មានតំណាលមួយពោលថា នៅសម័យថ្ងៃមួយមានព្រះមហាក្សត្រមួយអង្គ សោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គមហេសីទៅក្រសាលព្រៃ។ ពេលនោះព្រះអគ្គមហេសីទ្រង់មានប្រឈួនព្រះឧទរប្រសូតបុត្រមកជាពង។ ក្រោយពេលឃើញហេតុការណ៍ដូច្នេះ ព្រះអគ្គមហេសី និងព្រះរាជានឹកខ្មាស់អស់អាណាប្រជានុរាស្រ្ត ទ្រង់ក៏កាយដីកប់ពងនោះទុកចោលនៅក្នុងព្រៃ បន្ទាប់មកក៏យាងត្រឡប់ចូលទៅកាន់ព្រះបរមរាជវាំងវិញ។
ថ្លែងពីព្រានព្រៃឈ្មោះវិង បានចេញទៅបរបាញ់សត្វនៅក្នុងព្រៃ ដោយបណ្តើរឆ្កែទៅជាមួយផង លុះទៅដល់ក្នុងព្រៃ កន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុសកោះកកាយឃើញ ពងនោះ។ ព្រានវិងក៏រើសមកពងនោះ និងនាំទៅទុកនៅផ្ទះរបស់ខ្លួន។ លុះគម្រប់ថ្ងៃខែ ពងនោះប្រសូតមកជាមនុស្សភេទប្រុស ហើយព្រានវិងក៏ដាក់ឈ្មោះថា ប្រម៉ាញ់វិងស៊ុង លុះចម្រើនវ័យវឌ្ឍនាការឡើង ប្រម៉ាញ់វិងស៊ុង មានរូបឆោមលោមពណ៌ល្អឆើតឆាយលើសបុរសទាំងពួង។
ថ្លែងអំពីតាដុង យាយជ័យ មានកូនស្រីមួយឈ្មោះនាង ត្រចើលដោះក្រាល មានរូបឆោមល្អស្រស់ស្អាតលើសស្រីនានា។ នៅវេលាមួយតាដុង យាយជ័យ បាននាំនាង ត្រចើលដោះត្រាល មកលេងផ្ទះនាង ទែន ក៏បានជួបនឹងចៅ ប្រម៉ាញ់វិងស៊ុង។ ឯចៅ និងនាង កាលបើឃើញគ្នាកាលណា ក៏ចាប់ចិត្តប្រតិព័ទ្ធ មានសេចក្តីសេ្នហានៅក្នុងបេះដូងរៀងៗខ្លួន។
ថ្លែងពីព្រះរាជាដែលគង់នៅបន្ទាយលង្វែក ព្រះអង្គបានយាងប្រពាតព្រៃ ស្រាប់តែបាន ប្រទះឃើញនាង ត្រចើលដោះក្រាល ហើយទ្រង់បានលួងលោមនាងដោយសេចក្តីសេ្នហា។ នាងមានសេចក្តីភិតភ័យណាស់ ក៏រត់ទៅពួននៅក្នុងដំបូក ដោយនាងមិនបានស្គាល់ថាជាព្រះមហាក្សត្រទេ។ លុះសេ្តចយាងចេញផុតទៅ នាងក៏ចេញពីដំបូកទៅផ្ទះវិញ ហើយក៏បាននិយាយរៀបរាប់គ្រប់ហេតុការណ៍ដែលកើតឡើងចំពោះនាង និងបានថ្លែងអំពីសេ្នហារបស់នាងចំពោះចៅ ប្រម៉ាញ់វិងស៊ុង ដល់ឪពុកម្តាយ។
បន្ទាប់មក នៅថ្ងៃមួយព្រះរាជាក៏បានរៀបចំពិធីបុណ្យប្រណាំងទូក ដូច្នេះអ្នកស្រុកគ្រប់ច្រកល្ហកបានផ្អើលមកមើលប្រណាំងទូក ចំណែក តា យាយ ក៏បាននាំនាងជាកូនទៅមើលនឹងគេដែរ។ សេចក្តីស្នេហារបស់ព្រះរាជាចំពោះនាង ត្រចើលដោះក្រាល មិនបាន បាត់បង់ទេ ព្រះអង្គបានស្វែងរកទាល់តែបានស្គាល់ផ្ទះរបស់នាង លុះពេលបានស្គាល់ផ្ទះនាងហើយ ព្រះរាជាក៏បានយាងមកស្តីដណ្តឹងនាង ត្រចើលដោះក្រាល ជាព្រះមហេសី ប៉ុន្តែត្រូវបានយាយតាបង្គាប់ឲ្យលើកផ្លូវពីព្រះពន្លាព្រះអង្គ មកដល់ផ្ទះរបស់គាត់ឲ្យរួចក្នុងរយៈពេលត្រឹមតែមួយរាត្រី បើមិនរួចតាយាយនឹងមិនថ្វាយនាងទេ។ លុះតា និងយាយឃើញផ្លូវថ្នល់នោះលើកពុំរួច តាយាយមានសេចក្តីត្រេកអរយ៉ាងខ្លាំង ចំណែកព្រះរាជាក៏យាងមកទតផ្លូវដែលសង់មិនទាន់រួចរាល់នោះដែរ។ ថ្លែងពីយាយតា គ្រាន់តែទទួលដំណឹងថាព្រះរាជា នឹងយាងមកទតផ្លូវ ក៏បបួលគ្នារត់ចុះទូក និងច្រានទូកចេញទៅ។ ចំណែកព្រះរាជាគិតស្មានថា តាដុង យាយជ័យមុខជាខឹងនឹងព្រះអង្គយ៉ាងខ្លាំងហើយ ទើបបានជាមិនចាំជួបព្រះអង្គ។ ដូច្នេះព្រះរាជាក៏ចាត់សេនា៤នាក់ទៅតាម លុះសេនាទាំងនោះបានជួបអ្នកទាំងបីហើយ តាដុង យាយជ័យ បែរជាសុំអង្វរសេនាទាំងនោះ និងផ្តាំពួកគេឲ្យប្រាប់ទៅព្រះរាជាថា សូមកុំឲ្យទ្រង់បង្ខំពេក តាយាយនឹងលួងលោមកូនស្រីរបស់គាត់ ដើម្បីឲ្យនាងយល់ព្រម។ សេនាទាំង៤ក៏លាថយត្រឡប់ទៅវិញ ហើយទួលព្រះរាជាតាមដំណើររឿង។
មិនបង្អង់យូរ តាដុង យាយជ័យ នាំនាងត្រចើលដោះក្រាលរត់ ហើយបានជូនដំណឹងទៅប្រាប់ឲ្យព្រានវិងរើសរកវេលារៀបមង្គលការឲ្យហើយទៅ។ ព្រានវិង និងចៅប្រម៉ាញ់វិងស៊ុង ក៏បានចូលដណ្តឹងនាងត្រចើលដោះក្រាល និងឲ្យអាចារ្យមើលវេលាដើម្បីរៀបការ។ នៅពេលកំពុងតែក្រាបផ្ទឹមរួមខ្នើយជាមួយគ្នា ព្រះអង្គក៏យាងមកដល់ ហើយបានហៅមេបាទាំងសង្ខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបព្រះអង្គ។ ក្រោយបានស្តាប់ការរៀបរាប់របស់ព្រានវិងចប់សព្វគ្រប់ហើយ ព្រះរាជាមានសេចក្តីត្រេកអរ ហើយក៏បានចាត់ចែងឲ្យរៀបចំដង្ហែរព្រះរាជបុត្រ ព្រមទាំងនាងត្រចើលដោះក្រាល ចូលទៅក្នុងព្រះនគរ និងធ្វើព្រះរាជពិធីអភិសេកចៅប្រម៉ាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល ឲ្យឡើងសោយរាជ្យជាស្តេចផែនដីតំណពីព្រះអង្គក្នុងពេលនោះទៅ ហើយព្រះអង្គទ្រង់ត្រាស់ហៅ តាដុង ម៉ែជ័យជាប់រហូតមក។
ហេតុនៃរឿង៖
តាដុងយាយជ័យ គឺជាព្រេងបែបប្រវត្តិសាស្រ្ត និងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ប្រជាជនដែលរស់នៅក្នុងស្រុកឧត្តុង្គ ពិសេសប្រជាជននៅជុំវិញភ្នំឧត្តុង្គ។ គេនិយាយតៗគ្នាថាតំបន់ឧត្តុង្គ ឬរាជធានីបុរាណក្រោយសម័យអង្គរ “ឧត្តុង្គមានជ័យ” មានកំណើតពីតាដុងយាយជ័យ ឬឪត្តុង្គម៉ែជ័យ។ ដើមឡើយ តាយាយទាំងពីរជាប្រជាជនអ្នកធ្វើស្រែចំការធម្មតា ប៉ុន្តែដោយសារតាយាយ ហ៊ានដាក់បណ្តាការទៅព្រះរាជាឲ្យសាងផ្លូវមួយពីបន្ទាយលង្វែកមកដល់លំនៅដ្ឋានរបស់គាត់ ទើបធ្វើឲ្យរឿងនេះល្បីខ្ទរខ្ទាយ។ តរៀងមកនៅពេលតាដុងយាយជ័យបានស្លាប់ទៅ ទីទួលលំនៅដ្ឋានរបស់គាត់បានក្លាយទៅជាទួលមួយ ដែលមានប្រជាជនគោរពបូជា ដូចជាអ្នកតាចាស់ស្រុក។ បន្ទាប់មកទៀត ទីតាំងម្តុំនោះទាំងមូលក៏ហៅថា “តាដុង យាយជ័យ” ឬ “ឪត្តុង្គ ម៉ែជ័យ” ចំណែកអ្នកស្រុកខ្លះនិយាយកាត់ឲ្យកាន់តែខ្លីថា “ឧតុង្គ”។ ដូច្នេះហើយទើបគេជឿថា រឿងរ៉ាវ និងឈ្មោះ តាយាយទាំងពីរ ជាប់ទាក់ទងនឹងការបង្កើតរាជធានីឧត្តុង្គមានជ័យ (១៦២៨-១៨៦៣)។
រៀបចំដោយ៖ កញ្ញា មាស សុភាព