កំណាយនៅឡខ្នារពោធិ

ឡខ្នារពោធិជាក្រុមឡមួយផ្សេងទៀត ស្ថិតនៅក្នុងភូមិបុស្ស ឃុំខ្នារពៅធិ ស្រុកសូត្រនីគម ខេត្តសៀមរាប។ វាមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ឆ្ពោះត្រង់ពីខាងកើតប្រាសាទអង្គរវត្ត ឬប្រហែ១០គីឡូម៉ែត្រពីស្ថានីយ៍ឡសរសី។ ស្ថានីយ៍ឡខ្នារពោធិនេះត្រូវបានប្រជាជននៅក្នុងតំបន់ផ្តល់ពត៌មានដល់ក្រុមស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សារាក្នុងឆ្នាំ១៩៩៥។ ក្រោយមក ក្នុងឆ្នាំ២០០៤​ កញ្ញា ឯម សុជាតា  បានធ្វើការសិក្សាស្រាវជ្រាវជាលើដំបូងអំពីផលិតផលកុលាលភាជន៍  និងបច្ចេកទេសនានាដែលគេបានអនុវត្តនៅស្ថានីយ៍ឡនេះ សម្រាប់ធ្វើជាសារណាបញ្ចប់ការសិក្សាបរិញ្ញាប័ត្របុរាណវិទ្យា។ តាមរយៈការសិក្សានេះ គាត់បានធ្វើផែនទី និងបែងចែកក្រុមឡជា៣ក្រុមគឺ៖ ក្រុម(ក) នៅលើទំនប់ខាងលិចរបស់បារាយណ៍ដ៏ធំមួយ (មានចំនួន៥ឬ៦ទួលឡ) ក្រុម (ខ) គឺបណ្តាលទួលឡនៅដាច់ៗ តែផ្នែកខាងនីរតីនៃជើងទំនប់ (មានចំនួនប្រហែល៦ឬ៧ទួលឡ) និងក្រុម(គ)ស្ថិតនៅលើទំនប់ខាងត្បូង មានចំនួនមិនច្បាស់។

តើហេតុអ្វីបានជាគេជ្រើសរើសយកតំបន់នេះសម្រាប់ផលិតកុលាលភាជន៍?

ជាការពិតណាស់ ទីកន្លែងមួយដែលគេជ្រើសរើសសម្រាប់រស់នៅ និងធ្វើសិប្បកម្មភាជន៍នោះ គឺវាមានចំនុចពិសេសមួយចំនួន ដូចជា៖

        ក. ជាកន្លែងដែលសំបូរនិងផ្តល់នូវរូបធាតុដើម គឺដីឥដ្ឋ ពោលគឺនៅជុំវិញតំបន់នេះសំបូរទៅដោយដីឥដ្ឋពណ៌ក្រហម ពិសេសនៅក្នុងផ្ទៃបាតបារាណ៍។ យើងពុំឃើញមានដីឥដ្ឋពណ៌ស និងពណ៌លឿងដូចនៅស្ថានីយ៍ឡសរសីទេ។

        ខ. តំបន់នេះស្ថិតនៅទិសអាគ្នេយ៍នៃជើងភ្នំគូលេន ដែលផ្តល់នូវប្រភពទឹកទាំងខែប្រាំង និងខែវស្សា។ ដូចនេះហើយគេបានស្ថាបនាបារាយណ៍ដ៏ធំមួយមានទំនប់ខាងត្បូង និងខាងលិច ដើម្បីរក្សាទឹកទុកប្រើប្រាស់។

        គ. ជាប្រភពនៃថាមពល គឺព្រៃសម្រាប់ប្រើជាអុសក្នុងការដុតកុលាលភាជន៍។

        ឃ.ជាតំបន់នៅជិតអង្គរ ងាយស្រួលដឹកជញ្ជូនផលិតផលទៅកាន់ទីក្រុង

គោលបំណងនៃការជ្រើសរើសធ្វើកំណាយ

 តាមការពិនិត្យជាស្តែង ស្ថានីយ៍ឡខ្នារពោធិនេះរងការបំផ្លាញស្ទើទាំងស្រុង ដោយការអភភិវឌ្ឍន៍ផ្លូវថ្មីក្នុងភូមិ។ ក្រុម “ក” ដែលស្ថិតនៅលើខ្នងទំនប់ខាងលិច និងក្រុម “គ” នៅលើខ្នងទំនប់ខាងត្បូងត្រូវបានគេឈូសឆាយចោលដល់បាតឡទាំងស្រុង ពុំមានទួលឡមួយណាដែលអាចឱ្យធ្វើការស្រាវជ្រាវ និងធ្វើកំណាយបានទេ។ ចំណែកក្រុមឡ ”ខ” វិញក៏ត្រូវបានម្ចាស់ដីគាស់បំផ្លាញដើម្បីធ្វើចំការដែរ។ នៅសល់តែទួលឡ “ខ១” និង”ខ៤”ទេដែលនៅសល់រូបរាងទាំងស្រុង និងអាចធ្វើកំណាយស្រាវជ្រាវបាន។

ស្ថាប័នចូលរួម និងរយៈពេលកំណាយ

កំណាយលើកនេះ មានការចូលរួមដោយស្ថាប័នថ្មី គឺសាកលវិទ្យាល័យអូតានីអូសាកា នៃប្រទេសជប៉ុន។ ដូចនេះមានការចូលរួមដោយស្ថាប័ន៣ គឺវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា សាកលវិទ្យាល័យអូតានីអូសាកា និងអាជ្ញាធរជាតិអប្សារា។ក្រុមស្រាវជ្រាវបានជ្រើសរើសទួលឡលេខ ខ១ ដើម្បីសិក្សា និងធ្វើកំណាយ។ កំណាយនេះចាប់ផ្តើមក្នុងឆ្នាំ២០០៦​ដល់​២០០៨ និងមានការធ្វើកំណាយលើទួលឡចំនួន៤ដង ដើម្បីពិនិត្យលម្អិតលើរចនាសម្ព័ន្ធរបស់ឡលេខ ខ១នេះ។

ការធ្វើកំណាយ

កំណាយបានអនុវត្តចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០០៨ ដោយមានការជីកកកាយលើទួលឡលរខ ខ១យ៉ាងលម្អិត។ ទួលឡនេះមានទំហំបណ្តោយប្រហែល៨ម៉ែត្រ ទទឹងប្រហែល៦ម៉ែត្រ និងកម្ពស់ប្រហែល៣ម៉ែត្រ។ ផ្នែកខាងលើ មានសល់កម្រាល់ឡ។

កំណាយលើកទី១៖ ចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែធ្នូ  ឆ្នាំ២០០៦ ជាការចាប់ផ្តើមបើកការដ្ឋាន សម្អាតទួលឡ និងរៀបចំកំណាយ។ ក្នុងបេសកកម្មនេះ យើងបានជីករកឃើញរូបរាងឡដែលនៅសល់ រួមមានជញ្ជាំង និងកម្រាល។

កំណាយទី២៖ ក្នុងខែមីនា ការបើករណ្តៅពង្រីកបន្ថែម និងពុះពាក់កណ្តាលឡ

កំណាយលើកទី៣៖ ចាប់ពីថ្ងៃ១៣ដល់១៩ ខែវិឆ្ឆិកា ២០០៧ ជាការធ្វើកំណាយបន្ត ដើម្បីពិនិត្យឱ្យបានច្បាស់អំពីរចនាសម្ព័ន្ធឡ។

កំណាយលើកទី៤៖ ចាប់ពីថ្ងៃ១០ ដល់១១ ខែមិថុនា ជាកំណាយចុងក្រោយ ដោយបង្ហើយការជីក និងបន្តកិច្ចការវ៉ាស់ទំហំឡ និងរចនាសម្ព័ន្ធផ្សេងៗ។

កំណាយដំបូង គេបានបើករណ្តៅតូចៗនៅជុំវិញទួលឡ ដើម្បីស្វែងរករូបរាងដើមទាំងស្រុងរបស់វា។ បន្ទាប់មក គេពង្រីកបន្ថែមទៅតាមអ្វីដែលគេរកឃើញ។ នៅបេសកកម្មទី៣ គេបានបើកយ៉ាងទូលាយនៅទួលឡនេះ ដោយបានជួបប្រទះនូវរចនាសម្ព័ន្ធទាំងមូលរបស់ឡ។

លទ្ធផលកំណាយ

តាមរយៈកំណាយ គេអាចដឹងថាទំហំឡនេះមានរាងជាពងក្រពើទ្រវែង ដូចគ្នាទៅនិងឡ ក១១ នៅស្ថានីយភូមិសរសី បណ្តោយប្រហែល៦ម៉ែត្រ ទទឹជញ្ជាំងប្រវែង២.២ម៉ែ​ត្រទៅ២.៦ម៉ែត្រ និងកំពស់ពីលើដល់បន្ទប់ដុតអុសប្រហែល៣ម៉ែត្រ។ ដំបូលទាំងមូលបានបាក់អស់ នៅសល់ត្រឹមគល់ជញ្ជាំង។ ពីលើដល់ល្បាក់បន្ទប់ដុតអស់មានគល់សសរចំនួនប្រាំ ដែលសសរនីមួយៗមានស្នាមប្រហោងឈើនៅចំកណ្តាល។ នៅលើ​សសរ២ក្បែរបន្ទប់ភ្លើងត្រូវបានគេលាបស្រទាប់រលោងពណ៌បៃតងពាសពេញ រួមទាំងកម្រាលខ្លះផង។ នៅក្នុងបន្ទប់ដុតអស់មានសសរចំនួន៥ដើម ជាសសរទ្រដំបូលដែលគេបានរួញចូលក្នុងបន្ទាប់ពីគេលែងប្រើប្រាស់តទៅទៀត។ នេះជាលើកទី១ហើយដែលយើងរកឃើញសសរទ្រដំបូលឡ ព្រោះការធ្វើកំណាយនៅឡតានី និងឡសរសី មិនដែលមានសល់សសរនៅក្នុង ឬជុំវិញឡទេ។ ចំពោះបន្ទប់ដុតអុសមានរន្ធបញ្ចូលអុស​២ និងរន្ធខ្យល់១ ហើយត្រូវបានគេពាសដោយស្រទាប់រលោង។ រន្ធបញ្ចូលខាងឆ្វេងត្រូវគេបិទចោលនៅក្នុងការប្រើប្រាស់ចុងក្រោយ។

អំពីផលិតផលកុលាលភាន៍

តាមការសង្កេត និងលទ្ធផលកំណាយ ឃើញថា ឡខ្នារពោធិមានផលិតភាគច្រើនជាភាន៍ធំៗដូចជា ក្រឡ ឧទិន ក្អម ផើងពាង និងក្បឿងជាដើម។ ចំនុចនេះវាខុសគ្នានៅឡតានី និងឡសរសី ភាគច្រើនផលិតភាន៍តូចៗ និងធំភាគតិច។

សរុបមក​ ឃើញថារូបរាងឡខ១នេះគឺស្ទើដូចគ្នាទៅនិងឡតានី និងសរសី ខុសគ្នាត្រង់ទំហំបន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកផលិតផលភាជន៍គឺមានភាពខុសគ្នាភាគច្រើន។ ចំពោះកាលបរិច្ឆេទស្ថានីយ៍ គេនៅមិនទាន់ទទួលបានលទ្ធផលវិភាគទេ។

អត្ថបទដោយ៖ លោក សុខ​ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!