ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿ និងទំនៀមទេសន៍មហាជាតក៍ក្នុងសង្គមខ្មែរ

ជំនឿ និងទំនៀមទេសន៍មហាជាតក៍ក្នុងសង្គមខ្មែរ

បើនិយាយសាមញ្ញខ្លីងាយយល់ “មហាជាតក៍” គឺជារឿងវេស្សន្តរ ឬដែលចាស់​ជាន់​​​ដើម​ច្រើន​និយម​ហៅថា “មហាវេស្សន្តរ”។ បើនិយាយមួយបែប​ផ្សេង “មហា​ជាតក៍” គឺជា​ជាតិធំបង្អស់ ​ជាតិ​ចុង​បំផុត​របស់​ព្រះ​វេស្សន្តរ ​ជា​ព្រះ​ពោធិសត្វដែល​បាន​បំពេញ​បារមីដ៏មហស្ចារ្យ ពោលគឺ​ទាន​បារមី​ ដើម្បីបានត្រាស់​​ជា​ព្រះ​​សម្មា​សម្ពុទ្ធ​​ក្នុង​ជាតិ​​មុខ។ ជាតកមួយនេះ មានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ ​រៀប​រាប់​ដំណើរ​ជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តរ​ រាប់តាំងពីដំរីបច្ច័យនាគ បរិច្ចាគ​សត្ត​សត​កមហា​ទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និងក្រស្ណា​ជាបុត្រ ព្រមទាំង​ប្រកាសនឹងបរិច្ចាគនាងមទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផង។ ចិត្តសទ្ធា​បំពេញ​ទាន​ដ៏​ជ្រះ​ថ្លារបស់ព្រះអង្គ មានតាំង​ពីគង់នៅ​នគរស្រីពិ​រាស្រ្ត​រហូតក្នុង​ដំណើរ​តាម​ផ្លូវ​​ទៅ​គង់​នៅក្នុង​ព្រៃភ្នំគិរីវង្គត។​ បើធៀប​នឹង​ជាតក​ផ្សេង​ទៀត​ក្នុង​បណ្តាទស​ជាតក ឬ​ជា​ត​ក​​ទាំង​១០ មហាវេស្សន្តរ​ជាតក ហាក់ដូចជាពេញនិយម​ក្រៃលែង​ក្នុង​សង្គម​ពុទ្ធ​សាស​នា​​តាំង​​​ពីដើមរៀងមក​។ គេឃើញសាច់​រឿង​​នេះ មានកត់ត្រាចារទុក​ក្នុង​សាស្រ្តា​ស្លឹក​រឹត​រក្សា​តាម​​​វត្ត​នានា​ជាច្រើន ប្រកប​ដោយ​ខ្លឹមសារវែងខ្លី និងពាក្យ​ពេចន៍​ពីរោះ​បែប​កម្រង​កែវ​ផង។ ការកត់ត្រាចារចម្លង​ ក៏សម្បូរបែបតម្រូវតាមទំនៀម និងតម្រូវការ​ជាក់ស្តែង​នៃវត្តនីមួយៗ ដែលហ្លួងនិពន្ធមន្រ្តី ញ៉ុក ថែម ធ្លាប់លើកយក​មក​រួបរួម​ពិនិត្យ​តាំង​ពី​ឆ្នាំ​១៩៦៦ ហើយព្រះភិក្ខុវិនយធរោមហា យិន នឿន បានយកស្នាដៃនោះ​មក​បោះ​ពុម្ព​ឡើង​វិញ​នៅឆ្នាំ១៩៩០។

ក្នុងបរិបទ​សង្គមខ្មែរការនិយមរឿងមហាវេស្សន្តរ គេសង្កេត​ឃើញ​លើកឡើងតាំង​ពីក្នុងសិលា​ចារឹក ​ឆ្លាក់​តាម​ប្រាសាទ សម្តែងជាល្ខោន ​គំនូរ​តាម​វិហារ ចម្លាក់លម្អ​តាមវត្ត រហូត​លើក​ទេសន៍​​ក្លាយ​ជា​ទំនៀម “ទេសន៍មហា​ជាតក៍” យ៉ាង​ឱឡារឹកអធឹកអធម​តាម​​វត្ត​អារាម​នានា​។ ការលើក​មក​ទេសន៍នេះ ដើម​ឡើយមាន​​​​ស្ទើរ​តែ​គ្រប់​វត្ត​ក្នុងស្រុកខ្មែរ ហើយ​ច្រើន​និយម​ធ្វើ​ក្រោយ​ចេញ​វស្សា។ ប៉ុន្តែទំនៀមនេះ ចេះតែរៀវ​រោយ​ថយចុះ​ជា​លំដាប់ វត្ត​ខ្លះ​ក៏ខានធ្វើសោះ វត្តខ្លះ​ក៏​ធ្វើ​គ្រាន់​តែ​ជា​គម្រប់ការប៉ុណ្ណោះ។ ចំពោះវត្តខ្លះ​ ​នៅប្រារព្ធ​មកដល់​សព្វថ្ងៃ ភាគច្រើននៅតំបន់​សៀមរាប មួយ​ភាគ​តូចនៅ​ជាយក្រុងភ្នំពេញ និង​វត្ត​មួយ​នៅតំបន់​ភ្នំវល្លិ៍ ខេត្ត​កំពត។ ប៉ុន្តែការ​លើក​មក​ទេសន៍នៅវត្តនីមួយៗខាងលើក៏ធ្វើ​ក្នុង​ពេល​ និង​បុព្វ​ហេតុ​ផ្សេងគ្នា​ដែរ។ វត្តយាង វត្តចេតិយ និង​វត្ត​ប្រដាក នៅខេត្តសៀមរាប លើកមក​ទេសន៍​តាម​បែប​ប្រពៃណី​​ពី​បុរាណ។ ចំណែក​វត្ត​អង្គរ​ខាងត្បូង នៃខេត្ត​សៀមរាប និង​វត្ត​គល់ទទឹងស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ ហាក់ដូចជា​ខំគាស់​កកា​យ​ធ្វើ​តាម​ទំនៀមចាស់ ដើម្បី​ក្មេង​ជាន់​ក្រោយ​បាន​ស្គាល់​ផង និងដើម្បីភ្នែក​ទេសចរណ៍​ឃើញ​ផង។ ទិដ្ឋភាពនេះហាក់​មិន​ប្លែក​អ្វីឡើយ ដ្បិត​ចុង​បំផុត​នៃរឿង​មហា​វេស្សន្តរសម្តែង​​ចែងច្បាស់ថា “វេស្សន្តរ​ជាតក៍ ហៃសាធុ​​ជន​​សប្បុរស​​​ផងទាំង​ឡាយអើយថា បើបុរស​បុគ្គល​ឯណា បានស្តាប់​ត្រាប់​ត្រង​រងរសអាថ៌​ធម៌​វិសេស​ទេសនា​មហា​វេស្សន្តរជាតក​នេះ​ហើយ ​ក៏សឹងរំដោះប្រាសចាក​ទុក្ខ​សោករោគ​ភ័យ​​ចង្រៃ​ឧប​ទ្រព​ផងទាំងឡាយ ទៅនៅ​ក្នុង​លោកិយ​ក៏ប្រសើរ លុះ​អនាគត​កាល​ទៅ​ឯភ្នែក​​ក៏​សឹង​លុះ​សោតា សកិទា អនាគា អរហត្ត​ផល បានដល់សម្បត្តិ​ព្រះ​និព្វាន ដ៏ជាឋាន​បរម​​សុខក្សេម​ក្សាន្ត ប្រសើរ​នោះ​ទៀង​ប្រាកដ​ហោង”។

ដោយឡែកចំពោះវត្តពីរល្វែង ដែលស្ថិតនៅជាប់ទួលអ្នកតាមួយក្បែរជើងភ្នំ នៃ​តំបន់​​ភ្នំវល្លិ៍ ក្នុងខេត្តកំពត មានទំនៀម​ទេសន៍​​មហាជាតក៍៣ យប់៣ ថ្ងៃ មុននឹង​បញ្ចប់​ត្រង់​កិច្ច​​ឡើងអ្នកតានៅថ្ងៃចុងក្រោយ។ ទំនៀម​អ្នកស្រុករស់​នៅ​តំបន់ នេះហាក់​មាន​​​​​ឫស​គល់​​គួរ​​​​ពិចារណា​​ក្នុង​ជំនឿ​​ខ្មែរ អំពី​រឿង​​ភ្លៀងផ្គរ​សម្រាប់របរ​កសិកម្ម ដ្បិត​កង្វល់ធំបំផុត គឺដើម្បីសុំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការ។ កង្វល់នេះ ពុំខុសគ្នាឡើយ​ពីកង្វល់របស់​អ្នក​ស្រុក​​កលិង្គ​រាស្រ្ត ត្រង់កណ្ឌទី២ (ហេមពាន្ត)​ ក្នុងមហាវេស្សន្តរជាតក ដែល​ជួប​គ្រោះ​ទុរភិក្ស ទៅ​ប្រាថ្នា​សុំ​ដំរី​មង្គល​បច្ច័យនាគពីព្រះវេស្សន្តរ ដើម្បីឱ្យស្រុកភូមិមានភ្លៀងធ្លាក់ អ្នកស្រុករស់​នៅ​បាន​សុខសប្បាយ​ឡើងវិញ។ ក្រោយ​បានដំរី​មង្គល​នោះហើយ ភ្លៀង​បោក្ខរព័ស៌ ក៏បង្អុរចុះមកដូចបំណង។ ទិដ្ឋភាព​ត្រង់ចំណុចនេះខ្មែរទូទៅ​មិន​ពិបាក​យល់ទេអំពីជំនឿលើដំរីពាក់ព័ន្ធនឹង​ភ្លៀង ព្រោះ​សូម​កុំភ្លេច​ថា បើនរណាម្នាក់​យល់​សប្តិ​ឃើញ​ដំរី គេជឿថានឹងមានភ្លៀងធ្លាក់ឆាប់ៗ ហើយបើពេល​ណា​មួយ​ឃើញសរសៃសៗ (ខ្លះហៅអំបោះខ្មោច) រសាត់ព្រោងព្រាត​តាម​ខ្យល់ ក៏គេជឿថា​ភ្លៀង​​នឹ​ងធ្លាក់មកឆាប់ៗ ដ្បិតគេយល់ថា សរសៃឆ្មារៗពណ៌សៗ​នេះ​ជា​សរសៃចេញពី​ដើម​ឈូក​ដែល​​​ដំរី​កាច់​ស៊ីមុន​ពេល​ភ្លៀង​​ធ្លាក់។​ ចំពោះជំនឿលើដំរីនិងទឹក​ភ្លៀង​នេះ បើមើលហួស​​ដល់ទំនៀម​អ្នក​ស្រុក​ជុំវិញ​​ប្រាសាទ​​បាកាន្ត(ខេត្តព្រះវិហារ) ​គេ​ឃើញ​​កាន់តែច្បាស់នៅត្រង់ពិធី​ស្រង់​អ្នកតា​ព្រះ​ដំរី នៅប្រាសាទព្រះដំរីរៀង​រាល់​ថ្ងៃ​ចូល​​ឆ្នាំ​ចុង​​ក្រោយ។ ម្នាក់ៗយកទឹក​អប់​ភ្ញីផ្កា ទៅ​ស្រោចស្រព​លើចម្លាក់ដំរីបុរាណមួយគូ ​សល់​​នៅ​តាម​​ជ្រុងប្រាសាទនោះ ក្នុងជំនឿ ដើម្បី​សុំភ្លៀង។ រីឯត្រង់កណ្ឌឆក្សត្រ ដែល​ស្តេច​ទាំង​៦ អង្គ គឺព្រះបាទស្រីសញ្ជ័យ ព្រះនាង​សុបារសុប្បីតី ព្រះវេស្សន្តរ ព្រះនាងមទ្រី ជាលី និង ក្រស្ណា បានជួបគ្នាវិញ ភ្លៀង​បោក្ខរព័ស៌ ក៏ធ្លាក់មកស្រោចស្រពផែនដីម្តងទៀត។ បើនិយាយ​ក្នុងបរិបទទេសន៍​មហា​ជាតក៍សុំទឹកភ្លៀង ប្រការទាំងនេះហើយ គឺជាហេតុផល​ពន្យល់បានមួយចំណែកក្នុងជំនឿ​ខ្មែរ៕

————————————–

Belief and tradition of preaching Mahājāti in Khmer society

Mahājāti refers to Vessantara or Mahā Vessantara. It is the most important and the last birth of Preah Vessantara as a Bodhisatva before became the Buddha. It is a very long story contains thirteen episodes. It describes the life of Preah Vessantara and his compassion and generosity. He gave away a magical white elephant calls Pachai Neak. He gave away his wealth include the horses, a chariot, and two of his children, Jali and Krishna (Kanha). He also wished to donate his wife Madri and himself. These donation acts happened since he lives in the Srei Pireah Kingdom and continues until living in Kirivangat Mountain (Vamka Mountain).   

Mahājāti was very popular among the ten stories or ten births. It was recorded in palm leaf manuscripts of almost every pagoda. Also, it was copied and reviewed by royal author, Nhok Them in 1966 and republished by venerable Yin Noern in 1990.

Mahā Vessantara appeared in inscriptions, performances, bas relief of the temples, moral paintings, sculptures, and preaching in the pagodas.

In the past, Mahā Vessantara was choosing to preach after Buddhist Lent Day. However, the traditional practice is not fully performing in the present. Mahā Vessantara performs in some pagodas in Siem Reap province, an outskirt of Phnom Penh city, and a pagoda on the foot of Phnom Vor in Kampot province.

Remarkably, three pagodas in Siem Reap province, Vat Yeang, Vat Cetei (stupa), and Vat Pradak, perform Mahā Vessantara as traditionally. Similarly, Southern Angkor pagodas in Siem Reap province and Kol Taterng pagoda in Phnom Penh city try to preach Mahā Vessantara as in the past. Pi Lveng pagoda on the foot of Phnom Vor in Kampot province performing Mahā Vessantara three days before the end of the spiritual ceremony (Loerng Neak Ta).

The performance of Mahā Vessantara in this area is significant relates to the second episode of Mahā Vessantara while the people of Kaliṅrās Kingdom asking the donation of a magical white elephant for the rain and benefit their agriculture. It relates to rain and agriculture.  Khmer people believe seeing an elephant in the dream; will be rain.  Also, people believe that the white threat floating in the air is the​ thread from the lotus that the elephant cut and ate before raining. Relatedly, in the sixth episode of Mahā Vessantara, the heavy rain was falling on the reunion day of Preah Vessantara and his family. Therefore, preaching Mahā Vessantara in the context of asking for rain is significant.

អត្ថបទដោយ៖ កញ្ញា ហៀ​ន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!