លិង្គ គឺជារូបស្នងមួយនៃព្រះឥសូរ។ តាមរឿងទេវកថាព្រហ្មញ្ញសាសនា សសរលិង្គព្រះឥសូរកើតឡើងនៅពេលដែលព្រះនារាយណ៍ និងព្រះព្រហ្មឈ្លោះប្រកែកគ្នាលើបញ្ហាថា តើអ្នកណាជាអាទិទេពធំជាងគេ? រំពេចនោះសសរភ្លើងមានមុខព្រះឥសូរនៅចំកណ្តាលក៏ផុសចេញឡើងដែលមានព្រះនាមថា “ឥសូរ” (ព្រះនាមទីមួយរបស់ព្រះឥសូរ) ដែលបញ្ជាក់ថា ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទររវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងនោះ បន្ទរទី៣របស់ព្រះឥសូរគឺ “បើអាទិទេពទាំងពីរអាចចេញពីសសរភ្លើងនេះបាន យើងនឹងជឿថាអ្នកជាអាទិទេពកំពូល”។ មានព្រះបន្ទូលចប់ ព្រះព្រហ្មនិងព្រះនារាយណ៍ក៏យល់ព្រម ហើយព្រះឥសូរក៏ទាញព្រះនារាយណ៍ចូលក្នុងសសរ ភ្លើងដោយថ្នមបំផុត និងទ្រង់បានចាប់គ្រវែងព្រះព្រហ្មចូលសសរភ្លើងផ្នែកខាងក្រោមភ្លាម។ ពេលនោះព្រះនារាយណ៍បានប្រើថាមពលអស់ពីព្រះកាយដើម្បីចេញឱ្យផុតពីសសរភ្លើង ហើយសសរភ្លើងក៏បានប្រេះទៅជាប្រាំបីជ្រុងនៅតែចេញរួច រីឯព្រះព្រហ្មវិញក៏ប្រឹងរហូតដល់សសរភ្លើងប្រេះបែកជាបួនជ្រុង សន្លប់ជាច្រើនសារ ក៏នៅតែមិនរួច។ ហេតុដូច្នេះហើយ ទើបយើងឃើញលិង្គភាគច្រើនគេសាងសង់ជាបីផ្នែក ដែលផ្នែកខាងក្រោមរាងបួនជ្រុង តំណាងឱ្យព្រះព្រហ្ម ផ្នែកកណ្តាលរាងប្រាំបីជ្រុង តំណាងឱ្យព្រះនារាយណ៍ និងផ្នែកខាងលើរាងមូលតំណាងឱ្យព្រះឥសូរដែលជាអាទិទេពធំជាងគេក្នុងព្រហ្មញ្ញសាសនា។
ព្រះឥសូរ គឺជាអាទិទេពធំបំផុត ដែលជាជីវិតទាំងឡាយនៃពិភពលោកនេះ ម្ល៉ោះហើយសិល្បករខ្មែរស្ថាបនាលិង្គធ្វើជានិម្មិតរូបនៃមេជីវិតដែលបង្កើតជីវិតរស់នៅនៅលើផែនដីនេះ ដ្បិតលិង្គតែងមានទម្រជាយោនី ដូចក្នុងជំនឿជីវចលដែលដុំថ្ម ទីទួល កូនភ្នំ គេចាត់ទុកជាអ្នកតា ឬអាទិទេពប្រុស ហើយចំណែកអាទិទេពភេទស្រីវិញគេបៀបធៀបទៅរូងភ្នំ ឬដីដែលជានិម្មិតរូបនៃផ្ទៃមាតា។ តាមរយៈសិលាចារឹកដែលគេរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក នាំឱ្យយើងស្គាល់នូវព្រះនាមសិវលិង្គមួយចំនួនដូចជា ស្រីប្រហសិតេស្វរ (Çrīprahasiteçvara) (K.440, K.442) រកឃើញនៅក្រុមប្រាសាទយាយព័ន្ធ តួប៉ម S2 និងខ្លោងទ្វារខាងកើតកំពែង, ស្រីកទម្វេស្វរ (Çrīkadamveçvara) (K.604) រកឃើញនៅក្រុមប្រាសាទយាយព័ន្ធ តួប៉ម S17-6, ស្រីគម្ភីរេស្វរ (Çrīgambhĭreçvara) (K.148, K.439) រកឃើញនៅក្រុមប្រាសាទសំបូរ កំពែងខាងកើត, ស្រីរត្នេស្វរ (Çrīratneçvara) (K.149) រកឃើញនៅក្រុមប្រាសាទសំបូរ តួប៉ម N18, ស្រីប្រជាសេស្វរ (Çrīprajãseçvara) (K.816) រកឃើញនៅក្រុមប្រាសាទរបងរមាស, ស្រីប្រយាកេស្វរ (Çrīprayãkeçvara) (K.1250) រកឃើញនៅប្រាសាទលាងព្រះ។ ភស្តុតាងសិលាចារឹក និងទិន្នន័យផ្នែកបុរាណវិទ្យាដែលគេរកឃើញនៅទីនេះ បញ្ជាក់ច្បាស់ថា តំបន់សំបូរព្រៃគុកកាលពីសម័យបុរាណមានការគោរពបូជាដល់ព្រះសិវលិង្គឬព្រះឥសូរធំធេងណាស់។
លិង្គដែលគេរកឃើញនៅតំបន់សំបូរព្រៃគុក យើងអាចចែកចេញជាពីរប្រភេទធំៗ ពោល គឺលិង្គដែលសាងនៅសម័យមុនអង្គរ (ស.វ.ទី៧-៨) និងលិង្គដែលសាងនៅសម័យអង្គរ (ស.វ.ទី១០-១១)។ ក្នុងនោះ ប្រភេទលិង្គសម័យមុនអង្គរ អាចចែកចេញជាពីរប្រភេទទៀត ដែលប្រភេទទីមួយ គឺជាលិង្គដែលមានរាងមូលតាំងពីគល់ដល់ក្បាល មានទំហំវែងឬខ្លី តូចឬធំ អាស្រ័យលើបរិបទនៃអ្នកផលិតនិងទំហំនៃប្រាសាទ។ លិង្គប្រភេទនេះ ខ្លះមានឆ្លាក់ជាបង្ហួរលិង្គនៅផ្នែកខាងលើ ខ្លះទៀតក៏មិនមានដែរ។ ប្រភេទទីពីរនៃសិវលិង្គសម័យមុនអង្គរ គឺជាលិង្គដែលមានផ្នែកខាងក្រោមមានរាងបួនជ្រុងស្មើ និងនៅខាងលើមានរាងមូលដូចលិង្គប្រភេទទីមួយដែរ។ លិង្គប្រភេទនេះនៅផ្នែកខាងលើមានឆ្លាក់ជាស្នាមបង្ហួរលិង្គរាងច្បាស់ៗជាងលិង្គប្រភេទទីមួយ ហើយជាទូទៅលិង្គប្រភេទនេះមានទំហំខ្លីៗ ពោល គឺក្បាលលិង្គមានរាងមូលស្មើជាមួយកម្ពស់គល់លិង្គ ដែលមានរាងបួនជ្រុងស្មើ។ សិល្បករឆ្លាក់លិង្គសម័យមុនអង្គរប្រភេទទីមួយដែលមានរាងមូលតាំងពីគល់ដល់ក្បាលរបៀបនេះ ទំនងគេចង់បង្ហាញអំពីឥទ្ធិពលដ៏ធំធេងរបស់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ដ្បិតទ្រង់ជាអាទិទេពកំពូលនៅសម័យព្រាហ្មណ៍និយម (ចាប់ពីស.វ.ទី៦មុនគ.ស. ដល់ ស.វ.ទី១០នៃគ.ស.)។ ចំណែកលិង្គសម័យមុនអង្គរប្រភេទទីពីរ គេឆ្លាក់ខាងលើមូល ខាងក្រោមបួនជ្រុង ក្នុងប្រវែងស្មើគ្នារបៀបនេះ ទំនងគេចង់បង្ហាញផ្នែកខាងលើតំណាងឱ្យព្រះឥសូរ និងផ្នែកខាងក្រោមតំណាងឱ្យព្រះព្រហ្ម ដែលអាទិទេពទាំងពីរមានតួនាទីជាអ្នកបង្កើតលោកដូចគ្នា។
ចំណែកលិង្គសាងនៅសម័យអង្គរដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក មានទម្រង់ជាទូទៅដូចលិង្គដែលរកឃើញនៅតំបន់ប្រាសាទផ្សេងៗទៀត ដែលសាងនៅសម័យអង្គរដែរ។ សិវលិង្គនេះ គេចែកចេញជាបីផ្នែក ពោល គឺផ្នែកខាងគល់លិង្គមានរាងបួនជ្រុងស្មើ ផ្នែកកណ្តាលមានរាងប្រាំបីជ្រុង និងផ្នែកខាងក្បាលមានរាងមូល។ ផ្នែកទាំងបីនៃលិង្គដែលរកឃើញមានកម្ពស់ស្មើៗគ្នា។ ការសាងសង់បែបនេះ សិល្បករខ្មែរទំនងត្រាប់តាមគម្ពីរព្រហ្មញ្ញសាសនាដែលនិទានអំពីរឿងរ៉ាវសសរភ្លើង ពោល គឺខាងក្រោមរាងបួនជ្រុងស្មើតំណាងឱ្យព្រះព្រហ្ម ផ្នែកកណ្តាលរាងប្រាំបីជ្រុងតំណាងឱ្យព្រះនារាយណ៍ និងខាងលើរាងមូលតំណាងឱ្យព្រះឥសូរ។ ការដាក់ព្រះឥសូរនៅផ្នែកខាងលើបែបនេះមានន័យបញ្ជាក់ថា ទ្រង់គឺជាអាទិទេពធំជាងគេដែលជាអ្នកបង្កើតលោក និងបំផ្លាញលោក។
ជារួមមក យើងអាចសន្និដ្ឋានបានថា ការគោរពបូជាដល់ព្រះសិវលិង្គនៅសំបូរព្រៃគុក មានទំហំធំធេងខ្លាំងណាស់ ពោល គឺចាប់ផ្តើមតាំងពីរវាងចុងស.វ.ទី៦ ដើមស.វ.ទី៧ រហូតដល់សម័យអង្គរក្នុងស.វ.ទី១០ និងទី១១ ក៏នៅតែមានធ្វើឡើងតម្កល់នៅក្នុងប្រាសាទ ហើយគំនិតនៃការធ្វើលិង្គព្រះឥសូររវាងសម័យទាំងពីរនេះមានលក្ខណៈខុសគ្នាដូចបានរៀបរាប់ខាងលើ៕
—————————————————–
Shiva Linga of Sambo Prei Kuk
Linga is an aniconic presentation of the Hindu God Shiva. According to the myth, one day there was an argument between Lord Brahma and Lord Vishnu. At the same time, Lord Shiva appeared in front of them and said he was the principal God. Both Brahma and Vishnu did believe him, so Lord Shiva manifested himself as a pillar in front of them. Lord Shiva added, if someone could escape from this pillar of fire, he was the principal God. Lord Shiva pulled Brahma into the lower part and them Vishu in the middle part of the pillar. Both tried very hard to escape but did not succeed. As the result, Lord Shiva was a principal god. Accordingly, some Shiva Linga is present in three parts, Shiva as a round shape on the top, Vishnu as an octagonal shape in the middle, and Brahma as a square shape on the bottom.
In Cambodia, Shiva Linga represents a male productive organ. It always shows with Yoni, a female productive organ. Also, in Animism, the stone, the mount, and a hill represent Neak Ta or a male deity. Similarly, a cave or the land represents the womb.
According to the inscription at Sambo Prei Kuk, there are many names of Shiva Linga informed. For instance, Çrīprahasiteçvara from K.440, K.442 of Yeay Poan group, S2 and eastern wall. Çrīkadamveçvara from K.604 of Yeay Poan group, S17-6. Çrīgambhĭreçvara from K.148, K.439 from the eastern’s wall of sambo group. Çrīratneçvara from K.149 of N18. Çrīprajãseçvara from K.186 of Robong Romeas group. Çrīprayãkeçvara from K.1250 of Leang Preah temple.
The Shiva Linga of Sambo Prei Kuk can divide into two types. First, the Pre-Angkorian period (7th-8th century). Second, the Angkorian period (10th-11th century).
Shiva Linga of the Pre-Angkorian period can divide into two types. The first group has a round shape. The second is round on the top and square on the bottom. The first type of Shiva Linga might present the greatness of Lord Shiva in Hinduism from the 6th to 10th century. The second type of Shiva Linga shows the combination between Lord Shiva and Lord Brahma as the God of creation.
The Shiva Linga in the Angkorian period found in Sambo Prei Kuk has the same form as the other Linga found in other temples. This type of Linga has three parts, round on the top, octagonal in the middle and square on the bottom. The bottom part is for Brahma, the middle part is for Vishnu, and the top is for Lord Shiva as the principal God.
In conclusion, the worshipping of Shiva Linga at Sambo Prei Kuk was very popular at the end of the 6th to early 7th century until the 10th and 11th centuries. However, the concept of making the Shiva Linga is different.
អត្ថបទដើម៖ លោក ម៉ង់ វ៉ា់លី