ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ជាតកមួយនៅប្រាសាទបន្ទាយក្នុង

ចម្លាក់ជាតកមួយនៅប្រាសាទបន្ទាយក្នុង

ជាតក សំដៅលើរឿងរ៉ាវជាជាតិកំណើតទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិ​ដែល​ព្រះ​អង្គ​បានតា្រស់ដឹង ពោល​គឺនៅ​ពេល​ដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយ​យកកំណើតជាមនុស្ស​ ឬជា​សត្វ​ជា​ដើម។ នៅរវាងដើមសតវត្សទី២០ លោក  ល្វី ហ្វីណូត៍ (Louis Finot) បានសិក្សា​ស្រាវជ្រាវ​រកឃើញជាតកទាំងអស់​មាន​ចំនួន​ជាង​៥០០​​រឿង។ ក្នុង​​សង្គមខ្មែរតាំងពីដើមរៀងមក គេសង្កេត​ឃើញ​ការនិយម​រឿង​ជាតក​មួយចំនួនធំ ក្នុង​បណ្តាជាតកទាំង​ឡាយ​នោះ​លេច​​ឡើង​ទាំង​​ក្នុងសិលា​ចារឹក ​ឆ្លាក់​តាម​ប្រាសាទ សម្តែង​ជា​ល្ខោន ​គូរតាម​ព្រះ​វិហារ និងចារលើស្លឹករឹត ។ល។

ដោយឡែក ចំពោះនៅប្រាសាទ​បន្ទាយក្នុង នៃក្រុម​ប្រាសាទ​បាកាន្ត ដែល​ស្ថិតនៅ​ក្នុង​ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ យើង​ឃើញ​ចម្លាក់​មួយ​ផ្ទាំងឆ្លាក់​លើ​ហោជាង​​​ថ្នាក់ទី៣ នៃប្រាង្គខាងជើង ផ្នែកខាងក្នុងនៃថែវទី១ និយាយអំពី “សិវិរាជ​ជាតក” (ជួនសរសេរ “សិពិរាជ” ក៏មាន)។​ ជាអកុសល តួអង្គសំខាន់នៃ​សាច់​រឿង​ក្នុង​ចម្លាក់​ខាង​លើនេះ ត្រូវ​​គេ​ដាប់​បំផ្លាញ អ្វីដែលយើងនៅអាចមើលឃើញ គឺតួអង្គមនុស្ស៤នាក់អង្គុយ​​​ប្រណម្យជា​ជួរ អម​តួអង្គ​កណ្តាលដែលគេដាប់ចោលនោះ។ ប៉ុន្តែតួអង្គម្នាក់ ក្នុង​ចំណោម​ទាំង៤ នាក់ កំពុងអង្គុយ​ ​បញ្ឈរ​​ជង្គង់ម្ខាង ​ឯដៃ​ម្ខាង​ទៀត​យើង​អាច​មើល​ស្គាល់​ថាកំពុង​កាន់​ជញ្ជីង​ថ្លឹង​បក្សី​មួយ​ក្បាល។

សាច់រឿងនៃសិវិរាជជាតកត្រង់អន្លើនេះមានសេចក្តីយ៉ាងសង្ខេបដូចខាងក្រោមថា“នៅក្នុងជាតិនៃព្រះពោធិសត្វអង្គនេះ ព្រះឥន្រ្ទបានឈ្វេងយល់ថា ព្រះអង្គនឹងដល់អាយុ​ក្ខ័យក្នុងពេលឆាប់ៗ តែមុននឹងអស់អាយុត្រូវតែបានជួបនឹងសត្វណាមួយដែលនឹងក្លាយ​ជា​សព្វញ្ញូ​ក្នុងពេលអនាគត។ ព្រះអង្គបានពិគ្រោះជាមួយវិស្សកម្ម (បើជាសំស្រ្កឹតគឺ “វិស្វកម៌”) ហើយដឹងថាព្រះសិវិ​នឹង​ក្លាយជាតួអង្គសព្វញ្ញូមិនខាន។ ទាំងពីរអង្គក៏យាងទៅ​ពិសោធ ដើម្បីឲ្យបានច្បាស់​ការ។ ព្រះឥន្រ្ទតំណែងខ្លួនជាសត្វខ្លែង រីឯព្រះវិស្សកម្ម​ទៅ​ជា​សត្វ​លលក ដែលជាបក្សីក្នុង​ចំណោមអាហាររបស់ខ្លែង។ ខ្លែងនោះហើរដេញឆាបលលក​រហូត​មក​ដល់ទីដែលព្រះ​បាទ​សិវិគង់។ លលកធ្វើជាហើរទៅទំលើភ្លៅព្រះអង្គ។ ឃើញ​ដូច្នេះ ខ្លែងក៏ទាមទារឲ្យព្រះ​អង្គប្រគល់លលកនោះមកខ្លួនជាចំណី។ ព្រះអង្គមានបន្ទល​ថា ព្រះអង្គមិនអាចប្រគល់​ឲ្យទេ ព្រោះសត្វណាមកសូមជ្រកកោន ព្រះអង្គត្រូវ​តែ​សង្រ្គោះ​រក្សា។ ខ្លែងក៏បញ្ជាក់ថា ខ្លួនក៏ត្រូវការរស់ដូចគ្នា ដូច្នេះត្រូវតែ​បាន​លលក​នោះ​ជា​ចំណី។ ឮដូច្នោះព្រះបាទសិវិ​ក៏អារសាច់ព្រះអង្គប្រគល់ឲ្យខ្លែង ជាថ្នូរនឹងលលកនោះ។ ខ្លែង​ក៏បង្ហាញថាខ្លួនក៏មិន​លោភដែរ គឺទាមទារយកសាច់ភ្លៅតែក្នុងទម្ងន់ណា​ដែល​ស្មើ​នឹង​ទម្ងន់លលកប៉ុណ្ណោះ។ ប៉ុន្តែពេលដាក់សាច់ថ្លឹងលើជញ្ជីង ទម្ងន់លលក​នៅ​តែធ្ងន់​ជាង ទោះបីព្រះអង្គអារសាច់បន្ថែម​ម្តងហើយម្តងទៀតក្តី។ លុះនៅតែមិនធ្ងន់ស្មើដូច្នេះ ព្រះអង្គ​ក៏ឡើងគង់លើជញ្ជីងម្ខាងតែ​ម្តង។​ ដោយឃើញទឹកចិត្តស្មោះរបស់ព្រះបាទសិវិ ព្រះឥន្រ្ទ និងព្រះវិស្សកម្ម ក៏កាឡាខ្លួន​ជារូបដើមវិញ ហើយ​ដោយ​អំណាច​ចិត្ត​ដ៏​បរិសុទ្ធ​នោះ ព្រះបាទសិវិក៏មានសាច់ឈាម​ពេញ​លេញ​ដូចដើមវិញដែរ។

ដូច្នេះសរុបមក ចម្លាក់នៅលើហោជាងខាងលើនេះ គឺជាក់ជានិយាយពីរឿង​ជាតក​មួយ ត្រង់ជាតិព្រះបាទសិវិនោះឯង។ ឯខ្លឹមសារចម្បងនៃជាតកត្រង់នេះ គឺការបរិច្ចាគ​សាច់​​ឈាមរបស់ព្រះបាទសិវិ ដោយពុំខ្លាចរអា​ការឈឺចាប់ស្តាយស្រណោះ​ ដើម្បី​ការពារ​​ជីវិតសត្វលលក​តូចមួយ ដែលមករកជ្រកកោននឹងព្រះអង្គ សុំក្តីសន្តោសសង្រ្គោះជីវិត ដូច​មាននិយាយក្នុង​ខ្លឹមសារ​ខាងលើ។ សូមបញ្ជាក់ផងដែរថា ក្រុមប្រាសាទបាកាន្ត ឬហៅ​តាម​បរទេសថា “ព្រះ​ខាន់​កំពង់ស្វាយ” កសាងឡើងក្នុងរវាងដើមសតវត្សទី១១ ដល់​ចុង​សត​វត្ស​​ទី១៣ ដោយ​ព្រះ​មហា​ក្សត្រ​យ៉ាង​ហោច​៣ព្រះអង្គ គឺព្រះ​បាទ​សូរ្យ​វរ្ម័ន​​ទី១ (១០០២​-១០៥០) ព្រះបាទសូរ្យ​វរ្ម័ន​ទី២ (១១១៣-១១៥០)​ និងព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ (១១៨២-១២១៨)៕

———————————

Jataka relief at Prasat Banteay Knung

Jataka is a story that refers to the previous life of Buddha or the life of Boddhisatva. Based on the study of Louis Finot in the early 20th, Jataka has 500 stories. In Khmer society, some of Jataka stories appeared in the inscription, on the reliefs of the temples, through performance, on moral paintings, and in recorded in palm leaves script.

However, Jataka on a pediment of the northern shrine of the first gallery, Prasat Banteay Knung in Bakan temple group (located in Ranakse commune, Sangkum Thmei district, Preah Vihear province) shows a story from Jataka calls Sivirajajataka (Siviraja). Unfortunately, the main figure was destroyed. It remains just four figures who sit beside and worship the main figure in the centre. One among four figures is kneeling one leg and a hand holds a scale to measure a bird. 

In the story, Indra knows a Boddhisatva will end his life soon, but before the life end, he should meet an animal that will attain enlightenment in the future. Thus, he discusses with Visvakarma and knows Preah Sivi will attain enlightenment. To make sure, both deities went to test Preah Sivi. Indra transformed himself into a bird calls Khlerng (Cerf-volant), and Visvakarma transformed to Lolok (common wood pigeon). The Khlerng tried to catch Lolok until arriving the resident of Preah Sivi. Lolok was landing on his lap, but Khlerng convinced Preah Sivi to return Lolok for his food. Preah Sivi said he will protect Lolok from death, but Khlerng said he will die without having Lolok as the food. Thus, Preah Sivi cut his flesh to be Kherng food. Khlerng required the flesh just the same amount as the Lolok, so he scaled his flesh with Lolok. Unfortunately, Lolok was always heavier than his flesh no matter what he added the flesh. Therefore, he decided to sit on the scale. This great generosity impressed both Indra and Visvakarma so they showed the real form and Preah Sivi was also back to its original state.

In conclusion, the relief of pediment talking about one story, Preah Sivi of Jataka. It shows the generosity and offering of Preah Sivi to protect Lolok who asking for his rescue. Remarkably, a group of Bakan temples is known by the French as Preah Khan Kampong Svay. It was built in the early 11th century to 13th century, in the reign of three Kings, Suryvarman I (1002-1050 CE), Suryavarman II (1113-1150 CE), and Jayavarman VII (1182-1218 CE).

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!