ប្រាសាទស្រែប្រាសាទ មានទីតាំងស្ថិតនៅភូមិស្រែវាល ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្ត និងស្ថិតនៅកៀកតំបន់ព្រៃឡង់។ នៅសម័យអាណានិគមបារាំង ប្រាសាទនេះពុំធ្លាប់មានអ្នកស្រាវជ្រាវណាមកសិក្សាឡើយ ពោល គឺទើបតែនៅសតវត្សរ៍ទី២១នេះ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុង បូព៌ាប្រទេស មកសិក្សានិងចុះបញ្ជី។
ប្រាសាទនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយបន្តិច បែរមុខទៅទិសខាងកើត ហើយខាងកើតមានស្រះធំមួយ។ តួប៉មនេះមានប្រវែង ៤,៥០ម៉ែត្រ យ៉លយទៅទិសខាងកើតមានប្រវែង ១ម៉ែត្រ ហើយមានកម្ពស់សរុប ៧ម៉ែត្រ។ ឥដ្ឋរបស់ប្រាសាទមានប្រវែងជាមធ្យម បណ្តោយ ៣០ស.ម. ទទឹង ១៣ស.ម. និងកម្រាស់ ៦ស.ម.។ សព្វថ្ងៃ នៅខាងក្នុងប្រាសាទបានក្លាយជាប្រហោងជ្រៅមួយ កើតចេញពីការជីកបំផ្លាញរុករកវត្ថុបុរាណដោយជនខិលខូចជាច្រើនលើកច្រើនសារ។ ចំណែកជញ្ជាំងរបស់ប្រាសាទនៅទិសខាងលិច ខាងជើង និងខាងត្បូង យើងមើលលែងយល់ទៅហើយ ដោយសារបំណែកឥដ្ឋដែលធ្លាក់មកពីកំពូលប្រាសាទមកកប់បាត់ជញ្ជាំង។ ប៉ុន្តែផ្នែកខ្លះដែលនៅសល់អាចឱ្យយើងដឹងថា ប្រាសាទនេះពុំមានទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតទេ តែគេធ្វើជញ្ជាំងឥដ្ឋលាត ឬអាចមានលម្អត្រឹមតែសសរផ្អោបដែលនៅជាប់ជញ្ជាំង ដូចប្រាសាទមួយចំនួនក្នុងក្រុមប្រាសាទសំបូរព្រៃគុក តួប៉ម N9, N10។
ក្បាច់លម្អរបស់ប្រាសាទពុំមាននៅសេសសល់ច្រើននោះទេ លើកលែងតែផ្តែរទ្វារមួយធ្វើអំពីថ្មភក់ ដែលយើងឃើញធ្លាក់នៅខាងមុខប្រាសាទ។ ផ្តែរទ្វារនេះមានបណ្តោយ ១៤៥ស.ម. ទទឹង ៥៥ស.ម. កម្រាស់ ៣០ស.ម. ដែលមានលម្អដោយរូបសត្វមករបែរមុខចូលក្នុងខ្ជាក់ឬលេបក្បាច់បន្ទាត់ធ្នូ។ ក្រៅពីរូបសត្វមករ យើងអាចនៅមើលឃើញតែរំយោលផ្កាតិចតួចទៀតប៉ុណ្ណោះ ដោយហេតុថាក្បាច់នៅលើផ្តែរបានរលុបស្ទើរពេញមួយផ្ទៃផ្តែរទៅហើយ។ ទោះបីជាយ៉ាងណា យើងអាចដឹងថា ផ្តែរនេះមានលំនាំដូចផ្តែរជាច្រើនទៀតដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសិល្បៈរចនាបថសំបូរព្រៃគុក សតវត្សរ៍ទី៧ ហើយប្រាសាទនេះអាចសាងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧)។
តាមរយៈតឹកតាងនេះ យើងអាចសនិ្នដ្ឋានបានថា ទីតាំងប្រាសាទស្រែប្រាសាទ អាចជា តំបន់មួយដែលមានមនុស្សតាំងទីរស់នៅនាសម័យចេនឡា ហើយក៏អាចមានទំនាក់ទំនងទៅមកឥតដាច់ជាមួយសហគមន៍មនុស្សនៅរាជធានីឦសានបុរ ដ្បិតបើមើលតាមភូមិសាស្រ្ត គឺនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ។
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី