ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿរឿងរាមកេរ្តិ៍នៅវិហារវត្តដំណាក់

រឿងរាមកេរ្តិ៍នៅវិហារវត្តដំណាក់

រាមកេរ្តិ៍ ជាទេពកថាបុរាណដ៏ល្បីរបស់ឥណ្ឌា ដែលបាន​ជ្រាប​ចូលក្នុង​​​សង្គម​​​ខ្មែរ​យ៉ាង​ហោចណាស់តាំងពីរវាងសតវត្សទី៦ឬទី៧មកម្ល៉េះ។ គេ​សង្កេត​ឃើញ​មាន​ភស្តុ​តាង​​​ច្បាស់លេចឡើងទាំងក្នុងសិលាចារឹក បដិមា របាំ ចម្រៀង គំនូរ កំណាព្យ ជំនឿ និង​ក្បួនច្បាប់ផ្សេងៗជាច្រើន។ បើមើល​តែត្រឹម​ផ្នែកសិល្បៈដាប់​ឆ្លាក់​ គេ​ឃើញ​មានរូបតួអង្គ ឬឈុតខ្លះក្នុងរឿងរាមកេរ្តិ៍នេះ ឆ្លាក់នៅលើ​ផ្នែក​ផ្សេងៗ​​​នៃ​សំណង់​ប្រាសាទ​​នានា​ រាប់​តាំង​ពី​ផ្តែ ហោជាង រហូតមានឆ្លាក់លើផ្ទៃជញ្ជាំង​យ៉ាង​វែង​​នៅ​​​ប្រាសាទ​​អង្គរវត្តផង។ ទាំងនេះ​ពុំរាប់​បញ្ចូលបដិមាផ្សេងដូចជា រូបព្រះរាមរកឃើញនៅអង្គរបុរីជាដើមផង។ ក្នុងសង្គម​ខ្មែរ ការនិយម​យក​រឿង​រាមកេរ្តិ៍​ឆ្លាក់​នៅលើ​ផ្នែក​ផ្សេងៗ​នៃ​សំណង់​​របៀប​​នេះ ក៏ឃើញ​នៅ​តាម​​វិហារ​​ព្រះ​ពុទ្ធ​សាសនា ដូចមាននៅវិហារវត្ត​ដំណាក់​ជាឧទាហរណ៍ស្រាប់។

វត្តដំណាក់ ស្ថិតនៅត្រើយខាងកើតស្ទឹងសៀមរាប។ វិហារវត្ត​នេះ សង់​លើ​ខឿន​កម្ពស់​ប្រហែល១ម៉ែត្រ មានជណ្តើរ​ឡើងបួនទិស ខាងកើតមានទ្វារ៣ ខាងលិចមានទ្វារ២ បង្អួច​​១៤ (ជើង៧ ត្បូង៧) ជាប្រភេទ​វិហារ​បុរាណ​ ប្រក់​ក្បឿងស្រកាលេញ ដំបូលពីរថ្នាក់ ជហ្វា៤ និង​​​ពុំ​មាន​មណ្ឌប​នៅផ្នែកខាង​លើ។ ជញ្ជាំង​វិហារសង់ពីឥដ្ឋ និងកំបោរបាយអរ ហើយ​ផ្នែក​ខាង​ក្នុង​មាន​សសរឈើ៨ជ្រុង ចំនួន១២ ដើម ទ្រគ្រឿងបង្គុំឈើនៅផ្នែក​ខាង​លើ។ ផ្ទៃជញ្ជាំង​ខាង​ក្នុងពុំ​មាន​គំនូរ ឬក្បូរក្បាច់លម្អអ្វីបន្តិចឡើយ ពោល​គឺជា​ផ្ទៃ​លាត​លាប​​ពណ៌​លឿង​ស្រាល។ រីឯផ្នែកខាង​លើ​ជាពិតានឈើ​ ហើយផ្ទៃធ្នឹមលម្អដោយ​ក្បាច់​ពណ៌​​ទឹក​មាស​​​។ ដោយឡែកនៅលើផ្ទៃ​​សន្លឹកទ្វារ និង​បង្អួច​ (ផ្នែក​ខាង​ក្រៅ) ទាំង​អស់ លម្អ​​ដោយ​តួអង្គក្នុងរឿងរាមកេរ្តិ៍ លាបទឹកមាសយ៉ាងរស់រវើកគួរឲ្យកោតសរសើរ។

នៅលើសន្លឹកទ្វារខាងកើត ត្រង់ទ្វារកណ្តាល គេឆ្លាក់បង្ហាញ​ត្រង់​ព្រះលក្ស្មណ៍​ប្រយុទ្ធ​​​​នឹង​វិរុល​មុខ​កុមារដែលកាឡាខ្លួនជាឥន្រ្ទជិត។ ទ្វារឆ្វេងឆ្លាក់ត្រង់ព្រះលក្ស្មណ៍​ត្រូវ​សរ​នាគ​បាស ហើយទ្វារស្តាំប្រហែលជាឆ្លាក់តួអង្គហនុមាន ប្រយុទ្ធនឹង​ឥន្រ្ទជិត​ក្នុង​លំហ​មេឃ។ ចំណែក​ទ្វារខាងលិច លើទ្វារស្តាំគេឆ្លាក់រូប​ហនុមាន​និង​នាង​បុញ្ញកាយ ហើយ​​នៅ​ទ្វារ​ឆ្វេង ប្រហែលជារូបនាងបុញ្ញកាយនិងក្រុងរាពណ៍ជា​ឪពុកមា។ ដោយ​ឡែក​​នៅ​លើ​សន្លឹក​បង្អួចទាំង១៤ គឺជាការឆ្លាក់បង្ហាញក្បួនទ័ពរបស់​ព្រះលក្ស្ម​ណ៍ និងឥន្រ្ទជិតចូល​ប្រយុទ្ធ​ក្នុងសមរភូមិ។ នៅលើបង្អួចខាងជើង ទ័ពព្រះ​លក្ស្មណ៍​​ចេញពីឆ្វេង ទ័ពឥន្រ្ទជិត​ចេញ​ពីស្តាំ។ រីឯបង្អួចខាងត្បូង​ ទ័ពព្រះលក្ស្មណ៍​ចេញ​ពី​​ស្តាំ ទ័ពឥន្រ្ទជិតចេញពីឆ្វេង ហើយ​ចូលជួបទល់ទ័ពប្រយុទ្ធចំត្រង់​បង្អួច​កណ្តាល​ដូច​គ្នា​។ ផ្អែកលើទិដ្ឋភាព និងតួអង្គ​សំខាន់ៗ​ខាងលើ គេដឹងថាជាសាច់រឿងរាមកេរ្តិ៍ត្រង់​​អន្លើ​ចម្បាំងឥន្រ្ទជិត។ សាច់រឿង​អន្លើ​នេះផ្តើមពី​ក្រុង​រាពណ៍​បង្គាប់ឲ្យនាងបុញ្ញកាយ​កាឡា ​ខ្លួនជា​ខ្មោច​នាងសីតាអណ្តែតទឹក។ ឃើញ​ដូច្នោះ​ ព្រះរាម​ក៏ប្រើ​​ហនុ​មាន​ស្រង់សព​នោះទៅបូជា ទើបដឹង​ថា​​​នាង​បុញ្ញ​កាយ​​កាឡា​​​ខ្លួន។ បន្ទាប់មក ហនុមានបានជូន​បុញ្ញកាយត្រឡប់ទៅក្រុងលង្ការវិញ ហើយ​សង្រ្គាម​​ក៏កើត​ឡើង។ សង្រ្គាមរវាង​ព្រះ​លក្ស្មណ៍និងឥន្រ្ទជិត សឹងប្រកបដោយ​យុទ្ធ​វិធីនិង​កល​ល្បិច​រៀងៗខ្លួន។ ទីបំផុត ព្រះរាម​បានចូលផ្លែងសរផ្តាច់​ក្បាលឥន្រ្ទជិត​ស្លាប់ទៅ។

​តាមការសិក្សារបស់ Daniel Guéret និង Doninique-Pierre Guéret សន្និដ្ឋាន​ថាវិហារ​នេះ​សង់នៅចុងសតវត្សទី១៩ ហើយសូមបញ្ជាក់ថានៅវិហារវត្តរាជបូព៌ ស្ថិត​នៅខាងកើត​វត្ត​ដំណាក់​ ក៏មានគំនូរបុរាណរឿងរាមកេរ្តិ៍​។ វិហារនោះ​​ សង់ក្នុង​រវាង​​​ដើម​សតវត្សទី២០។ ទន្ទឹមនឹង​នេះគេចាំបានថា ​កាលពីទសវត្ស១៩៦០ ក្រុម​ល្ខោន​ស្បែកធំ​នៃវត្តស្វាយ​ដង្គំ​ក្នុង​ខេត្តសៀមរាបនេះ បាន​ផ្សាយ​ឥទ្ធិពល​របស់​ខ្លួន​ចូលដល់​សាលា​រចនា ហើយ​បើពិនិត្យឲ្យ​ល្អិត ការដាប់ឆ្លាក់​រូបតួអង្គ​នីមួយៗលើផ្ទាំងស្បែកទាំងនោះប្រកបដោយ​លក្ខណៈ​សិល្បៈ និង​ក្បាច់​​រចនា​តួអង្គ​​នីមួយៗ ​​ស្ទើរ​ដូចគ្នាទាំង​ស្រុង​នឹង​តួអង្គ​ឆ្លាក់​​នៅ​លើ​សន្លឹក​ទ្វារបង្អួច​​​វត្ត​ដំណាក់ និងទម្រង់គំនូរបុរាណ​នៅវត្តរាជបូព៌។ ដូច្នេះ​ជា​រួមមក គំនូរ ចម្លាក់ និង​ស្បែកធំ​ ក្នុងតំបន់នេះ ហាក់មានលក្ខណៈសិល្បៈឆ្លើយឆ្លងគ្នាយ៉ាងពិសេសគួរឲ្យពិចារណា៕

————————-

The Reamker at Wat Damnak

The Reamker is a famous Indian myth that penetrated Cambodian society at least between the 6th or 7th centuries. Based on, the inscriptions, statues, dances, songs, paintings, poems, beliefs, and many various rules. If you look only at the art of carving, you can see some of the characters or scenes in this Reamker story carved on various parts of the temples, lintels, and pediments, as well on the long wall carvings at Angkor Wat and on the Buddhist structures as at Vihear Wat Damnak, etc. These do not include other statues, such as the statue of Ream found in Angkor Borei.

Wat Damnak is located on the east bank of the Siem Reap River. The interior wall of Vihear has no painting or decorating, it was painted with a light yellow on the surface. The upper part is a wooden ceiling and the surface of the beams is decorated with ornaments of gold painting. In particular, the surface of the doors and windows (exterior) are all decorated by the characters in the story of Reamker, painted in gold painting, lively and admirable. Those carvings on each door and window of Vihear depicted the fighting scene between the Lakshmana and Indrajit with their army. Finally, Indrajit lost in this battle and he was killed by Rama’s arrow. In addition, the carvings of this fighting scene showed various images such as Hanuman, Neang Pagna Kay, Ravana, and Naga Pasha, etc.

According to the studies of Daniel Guéret and Doninique-Pierre Guéret, this Vihear was built in the late 19th century, and it should be noted that at Wat Reach Bo, east of Wat Damnak, there are also ancient paintings of Reamker. Meanwhile, Vihear is remembered that in the 1960s, the group of Sbaek Lakhaoun (Shadow Puppetry Theatre) of Wat Svay Dangkum in Siem Reap spread its influence to the Royal University of Fine Arts. Moreover, the details of the carvings of each character on the Sbaek are artistic and the design of each character is almost identical to the character carvings on the doors and windows of Wat Damnak and ancient paintings at Wat Reach Bo. Overall, the paintings, sculptures, and Sbaek Lakhaoun in this area seem to be a particularly artistic correspondence that needs to consider.

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!