ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផ្នែកមួយនៃប្រវត្តិសាស្ត្រធម្មជាតិប្រទេសកម្ពុជាមុន​សក័ទី១ និង​ស័ក​ទី​១​

ផ្នែកមួយនៃប្រវត្តិសាស្ត្រធម្មជាតិប្រទេសកម្ពុជាមុន​សក័ទី១ និង​ស័ក​ទី​១​

យើងអាចដឹងពីប្រវត្តិសាស្ត្រធម្មជាតិបាន​ ​គឺតាមរយៈការសិក្សា​ស្រាវជ្រាវរបស់​អ្នក​ភូគព្ភសាស្ត្រ​  ដោយការសិក្សា​នេះ គឺ​ពឹង​ផ្អែក​ទៅ​លើរបកគំហើញនៃស្រទាប់​ថ្ម ដី និង​ភស្តុតាង​នៃ​ផូស៊ីល​ដែលអ្នកស្រាវជ្រាវបានសិក្សាលម្អិត និងបែងចែកជាសម័យកាលផ្សេងៗគ្នា។ ការ​វិ​វត្តន៍នៃ​ផែន​ដីត្រូវបាន​បែង​ចែក​​ជាស័ក​ផ្សេងៗរួម​មាន​​ មុន​ស័កទី១​ ស័កទី១​ ស័កទី២ ស័កទី៣។ ដោយ​ភ្ជាប់​នឹង​ភស្តុតាងមួយ​ចំនួន​ ដែល​បាន​មក​ពី​ការសិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល ក្នុង​ប្រទេស​កម្ពុជា​​។​ ​អាយុកាលការវិវត្តន៍ធម្មជាតិ​នៃប្រទេសកម្ពុជា​​ផ្តោត​ ទៅ​តាម​តារាង នៃ​​ផែន​ទី​ Geological map of Cambodia។​     ​

មុន​ស័ក​ទី​១​ គេហៅ​ស័ក​នោះ​ថា Precambrian មាន​អាយុកាល​ចាស់​ជាង​៥៤២​លាន ឆ្នាំ​។​ តាមរយៈ​ផែន​​​ទី​ភូគព្ភសាស្រ្ត  (Geological map of Cambodia) ​នៃ​ប្រទេស​កម្ពុជា ទីតាំង​ដែល​មាន​វ័យ​ចំណា​ស់​ មាន​នៅ​​ផ្នែក​ខ្លះ​នៃ​ឧទ្យានជាតិ​​វិរៈ​ជ័យ​​ខេត្តរតនគិរី និង​មាន​មួយ​ផែ្នក​ទៀត​ជាប់​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន​។​ ការកកើតជីវិតបានចាប់​ផ្តើម​នៅ​មុនស័កទី១​ ពោល​គឺនៅ​ចុង​សម័យ​កាល​នេះ​ តែជិវិតសត្វ​នៅ​មាន​លក្ខណៈ​តូចៗ​។ ម្យ៉ាងទៀត សម្រាប់​​ភស្តុតាង​ស្តី​អំពី​ជី​វិត​ផូស៊ីល​មុន​ស័កទី១​នៅប្រទេសកម្ពុជា ​យើងពុំបានរកឃើញ នៅឡើយទេ កំឡុងពេលដែលចុះសិក្សាស្រាវជ្រាវអំពីផូស៊ីលទៅតាមទីតាំងនានានៃខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា ដោយភាគច្រើនយើងរកឃើញ តែផូស៊ីលក្នុងស៍កទី១តែ ប៉ុណ្ណោះ។

ស័ក​ទី​១​ គេហៅ​ថា​ Paleozoic ជី​វិត​ភាគ​ច្រើន​នៅ​ក្នុង​សមុទ្រ ស័ក​នេះ​ចែក​ជា​៣​សម័យ​កាល៖​

១-​សម័យ​ Cambrian មានអាយុកាល​​ ៥៤២-៤១៦​លាន​ឆ្នាំ​   

២-​សម័យ​ Devonian មានអាយុកាល​ ៤១៦-២៩៩លាន​ឆ្នាំ​

៣-​សម័យ​ Permian មាន​អា​យុកាល​ ២៩៩-២៥១លាន​ឆ្នាំ​ ​

ថ្មកំបោរជាច្រើន​ដែលមាន​នៅក្នុង​ប្រទេសកម្ពុជា ឧទាហរណ៍ខេត្ត​បន្ទាយ​មាន​ជ័យ​ ​បាត់​ដំបង​ ​កំពត ព្រះ​វិហារ ឧត្តរ​មាន​ជ័យ​ កំពង់​ស្ពី កំ​ពត ​និងស្ទឹង​ត្រែង​ដែលសំបូរ ទៅដោយភ្នំថ្មកំបោរ ដែលអា​ចបញ្ជាក់ថាទីតាំងទាំងនោះ​ អាចជាអតីតសមុទ្រ ហើយត្រូវបាន​កំណត់​អាយុកាល​ក្នុងស័កទី១ ​ចុង​សម័យ​ Devonian និង​ Permian ។

តាមរយៈការ​​ចុះ​សិក្សា​ស្រាវជ្រាវ​បាន​​រក​​ឃើញភស្តុតាង​ជា​ច្រើន​ នៅ​ខេត្ត​បន្ទាយ​មានជ័យដែល​ជា​ស្ថានីយ៍ផូស៊ីលសត្វសមុទ្រដូច​​នៅ​ភ្នំ​ស្វាយ​ ភ្នំ​បាក់​ ភ្នំ​ជញ្ជាំង​ ភ្នំ​ដូង​ព្រះ​ ភ្នំ​កន្ទួត​ ភ្នំកងវ៉ា​ ភ្នំ​ព្រះ-​ភ្នំ​វែង​​។​ ខេត្ត​ព្រះ​វិហារ​ ​រក​ឃើញ​ស្ថានីយ៍​អូរខ្មាក់​ ក្នុង​ដែនជម្រក​សត្វ​ព្រៃ​គូលែន​-ព្រហ្មទេព​ខេត្ត​ព្រះ​​វិហារ​ ជា​​ផូស៊ីល​សត្វ​សមុទ្រ​​។ ​​​ខេត្ត​បាត់​ដំបងដូចជា​ភ្នំ​សំ​ពៅ​ ភ្នំ​បាណន់​ ភ្នំគោហា​ ភ្នំ​ប្រាំពីរ​ ​ជាទីតាំង​នៃ​ផុស៊ីល​សត្វ​សមុទ្រ​។​ ខេត្ត​កំពត​ ​ខេត្ត​ស្ទឹង​ត្រែ​ង​ ខេត្ត​រតនគិរី ក៏មា​នទីតាំង​ភ្នំ​​ថ្មកំបោរមួយចំនួនផងដែរ​​​។​ ផូស៊ីលទាំងឡាយដែលយើងបានរកឃើញមាន​លក្ខណៈមិន​ដូច​គ្នា​ទេ​ វា​ប្រែប្រួល​ទៅតាម​ទីតាំង​នីមួយ​ៗ​ ដោយយើង​នឹង​បន្តការសិក្សា​នៅ​ពេល​ក្រោយៗ​ទៀត​។ រួម​សេចក្តីមក​តាមរយៈ​ភស្តុតាងទាំងឡាយ​ប្រទេសកម្ពុជា​នា​ស័កទី​១​ភាគ​ច្រើន​ជាសមុទ្រ។​ (មាន​អត្ថបទ​ក្រោយ​ និង​បង្ហាញ​អំពី​ភស្តុតាង​ខ្លះៗ​ពី​ប្រទេស​កម្ពុជា​ នាស័កទី​២ និង​ទី​៣​)។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!