លៀងមេមត់ព្យាបាលជំងឺ

ក្នុងសង្គមខ្មែរ ការព្យាបាល​ជំងឺតាម​បែបបុរាណ​មាន​ច្រើនវិធី អាស្រ័យ​ទៅតាម​ទម្លាប់ផង និងទៅតាម​ជំនឿផ្សេងៗផង។ អាការៈអ្នក​ជំងឺខ្លះ គេយល់ថា​​ប្រើត្រឹម​ថ្នាំ​បុរាណ​ដាំផឹក​មួយ​​ឆ្នាំង ឬពីរឆ្នាំង​នឹង​បាន​ជាសះស្បើយ។ ប៉ុន្តែអាការៈអ្នក​ឈឺខ្លះ ទោះបីដាក់ថ្នាំ​សង្កូ​វ​អ្វី​ក៏​មិន​ធូរស្រាល មិនសម​ប្រកប សូម្បីតែប្រើថ្នាំ​តាម​បែប​វេជ្ជសាស្រ្ត​ក្តីក៏ពុំ​ជាឡើយ។ បើ​សមាជិក​​គ្រួសារ​​ណាម្នាក់​ស្ថិត​ក្នុង​សភាពនេះ គេ​ជឿថា​មាន​អមនុស្ស​ណាមួយ​​មិន​សប្បាយ​ចិត្ត ​ហើយ​​មក​បង្កឱ្យ​គេឈឺ។ អមនុស្សទាំងនោះមាន​ដូចជា​ ខ្មោចជីដូនជីតា ជួរចំបួរ ឬអារុក្ខ​អារក្ស អ្នកតា​ជាដើម។ ប៉ុន្តែដើម្បីដឹង​ច្បាស់ថា អមនុស្ស​ណា​​ជា​អ្នក​បង្កជំងឺ គេ​អាច​ពឹង​ពរ​រក​គ្រូហ្ម​ទស្ស​ន៍​ទាយ ឬបូលដូចជា បូល​ប្រណាក បូលកាំបិត​បន្ទោះ បូល​អក​កំបោរ ឬបូល​ពង​មាន់​។ល។

បើទស្សន៍ទាយ ឬបូលរកហេតុភេទឃើញថា​អ្នក​ជំងឺ​នោះ​ឈឺ​ដោយ​សារ​​ខ្មោច​ជីដូន​ជីតា​ ជួរចំបួ​រខាង​ម្តាយ​ ឬឪពុក ឬអមនុស្សណាមួយខឹង​សម្បារ ឬមិន​សប្បាយ​ចិត្ត​ គេ​ត្រូវ​ធ្វើកិច្ច​សែន​បន់​ស្រន់​សុំ​ឱ្យ​អ្នក​ជំងឺនោះ​បាន​ជាសះ​ស្បើយ ដោយ​សន្យាថា​​នឹង​រៀបចំ​សែន​​​​ថ្វាយ​ម្ហូប​ចំណីផ្សេងៗជា​ក្រោយ។ លុះ​ដល់ថ្ងៃសន្យា​កំណត់ គេ​ត្រូវ​ធ្វើ​ពិធីលៀង​មេមត់ ពោល​គឺលៀង​ឱ្យ​ចំណី​។ តាម​ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌ វិទ្យា​សាស្រ្តនៃសាកល​​​​​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ ​ឱ្យ​និយមន័យ​តាម​ជំនឿអ្នក​ស្រុក​​អង្គរ​ជ័យ ក្នុង​ខេត្ត​កំពតថា លៀងមេមត់ ជាពិធី​លាបំណន់​ឱ្យ​ខ្មោច​ជួរចំបួរ។ រីឯ​ពាក្យ​ “មេមត់” មាន​​ន័យ​សំដៅ​លើ​មនុស្សស្រី​ដែល​កាន់​រូប​អារក្ស។​​ ​យ៉ាង​ណា​ក៏ដោយ ក្នុង​សង្គម​ខ្មែរ សៀម និង​លាវ ហាក់​មាន​ជំនឿ​ប្រហាក់ប្រហែលគ្នាថា “មេមត់” ជា​មនុស្ស​ស្រី។

ចំពោះរណ្តាប់​ពិធី និង​គ្រឿង​សំណែន​ក្នុង​ពិធីលៀង​មេមត់​មានច្រើន​យ៉ាងណាស់ ពោលគឺអាស្រ័យ​​ទៅលើ​កិច្ច​តូច​ៗ ដែល​គ្រូ​បង្គាប់​ឱ្យរៀបចំ​ទៅតាមហេតុ​ភេទជំងឺ។​ ប៉ុន្តែ​រណ្តាប់ និងគ្រឿង​សំណែន​ទូទៅ​ ដែលគេ​តែង​សង្កេត​ឃើញ​មាន​ដូចជា​ បាយ​សម្ល បង្អែម​ស្រាស (អាកាសាហាវ) ក្បាល​ជ្រូក (អាកញ្ឆែង) មាន់ស្ងោ (អាក្ងក់) ចេក​ទុំ (កន្ទន់បាក់ក) ដូង​ខ្ចី ស្លា​ធម៌ បាយសី និង​ពែជាច្រើន​ប្រភេទទៀត។ មិន​តែប៉ុណ្ណោះ ក្នុងពិធីលៀង​មេមត់​ភ្លេង​ដែល​​គេ​នាំយក​មកប្រគំ ក៏ជា​ចំណែក​សំខាន់នៃពិធីដែរ ដ្បិត​​ភ្លេង​ ឬ​របាំក៏​ជា​តង្វាយ​ដល់​ពពួក​អមនុស្សមួ​យ​ចំនួន​ដែល​គេ​គោរព។ លើសពីនេះទៀត ពពួកអមនុស្សភាគ​ច្រើន តែង​​តែ​ត្រូវការ​ភ្លេងឮ​ខ្លាំង ញាប់រន្ថើន ទើបគេសប្បាយចិត្ត ហើយឧបករណ៍​ភ្លេង​មាន​​ដូចជា ស្គរ​ទ្រ ប៉ីពក ឬចាប៉ីដង​វែង។

ដោយឡែកចំពោះការ​រៀបចំទីកន្លែងសម្រាប់​លៀង​មេមត់ គេតែង​សង្កេត​ឃើញ​នៅ​​បរិវេណ​ទីធ្លាមុខផ្ទះ ដោយ​មាន​សង់​ត្រួនបែរមុខឈមមក​ផ្ទះវិញ។ ត្រួន​នេះ​សំខាន់​ណាស់ ដ្បិត​ជាកន្លែងដាក់​​គ្រឿងរណ្តាប់ និង​គ្រឿង​សំណែន​ផ្សេងៗសម្រាប់​ពពួក​​ខ្មោច​ព្រាយ ដែល​ពុំមែន​ស្ថិត​ក្នុង​ពពួក​ខ្មោច​ជីដូនជីតា។ ​ក្នុង​កិច្ចលៀងឱ្យ​ចំណី គេឃើញ​មនុស្ស​ពេញ​កម្លាំង​បីបួននាក់​តែង​ឈររង់ចាំនៅក្បែរត្រួននោះ នៅពេល​រូបស្នង​ចង្អុល​ឱ្យ​យក​សំណែន​ទាំង​ឡាយ​នេះទៅ​ទិសណា គេត្រូវ​ទាញកញ្ឆក់​ទាំង​សំណែន បោចរោច​ទាំង​​​ត្រួន​យក​ទៅ​​ចោលនៅទិស​នោះយ៉ាង​រហ័ស ​ឥតបង្អង់​បាន​ឡើយ។

សំណែន​ដែល​តែង​​តែ​ដាក់​លើ​ត្រួន​នេះ​រួម​មាន​ ពែ ក្បាល​ជ្រូក មាន់ស្ងោ ចេក​ទុំ ព្រម​ទាំង​រណ្តាប់​នានា​ទៀត​ដូចជា​ ស្លាធម៌ ដូង​ខ្ចី ​បាយ​សី​និង​មាន់​ឆ្កាង​ជាដើម។ លុះរៀបចំរណ្តាប់ និង​គ្រឿង​សំណែន រួម​ទាំង​គ្រឿង​ភ្លេង​រៀបរយ​សព្វគ្រប់ហើយ គេត្រូវ​ឱ្យ​អ្នក​ជំងឺចូល​មក​អង្គុយ​សណ្តូកជើង​កណ្តាល​ពិធី ហើយ​រូប​មេមត់​ (ឬរូបស្នង) ចាប់​ផ្តើមអុជធូប​សំបូងសង្រោង ឯភ្លេង​ក៏ចាប់ប្រគំឡើង។ នៅ​ពេល​ដែលខ្មោចចូល​រូប​ស្នង​ហើយ មាន​មនុស្សម្នាក់ហៅថាស្នំ ចាំសាក​សួរ​​រូប​ស្នង​នោះ ដើម្បីបញ្ជាក់​មូលហេតុ​នាំ​ឱ្យ​ឈឺ ព្រមទាំង​អង្វរករ​សុំ​ឱ្យឈប់ប្រកាន់ខឹង ហើ​យ​ឱ្យ​អ្នកជំងឺ​បាន​ជាស្រឡះសះស្បើយ​ ចាប់​ពីថ្ងៃរៀបចំ​សែន​ព្រេន​ម្ហូប​ចំណី និង​ថ្វាយ​ភ្លេង​នេះតទៅ៕

——————————————————–

Leang Memot to cure illness

Curing illness in Khmer society has different ways also depending on tradition and belief. Some patients might need just a pot or two pots of traditional medicine, but the other patients might not be cured even using modern medicine. People believe that those who could not be cured might cause by the spirit. Those spirits could be their ancestors, Chour (family line), Chambour (family line), supernatural, or Neak Ta. In order to know this, people might ask a fortune teller or ask someone to wish by using Pranak (tool to cut the areca nut), a knife, a lime paste box, or an egg. 

If the illness is found related to the spirit, people pray for recovery by promising to offer the foods on a specific day. When the day comes, they celebrate Leang Memot meaning ritual for offering food. Based on the tradition of the people in Angkor Chey, Kampot province, Leang Memot is the ceremony of releasing the wish or promise to Chambour. Significantly, the term Memot refers to a woman who carries Arak (the spirit of protector). In Siam and Laos societies also believe Memot is a woman.

The offerings could be small or huge depending on the suggestion and the type of illness. However, the common offerings are rice, soup, sweet, white wine, big head, boiled chicken, banana, green coconut, Sla Dharma (ritual material), Bay Sei (ritual material), Per (ritual material), etc. Additionally, music. Generally, the spirit likes loud and fast music from the drum, Pi Pok (blowing musical instrument) or Chapei Dang Veng (Cambodian two strings-long neck guitar).

Ceremony tends to celebrate in front of the house. It has Troun faces to the house (a small shrine to put the offerings for the spirits that are not in the group of an ancestor). There are four men who stand next to Troun and wait for the order from Rup Snang (the woman who carry the spirit). He will take the offerings in the direction that Rup Snang ordered and throw them away immediately. The offerings in the Troun are Per, pig head, boiled chicken, banana and ritual materials such as Sla Dharma, green coconut, Bay Sei and chicken.

After everything is prepared, the patient sits and straightens the legs in the middle. Later, Memot or Rub Snang burns incense and does praying. At the same time, music starts. At the moment that Memot carry the spirit, a person calls Snam (servant) asks some questions related to the cause of illness, begging to stop angriness and asking spirit to cure the patient of that day.

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណេមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!