- យើងជាមនុស្ស យើងជាអ្នកសម្រេចវាសនាយើង យើងជ្រើសរើសផ្លូវយើងដើរ យើងគូសវាសជីវិតយើងដោយខ្លួនយើង នេះជាការធម្មតាទេ យើងជាយុត្តិធម៌តាមគន្លងធម៌ទៀតផង។ រីឯមាតាបិតាយើងទុកជាធំជានិច្ច ក៏ប៉ុន្តែដែលល្អប្រពៃ មិនត្រូវបញ្ចុះតម្លៃខ្លួនឲ្យទាប អាម៉ាស់ខ្លួនរហូតទៅផ្ដាច់កូន ឲ្យបែកគូគេនោះទេ។ បើមាតាបិតាខ្លះ ធ្វើដូចនេះ គឺជាមាតាបិតាប្រើអំណាចលើកូន គឺជាអំពើសង្កត់សង្កិនមនុស្ស ក៏លាមកក្រៃលែង។ ចូរអូនគិតមើល ពាក្យថាសម្លាប់ស្នេហា កាត់ចំណងមេត្រីភាព រំលាយរឿងកម្សត់ផ្សេងៗ ជាពាក្យមួយ ដែលគ្មានជនណាចង់ឮទេ។ តែកាលណា គេឮឡើង គេអារចិត្ត គេខាំធ្មេញ គេខឹង។ ឯណាយុត្តិធម៌ ឯណាសីលធម៌ ឯណាមនុស្សធម៌ ឯណាធម៌ព្រះ បើធ្វើឲ្យព្រាត់ប្រាស់គូគេនោះ? ការបង្ខំ ការបង្គាប់ ការគំរាម ការត្រួតត្រាលើចិត្ដមនុស្ស ជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នា ដែលចេះគិត ចេះគូរ។ ក្នុងលោកនេះបងសូមកុំឲ្យមានរឿងអកុសលដូចនេះទៀតឡើយ គឺសូមឲ្យគូស្នេហាបានជួបគ្នា អាចទុកដាក់ខ្លួនឯង តាមសេចក្ដីយល់ឃើញរបស់ខ្លួន។
- ច៎ាះ ! ប្អូនបានធូរស្បើយបន្ដិចដែរ តែពុំដឹងជាមានរឿងអ្វីទៀតទេ ដែលអាចជំទាស់មិនឲ្យយើងជួបគ្នាបាន!
- ចូរអូនដឹងឲ្យច្បាស់ថា មនុស្សអ្នកគិតការ ទេវតាអ្នកសំរេច។ ចំពោះឪពុករបស់អូន បងជឿថា លោកចាស់ហើយ ហើយលោកស្គាល់បង ដឹងចិត្ដបង ស្រលាញ់បងណាស់។
នាងទេវីដកដង្ហើមធំ។ ស្រីគ្រវីក្បាល ដោយនឹកឃើញរឿងមួយទៀត។ នាងនិយាយស្រងូតស្រងាត់ថា៖
- បង ! ប្អូនមិនគួរមកស្រលាញ់បងទេ ។ ប្អូនទាបណាស់ ។ យើងខុសគ្នាដូចមេឃ និងដី។ រឿងខុសគ្នាខ្លាំងពេកនេះហើយ ដែលនាំឲ្យប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះ។ បើសិនជាប្អូនយកអ្នកក្រដូចគ្នា ម៉្លេះសមប្អូនមិនបានទុក្ខព្រួយដូច្នោះទេ។
- កុំគិតដូចនោះអូន … ខុសស្រឡះ។ នែ ! អូន ! យើងកើតមកលើលោកនេះ គ្មានអ្នកណាយកបុណ្យស័ក្ដិ និងទ្រព្យសម្បត្ដិមកជាមួយផងទេ មនុស្សកើតឡើងខ្លួនទទេដូចៗគ្នា។ សព្វថ្ងៃអូនក្រ ៗមកពីបងមាន។ ស្ដាប់បានទេ ?គឺថាទ្រព្យដែលអូនត្រូវបាន ទៅជាហូរមកចូលហឹបបងវិញ។ ឯចំនែកខាងបុណ្យសក្ដិវិញ មនុស្សត្រូវតែងចង់បាន។ ក៏ប៉ុន្ដែបើចង់បាន ត្រូវមើលនាយមើលអាយសិន។ មានខ្លះចង់បានបុណ្យសក្ដិ ខំបន្ដុះបន្ដាលខ្លួនដោយរៀនសូត្រតំរិះវិជ្ជាផ្សេងៗ ឲ្យបានចេះដឹងជ្រៅជ្រះ ហើយខិតខំធ្វើការបំរើប្រទេសជាតិ និងប្រជាជនឲ្យបានគង់វង្សស្ថិតស្ថេរចិរកាលទៅ។ ជនបែបនេះហើយដែលប្អូនត្រូវស្វែងរកឲ្យបានជួប។ ……
កាលពេលដែលមានន្ទ និងនាងទេវីកំពុងនិយាយគ្នានេះ ស្រមោលមួយលបស្ដាប់នៅជិតនោះ រួចរសាត់យ៉ាងលឿនទៅឯខាងផ្ទះនាងទេវី។ គឺស្រមោលកាមាប្អូនមានន្ទ បុត្របន្ទាត់របស់ព្រះកំពុត មេទ័ពខាងតំបន់ម្លូព្រៃ ក្រោមកិច្ចបញ្ជាការរបស់មានន្ទជាបង ដែលជាមេទ័ពនាអាណាខេត្ដសិរីសោភ័ណនេះឯង។ កាមាទៅដល់ខ្ទមវិសេសក្លាហាន ច្រានទ្វារចូល រួចបង្កូកឡើងថា៖
- លោកអ៊ំ ! លោកអ៊ំ !
ចុងដាវវិសេសក្លាហានផ្ទុចមកចំចុងដង្ហើមកាមាជាស្រេច។ ស្រឡាំងកាំងក្នុងងងឹត កាមាហៀប នឹងនិយាយ តែវិសេសក្លាហានគំហកថា៖
- នៅស្ងៀម អាចោរកំណាច ! ឯងហ៊ានតែកម្រើកខ្លួន ជីវិតឯងសូន្យក្នុងពេលនេះឥឡូវ !
- ខ្ញុំបាទមិនមែនចោរទេ លោកអ៊ំ!
- បើឯងពុំមែនចោរ ម្ដេចឯងចូលក្នុងផ្ទះអញទាំងយប់? ឯងមកមានការអ្វី ?
- ខ្ញុំបាទយកការណ៍មួយអាម៉ាស់បំផុតមកជំរាបលោកអ៊ំឲ្យបានជ្រាប។
វិសេសក្លាហានគំហកថា៖
- ការអ្វី អាចោរអប្បលក្ខណ៍ ? អញដឹងហើយការដែលឯងចង់និយាយនឹងអញ។ ហ៊ីសៗ ឪពុកឯង និងអញជាគូសត្រូវប្រចាំជីវិតនឹងគ្នា។ ឪពុកឯងគុំអញស៊ីសាច់ហុតឈាម។ អញគុំឪពុកឯងវិញដូច្នោះដែរ។ រាល់ថ្ងៃអញនៅទីនេះ ទន្ទឹងចាំរឿងដែលឪពុកឯងបង្កើតឡើង ដើម្បីរំលោភលើអញ។ អានាងពេលមកដល់មែន។ ឥឡូវគ្មានអ្វីច្រើនទេ ចូលមកចុះ ដកដាវឡើងកុំទុកឲ្យនៅស្ងៀមយូរទាន់ចិត្ដនៅក្ដៅៗ ដាវអញសំរាកយូរមកហើយ ទើបមកដល់ឥឡូវដាវអញមានចិត្ដរីករាយ និង មានសកម្មភាពជាថ្មី។ មកអានាង។ ឱ ! ឪពុកឯងចំជាមនុស្សកំសាកញីណាស់អីមិនហ៊ានស៊ូនឹងអញដោយខ្លួនឯងទេ? ទើបប្រើឯងមកនេះ រួចប្រើមកទាំងយប់ទៀត ! ហាសៗ ឪពុកឯងមិនសមកិត្ដិយសជាស្ដេចត្រាញ់ពិតៗនោះទេ។ ឪពុកឯងស្លាប់នឹងគ្រឿងអាវុធអញរឺ ?
កាមាសើចបើកភ្នែកធំៗ។
សូមទោសលោកអ៊ំ ខ្ញុំមិនដឹងរឿងទាំងនេះទេ។ រឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ំទេ ដែលប៉ះពាល់ដល់កិត្ដិនាមលោកអ៊ំ។ ដែលខ្ញុំមកនេះ … ។
កុំលាក់ កុំធ្វើពុត កុំធ្វើពើ … អើបើឯងមិនដឹង អញជាអ្នកប្រាប់ឲ្យឯងដឹង។
ទេ ៗ ៗ លោកអ៊ំ កុំទាន់អាល ខ្ញុំសូមនិយាយមួយម៉ាត់សិន។
ឱ ឯងភ័យខ្លាចស្លាប់ដែរ? ឯងមិនសមជាកូនប្រុសទេ។
ហ៊ី ! លោកអ៊ំ ខ្ញុំនិយាយមួយម៉ាត់ទេ។
និយាយភ្លាម កុំបង្អង់ អញសម្លាប់ចោលឥឡូវនេះ។
បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
ហាៗ ! អញមិនចេះសម្លាប់មនុស្សដែលឥតមានអាវុធនៅក្នុងដៃទេ នៅឲ្យស្ងៀមកុំកម្រើក។
(សូមរងចាំតាមដានភាគទី៧ នៅសប្តាហ៍ក្រោយ)