ផ្ទះនោះទាបប្រក់ស្បូវ ជញ្ជាំងក្តារ សង់លើដីទួលតូច តែស្អាត មានរបងអំពិលទឹកព័ទ្ធជុំវិញ។ ខាងមុខ គឺដងស្ទឹងនៃអាណាខេត្រសិរីសោភ័ណ្ឌ ដែលក្នុងនាឆ្នាំ១៨៦៥នេះ គង្គាហូរគំហុកយ៉ាងខ្លាំង ហាក់សម្តែងសេចក្តីគ្រោតខឹងអំណាចស្ងៀម ដែលសង្កត់សង្កិនយូរមកហើយ។ខាងក្រោយគឺជួរភ្នំស្វាយដែលលាតសន្ធឹងទៅឆ្ងាយទល់នឹងជើងមេឃ។
ក្នុងខ្ទមនៅទៅមាត់បង្អួច មនុស្សម្នាក់អង្គុយផ្អែកខ្នងលើកៅអីផ្តៅធំមួយសម្លឹងមិនព្រិចភ្នែកទៅគេហដ្ឋានមួយទៀត ដែលល្អឆើតឆាយបីដូចវិមាននាឋានសួគា៍ល័យ។ មនុស្សចាស់សក់ស្កូវ ពុកចង្ការស្រមូមសក្បុស ប៉ាន់អាយុប្រមាណចិតសិបប្លាយឆ្នាំ។ មើលរាងកាយ មើលភិនភាគ យើងសន្និដ្ឋានបានថា ពុំមែនជាមនុស្សសាមញ្ញទេ គឺប្រាកដជាមនុស្សពិសេសជាមិនខាន។
គាត់មានសម្បុរទង់ដែង។សម្បុរនេះបង្ហាញជីវិតរបស់គាត់ឲ្យយើងដឹងថា គាត់ពុំមែនជាមនុស្សជិះជាន់គេ ដែលស្រណុកនៅតែក្នុងម្លប់ ចាំតែគេបម្រើឆ្វេងស្តាំនោះទេ។សម្បុរនេះជាសម្បុរមនុស្សលំបាក ហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ជាមនុស្សពុះពារ ប្រឹងប្រែងតស៊ូ មានប្រជែងរកយុត្តិធម៌ និងសុភមង្គលជូនប្រទេសជាតិ និងប្រជាជនខ្មែរយើង។ ហេតុនេះតាចាស់យើងជាមនុស្សមានឧត្តមគតិខ្ពស់!!
ថ្ងាសគាត់ធំទូលាយ។នៅលើថ្ងាសនេះ យើងហាក់មើលឃើញរស្មីនៃការពិសោធធំៗ ដែលបោះបង្គោលដិតជាប់នៅនោះរួច ដែលនាំឲ្យយើងមានសន្តានចិត្តមួយកោតសរសើរដល់គាត់យ៉ាងជ្រាលជ្រៅបំផុត។ កាលយើងគយគន់គាត់ឲ្យយូរបន្តិចទៅទៀត យើងស្ញើបរំភើបនឹងផ្នត់ដែលលាតបន្ទាត់យ៉ាងអង្កាញ់រសាំនៅលើថ្ងាសនោះ។គន្លងផ្នត់ទាំងនោះនិយាយប្រាប់យើងនូវអនុស្សាវរីយ៍ដ៏វិចិត្រផ្សេងៗ ដែលគាត់បានជួបប្រទះក្នុងដំណើរជីវិតរបស់គាត់ មានអនុស្សាវរីយ៍នៃសេចក្តីសប្បាយ អនុស្សាវរីយ៍នៃគ្រាក្រជាដើម។ អនុស្សាវរីយ៍ទាំងនោះជាគំរូនៃជីវិតដែលអាចត្រដាងបានជាខ្សែរឿងមួយយ៉ាងជក់ចិត្តដល់យុវជនដែលស្រឡាញ់ការដើរផ្សងព្រេងសំណាង ដូចវីរជនខ្លះក្នុងប្រលោមលោកធំៗនៃប្រទេសនានាក្នុងសម័យកាលបុរាណ។ ទឹកមុខរបស់តាចាស់យើងមើលឃើញគួរសម្បើម សម្បើមត្រង់គាត់មានថ្គាមខ្លា និងភ្នែកមុត។តែបើយើងធ្លាប់ស្គាល់គាត់ យើងមុខជាស្រឡាញ់គាត់វិញ ពីព្រោះគាត់ជាមនុស្សស្លូត ចិត្តត្រង់ចេះអាណិត ចេះជួយសង្គ្រោះដល់អ្នកក្រីក្រគ្រប់ៗគ្នា មិនថាស្រី ឬប្រុស ក្មេងចាស់ទេ។ម្យ៉ាងទៀត គាត់ជាមនុស្សមានវោហារពូកែ មានប្រាជ្ញាវៃឆ្លាតណាស់ក្នុងការដោះស្រាយ និងមានសតិរឹងប៉ឹងចំពោះឧបសគ្គទាំងពួង។
វិសេសក្លាហាន នេះហើយជាឈ្មោះគាត់។
មេទ័ពជើងចាស់ វិសេសបានចូលបម្រើប្រទេសជាតិជាទាហានក្លាហានតាំងពីខ្លួននៅកម្លោះពេញវ័យនៅឡើយ។ដោយចិត្តស្នេហាមាតុភូមិយ៉ាងជ្រាលជ្រៅ ដោយពលិកម្មមានការលះបង់ក្តីសប្បាយកាមរាគ ល្បែងស៊ីសង ស្រី ស្រាជាដើម ដើម្បីបំពេញកិច្ចការសាធារណៈឲ្យបានហ្មត់ល្អ ដោយសតិសម្បជញ្ញៈ ចេះត្រិះរិះស្គាល់ខុសត្រូវ ដោយមានចិត្តជាមនុស្សសេរី មិនរវល់លុតក្រាបសំពះអង្វរអ្នកណាដើម្បីបុណ្យសក្តិខ្លួន វិសេសក្លាហានបានឡើងបុណ្យសក្តិជាលំដាប់ រហូតដល់បានជាមេទ័ពជាតិទាំងឡាយ។
កាលនៅមានកម្លាំងមាំមួននៅឡើយ វិសេសក្លាហានបានចូលប្រឡូកគ្រប់សង្គ្រាមទាំងអស់ រួចក្នុងសង្គ្រាមនីមួយៗជាមួយយួន ជាមួយសៀមក្តី ជាមួយលាវក្តី វិសេសក្លាហានមានសូរស័ព្ទទាំងសម្លេងឈ្មោះពីរោះ ប្រកបដោយជោគជ័យជានិច្ច។ តែដល់សម័យចូលវ័យជរាពិការនេះ ស្រុកដុនដាប ខ្មែរបែកសាមគ្គី អ្នកកាន់អំណាចខ្មែរមានចិត្តទន់ខ្សោយធ្វើការ គ្មានវិធីសាស្ត្រ អត់បាយ ខ្មាំងចូលរុករានពាសពេញ វិសេសក្លាហានក៏ថយខ្លួនមកនៅក្នុងកូនដែលយើងបានពណ៌នាមកហើយនេះ។ រាល់ថ្ងៃ វិសេសក្លាហានភ្ញាក់ពីព្រលឹម អង្គុយសម្លក់គេហដ្ឋានដែលគាត់មើលឃើញតាមបង្អួចនេះ។ គាត់មានចិត្តទោមនស្សក្រៃពេក។ម្ចាស់គេហដ្ឋានដ៏ស្តុកស្តម្ភនោះឈ្មោះ ព្រះកម្ពុត ។ គឺជាខ្មែរមួយរូបដែរ ដែលបានទៅរៀននៅខាងសៀម រួចបានរលាយជាតិខ្លួនជាជាតិសៀម ភ្លេចនឹកនាដល់អរិយធម៌ខ្មែរ ដល់កត្តិយសខ្មែរ ដល់កិត្យានុភាពខ្មែរសូន្យឈឹង រួចគិតធ្វើបាបដល់រាស្ត្រខ្មែរ មានការចាប់ចង កំហែងគំរាម កេណ្ឌប្លន់ កាប់សម្លាប់គ្នាឯងជាដើម។ (សូមរងចាំភាគតាមដានភាគទី១ បន្តនៅសប្តាហ៍ក្រោយ)