ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈប្រាសាទតោនៅសំបូរព្រៃគុក (តួប៉ម C1)

ប្រាសាទតោនៅសំបូរព្រៃគុក (តួប៉ម C1)

ក្រុមប្រាសាទតោ គឺជាក្រុមប្រាសាទស្ថិតនៅកណ្តាល ចន្លោះក្រុមប្រាសាទសំបូរ និងក្រុម​ប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមប្រាសាទតោ មានតួប៉មប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន ១ នៅល្អពាក់កណ្តាលចំនួន ៦ និងស្ថិត​នៅក្រោមពាក់កណ្តាលចំនួន៣៦។ ក្រុមប្រាសាទនេះ បានហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយ​

ក្រៀមចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្តោយ ៣២៨ម៉ែត្រ ទទឹង ៣១០ម៉ែត្រ ដែលមានច្រក​ចូលនៅទិសខាងកើតនិងខាងលិច។ រីឯកំពែងខាងក្នុងវិញ មានប្រវែង១៧២ម៉ែត្រ ទទឹង១៦០​ម៉ែត្រ ដែលមានច្រកចូលនៅស្របទិសដូចគ្នានឹងកំពែងខាងក្រៅ។ នៅទិសឦសានចន្លោះកំពែងខាងក្នុង និងខាងក្រៅ មានស្រះបុរាណមួយមានប្រវែងបណ្តោយ ៤២,១០ម៉ែត្រ ទទឹង៣២,៤០ម៉ែត្រ ដែលជាស្រះមានបាត និងជញ្ជាំងតម្រៀបដោយថ្មបាយ​ក្រៀមជុំវិញ។ នៅផ្នែកខាងត្បូងនៃស្រះទឹកនេះ គេតម្រៀបជាជណ្តើរសម្រាប់ចុះធ្វើពិធីសាសនា​ផ្សេងៗនៅក្នុងស្រះ។ នៅច្រកចូលកំពែងខាងលិច មានផ្លូវភ្ជាប់សម្រាប់ចេញចូលទៅកាន់បរិវេណក្រុងឦសានបុរ។

ប្រាសាទភាគច្រើននៅក្រុមប្រាសាទតោ សាងឡើងអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយមាន​គ្រឿងមានគ្រឿងលម្អស្ថាបត្យកម្មធ្វើអំពីថ្មភក់ ដែលមានអាយុកាលចាប់ពីរវាងស.វ.ទី៧-ចុងស.វ.ទី៨។ ប៉ុន្តែ នៅ​ក្នុងក្រុមនេះពុំមាននៅសល់សិលាចារឹកឱ្យអ្នកស្រាវជ្រាវសិក្សាបានឡើយ។ ម្ល៉ោះហើយ ដើម្បី​សិក្សាអំពីប្រាសាទនេះគេបានពឹងផ្អែកយ៉ាងសំខាន់លើការសិក្សាប្រៀបធៀបប្លង់ និងក្បាច់លម្អនៃ​ប្រាសាទប៉ុណ្ណោះ។ តាមការសិក្សារបស់លោក Daniel Michon ក្រុមប្រាសាទតោ សាងឡើងស្របជាមួយទ្រឹស្តីនៃលទ្ធិព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ដូចក្រុមប្រាសាទសំបូរ និង​ក្រុមប្រាសាទយាយព័ន្ធដែរ។ ដ្បិត លោកបានសិក្សាអំពីប្លង់ទូទៅ ដោយធៀបជាមួយប្លង់ក្រុម​ប្រាសាទផ្សេងទៀត និងធៀបជាមួយគម្ពីរព្រហ្មញ្ញសាសនា។ ក្នុងឆ្នាំ១៩១៣ លោក Henri Parmentier បានសិក្សា និងចុះបញ្ជីក្រុមប្រាសាទតោថា “ក្រុមប្រាសាទកណ្តាល” តាងដោយអក្សរ C (Central) ដោយហេតុថាក្រុមនេះស្ថិតនៅកណ្តាលក្រុមខាងជើងនិងខាងត្បូង។

ប្រសិនយើងពិនិត្យទៅលើការរៀបចំប្លង់ជាទូទៅ នៃក្រុមប្រាសាទតោយើងឃើញថា នៅ​ជ្រុ​ងកំពែងទាំងពីរជាន់ គ្រប់ទិសទាំងអស់ គេសាងជាតួប៉មប្រាសាទដូចៗគ្នា តែសព្វថ្ងៃតួប៉មទាំង​នោះបានបាក់បែកអស់ហើយ។ ប៉ុន្តែច្រកទ្វារចូលគេមិនធ្វើជាបួនទិសដូចក្រុមប្រាសាទយាយព័ន្ធឡើយពោល គឺមានតែច្រកខាងកើតនិងខាងលិច។ ក្នុងបរិវេណកំពែងខាងក្រៅ ក្រៅពីស្រះទឹក យើងឃើញមានតួប៉មប្រាសាទចំនួន៨។ ក្នុងនោះនៅខាងកើត មានតួប៉មចំនួន ៥ ដែលតួប៉ម ៤ សាងអមច្រកទ្វារចូលជាពីរជាន់ និងតួប៉ម ១ទៀត សាងនៅជិតជ្រុងកំពែងទិសអាគ្នេយ៍។ ក្នុង​ចំណោមតួប៉មទាំង ៥ នៅខាងកើត មានតួប៉មពីរសាងឡើងអំពីថ្មបាយក្រៀម មានរាងទ្រវែង តែ​យើងមិនដឹងជាអ្វីឱ្យប្រាកដទេ។ ក្នុងបរិវេណកំពែងខាងក្រៅដដែល នៅខាងជើងមានតួប៉ម ២, ខាងលិចមានតួប៉ម ១។ ចំណែក បរិវេណកំពែងខាងក្នុងវិញ មានតួប៉មសំខាន់មួយនៅចំកណ្តាល សព្វថ្ងៃ​អ្នកស្រុកហៅថា “ប្រាសាទតោ” ហើយមានតួប៉មចំនួន ៤ ទៀត សង់នៅអមច្រកចូលខាងលិច និងខាងកើត។ តើប្រាសាទតោ (តួប៉ម C1) មានលក្ខណៈបែបណាខ្លះ?

តួប៉មនេះ សង់ឡើងអំពីឥដ្ឋបូក​កំបោរបាយអ (កំបោរបាយអសព្វថ្ងៃជ្រុះអស់​​ហើយ) រាងបួនជ្រុងទ្រវែង បែរមុខទៅទិស​ខាងកើត សង់នៅលើខឿនធ្វើអំពីឥដ្ឋ (រូបលេខ១-៣)។​​ ប្រាសាទនេះ មានកម្ពស់ ១៤ម៉ែត្រ ជញ្ជាំងកម្រាស់ ២,៥ម៉ែត្រ បណ្តោយ ១៥,៥ ម៉ែត្រ និងទទឹង ១២,៤៤ ម៉ែត្រ។ នៅផ្នែក​ខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការ​មានរាងបួនជ្រុងទ្រវែង លយចេញមកច្រក​ចូលខាងកើតបន្តិច។

ជញ្ជាំងខាងក្នុងលម្អដោយ​ក្បាច់សសរផ្អោបជ្រុង រៀបជារាងសាជីជ្រុង​ ដែលសព្វថ្ងៃយើងឃើញមានសេសសល់ស្នាមទឹកពណ៌ ដែលគេលាបជាប់នឹង​ជញ្ជាំង។ ផ្នែកខាងកើត គេរៀបជារាងសាជី​ជ្រុងដែលនៅខាងលើ ទ្រដោយថ្មភក់មួយដុំ​សម្រាប់សម្រាលទម្ងន់ប្រាសាទ ហើយនៅតាមក្បាលជញ្ជាំង មានថ្មភក់រាងដូចកំណាត់ឈើជ្រុងគេ​តម្រៀបជុំវិញប្រាសាទធ្វើជាពិតានឬទ្រមេពិតាន។ ផ្នែកដំបូលខាងក្នុង គេរៀបជាថ្នាក់ៗរាងកោង​ត្រង់ស្តួចចុងប៉ះគ្នានៅផ្នែកខាងលើដែលមានកំពូលធ្វើអំពីថ្មភក់តែសព្វថ្ងៃកំពូលប្រាសាទធ្វើអំពីថ្ម​ភក់នេះបានជ្រុះធ្លាក់មកក្រោមអស់ហើយ។ សព្វថ្ងៃ នៅខាងក្នុងប្រាសាទមានសេសសល់បំណែក​ជើងទម្រខ្លះ តែយើងមិនដឹងប្រាសាទថាតួប៉មនេះតម្កល់អាទិទេពណាមួយនោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវជាន់ថ្មីយល់ថា ជើងទម្រ​នេះអាចតម្កល់សិវលិង្គដូចក្រុមប្រាសាទផ្សេងៗដែរ។

នៅមុខខាងកើត គេរៀបក្បាលជណ្តើរអមសងខាងខឿនយ៉ាងខ្ពស់ភ្ជាប់ដោយបដិមាតោ​មួយគូ កាំជណ្តើរ ៧កាំ ទ្រនាប់ជណ្តើរ ១។ ចម្លាក់តោនៅទីនេះមានចំនួនសរុប ៦ ពោល គឺគេ​ដាក់នៅមុខទ្វារចូលទិសខាងកើត មុខទ្វារបញ្ឆោតទិសខាងជើង និងមុខទ្វារបញ្ឆោតទិសខាង​ត្បូង ប៉ុន្តែនៅខាងលិចពុំមាននោះឡើយ។ បដិមាតោចំនួន ៣ គេយកទៅរក្សាទុកនៅសារមន្ទីរ​ខេត្ត តែបដិមាតោ​១បាត់បង់ទៅហើយ។ អ្នកស្រាវជ្រាវប្រវត្តិសិល្បៈដ៏ល្បីល្បាញមួយរូប គឺលោក Jean Boisselier យល់ថា បដិមាតោនេះអាចសង់ឡើងពេលវេលាខុសគ្នាជាមួយប្រាសាទ (សាងក្រោយប្រាសាទ)។ ចំណែកឯលោក Phillipe Stern យល់ថា បដិមាតោនេះមានលក្ខណៈស្រដៀងតោនៅប្រាសាទថ្ម​ដាប់លើភ្នំគូលែន ហើយស្ថិតនៅក្នុងរចនាបថគូលែន ចុងស.វ.ទី៨។ ចម្លាក់តោទាំងអស់មានមាត់បើកធំ ធ្មេញសំប៉ែតធំ ភ្នែកបើកសំឡឹងមើលទៅមុខ រោមរួញ​សំពោងធំជាងដងខ្លួន កន្ទុយដាក់សន្ធឹងរហូតដល់ក្បាល ជើងទាំងបួននៅនឹងថ្កល់ឥតចលនា ក្បាល និងដងខ្លូនមិនសមាមាត្រគ្នាទេ គឺក្បាលធំជាងដងខ្លួន តែសិល្បករឆ្លាក់យ៉ាងផ្ចិតផ្ចង់ (រូបលេខ៤)។

ហោជាង មានរាងដូចក្រចកសេះដែលមានលម្អក្បាច់ផ្សេងៗ ​តែសព្វថ្ងៃរបេះក្បាច់អស់ហើយ។ នៅអមសងខាងទ្វារចូលនីមួយៗ និងនៅតាមជ្រុងជញ្ជាំងប្រាសាទ​មានលម្អជាក្បាច់សសរផ្អោប និ​ងនៅតាមក្បាលជញ្ជាំងទំនងជា មានលម្អដោយក្បាច់ផ្សេងៗដូច​តួប៉មដ៏ទៃទៀតដែរ តែបច្ចុប្បន្នបានរបេះជ្រុះធ្លាក់មកក្រោមអស់។ ចន្លោះសសរផ្អោបនីមួយៗនៅលើ​ជញ្ជាំងប្រាសាទ មានលម្អចម្លាក់វិមានអណ្តែតក្នុងមួយទិសមានចំនួន២ (រូបលេខ៥-៦)។ ចម្លាក់វិមាន​អណ្តែតនីមួយៗគេ​លម្អជាបីថ្នាក់ ដែលថ្នាក់ខាងក្រោមមានបន្ទះថ្មភក់ស្តើងមួយទ្រពីក្រោម ជំនួសរូប​ចម្លាក់សត្វទេវកថាដូចគេធ្លាប់ឃើញនៅប្រាសាទដទៃទៀតនៅតំបន់សំបូរព្រៃគុក ហើយបង្ហាញពីការវិវត្តមួយបែបនៃចម្លាក់វិមានអណ្តែតនៅសម័យមុនអង្គរ។

ដោយឡែក ផ្តែរទ្វារតួប៉មនេះ មានគ្រប់ទិសទាំងបួន។ ផ្តែរទ្វារខាងកើតទំនងឆ្លាក់មិនទាន់ហើយនោះទេ ដែល​មានក្បាច់បន្ទាត់ធ្នូរាងត្រង់​ខាងចុងមានជាក្បាលមករបែរមុខចេញក្រៅឆ្លាក់មិនហើយ និងផ្នែកខាង​ក្រោមជារំយោលផ្កាឬកម្រងមាលា។ ផ្តែរទ្វារខាងជើងនិងខាងត្បូងមានលក្ខណៈដូចគ្នា ដោយនៅ​ខាងចុងផ្តែរទាំងសងខាងលម្អជាសន្លឹកឈើ ក្បាច់បន្ទាត់ធ្នូមានរាងត្រង់លម្អដោយសន្លឹកឈើតម្រៀប​គ្នាចំនួន៥ ហើយនៅខាងក្រោមមានលម្អជារំយោលផ្កា ឬកម្រង មាលា (រូបលេខ៧)។

លោក Boisselier, Jean យល់ថា ផ្តែរទ្វារខាងជើងនិងខាងត្បូង ស្ថិតនៅក្នុងចុងរចនាបថព្រៃក្មេង។ ចំណែកផ្តែរទ្វារខាងលិចមានក្បាច់បន្ទាត់ធ្នូ មានរាងមូលដូចមែកឈើកួចជាកង់ៗដោយក្បាច់ផ្ការំដួលធ្លាក់រំយោលចុះមក​ក្រោម ដែលផ្នែកខាងចុងនៃបន្ទាត់ធ្នូមានរាងកោងវង់ចូលក្នុងដោយក្បាច់គូថខ្យង ផ្នែកខាងលើនិង​ខាងក្រោមផ្តែរលម្អជាសន្លឹកផ្កានិងរំយោលផ្កាឬកម្រងមាលា (រូបលេខ៨)។ ផ្តែរខាងលិច មាន​ក្បាច់លម្អជាទូទៅដូចផ្តែរនៅប្រាសាទវត្តប្រាសាទដែរ ហើយមានលក្ខណៈជិតចូលដល់រចនាបថគូលែន (ចុងស.វ.ទី៨)។

កន្លងមក ប្រាសាទតោ តួប៉ម C1 ធ្លាប់មានអ្នកសិក្សាស្រាវជ្រាវច្រើនជំនាន់មកហើយ និងបានផ្តល់នូវការសន្និដ្ឋានផ្សេងៗគ្នា។ ជាក់ស្តែង ក្នុងឆ្នាំ១៩៣០ លោក Phillipe Stern យល់ថា សំណង់ប្រាសាទតោ ស្ថិតនៅអន្តរកាលរវាងចុងរចនាបថកំពង់ព្រះ និងដើមរចនាបថគូលែន (ចុង​ស.វ.ទី៨ ដើមស.វ.ទី៩) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ក្រោយមក លោក Boisselier Jean និង​លោកស្រី Bénisti Mirreille សិក្សាបន្តយល់ថា ជាសំណង់នៅអន្តរកាលរចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ (ចុងស.វ.ទី៧ ដើមស.វ.ទី៨) ទំនងចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រសិន​បើយកការស្នើឡើងរបស់អ្នកប្រាជ្ញទាំងបីមកពិចារណាឡើងវិញ យើងអាចសន្និដ្ឋានថា ប្រាសាទតោទំនងចាប់ផ្តើមកសាងឡើងនៅចុងស.វ.ទី៧ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១  និងបានសាងបដិតោបញ្ចប់នៅចុងស.វ.ទី៨ ក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

អត្ថបទដើម៖ ម៉ង់ វាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!