ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីសុំទឹកភ្លៀងអ្នកតំបន់អង្គរ

ពិធីសុំទឹកភ្លៀងអ្នកតំបន់អង្គរ

ពិធីសុំទឹកភ្លៀង ជាពិធីបែបជំនឿលើអ្នកតាម្យ៉ាងដែលឃើញមានអ្នកភូមិប្រារព្ធធ្វើនៅឡើយ ជាពិសេសក្នុងតំបន់អង្គរដែលច្រើនតែប្រារព្ធនៅភាគឦសាន្តនៃប្រាសាទអង្គរវត្ត ដូចជានៅប្រាសាទនាគព័ន្ធ ប្រែរូប មេបុណ្យខាងកើត និងបន្ទាយសំរ៉ែ។ ពិធីនេះមិនត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំទេ លុះត្រាតែក្នុងឆ្នាំណា ឬឆ្នាំជាប់ៗគ្នាមិនសូវមានភ្លៀងធ្លាក់ ឬរាំងភ្លៀងក្នុងរយៈពេលយូរ មិនទាន់ពេលក្នុងការទទួលទឹកភ្លៀងសម្រាប់ធ្វើកសិកម្ម ទើបអ្នកស្រុកអ្នកភូមិមូលមតិគ្នារៀបចំធ្វើពិធីនេះឡើង ដើម្បីសួររកហេតុផលដែលធ្វើអោយភ្លៀង (ព្រះភិរុណ) មិនព្រមបង្អោរមក។ នៅកន្លែងខ្លះទៀត គេមិនបានរៀបចំពិធីធំទេ គេគ្រាន់តែប្រារព្ធដោយការរាំរបស់អ្នកភូមិជាមួយក្រុមភ្លេងស្គរដៃ ដែលគេហៅថា រាំនាងម៉េវ។ អត្ថបទនេះនឹងលើកយកជាសង្ខេបអំពីពិធីសុំទឹកភ្លៀងដោយរូបស្នងអ្នកតា និងមិននិយាយអំពីការរាំនាងម៉េវទេ។

១. តើមូលហេតុអ្វីដែលធ្វើអោយមិនមានភ្លៀងធ្លាក់?

អ្នកភូមិស្រុកតែងគិតថា មូលហេតុដែលមិនមានភ្លៀងធ្លាក់គឺមានកត្តាពីរយ៉ាង គឺ៖ ទី១ ដោយសារការខឹងសម្បាររបស់អ្នកតាមួយចំនួនដែលពុំមានការសែនព្រេន ឬមិនអើពើដោយអ្នកភូមិស្រុក។ ទី២ គឺដោយសារមានការលួចសាហាយស្មន់ ឬការបានខ្លួនគ្នាក្នុងខែចូលវស្សា អ្នកស្រុកតែប្រើពាក្យថា ជំទាវហិនហោ ជាហេតុធ្វើអោយកើតជាគ្រោះរាំងស្ងួតក្នុងភូមិស្រុករបស់គេ។

២. តើពិធីនេះគេធ្វើនៅតំបន់ណាខ្លះ?         

តាមការស្រាវជ្រាវកន្លងមករបស់ខ្ញុំ ពិធីនេះមិនមានភាពទូលំទូលាយគ្រប់តំបន់ទេ គឺមាននៅតំបន់ភូមិប្រដាក (ឃុំប្រដាក/ស្រុកបន្ទាយស្រី) និងភូមិសំរោង (ឃុំលាងដៃ/ស្រុកអង្គរធំ) ជាដើម។ នៅតំបន់ប្រដាក អ្នកស្រុកជាច្រើនភូមិ ដូចជាភូមិស្រះស្រង់ជើង ភូមិប្រដាក ភូមិរហាល ភូមិអូរទទឹង និងភូមិថ្នល់បណ្តោយជាដើម តែងមូលមតិគ្នា និងសម្រេចជ្រើសរើសយកពេលវេលាសម្រាប់ធ្វើពិធីនេះ។ ជាធម្មតា ពិធីសុំទឹកភ្លៀងក្នុងតំបន់ប្រដាកតែងត្រូវបានប្រារព្ធឡើងនៅតាមប្រាសាទសំខាន់ៗ ពី៤ទៅ៥ប្រាសាទ ហើយធ្វើក្នុងថ្ងៃផ្សងៗគ្នា ដូចជានៅប្រាសាទប្រែរូប មេបុណ្យខាងកើត នាគព័ន្ធ និងបន្ទាយសំរ៉ែ។

៣. ពេលវេលា និងរយៈពេល

ជាធម្មតា ពេលណាគេចង់ប្រារព្ធធ្វើពិធីសុំទឹកភ្លៀង គេតែងពិភាក្សាគ្នារកពេលវេលាទំនេរ និងឱកាសដែលអាចទទួលបានភ្លៀងបន្ទាប់ពីធ្វើពិធីរួចហើយ (ភាគច្រើនក្រោយចប់ពិធីច្រើនមានភ្លៀងធ្លាក់ប្រាកដមែន)។  ជាទូទៅ គេតែងធ្វើពិធីនេះក្នុងចន្លោះខែជេស្ឋ និងអាសាឍ គឺរយៈពេល២ខែក្រោយរដូវវស្សា (ខែពិសាខ) ដែលពុំមានភ្លៀងសោះ ឬភ្លៀងតិចតួច។ ពិធីនេះត្រូវតែប្រារព្ធធ្វើយ៉ាងហោចណាស់៤ប្រាសាទ ហើយក្នុងមួយប្រាសាទ គឺមានរយៈពេល២ថ្ងៃ គឺល្ងាចថ្ងៃទី១ជាថ្ងៃចូលរោង និងសូត្រមន្តដោយព្រះសង្ឃ និងថ្ងៃទី២ ពេលព្រឹករហូតដល់ថ្ងៃត្រង់ជាវេលាសុំទឹកភ្លៀង ដោយមានការចូលរូបស្នងដោយព្រលឹងអ្នកតាជាច្រើន (មានចំនួន១៤អ្នកតា)។ ពេលចប់ការចូលរូប និងមានការលៀងភោជនីយអាហាររបស់អ្នកភូមិ និងអាចមានការច្រៀងរាំបង្ហើយពិធីទៀតផង។

៤. អ្នកស្នងរូប អ្នកបកប្រែ អ្នកកំដរ និងអ្នកតា         

នៅពេលធ្វើពិធីម្តងៗ គេតែងអញ្ជើញដូនចាស់ម្នាក់ក្នុងតំបន់របស់គេ គឺលោកយាយ នឹម រ៉េន (តាមខ្ញុំស្រាវជ្រាវផ្ទាល់ពីឆ្នាំ២០០១ ដល់២០១៧) មកចូលរួម និងទទួលព្រលឹងអ្នកតាផ្សេងអោយចូលរូបរបស់គាត់ ដើម្បីសួរនាំអំពីមូលហេតុផ្សេងៗដែលធ្វើឱ្យរាំងភ្លៀង។ នៅពេលអ្នកតាចូលរូបស្នងម្តងៗ មានស្ត្រីចំណាស់ពីរបីនាក់ផ្សេងទៀតជាអ្នកសួរនាំ និងបកប្រែ ព្រោះគេប្រើភាសាអ្នកតា ដើម្បីឱ្យអ្នកភូមិស្រុកដឹងឮ និងរៀបចំដង្វាយឱ្យនៅពេលព្រលឹងអ្នកតាចូលម្តងៗ។  ក្រៅពីនេះ មានស្ត្រីក្មេងចាស់មួយចំនួនទៀតនៅឈរអង្គុយជុំវិញដើម្បីកំដរ ដោយការរាំជាមួយអ្នកតា ឬជាស្រីស្នេហ៍ (មានអ្នកតាខ្លះពេលចូលរូបស្នង គឺត្រូវការស្រីកំដរអោបថើប ឧទាហរណ៌ដូចជាអ្នកតាឈ្មោះខិលជាដើម)។ ចំពោះអ្នកតាដែលត្រូវមកចូលសណ្ឋិតក្នុងរូបស្នងមានរហូតទៅដល់១៤អ្នកតា។ អ្នកតាទាំងនោះ កាន់កាប់នៅតំបន់ផ្សេងៗគ្នា ហើយនៅពេលគេប្រគុំភ្លេងអន្ទងហៅ គឺគេត្រូវលេងបទផ្សេងៗគ្នា ទៅតាមទំនៀមដែលធ្វើមក។ ម៉្យាងទៀតគ្រឿងដង្វាយ ម្ហូបអាហារ គ្រឿងអលង្កា និងសំលិងសវាយងៗគ្នា ហើយនៅពេលគេប្រគុំផញរយារៀកបំពាក់ក៏តម្រូវឱ្យមានខុសៗគ្នាដែរ។ អ្នកតាទាំងនោះចូលហើយ និងចេញទៅវិញម្តងមួយៗរហូតដល់អ្នកតាចុងក្រោយគេ គឺជាអ្នកតាដែលនៅប្រចាំតំបន់ ឬប្រាសាទដែលគេប្រារព្ធធ្វើពិធី ជាអ្នកតាដែលត្រូវបណ្តេញចោលនូវគ្រោះភ័យចង្រៃពីភូមិស្រុករបស់ពួកគេ។

៥. ចំនួនអ្នកតា ឈ្មោះ និងទីតាំង

ក្នុងពេលធ្វើពិធីម្តងៗ គេតែងឱ្យតម្លៃលើសគេទៅអ្នកតាប្រចាំតំបន់ ឬប្រាសាទដែលគេប្រារព្ធធ្វើ ដោយមានការរៀបចំដង្វាយពិសេស និងជមតំណាងឱ្យអ្នកតានោះ។ អ្នកតាទាំងអស់មាន១៤ គឺ៖ ១.អ្នកតាថ្ងៃត្រង់គ្រលួច មានទីតាំងនៅខាងកើតវត្តប្រដាក,២.អ្នកតាជៀល មានទីតាំងនៅខាងកើតវត្តប្រដាក, ៣.អ្នកតាបឹង មានទីតាំងនៅត្រពាំង ខាងត្បូងភូមិតាត្រៃ, ៤.អ្នកតាសៅ មានទីតាំងនៅប្រែរូប, ៥.អ្នកតារាយ មានទីតាំងនៅមាត់ស្រះខាងជើងប្រាសាទប្រែរូប, ៦.អ្នកតារាជ មានទីតាំងនៅប្រាសាទអង្គរវត្ត (លោកតារាជ), ៧.អ្នកតាគង់ មានទីតាំងនៅទិសនិរតីប្រាសាទប្រែរូប, ៨.អ្នកតាដំបងដែក មានទីតាំងនៅស្ពានថ្មព្រះរាជដំណាក់ (បឹងក្រឡោម), ៩.អ្នកតាសឹង មានទីតាំងនៅស្ពានក្រាំងក្រូច,  ១០.អ្នកតាយាយស្បៃសរ មានទីតាំងនៅព្រៃវៀន ភូមិកកោះ, ១១.អ្នកតាទរ មានទីតាំងនៅប្រាសាទទរ ទំនប់តានៀល ភូមិអូរទទឹងខាងជើង, ១២.អ្នកតា ក្រមុំផាន មានទីតាំងនៅកណ្តាលភូមិប្រដាក, ១៣.អ្នកតាលុបលាប់ នៅមេបុណ្យខាងកើត, ១៤.អ្នកតាខូច (ខិល) មានទីតាំងនៅប្រាសាទមេបុណ្យខាងកើត។ ក្នុងចំណោមអ្នកតាទាំងនេះ មានពីរជាអ្នកតាភេទស្រី គឺយាយស្បៃសរ និងក្រមុំផាន។

៦. គ្រឿងដង្វាយផ្សេងៗ         

ពិធីសុំទឹកភ្លៀងជាពិធីធំ និងត្រូវការចំណាយថវិកាច្រើន ដូចនេះគេអាចធ្វើទៅបា នលុះត្រាណាតែមានការចូលរួមជាថវិការបស់អ្នកភូមិស្រុកទាំងអម្បាលនេះ។ គ្រឿងដង្វាយមានដូចជា៖ ជមសំខាន់សម្រាប់អ្នកតាតំបន់ ជាទូទៅគេហៅថាជមជើង៣ ឬជមច្រមុះជ្រូក, បាយសីមួយជាន់មួយគូ, ស្លាធម៌មួយគូ, អង្ករ២ចាន, ចេក១ស្និត, ស្រាមួយដប, ទឹកក្រូច១ដប, ចានមានស្លឹកម្លូ៤ត្របក ស្លាខ្ចី២ផ្លែ ធូប៣សសៃ ទៀន៤ដើម ប្រាក់៥០០រៀល អង្ករ១កំប៉ុង (ក្នុងនោះមានទៀន១ដើម និងប្រាក់១០០រៀល), ពានមានម្លូ១សន្លឹក ស្លាខ្ចី១ផ្លែ អង្ករ១កំប៉ុង ប្រាក់៥០០រៀល ទៀន២ដើម (សម្រាប់អន្ទងអ្នកតា), ក្បាលជ្រូកស្ងោរ១, មាន់អាំង១ មាន់ស្ងោរ១, បាយនិងម្ហូប៥ថាស, បង្អែម១ថាស, និងអម្រែកមួយមានកញ្ចប់បាយ និងទឹក១ដបសម្រាប់អ្នកតាធំយាងត្រលប់ទៅវិញពេលចុងបញ្ចប់នៃពិធី។

៧.វង់ភ្លេង

ដើម្បីអន្ទងហៅអ្នកតានីមួយៗ ក្រុមភ្លេងបានប្រើឧបករណ៌ភ្លេងខ្មែរ ឬអ្នកស្រុកភូមិហៅថាភ្លេងអារក្ខ។ ក្រុមភ្លេងនេះ ប្រគុំឡើងដោយឧបករណ៌ជាច្រើន ដូចជា៖ ប៉ីអរ ទ្រសោរ ទ្រអ៊ូ តាខេ (ពីមុនគេប្រើចាប៉ីដងវែង)  និងស្គរដៃចំនួន៣ទៅ៤ ព្រមទាំងមានរៀបចំជមគ្រូភ្លេង១ថាសផងដែរ។ អ្នកភ្លេង និងលេងបទរបស់អ្នកតានីមួយៗ ដើម្បីអន្ទងអោយចូលរូបអ្នកស្នង រួចទើបលេងបទផ្សេងៗកំដរឱ្យអ្នកតាសោយអាហារ និងរាំកំសាន្ត។

៨.ដំណើរនៃពិធី         

នៅរសៀលថ្ងៃទី១ ប្រជាជននាំគ្នាសង់រោង និងនិមន្តព្រះសង្ឃមកសូត្រមន្ត។ នាព្រឹក ថ្ងៃទី២ អ្នកភូមិ និងយកស្លាធម៌ដូងខ្ចី១គូទៅសែននៅលើក្បាលជណ្តើរឡើងប្រាសាទដែលគេប្រារព្ធ។ រួចហើយនិមន្តព្រះសង្ឃមកសូត្រ និងឆាន់។ នៅវេលាប្រហែលម៉ោង៨ព្រឹក គេរៀបចំដង្វាយផ្សេងៗ ក្រុមវង់ភ្លេង និងអ្នកស្នងមកជុំគ្នានៅខាងត្បូងរោងបុណ្យ រួចចាប់ផ្តើមអន្ទងអ្នកតាម្តងមួយៗ រហូតដល់អស់។ អ្នកតាមួយអាចចូលបានម្តងតាមបទភ្លេងរបស់ខ្លួន។ ក្រោយចូលហើយ គេនឹងឱ្យអ្នកតាឆាន់អាហារ បង្អែម ខ្លះផឹកស្រា ខ្លះជក់បារី រាំអោបស្រី និងខ្លះទៀតតែងខ្លួនដោយម្សៅ និងក្រែមផ្សេងៗ (អ្នកតាជាស្ត្រី)។ ក្រោយពីសួរនាំចប់អ្នកតា និងចេញពីរូបស្នងវិញ ហើយអ្នកតាបន្ទាប់នឹងចូលរហូតដល់អ្នកតាទី១៤ ដែលជាអ្នកតាធំ ឬអ្នកតាប្រចាំនៅកន្លែង ឬប្រាសាទដែលគេប្រារព្ធធ្វើពិធី ជាអ្នករាំបោសំអាតរាល់ឧបទ្រពចង្រៃ ដោយការវាយកំទេចជមជើង៣ និងបោះចោលនូវអម្រែបាយ និងទឹក។ ក្រោយពីនោះ គឺកម្មវិធីត្រូវបានបញ្ចប់។ កិច្ចនេះនឹងត្រូវប្រារព្ធនៅតាមប្រាសាទទាំង៤។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!