ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿ និងទំនៀមរៀបផ្លែឈើក្នុង​ពិធី​មង្គលការ

ជំនឿ និងទំនៀមរៀបផ្លែឈើក្នុង​ពិធី​មង្គលការ

មង្គលការ ឬហៅតាមពាក្យសំស្រ្កឹតថាអាពាហ៍ពិពាហ៍ ជាកិច្ច​ដ៏សំខាន់​ក្នុង​ដំណើរ​ជីវិតមនុស្ស។ អ្នកស្រាវជ្រាវ ចាត់ចូលពិធីនេះជាដំណាក់កាល​នៃកិច្ចឆ្លង​វ័យ​​របស់​មនុស្ស​​​​​​ម្នាក់ៗ​​ក្នុងសង្គមខ្មែរ។ តាមទំនៀមក្នុងស្រុកភូមិនីមួយៗ គេ​តែង​ពឹង​ពរព្រឹទ្ធាចារ្យ​ចាស់​​ទុំ​​ធ្លាប់​​បួស​​រៀន​​ចេះ​ដឹង​ក្បួនច្បាប់ច្បាស់លាស់មកដឹកនាំ និងរៀបចំ​កិច្ច​ឱ្យត្រូវតាម​លំដាប់​លំដោយ​​ដើម្បី​​​កើត​មង្គលដល់គូស្វាមីភរិយាថ្មី។ ក្នុងពេលបច្ចុប្បន្ន ក្រៅ​ពី​រើស​រក​មនុស្ស​ចាស់​ទុំត្រឹមត្រូវ ផ្លែឈើ​ និងនំនែកផ្សេងៗ ដែល​ជា​ជំនូន ឬបណ្ណាការ ខាងប្រុសត្រូវជូន​ទៅ​ខាង​ស្រីក្នុងថ្ងៃហែជំនូន (ឬហៅហែកំណត់)​ ក៏គេជឿថា​សុទ្ធ​សឹង​​ជា​របស់មាន​ខ្លឹមសារ និង​អត្ថន័យ​នាំឱ្យកើត​មង្គល ហើយសន្មតហៅថា “ផ្លែឈើ៣៦មុខ”។

យោងតាមក្បួន​អាពាហ៍ពិពាហ៍របស់​ឧកញ៉ា​មហា​មន្រ្តី ញិក នូវ និង​ក្បួន​ទម្រង់​ការ​​អាពាហ៍​​ពិពាហ៍​របស់ឧត្តមប្រីជា ចាប ពិន ដែល​អ្នកស្រាវជ្រាវ និងអ្នកប្រតិបត្តិ​មួយ​ភាគ​​យល់​ថា​​ជា​ឯកសារចាស់ជាងគេ​ត្រូវលើក​យក​ជាគោល ពុំមានចំណុច​ណា​និយាយ​វែង​ឆ្ងាយ​​អំពីជំនឿ និង​ទំនៀម​រៀប​ផ្លែ​ឈើទាំង៣៦ មុខ​ដូច​ឃើញ​សព្វ​ថ្ងៃឡើយ។ ប៉ុន្តែ​ក្នុង​ពិធីរាជាភិសេក គេឃើញមានរៀបរាជបណ្ណាការដូចជា សំពត់១ កី ទឹកអប់៤ ដប (ញែក​ដាក់​ជា២ ពាន) ផ្លែឈើស្រស់ (ច្រើនមុខ) ផ្លែឈើក្រៀម (ច្រើនមុខ) នំស្រស់ (ច្រើន​មុខ) នំក្រៀម (ច្រើនមុខ) ព្រមទាំងរបស់ផ្សេងទៀតតាមលទ្ធភាពរកបាន និង​តាមចំណូលចិត្ត។ របស់​ទាំងអស់ គេត្រូវរៀបដាក់តុប្រាក់ ឬតោក ដោយលៃ​ក្នុង​មួយមុខ ១គូ។ ចំពោះ​របស់​ដាក់​ដប-ដាក់បំពង់ គេរៀបឱ្យមាន ២ដប ឬ៤ ដប ក្នុង១ តុ ឬ ១ តោក។

ពីបុរាណកាល នៅឱកាសរៀបចំឱ្យ​កូនប្រុសស្រីមានប្តីប្រពន្ធ តាំងពីនិយាយចែចូវ រហូតដល់មង្គលការ គេនាំគ្នាធ្វើនំមួយចំនួនដូចជា នំអន្សម នំគម នំបត់ ឬនំកន្សែង នំកន្រ្តំ នំខ្ញី នំកង់ខ្វៀន នំផ្កាក្រវាញ នំឃ្មោះ នំលម្អងរំចេក នំសំបុកចាប និង​នំភឹង ប្រើជាជំនូនភ័ស្តុភារបណ្ណាការ។ នំទាំងអស់នេះ ខ្លះឃើញនៅមាននិយមដល់សព្វថ្ងៃ ខ្លះ​នៅ​ឮឈ្មោះតែបាត់រូបរាង ក្មេងជាន់ក្រោយពុំដែលឃើញឡើយ។ ប៉ុន្តែលុះសម័យ​ក្រោយ​​មករកកំណត់ពេលពុំឃើញ ខ្មែរ​​ទូទៅ​និយម​យ​ក​​ផ្លែ​​ឈើ​ជា​ច្រើន​ជំពូក និង​នំនែក​ផ្សេងៗ​រួមទាំងនំគម និងអន្សមផង មក​​តាក់​តែង​ស្អិត​ស្អាង​រៀបចំ​យ៉ាង​​​ប្រណីត ប្រើ​​ក្នុង​កិច្ច​មង្គល​ដូចឃើញសព្វថ្ងៃនេះ ​ហាក់​ដូចជាមាន​ក្រឹត្យ​ក្រម​ក្នុង​ជំនឿ​គួរ​ពិចារណា​ដែរ។ ជា​ការ​​កត់​សម្គាល់ ​​គេ​​ពុំ​ប្រើ​ផ្លែ​ទៀប​ ស្វាយ សាវម៉ាវ ម្នាស់ ស្ពឺ ផ្ញៀវ ត្របែក ឬ​ទុរេន​ឡើយ ព្រោះ​​គេ​យល់​ថា​​ជំពូក​ផ្លែឈើ​ទាំង​អម្បាល​នេះ ​ហាក់​មាន​ឈ្មោះ​ និងរូបរាង​លក្ខណៈ​មិន​នាំ​មក​នូវ​មង្គល​​។ រីឯ​ផ្លែ​ឈើ​ និង​បន្លែ​ដែល​​​គេ​ពេញ​និយម​ស្ទើរ​ខ្វះ​មិន​បាន​ គឺ​ផ្លែមៀន ផ្លែត្រប់ និង​​​​ផ្លែត្រឡាច​ជាដើម។ ផ្លែ​ឈើ ​និង​​បន្លែ​នេះគេ​យល់​ថា ជា​អ្វី​ដែល​នាំឱ្យ​គូ​ស្វាមី​ភរិយា​ថ្មី​​មាន​សុភ​មង្គល​ ត្រជាក់​ត្រជុំ ​និង​​សម្បូរ​ទ្រព្យ​ធន​។

បន្ទាប់ពី​​​​​កិច្ច​​ហែជំនូនចូល​​ដល់​គេហដ្ឋាន​​ខាង​ស្រី​ចប់​សព្វ​គ្រប់​ លោក​មេ​បា​តែង​ធ្វើ​កិច្ចរាប់ផ្លែឈើ ដោយបង្គាប់​ឱ្យ​ចៅ​​មហា​​ពឹង​ពរ​អ្នក​ចម្រៀង​ច្រៀងរៀប​រាប់​ផ្លែ​ឈើ​។ លុះ​អ្នក​​ចម្រៀង​ច្រៀង​រៀប​រាប់​​​ចប់​ ​​​​​ចៅ​មហា​លើក​​​ផ្លែ​ឈើ​ទាំង​នោះ​​​ជូន​​​លោក​មេបា​ ហើយ​ពោល​បញ្ជាក់​​ថា“ផ្លែ​ឈើ​​ទាំង​នេះ​បាន​មក​ពី​ភូមិ​សម្បុក ស្រុក​សម្បូណ៌ នគរ​មាន​ជ័យ​ ព្រៃ​​ហេមព្វាន​”។

ក្នុង​ឃ្លា​នេះ​​​​លោក​​សន្មត​ និង​ឧបកិច្ច​ថា​ផ្លែ​ឈើ​ទាំង​អស់​គ្រប់​ចំនួន​៣៦​មុខ ហើយ​​សុទ្ធ​សឹង​បានមក​​ពី​កន្លែង​​ស្អាត​ស្អំ ​​(ព្រៃ​ហេមព្វាន​) គ្មាន​​មនុស្ស​​ធ្លាប់​ទៅ​​បេះ​បោច​ ឬ​ប៉ះ​ពាល់​ឡើយ​ សម្រាប់​យកមករៀប​ចំ​ពិធី​ឱ្យ​មាន​​មង្គល​។ បន្ទាប់មកលោកអាចារ្យដឹកនាំ​ធ្វើ​កិច្ច​ព្រេន​​ផ្លែឈើជូនជីដូនជីតា។ រី​ឯ​ខ្លឹម​សារ​​ដែល​រួម​មក​ក្នុង​លក្ខណៈ​ជា​សិល្បៈ​​ អំពី​ផ្លែ​ឈើ​ទាំង​​​នោះវិញមាន​ក្នុង​​​ចម្រៀង​ប្រពៃណី​​​បីបទ​គឺ​ “កាត់​ត្រើយ” “ជាយ​​កន្សែង” និង “​ចំបក់​រោយ” ដែលគេតែងលើកចម្រៀងកំដរកិច្ចត្រង់នេះ។

សរុបមកជំនឿ និងទំនៀមរៀបចំផ្លែឈើជាជំនូន​យ៉ាងគគ្រឹកគគ្រេងសម្បូរបែប​ដូច​សព្វ​ថ្ងៃ​ ហាក់​ដូចជាវិវឌ្ឍន៍​មកតាមសម័យកាល និងធនធានសាមីពិធី តែភ្ជាប់នឹង​ជំនឿ​ដែលខ្មែរ​ភាគច្រើនជឿដូចគ្នាលើរបស់ជាមង្គល និងអពមង្គល។​ លើសពីនេះវាជា​ចំណែក​​មួយ​​បង្ហាញឱ្យឃើញពីសង្គមសេដ្ឋកិច្ច និងផ្នត់គំនិតថ្មី ដែល​ផ្លែឈើ​ជា​ជំនូន​បង្ហាញ​ពី​កិត្តិយស និងភាពសម្បូរហូរហៀរបស់​សាមីពិធី។ សូមបញ្ជាក់ថាការរៀបចំ​ផ្លែ​ឈើ មានតាំងពីនៅក្នុងពិធីភ្ជាប់ពាក្យផងដែរ៕

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!