ទំព័រដើមសិល្បៈសិល្បៈ និងស្ថាបត្យកម្ម នៃវិហារបុរាណវត្តចិនដំដែក

សិល្បៈ និងស្ថាបត្យកម្ម នៃវិហារបុរាណវត្តចិនដំដែក

វត្តចិនដំដែក ឬវត្តពិភ័ទ្ទរង្សី ជាវត្តព្រះពុទ្ធសាសនាដ៏ចំណាស់​មួយតាំង​នៅ​ប្រប​មាត់​ទន្លេ ត្រង់​ប៉ែក​ខាង​ជើង​រមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ​រាជធានីភ្នំពេញ។ គេ​ដឹង​ថា ​ភូមិ​សាស្រ្តតំបន់នេះដើមឡើយមានព្រែកមួយហូរកាត់ និង​ជា​អតីតសហគម​ន៍​ជន​ជាតិ​​ចិនរស់នៅ ហើយច្រើនជាអ្នកប្រកបរបររកស៊ីដំដែក។ យោង​តាម​ឯកសារ និង​របាយ​​ការណ៍នានា វត្តនេះ​កកើត​ឡើងក្នុងរវាង​​សតវត្ស​ទី​១៥ ពោលគឺអំឡុងពេល​ស្រករ​គ្នា​​នឹង​ការកកើត​រាជ​ធានី​​ភ្នំពេញ ដោយមាន​ឈ្មោះថា “វត្តព្រះពុទ្ធ​ឃោសាចារ្យ”។ ក្រោយ​មក​​នៅក្នុងរាជ្យ​ ព្រះបាទ នរោត្តម (១៨៥៩-១៩០៤) ​បរិវេណ​វត្ត​ព្រះ​ពុទ្ធ​ឃោសាចារ្យ​​នេះ​បានពុះចែកជាពីរ ខណ្ឌដោយ​ផ្លូវ​មួយ​ខ្សែ​រត់​ត្រង់លិច-កើត។ សព្វថ្ងៃ​វត្ត​ស្ថិត​នៅ​ខាង​ត្បូង​ផ្លូវហៅថា វត្ត​ព្រះ​ពុទ្ធ​ឃោសាចារ្យ ឬវត្ត​ចិន​​ដំដែក​ខាងត្បូង។ ចំណែក​វត្ត​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ ហៅថាវត្តចិន​ដំដែក ឬវត្តចិន​ដំដែក​ខាង​ជើង ឬ​វត្តពិភ័ទ្ទរង្សី​។ ដោយ​ឡែក​មក​ដល់​​បច្ចុប្បន្ន វត្តចិន​ដំដែក ឬវត្ត​ពិភ័ទ្ទរង្សីនេះ គឺ​ជាវត្ត​ដែល​ឃើញ​នៅ​រក្សា​សំណង់​ចាស់ៗ​បាន​គង់វង្សច្រើនបង្គួរដូចជា កុដិ សាលាពុទ្ធិក​បឋម​សិក្សា​ ឧបដ្ឋាន​​សាលា និង​ព្រះវិហារ​ជាអា​ទិ។

ផ្អែកលើខ្លឹមសារចារឹកមួយផ្ទាំង ដែលឆ្លាក់បិទភ្ជាប់លើជញ្ជាំងវិហារផ្នែកខាង​កើត​ឱ្យដឹងថា ​​ព្រះ​វិហារ​នេះ​សាងសង់ឡើង​នៅក្នុងឆ្នាំកុរ អដ្ឋស័ក ពុទ្ធសករាជ២៤៣០ (ត្រូវ​នឹង​​ឆ្នាំ១៨៨៧) ហើយរួចរាល់​ជា​ស្ថាពរ និងបាន​​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​​ឆ្លងនៅក្នុង​ឆ្នាំខាល ទោស័ក ពុទ្ធសករាជ​២៤៣៣ (ត្រូវ​នឹង​ឆ្នាំ​១៨៩០)។ ខ្លឹមសារ​ចារឹក​ឱ្យដឹងដែរថាការ​កសាង​​​​ព្រះ​វិហារ​​នេះ ស្ថិតក្រោមព្រះរាជ​តម្រិះ​របស់ ​ព្រះករុណាព្រះបាទសម្តេចព្រះ​ស៊ីសុវត្ថិ ​ព្រះរាជានុ​កោដ្ឋ កាល​ទ្រង់​នៅ​ជា​សម្តេច​​ព្រះ​មហា​​ឧបរាជ បូករួមទាំងសទ្ធា​ជ្រះ​​ថ្លា​របស់​ឧកញ៉ាពិភ័ទ្ទភោគា (តានឡក?) ព្រមទាំង​ក្រុមគ្រួសារ ដែល​រួបរួម​គ្នា​សាង​ព្រះពុទ្ធបដិមាតម្កល់ទុកគោរពបូជាតព្រះសាសនាមានដូចជា ព្រះជីវ៍១ ព្រះអង្គ ព្រះ​ពុទ្ធ​ស្ពាន់​៥ ​ព្រះអង្គ ព្រះពុទ្ធ​បរិនិព្វាន​ស្ពាន់​១ ព្រះអង្គ និង​ដងទង់ផង។

តាមការសង្កេត ព្រះវិហារខាងលើនេះ​ហាក់ដូចជាទទួលឥទ្ធិពលច្រើនពីសិល្បៈ​ស្ថាបត្យ​​ក​ម្ម​វត្តវិហារ​ហ្លួង នៃ​អតីត​រាជ​ធានី​ឧត្តុង្គ ដែលមានលក្ខណៈ​ជា​វិហារ​បុរាណ​ប្រភេទ​​ជហ្វា៤ ប្រក់ក្បឿងស្រកាលេញ និងពុំមាន​មណ្ឌប​នៅលើដំបូល។ តាមការ​សិក្សា​​របស់ Daniel Guéret និង Doninique-Pierre Guéret សំណង់បែប​នេះ​ភាគ​ច្រើន​ជាសំណង់​វិហារព្រះ​ពុទ្ធ​សាសនា​ក្នុង​រាជ្យ ព្រះ​បាទនរោត្តម។ ព្រះវិហារសង់លើខឿនផ្ទាល់ដី ទទឹង១២ ម៉ែត្រ បណ្តោយ​២១ ម៉ែត្រ បែរ​មុខ​ទៅទិសខាងកើត មាន​ទ្វារ​និងជណ្តើរ​ឡើង​ចុះ​នៅ​ផ្នែក​ខាង​កើត២ និង​ផ្នែក​ខាង​លិច២។ ជញ្ជាំង និង​រចនាសម្ពន្ធខាងក្រៅសង់អំពីឥដ្ឋ និង​កំបោរ​បាយ​អរ។ សសរ​ខាង​ក្នុង​វិហារមានចំនួន ១២ដើម ​ជាសសរឈើ ហើយ​គ្រឿង​គ្រោង​​ផ្នែក​ខាង​លើ​ក៏​ប្រើប្រាស់​ឈើ​ធ្វើជាគ្រឿងបង្គុំដែរ។ នៅផ្នែកខាងក្រៅ មាន​លម្អ​ទៅ​ដោយ​​​ទែនទយ​ជារូបគ្រុឌ អៃរ៉ា និងកិន្នរ តាមក្បាលសសរទ្ររងស្បូវ។ ចំពោះ​សន្លឹកសីមា គេដាក់បន្តុប​ភ្ជាប់​នៅ​លើបង្កាន់​ដៃព័ទ្ធ​ជុំវិញធ្លាបាំងសាច។ ដោយឡែកនៅផ្នែកខាងក្នុង ត្រង់​​ផ្ទៃ​ពិតាន មានគូរលម្អដោយរូប​ទេព​និករ​ផ្សេងៗ​ក្នុងឋានសួគ៌ និងតួអង្គខ្លះក្នុងរឿង​រាមកេរ្ត៍​។ រីឯ​ផ្ទោង និងផ្លាន ក៏​ឃើញ​មាន​ការ​រចនា​​​លម្អ​ដោយក្បាច់ទឹបមាស ដែលជា​សិល្បៈ​ដ៏​ពេញ​និយម​ក្នុងដើម​សត​វត្ស​ទី២០។

សង្កេត​ចុះមកត្រង់​ហប់ខ្យល់វិញ មាន​ការ​លម្អ​​ដោយ​គំនូរ​បុរាណទំហំតូចៗ និយាយរៀប​រាប់​ត្រង់អន្លើខ្លះនៃរឿងជាតក និងអន្លើខ្លះ​ក្នុង​ពុទ្ធ​ប្រវត្តិ។ ចំណែក​​នៅ​លើ​ផ្ទៃជញ្ជាំង​ផ្នែក​ខាងក្រោមជាគំនូរសម័យក្រោយ​​​​ និយាយ​​អំពី​រឿង​​ពុទ្ធ​ប្រវត្តិ រឿងជាតក និងព្រះឆាយា​លក្ខណ៍អតីតព្រះមហាក្សត្រ ព្រម​ទាំង​​អតីត​សម្តេច​​ព្រះ​សង្ឃ​រាជ​ក្នុងទសវត្សទី៦០។

សូមរំឭកផងដែរថា ព្រះវិហារ​​នេះ​គង់វង្ស​បាន​សល់​ដល់​សព្វថ្ងៃ គឺដោសារមានការ​ថែទាំ​ជួសជុល​ជារឿយៗឥតធ្វេសប្រហែលឡើយ។ នៅរវាងទសវត្សទី៣០ ក្នុងរាជ្យ ព្រះ​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋ​ (១៩២៧-១៩៤១) មានការ​ជួសជុលត្រង់ផ្នែកដំបូល និងហោជាង។ នៅក្នុងទសវត្សទី៦០ និងទី៩០ គេឃើញ​មានការជួសជុលរចនាសម្ព័ន្ធសំណង់ផ្នែកជញ្ជាំង សសរ ក្បាច់លម្អផ្សេងៗ និងគូរគំនូរនៅ​លើ​ផ្ទៃជញ្ជាំងផ្នែកខាងក្នុង។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលរចនាសម្ធ័ន្ធទូទៅ នៃព្រះវិហារនេះឡើងវិញ ​រហូតបញ្ចប់រួចរាល់​នៅក្នុង​ខែមេសា ឆ្នាំ២០១៨។ ជារួមវិហារវត្តចិនដំដែក ឬវត្តពិភ័ទ្ទរង្សីនេះ គឺជាភស្តុ​តាង​សំណង់​ស្ថាបត្យ​កម្មបុរាណដ៏ចំណាស់របស់ព្រះពុទ្ធសាសនា ក្នុងរាជធានីភ្នំពេញ ដែល​មាន​ប្រវត្តិ​កសាង និងជួសជុល​ថែទាំ​ជា​​បន្តបន្ទាប់​ក្នុងរាជ្យព្រះមហាក្សត្រជាច្រើនអង្គ ទុកជាតំណ​តរៀង​មក៕

—————————————-

Art and architecture of the ancient Vihear of Wat Chen Dam Dek

Wat Chen Dam Dek or Wat Phiphot Rainsy is an ancient Buddhist pagoda located along the riverside in the northern part of Wat Phnom site in Srah Chak commune, Phnom Penh. It is known that the area was originally contained a canal and was formerly a Chinese community resided by many blacksmiths.

According to documents and reports, this pagoda was built in the 15th century, at the same time as the founding of Phnom Penh, and was named “Wat Preah Puth Khou Sachar”. Later, during the reign of King Norodom (1859-1904), the compound of Wat Preah Puth Khou Sachar was divided into two locations which today call Wat Preah Puth Khouchachar or Wat Chen Dam Dek South and Wat Chen Dam Dek or Wat Chen Dam Dek North or Wat Piphot Rainsy. To date, Wat Chen Dam Dek or Wat Piphot Rainsy is seen to preserve the old buildings inside that have survived quite a lot, such as monk’s house, Buddhist school, and Vihear, etc.

Based on an inscription described on the Vihear was built in 2430 A.D. (corresponding to 1887) and was completed and buried in 2433 AD (corresponding to 1890). In addition, it stated the construction of this Vihear was under the guidance of Preah Karuna Preah Sisowath Preah Reacheanukot when he was the Samdach Preah Moha Ubrach, as well as the generous donation of Oknha Piphat Phokea (Tan Lok?) with his family built Buddha statues, such as a Preah Chiv, fives of Preah copper Buddhas, a Preah copper Nirvana Buddha, a statue and flagpost.

According to the observation, the Vihear structure seems to be influenced by the architectural art of Wat Vihear Luong of the former capital of Udong, which is an ancient Vihear of the four Javea type, roofing with Sraka Leang tile and no Mandapa on the roof. Based on the studies of Daniel Guéret and Doninique-Pierre Guéret, most of these structures were Buddhist temples during the reign of King Norodom. Vihear is built on the ground floor, the walls and the outer structure are made of brick and mortar, and there are twelve wooden columns. On the outside, it is adorned with a magnificent image of Garuda, Ayra, and Kinnar on the head columns. For the Buddhist ritual boundary (sīmā), they connected it on the handrail of Vihear surrounded by Bangsach (Khmer traditional decoration). In particular, the interior of the ceiling is decorated with images of various deities in heaven and some characters in the story of Reamker. Whereas, the main rafter (Phtong) and cross rafter (Phlan) are also decorated with a traditional gold painting that is a popular art in the early 20th century. In addition, other parts of Vihear adorned with small-scale ancient paintings, recounting some of the stories of Jāti and the history of Buddhism. On the lower part of the wall are modern paintings depicting the history of the Buddha, the story of Jāti, and the Portrait of the former kings, as well the former of Samdech Preah Sanghareach in the 1960s.

Remarkably, this Vihear survives until today, because the conservation​ work is often conducted. During the reign of Preah Bat Samdech Preah Sisowath Monivong Preah Khatiyakot (1927-1941), roofs and pediments were repaired. In the 1960s and 1990s, the structures, walls, columns, ornaments, and interior wall paintings of Vihear were repaired.

In November 2017, the Ministry of Culture and Fine Arts restored the general structure of the church until it was completed in April 2018. In general, this Vihear of Wat Chen Dam Dek or Wat Piphot Rainsy is evidence of the ancient Buddhist architecture in Phnom Penh, which has a history of construction and conservation in the next king’s reigns.

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!