ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះសិវៈទំរង់ជាកិរត និង​អជ៌ុនក្នុងសិល្បៈខ្មែរ

ចម្លាក់ព្រះសិវៈទំរង់ជាកិរត និង​អជ៌ុនក្នុងសិល្បៈខ្មែរ

ចម្លាក់ព្រះសិវៈទំរង់ជាកិរត ​ប្រយុទ្ធជាមួយអជ៌ុនពុំសូវមានឆ្លាក់ច្រើនទេទាំងចម្លាក់លើផ្តែរ ជញ្ជាំង និងចម្លាក់ទោល។ ទាំងសម័យមុនអង្គរ រហូតដល់សម័យអង្គរពុំដែលមានចម្លាក់ បង្ហាញរឿងជាកិរត ​និងអជ៌ុនប្រយុទ្ធគ្នានោះទេ។ ប៉ុន្តែក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ចាប់ផ្តើមបង្ហាញរឿងទេវកថាច្រើន និងច្បាស់លាស់តាមព្រហ្មញ្ញសាសនា។ ចម្លាក់នៅកោះកេរ មានរឿងទេវកថាច្រើនផ្សេងៗគ្នា ដូចជារឿងរាមកេរ្តិ៍ មហាភរត គម្ពីសិវៈនិកាយ និងវិស្ណុនិកាយជាដើម។ រហូតមកដល់រចនាបថកោះកេរនេះចម្លាក់ និងសិល្បៈបានបង្ហាញការវិវត្តន៍ថ្មីជាងសម័យមុនៗ និងបង្ហាញស្នាដៃដ៏អស្ចារ្យ មិនថាតែសំណង់ស្ថាបត្យកម្មការរៀបចំក្រុងនោះទេ តែស្នាដៃចម្លាក់ និងសិល្បៈផងដែរ។ អត្ថបទនេះនឹងបង្ហាញ និងចម្លាក់កិរត និង​អជ៌ុនប្រយុទ្ធគ្នានៅក្នុងសិល្បៈខ្មែរ និងធ្វើការប្រៀបធៀបទេវកថាបុរាណ និងចម្លាក់មួយចំនួននៅឥណ្ឌាខាងត្បូង ព្រមទាំងបង្ហាញប្រវត្តិរឿងកិរត និង​អជ៌ុន ក្នុងទេវកថា និងមហាភរតតិចតួច។

ព្រះសិវៈទំរង់ជាកិរត និង​អជ៌ុនមានឈ្មោះម្យ៉ាងទៀតហៅថាកិរាតាជ៌ុនីយ ដែលមានជាចម្លាក់ទោល នៅច្រកទី២ផ្នែកខាងលិចប្រាសាទរួម (ប្រាសាទធំ) និងជាចម្លាក់លើផ្តែរ ហោជាង និងជញ្ជាំងប្រាសាទមួយចំនួនទៀតនៅក្នុងតំបន់អង្គរ។ ចម្លាក់ទោលកិរិតអជ៌ុន​ បង្ហាញតំបូងក្នុងស.វទី១០គ.ស រហូតដល់ស.វទី១៣គ.ស។ ប៉ុន្តែចម្លាក់មួយនៅប្រាសាទKailasanathar ឥណ្ឌាខាងត្បូងមាន ចម្លាក់កិរត និង​អជ៌ុនប្រយុទ្ធគ្នាធំមួយនៅលើជញ្ជាំងនៅស.វទី៧ និងទី៨គ.ស។ ចម្លាក់ទោលនៅប្រាសាទធំកោះកេរ និងចម្លាក់លើផ្តែរ ឬហោងជាងតំបន់អង្គរ គឺខុសពីចម្លាក់នៅប្រទេសឥណ្ឌា ដែលឆ្លាក់នៅលើតែជញ្ជាំង និងថ្មភ្នំធម្មជាតិប៉ុណ្ណោះ។ ទោះបីចម្លាក់ប្រភេទនេះ សំបូរបែបនៅប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែចម្លាក់នៅខ្មែរវិញ បង្ហាញតែនៅលើសំណង់ប្រាសាទ និងមួយជាចម្លាក់ទោលប៉ុណ្ណោះ។

កិរាតាជ៌ុនីយក្នុងទេវកថា និងមហាភរត

ទេវកថា​កិរិត និងអជ៌ុន​ មាននៅក្នុងមហាភរត មានអាយុកាលចាប់ពីចុងស.វទី៥មុនគ.ស (ជំពូកទី១៦៧) និងមានបង្ហាញច្បាស់ក្នុងអត្ថបទជាសឹស្រ្កឹត ដែលរឿងទាក់ទងទៅនឹងដើមកំណើតប្រពៃណីពីសម័យបុរាណ។ រឿងកិរាតាជ៌ុនីយពេញនិយមក្នុងអត្ថបទជាភាសារសំស្រ្កឹត នៅសតវត្សទី៦គ.សនៅប្រទេសឥណ្ឌា។ រឿងនេះនិយាយពីការប្រយុទ្ធគ្នារវាងអជ៌ុន និងព្រះសិវៈទំរង់ជាកិរតនៅលើកំពូលភ្នំមួយ។ ដោយកិរត គឺជាអ្នកការពារព្រៃ អ្នករស់នៅលើភ្នំ និងជាកុលសម្ព័ន្ធបុរេប្រវត្តិដើមមួយរបស់ហិណ្ឌូស ដែលដំណើរគ្នានឹងរឿងមហាភរតដែរ​។ បន្ទាប់ពីបិសាចមួយឈ្មោះមុកាសុរៈ បានប្រែក្រឡាទំរង់ជាសត្វជ្រូកព្រៃមួយ។ ព្រះសិវៈ បង្ហាញជាទំរង់កិរត ដែលជាអ្នកឡើងភ្នំ និងប្រមាញ់សត្វ។ ដំណាលរឿងពេលព្រះសិវៈសាកល្បងជាមួយអជ៌ុន គ្រប់រូបភាពអស់ហើយ ទើបទ្រង់សម្រេចតតាំងជាមួយអជ៌ុន។ ព្រះសិវៈបានតាមមករកជ្រូកព្រៃទម្រង់ជាកិរត ដែលអមដោយព្រះព្រហ្ម ព្រះស្កន្ទ និងវិស្ណុក្នុងទម្រង់អ្នកប្រមាញ់ផង ដើម្បីតាមប្រមាញ់ជ្រូកព្រៃនោះ។

កិរត​ និងអជ៌ុនបាញ់ព្រួញសម្លាប់ជ្រូកនោះ ហើយពួកគេបានប្រកែកគ្នាដណ្តើមថាខ្លួនជាអ្នកបាញ់ បន្ទាប់មកការប្រយុទ្ធក៏កើតមានឡើង។ ពួកគេប្រយុទ្ធអស់រយៈពេលជាយូរ ហើយអជ៌ុនមានការភ្ញាក់ផ្អើល ដែលគាត់មិនអាចយកឈ្នះកិរតបាន។ ការប្រយុទ្ធនេះបង្កើតបានភ្លើង និងផ្សែង ហើយអជ៌ុនមានអារម្មណ៍ថាចុះខ្សោយកំលាំង។ ប៉ុន្តែនៅពេលប្រយុទ្ធអជ៌ុន ឃើញកម្រងផ្កា ដែលគាត់បានថ្វាយចំពោះព្រះសិវៈ នៅលើព្រះកេសកិរត បន្ទាប់មកគាត់ស្គាល់ថាជាព្រះសិវៈ ក៏ចុះចាញ់ប្រគល់ខ្លួនឱ្យកិរត។ ព្រះសិវៈរីករាយនឹងភាពក្លាហានរបស់គាត់ និងផ្តល់ឱ្យគាត់នូវអាវុធដ៏មានឥទ្ធិពល គឺបាឝុបតាស្ត្រ (pāśupatāstra) ឱ្យអជ៌ុន ដែលក្រៅពីអជ៌ុនគ្មានអ្នកណាកាន់លើកវាបានទេនៅក្នុងរឿងមហាភារត។ កំឡុងពេលនោះ ព្រះឥន្ទ្រ ព្រះភិរុណ ព្រះយម និងព្រះគុពេរ​ ក៏បាននាំគ្នាសាកល្បងភាពក្លាហានអជ៌ុន ដើម្បីផ្តល់អាវុធឱ្យគាត់ផងដែរ។

ចម្លាក់កិរត​ និងអជ៌ុន

បដិមាបង្ហាញរឿងការប្រយុទ្ធគ្នារវាងកិរត និងអជ៌ុនជាចម្លាក់ទោលសំខាន់មួយនៅច្រកចូលទី២ផ្នែកខាងលិចប្រាសាទធំកោះកេរ គឺជាចម្លាក់ទោលតែមួយ។ ការបង្ហាញខ្លួនមនុស្ស២នាក់ប្រយុទ្ធគ្នាហៅថាកិរាតាជ៌ុនីយ ឆ្លាក់នៅលើជើងទម្រតែមួយ ជាចម្លាក់ដែលធំ និងមានតែមួយនៅស្រុកខ្មែរ។ ក្នុងរឿងនេះដែលអ្នកស្រាវជ្រាវគិតថា ជាការប្រយុទ្ធក្នុងរឿងព្រះសិវៈទម្រង់ជាកិរតជាអ្នកប្រមាញ់ និងអជ៌ុន។ រឿងនេះបង្ហាញពីព្រះសិវៈទម្រង់ជាកិរតជាព្រានព្រៃបរបាញ់សត្វ និងអជ៌ុន ដែលមានកំពស់ប្រហែល៨០សង់ទីម៉ែត្រ និងមានទីតាំងនៅប្រាសាទធំ។

ចម្លាក់នៅប្រាសាទរួមនេះគឺ ជាចម្លាក់ទោលកិរត និងអជ៌ុន ប្រយុទ្ធគ្នានៅច្រកចូលទី២ប្រាសាទរួមកោះកេរ ដែលមានទំហំធំជាងគេ និងក្បាច់ឆ្លាក់ល្អជាងនៅតំបន់អង្គរ។ ប៉ុន្តែចម្លាក់ផ្តែរប្រាសាទបន្ទាយស្រី កិរតប្រយុទ្ធជាមួយ​អជ៌ុន យើងឃើញមានឆ្លាក់ទម្រង់ឈរអោបគ្នា មិនសូវបង្ហាញដូចជាការប្រយុទ្ធគ្នា ដូចចម្លាក់នៅឥណ្ឌា និងកោះកេរទេ។ ចម្លាក់លើផ្តែរនេះបង្ហាញរូបកិរត និង​អជ៌ុនផុសចេញពីអ័ក្សជាផ្កាភ្ញី ហើយដៃម្ខាងអោបចង្កេះគ្នាវិញ។ ចម្លាក់កិរត និងអជ៌ុនផ្សេងទៀត គឺឆ្លាក់លើផ្តែរប្រាសាទព្រះវិហារក្នុងស.វទី១២គ.ស ដែលបង្ហាញកាយវិការស្រដៀងប្រាសាទបន្ទាយស្រីដែរ។

ចម្លាក់សំខាន់ផ្សេង១ទៀតនៅប្រាសាទបាពួន គឺបង្ហាញទម្រង់កិរត និង​អជ៌ុនជាសាច់រឿងទៅតាមដំណាក់កាលនីមួយៗ មាន៤ផ្នែករាប់ពីលើចុះក្រោម ស្ថិតនៅខ្លោងទ្វារទី២ខាងកើត។ ផ្នែកទី១ បង្ហាញពីអជ៌ុនគោរពបូជាព្រះសិវៈដោយធ្វើតបៈ ផ្នែកទី២ អជ៌ុនទទួលពរ និងអាវុធពីព្រះសិវៈ ផ្នែកទី៣ កិរត និង​អជ៌ុនដណ្តើម និងឈ្លោះគ្នាបាញ់ជ្រូកព្រៃ និងផ្នែកទី៤ បង្ហាញកិរត និង​អជ៌ុនប្រយុទ្ធគ្នា។

ត្រង់ចម្លាក់នៅប្រាសាទបាពួននេះ នៅក្នុងស.វទី១១គ.ស​ គឺបង្ហាញជារឿងច្បាស់តាមគម្ពីសិវៈបុរាណ ដែលមិនឃើញមានឆ្លាក់បង្ហាញទេនៅខ្មែរ។ ប៉ុន្តែចម្លាក់នៅប្រាសាទបាពួននេះ បង្ហាញស្រដៀងគ្នានឹងប្រាសាទ(Brhadivara) សម័យCola ក្នុងស.វទី១០គ.ស។ ចម្លាក់ទាំងពីរនេះ បង្ហាញស្រដៀងគ្នាច្រើនតាមសាច់រឿងក្នុងគម្ពីវេទ។ ជាពិសេសចម្លាក់បង្ហាញការគោរពបូជា ការបាញ់ជ្រូកព្រៃ និងបង្ហាញរូបសត្វព្រៃ គឺស្រដៀងគ្នា។ ប៉ុន្តែនៅឥណ្ឌាមានបង្ហាញការធ្វើតបៈឈរជើងម្ខាងរបស់អជ៌ុន និងឆ្លាក់បង្ហាញទេពផ្សេងៗចូលរួមច្រើន ខុសពីនៅប្រាសាទបាពួនគឺ បង្ហាញត្រង់លើអាវុធប្រយុទ្ធគ្នា។

ចម្លាក់កិរត និងអជ៌ុនផ្សេងទៀតនៅលើហោជាង ប្រាសាទបន្ទាយអំពិល នៅសល់តែរូបជ្រូកព្រៃ ហើយកិរត និងអជ៌ុនសង្ខាងខូចខាតខ្លាំងស្ទើរមើលមិនដឹង។  ផ្តែរនៅប្រាសាទPrang Hin Daeng ជាតួប៉មបន្ថែមជាមួយប្រាសាទភីមៃ នៅចុងស.វទី១២ និង១៣គ.ស គឺបានបង្ហាញឈុតបាញ់ជ្រូកព្រៃដូចគ្នា នៅតំបន់អង្គរដែរ។ ចំណែកនៅព្រះខ័នមានចម្លាក់អជ៌ុន និងកិរតនៅលើចម្លាក់ តូចៗនៅចន្លោះបង្អួចផ្នែកខាងលិចខ្លោងទ្វារទី៣។ ចម្លាក់នៅព្រះខ័នបង្ហាញជ្រូកព្រៃនៅកណ្តាលលើក្បាលរាហូ មានដុះចេញផ្កាឈូកមានទេពអង្គុយសមាធិកនៅខាងលើ និងបង្ហាញកិរតជាមួយអជ៌ុនបាញ់ព្រួញ។ ចម្លាក់បាញ់ជ្រូកព្រៃដូច្នេះ គឺមិនត្រឹមតែបង្ហាញក្នុងសិល្បៈខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញ ផងដែរនៅCalukyaប្រទេសឥណ្ឌា តាំងពីស.ទី៧គ.សមក។ ជាពិសេសចម្លាក់នៅCalukya ប្រទេសឥណ្ឌា គឺមានបន្ថែមការធ្វើតបៈរបស់អជ៌ុន នៅផ្នែកខាងឆ្វេង។

ចម្លាក់កិរត និងអជ៌ុននៅលើជញ្ជាំងខាងក្នុងប្រាសាទបាយ័ន ចម្លាក់រឿង គឺពិបាកមើលដោយសារចម្លាក់ ឆ្លាក់មិនសូវច្បាស់នៅលើជញ្ជាំង។ កិរត និងអជ៌ុន គឺបង្ហាញនៅផ្នែកខាងក្រោម ប៉ុន្តែនៅខាងលើបង្ហាញព្រះសិវៈអង្គុយលើបល្ល័ង្ក។​ កិរិត​នេះបង្ហាញជារូប ដែលមានមួកចំឡែក ដូចជាស្លឹកឈើទៅវិញ។ ប៉ុន្តែចម្លាក់នៅជញ្ជាំងប្រាសាទបាយ័ននៅស.វទី១៣គ.ស គឺជាចម្លាក់ពេញជាមួយរូបព្រះសិវៈអង្គុយលើបល្ល័ង្ក និងមានអ្នកគោរពបូជាសង្ខាង ដែលស្រដៀងគ្នានឹងចម្លាក់នៅប្រាសាទHoyasalesvaraក្នុងឥណ្ឌា នៅស.វទី១២គ.សដែរ។ ចម្លាក់នៅឥណ្ឌាបង្ហាញព្រះសិវៈនៅផ្នែកខាងឆ្វេង តែនៅប្រាសាទបាយ័នព្រះសិវៈគង់នៅផ្នែកខាងលើ។

—————————–.

Shiva image in the form of Kirātārjunīya in Khmer art

This article indicates the sculptures of Kirātārjunīya at the battle of Khmer in the 10th century AD to compare some of the sculptures in India from the 7th century AD, as well as to compare and illustrate the story of Kirātārjunīya in the story of Mahābhārata, we show the carvings on the walls, lintels, pediments, and the solo sculptures of some temples.

According to the carving of story and the art in both Khmer and India are carved in seven forms: 1) the image of Kirātārjunīya demonstrated in archery competitions on wild boar. 2) in the art of Hoysala, they both engaged in wrestling. 3) Rjunīya compassion and standing on one foot are common meditation features. 4) Wild boar is common in between fighters. 5) Rjunīya received a Pāśupatāstra weapon from a dwarf. 6) Dwarf is similarly Astradeva. 7) Shiva gives weapons to Rjunīya. Shiva in the form of Kirātā is probably Indian history, the origin of the hunting tribes in the Vishnu sect. Because at that time, it was probably related to the revolt against the Shiva religion. Especially in Hindu symbols, the pig represents the sacrifice of its leg as the Vedas scripture, its thigh is a weapon (sword), and its tongue is fire.

Another idea is that the conflict between the human who contains the high class (Hindu class is Rjunīya) and the human has lower class (hunters are the lowest class in society). that is a problem in the history of India. To lead people to righteousness, Shiva himself appears in the lowest class in the myth of Kirātārjunīya. Furthermore, the origin of the story of Mahābhārata had occurred in the 5th century BC and continued to be popular until the 19th century AD.

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!