang Tam shows Uma Mahesvara sin on Nandin and on Kala. They are surrounded by two deities at the sides. Two other lintels show Uma Mahesvara in the middle of the bow arch surrounded by eight hermits. It is in the 11th century.

Other figures of Uma Mahesvara were found in Prasat Thnal Cherng, 11th century. It shows Uma Mahesvara in the middle and surrounded by multiple deities. It has also Vishnu on Garuda, Narasingha, Brahma on lotus and hermits.

Besides, reliefs Uma Mahesvara found also in the 12th century, such as Prasat Vat Phu, Prasat Preah Vihear, Prasat Banteay Samre and Prasat Ampil. Most of the time, there are female deities who hold the fan, umbrella and figure of a hermit in venerating form. In 12th to 13th-century temples, Kampeng Noi, Kampeng Yai and Bayon also have Uma Mahesvara’s reliefs. The representation is similar to the 11th century.

អត្ថបទដោយ៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!