ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកគួរចំណាយពេលក្នុងថ្ងៃនេះ ដោយសន្សឹមៗ។ ចំពោះការងារ និងមុខរបររកស៊ីរបស់អ្នកអាចនៅទ្រឹងបន្តិច ប៉ុន្តែសូមកុំបារម្ភថាមពលនៃជោគជាតារាសីនឹងជួយបញ្ជៀសរាល់បញ្ហា ព្រមទាំងនាំមកនូវដំណើរការល្អ។ ចូរអ្នកក្រឡេកមើលឳកាសគ្រប់ជ្រុងទាំងអស់ ពីព្រោះនៅថ្ងៃទី៩ តាមប្រតិទិនច័ន្ទគតិ អ្នកនឹងទទួលបានលាភសំណាងល្អ។ ចូរអ្នកញញឹមទុកចុះ ជោគជ័យនៃសេចក្តីស្នេហាកំពុងតែរងចាំអ្នក ហើយសូមកុំភ័យខ្លាច បើកចិត្ត និងបញ្ចេញមនោសញ្ចេតនារបស់អ្នកទៅមនុស្សជុំវិញខ្លួន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះចូរសម្រេចចិត្តទទួលយកផល និងជោគជ័យ ប៉ុន្តែសូមកុំធ្វេសប្រហែស។ សូមអ្នកកុំមានគំនិតផ្លាស់ប្តូររបរនៅពេលនេះ ព្រោះហាក់គ្មានប្រយោជន៍ទេ។ សម្រាប់សេចក្តីស្នេហា សូមកុំធ្វើឲ្យបាត់បង់ឳកាសរីករាយ ចូរធ្វើទំនាក់ទំនង ចែចង់ និងណាត់ជួបមនុស្សដែលខ្លួនលួចសំឡឹង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។ លោកអ្នកអាចមានផលរំខានបន្តិចបន្តួច ប៉ុន្តែសូមជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន ហើយចំណាយពេលគិតពិចារណាបន្តិចនោះអ្វីៗនឹងក្លាយជាយ៉ាងស្រួល។ អ្នកគួរប្រឈមនិងឈានជើងចូលទៅមជ្ឈដ្ឋានខាងក្រៅ ដើម្បីទទួលគិនិតយោបល់ថ្មីៗមកអភិវឌ្ឍន៍ការងារ និងគោលដៅជីវិត។ នៅថ្ងៃនេះ អ្នកមិនគួរពីសេ្នហា ឬការចែចង់នោះទេ គួរផ្តោតទៅលើរឿងចាំបាច់ផ្សេងទើបល្អប្រសើរជាង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារហាក់មានភាពច្របូកច្របល់ ប៉ុន្តែនឹងទទួលបានជំនួយពីមនុស្សនៅក្បែរ។ ថ្ងៃនេះគួរចំណាយពេលគិតគូរពីកិច្ចការងារសំខាន់ ហើយទំលាក់ចោលការងារដែលមិនសូវមានប្រយោជន៍មួយអន្លើរ។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំស្ទាក់ស្ទើរបង្ហាញអារម្មណ៍ចំពោះមនុស្សផ្ទុយភេទ។ ដោយឡែក សុខភាពអ្នកហាក់អន់ថយបន្តិច ដូច្នេះចូរសំឡឹងរកពេលសម្រាក ធ្វើលំហាត់ប្រាណ និងបរិភាគអាហារជំនួយសុខភាព។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងណាស់ណាទេ ព្រោះលទ្ធផលវិជ្ជមាននៅក្បែរអ្នកជានិច្ច។ ចូរកុំសំឡឹងមើលអនាគតខ្លាំងពេកអី គួរចំណាយពេលទទួល និងរីករាយជាមួយបច្ចុប្បន្ន ដែលកំពុងផ្តល់សំណាងដល់អ្នក។ ថ្ងៃនេះអ្វីៗហាក់ពឹងផ្អែកលើអ្នក ដូច្នេះចូរចំណាយពេលសន្សឹមៗ និងមានទំនុកចិត្តខ្ពស់។ ចំពោះគូរស្នេហ៍ នឹងទទួលបានចម្លើយដ៏រីករាយ ហើយចូរដើរចូលទៅរកមនុស្សជាទីស្រលាញ់។ សម្រាប់សុខភាព គួរគិតគូរពីការបរិភាគអាហារដែលផ្តល់នូវវីតាមីនសម្រាប់រាងកាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ ប៉ុន្តែកុំប្រញាប់ប្រញាលធ្វើសកម្មភាព ប្រសិនបើអ្នកមិនមានទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន។ ថ្ងៃនេះទំនាក់ទំនងសេ្នហាហាក់គ្មានពន្លឺអ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកចង់ស្វែងរកដៃគូចូរកុំស្ទាក់ស្ទើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរនានា។ ជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការ ជាពិសេសបើមានទំនាក់ទំនងជាមួយមនុស្សឆ្នាំជូត។ ប្រសិនបើអ្នកមិនមានភាពជឿជាក់លើអារម្មណ៍របស់ខ្លួន គួរបញ្ឈប់សកម្មភាពជាបន្ទាន់។ អ្នកនឹងមានលាភសត្វជើងពីរ ពិសេសដំណឹងល្អទាក់ទងកំណើតទារក។ ដោយឡែក ចំពោះសេចក្តីស្រលាញ់ លទ្ធផលវិជ្ជមាននឹងទទួលបានពីដៃគូ។ ចូរប្រើទេពកោសល្យទាក់ទាញមនុស្សជាទីស្រលាញ់។ ចំពោះសុខភាព ចូរអ្នកយរកពេលវេលាសម្រាកឲ្យបានច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ ប្រសិនបើអ្នកមានផលលំបាកនឹងផ្នែកហរិញ្ញវត្ថុ ចូររកផ្លូវថ្មីដើម្បីរកចំណូល។ អ្នកគួររកពេលទៅជួបឪពុកម្តាយ ព្រោះគាត់នឹងផ្តល់យោបល់ល្អៗសម្រាប់ការងារ និងផ្លូវជីវិតអ្នក។ ថ្ងៃនេះសុខភាពរបស់លោកអ្នក និងសមាជិកគ្រួសារមិនសូវល្អទេ។ សម្រាប់អ្នក គឺអាចមានបញ្ហាទាក់ទងក្រលៀន និងស្បែក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងាររកស៊ីរបស់លោកអ្នក គ្មានអ្វីអាចបង្អាក់បានឡើយ។ ចូរអ្នកបង្កើតគម្រោងផែនការបន្ថែម ដើម្បីទទួលបានផលចំណេញ ប៉ុន្តែចូរប្រយ័ត្នចំពោះហានិភ័យដែលមាននៅគ្រប់ជ្រុង។ ប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងចំពោះមនុស្សផ្ទុយភេទ ប៉ុន្តែអ្នកគួរអង្កេតអាកប្បកិរិយាខ្លួន ដើម្បីបញ្ជៀសបញ្ហាដែលនាំឲ្យកាត់លាភ។ ថ្ងៃនេះចំណងសេ្នហា ហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជីវិតអ្នកហាក់មានព្យុះបោកបក់ ដូច្នេះ កិច្ចការងារ និងរបររកស៊ីហាក់មានឧបសគ្គ មិនអាចសម្រេចតាមបំណងបានឡើយ។ សូម្បីមិត្តភាព និងក្តីស្នេហាក៍អាចទទួលផលប៉ះពាល់ផងដែរ ដូច្នេះចូរចំណាយពេលគិតគូរពីរូបរាងរបស់អ្នកជាថ្មី។ បើទោះបីយ៉ាងនេះក៏ដោយ សូមកុំរឹតបន្តឹងខ្លួនជ្រុលពេក គួររកពេលរីករាយ ព្រោះវានឹងធ្វើឲ្យអារម្មណ៍អ្នកល្អ ហើយអាចមានលទ្ធភាពគិតគូរ និងជួសជុលស្ថានការណ៍ឡើងវិញ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ជាធម្មតា។ ក្នុងពេលមានគ្រោះ ចូរពឹងផ្អែកលើខ្លួន ប្រសើរជាងពឹងលើអ្នកដទៃ។ ថ្ងៃនេះអ្នកនឹងមានសំណាងចំពោះបញ្ហាជីវិតផ្ទាល់ខ្លួន ដូច្នេះចូរទទួលយកអារម្មណ៍ល្អនៃក្តីស្នេហាគ្រប់កាលទេស និងស្ថានការណ៍។ សម្រាប់សុខភាព អ្នកអាចមានជំងឺដង្កាត់តិចតួច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបានអតិថិជនល្អៗ និងផលចំណេញយ៉ាងប្រសើរ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់ ព្រមទាំងទទួលការសរសើរពីថ្នាក់ដឹកនាំផង។ សេចក្តីស្រលាញ់នឹងកើតឡើងចំពោះអ្នក ដូច្នេះចូរអ្នកធ្វើខ្លួនឲ្យសុភាពរាបសារ និងចេះជួយយកអាសារអ្នកជុំវិញខ្លួន។ កុំពន្យាពេលទទួលយកសុភមង្គល ពីព្រោះអ្នកនឹងអាចបាត់បង់ឳកាសល្អ។ ចូរបញ្ឈប់ការរឹតត្បិតសិទ្ធិកូនចៅ ពីព្រោះអាចនឹងបាត់បង់លាភ ដែលនាំមកឲ្យដោយកុមារ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព