ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាបំណែក​ផូស៊ីល​ឆ្អឹង​នៅ​ភ្នំ​គូលែន​

បំណែក​ផូស៊ីល​ឆ្អឹង​នៅ​ភ្នំ​គូលែន​

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដោយ​សារ​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​និង​ធនធានជីវៈ​ចម្រុះ ។ នៅ​​ថ្ងៃ​ទី​១២ ខែ​កញ្ញា​​ ឆ្នាំ​២០២១ ក្រុមការ​ងារ​នៃ​នាយក​ដ្ឋាន​​តំបន់​​បេតិ​កភណ្ឌ​ នៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន​ ដោយ​​មាន​ការ​ចូល​រួម​ពីមន្ត្រី​ឧទ្យា​នុរក្ស​​នៃ​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន» អ្នក​​បច្ចេក​ទេស​ និង​អ្នក​ស្ម័គ្រ​ចិត្ត បាន​ចុះ​សិក្សា​ពិនិត្យ​តំបន់​ដែល​មាន​ផូស៊ីល​ដើម​ឈើដែលបាន​រក​ឃើញ​កាល​ពី​លើក​មុន​ និង​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ AMS អរិយធម៌ខ្មែរ រួច​ម្តង​មក​ហើយ​ ស្តី​អំពី​ការ​រក​ឃើញ​ផូស៊ីល​ដើ​ម​ឈើ​ថ្ម​នៅ​ភ្នំ​គូលែន​​។ ដោយពេលថ្មីៗនេះ ក្រុមការងារ​បាន​ចុះ​សិក្សា​នៅ​តំបន់​នោះម្តងទៀតដែល​ឆ្ងាយ​ពី​ទីផូស៊ីល​ដើ​ម​ឈើ​ថ្ម​ប្រមាណ​២គីឡូ​ម៉ែត្រ ក៏​បាន​​ប្រទះឃើញ​​នៅ​ផូស៊ីល​បំណែក​ឆ្អឹង​តូច​មួយ និង​បំណែ​ក​នៃ​ផូស៊ីល​ឈើ​កប់​ក្នុង​ស្រទាប់​ថ្ម Con​g​l​omerate (ថ្មក្តាំង?)។​ ហេតុ​អ្វី​យើង​គួ​របង្ហាញ​អំពី​ពត៌​មាន​នេះ​?​

​លក្ខណៈ​​នៃ​ភូគព្ភសាស្ត្រនៃ​តំបន់​ភ្នំ​គូលែន​ ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់​មាន​បណ្តោយ​៥០​គីឡូ​ម៉ែត្រ​ និង​ទទឹង​១៨​គីឡូ​ម៉ែត្រ។ កន្លែង​ដែល​បាន​ចុះ​សិក្សា​ស្ថិត​នៅ​ភាគ​ខាង​កើត​ភ្នំ​គូលែន​ ក្នុង​ភូមិសាស្ត្រ​ ភូមិ​ទឹក​លិច ឃុំ​បេង​មាលា​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀម​រាប​។ ភ្នំ​គូលែន​ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់​ ដែល​តាម​រយៈ​ផែន​ទី​ភូគព្ភសាស្ត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ​កំណត់​សំគាល់​ដោយ​អក្សរ​ J1 K1ss ដែល​ស្ថិត​នៅ​ស័កទី​២ ( Mesozoic Era ) ក្នុង​សម័យ​កាល​ ជូរ៉ាស៊ីក និងសម័យ​គ្រេតាស៊ឺស (Jurassic and Cretaceous ) ​មាន​អាយុកាល​ចន្លោះ ៦៥,៦ ទៅ​១៩៩​,៦​លាន​ឆ្នាំ​ នេះ​ចំពោះ​តែអាយុ​ថ្ម​នៃ​ភ្នំ​គូលែន​។​ បំណែក​ផូស៊ីល​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​​ចង្កេះ​ភ្នំ ត្រង់​​​ចំនុច​ ដា​ស្រី​ ដែល​មាន​​និយាម​កា​ X-411760 Y-1491898 និង​មាន​កម្ពស់​ប្រមាណ​១០០​ម៉ែត្រ​ធៀបនឹង​ទឹក​សមុទ្រ​។ ឆ្អឹង​នោះ​បាន​កប់​នៅ​ក្នុង​ ​ប្រភេទថ្មមួយ​ហៅថា​​ Conglomerate (ថ្មក្តាំង?) ដែល​ជា​ប្រភេទ​​សិលា​ចាក់បង្គរ​ ដែល​ផ្សំ​​ឡើង​ដោយគ្រួស​អាចម៍ផ្កាយ​​​​​រាងមូលដែលមានអង្កត់ផ្ចិតធំជាងពីរមីលីម៉ែត្រចន្លោះ​​នៃគ្រួស អាចម៍​ផ្កាយ​ជាទូទៅត្រូវបានបំពេញដោយភាគល្អិតដែលមានទំហំខ្សាច់ និងដីឥដ្ឋ ហើយត្រូវបានភ្ជាប់​គ្នាដោយសារធាតុកាល់ស៊ីត និង​ក្វាត។ ថ្ម Conglomerate កើត​ឡើង​ដោយ​ការ​ចាក់​បង្គរ​ ដោយ​ល្បាប់​ និង​គ្រួស ឬ​ថ្ម​តូចៗ​។

គ្រួស​ឬ​ថ្ម​ដែល​មាន​នៅ​ក្នុង​ថ្មនេះ​មាន​ទំហំ​តូចៗ​ មាន​ន័យ​ថា​ចរន្ត​ទឹក​ក្នុង​ពេល​នោះ​​ ហូរ​មិនសូវ​ខ្លាំង​។​ ប្រសិន​បើ​មាន​គ្រួស​អាចម៍ផ្កាយ ​ឬ​ថ្ម​ ក្នុង​នោះ​មានទំហំ​ធំ មាន​ន័យ​ថា​ការ​កកើត​នៅ​កន្លែង​នោះ​មាន​ចរន្ត​ទឹក​ហូរ​ខ្លាំង​។​​ ឧទាហរ​ណ៍​នៅ​តំបន់​រាមសារ ក្នុង​​ស្រុក​បូរី​អូរស្វាយ​ ខេត្ត​ស្ទឹង​ត្រែង នៅ​តាម​កោះ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ទន្លេ​មេគង្គ​ ខ្ញុំ​បាន​ជួបប្រទះ​គ្រួស​អាច​ផ្កាយ​មាន​ទំហំ​ធំ​ៗ ជា​ច្រើន​ ដែល​បាន​ហូរ​មក​ចាក់​បង្គរ​នៅ​ចំ​ពី​មុខ​កោះ​ ដែល​មាន​ទឹក​ហូរ​ខ្លាំង​ និង​គ្រួស​តូច​ៗ​បាន​ហូរ​ចាក់​ទៅ​ទីតាំង​ដែល​មាន​ទឹក​មិន​សូវ​ហូរ​ខ្លាំង​ ចំណែក​ខ្សាច់​ក៏​ចាក់​នៅ​ផ្នែក​ណា​ដែល​​ទឹក​ហូរ​ខ្សោយ​ ឬ​បាំង​មុខ​ទឹក​ដោយ​រុក្ខជាតិ ឬ​កោះ​។​ នៅ​តំបន់​ថ្មអណ្តូងជាទីតាំង​យក​ថ្ម​បុរាណ​ ​យើង​បាន​ជួប​ប្រទះ​ប្រភេទ​ថ្ម​ Conglomerate ​នៅស្រទាប់​​ផ្នែក​ខាង​លើ​ថ្ម​ដែល​គេ​កាត់​យក​ទៅ​ធ្វើ​ប្រាសាទ​ជា​ថ្មភក់​មាន​ពណ៌​ប្រផេះពណ៌​​បៃ​តង​។ ចំណែក​នៅ​ផ្នែក​ខាង​លើ​នៃ​ថ្ម​ភក់​នេះ​​មាន​ទីតាំង​ខ្លះ​យើង​បាន​ជួប​ពពួក​ថ្ម​ Conglomerate​ ដោយ​កន្លែង​នោះ​មាន​ទៅតាមស្រទាប់​នៃ​ផ្នែកខាង​លើ​​ខ្លះៗ​របស់​ថ្ម​ភក់​​។ ​ តាម​ទីតាំង​មួយ​ចំនួន​យើង​បាន​ជួបពពួក​ថ្ម​ភក់​ពណ៌​រាង​ក្រហម​ដែ​ល​មា​ន​សណ្ឋានជា​ពើងនៅ​ផ្នែក​ខាង​លើ​នៃ​ថ្ម​ភក់​ដែល​បាន​យក​ទៅ​សាង​សង់​ប្រាសាទ​ផង​ដែរ​។​

បំណែក​ឆ្អឹង​ដែល​កប់​​ក្នុង​ថ្ម​ Conglomerate នៅ​តំបន់​ដាស្រី​ ស្ថិតក្នុងបរិវេណថ្មប្រមា​ណ​២០​ម៉ែត្រ​ និង​កម្រាស់​២០​ទៅ​៣០ស.ម​។ បំណែក​ឆ្អឹង​នោះ​មាន​ទំហំ​តូច​​ ប្រវែង​៣ស.ម​ប៉ុណ្ណោះ​ (រូបលេខ៤-៥​)។ ឆ្អឹង​នេះ​មាន​កម្រាស់​ស្តើង​ មាន​ផ្នែក​រលោង​សង​ខាង​អាច​ជា​បំណែក​ឆ្អឹង​ស្លាប​ប្រចៀវ ឬ​ឆ្អឹង​ផាល​ត្រកៀក​ នៃ​សត្វ​ណា​មួយ​ក្នុង​សម័យ​បុរាណ​។​ ឆ្អឹង​នេះ​​បាន​ហូរ​ទៅ​តាម​ទឹក​ ក្រោយ​មក​កក​ជា​មួយ​កំទេចថ្ម និង​ល្បាប់ ហើយ​ក្រោយ​មក​ក៏ក្លាយ​ជា​ថ្ម​។ ក្រៅ​ពី​បំណែក​ផូស៊ីល​ឆ្អឹង​​ នៅ​ក្បែរ​នោះ​ក៏​មាន​បំណែក​ផូស៊ីល​ឈើ​ ដែល​កក​ទៅ​ជា​ថ្ម​ផង​ដែរ​។ បំណែកផូស៊ីលឈើ​កប់​ក្នុង​ថ្ម​ដែលមានប្រ​វែង​ប្រមាណ​១០​ស.ម​ (រូប​លេខ៦​​)។​

បំណែក​ឈើ​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ថ្ម​ហើយ​ផង​ដែរ​។​ តាមរយៈ​​ផែន​ទី​ ភូគព្ភសាស្ត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅ​តំបន់​ភ្នំ​គូលែន​នេះ​​ក៏​បាន​និយាយ​ពីថ្ម​ Conglomerate​ នេះ​ផង​ដែរ​ ដែលមាន​អាយុ​កាល​ ស្ថិត​នៅ​ស័កទី​២ ( Mesozoic Era ) ក្នុង​សម័យ​កាល​ជូរ៉ាស៊ីក និងសម័យ​គ្រេតាស៊ឺស (Jurassic and Cretaceous ) ដែល​មាន​អាយុកាល​ចន្លោះ ៦៥,៦ ទៅ​១៩៩​,៦​លាន​ឆ្នាំ​​។ ​បំណែក​ឆ្អឹង​តូច​នេះ​ជា​ទិន្នន័យ​ថ្មីមួយ​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ត​ អំពី​ជីវិត​សត្វ​ និង​រុក្ខ​ជាតិ​នា​សម័យ​នោះ​ផង​ដែរ​។​ វាក៏​ជាការ​បង្ហាញ​អំពី​បាតុភូត​នៃ​ធម្មជាតិ ដែល​អាច​ធ្វើ​ឱ្យយើង​ស្វែង​យល់​ពី​បាតុ​ភូត​ដែល​កើត​ឡើង​នៅ​តំបន់​ភ្នំ​គូលែន​ផង​ដែរ​។​

——————————————-

Fossil at Phnom Kulen

Preah Jayavarman Norodom National Park of Phnom Kulen (37500 ha) is helping to maintain the environment in the area and Angkor Park. It has resources such as forests, water, and other plants. Besides, it has many fossils include fossil wood that was published earlier. About two kilometers away from the area that fossil wood has been found, there is a piece of bone and a piece of fossil wood piled inside the layer of the conglomerate. Why is it important to reveal this information?

A piece of bone and fossil of wood have been found on the foot of Kulen mountain of X-411760 Y-1491898 and about 100 meters above sea level. The bone stuck in the conglomerate. A conglomerate typically contains a matrix of fine-grained sediments, such as sand, silt, or clay, which fills the interstices between the clasts. The clasts and matrix are cemented by calcium carbonate, iron oxides, silica, or hardened clay. It forms by the consolidation and lithification of gravel. This type of stone can be found also in the Ream Sa region of Steung Treng province, Borei Osvay district, some islands in the Mekong river, and at Thmo Andong region.

The bone is small only about three centimeters. It is thin, smooth on both sides so it might be a fragment of Scapula or Ilium of an animal from the ancient time. Additionally, there is ten centimeters of fossil wood piled in the conglomerate.

Based on the geology map, the area of Phnom Kulen has also conglomerate. It is in the Mesozoic Era of Jurassic and Cretaceous, about 65.6 to 199.6 million years. This piece of bone is new data for further study about wildlife and the plant in the area. Also, it is to understand the phenomenon of the Kulen area.

អត្ថបទដើម៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!